លោក កឹម សុខា ចេញ​ធ្វើ​បេសកកម្ម​ពង្រឹង​សមាជិក​បក្ស​ស្ងាត់ៗ

0:00 / 0:00

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ លោក កឹម សុខា កំពុង​ចេញ​ធ្វើ​បេសកកម្ម​ស្ងាត់ៗ ទៅ​ជួប​សមាជិក​បក្ស​របស់​លោក​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​នានា។ បេសកកម្ម​ចុះ​តាម​មូលដ្ឋាន​បែប​នេះ គឺ​លោក កឹម សុខា ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​លោក​ទទួល​បាន​ព្រះរាជទាន​លើកលែង​ទោស កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៦។ គណបក្ស​ប្រឆាំង​នេះ​ក៏​ធ្លាប់​លើក​ឡើង​ថា នឹង​ងាក​ទៅ​និយាយ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​វិញ នៅ​ពេល​គណបក្ស​កាន់​អំណាច​មិន​ជួប​ចរចា។

សារ និង​រូបថត​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) លោក កឹម សុខា បង្ហាញ​ថា លោក​បាន​ជួប​ក្រុម​ការងារ និង​ក្រុម​ទ្រទ្រង់​គណៈកម្មាធិការ​ប្រតិបត្តិ​ខេត្ត​ក្រុង និង​ស្រុក របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​បាត់ដំបង ថ្ងៃ​ទី​២៦ ខែ​មករា។

អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា បេសកកម្ម​របស់​លោក កឹម សុខា ចុះ​តាម​មូលដ្ឋាន​នេះ គឺ​ជា​ការ​ជួប​ប្រមូល​ព័ត៌មាន​ពី​សមាជិក​ថ្នាក់​ក្រោម សម្រាប់​ត្រៀម​ការ​បោះឆ្នោត៖ «គាត់​ចង់​ស្ដាប់​នូវ​មតិ​យោបល់​នានា របស់​ពួក​គាត់ ដែល​ទាំង​មតិ​យោបល់​ល្អ ទាំង​មតិ​យោបល់​ដែល​គាត់​ប្រឈម​នឹង​បញ្ហា​ដើម្បី​យើង​រក​មធ្យោបាយ។ បើ​សិន​ជា​មាន​អី​ខ្វះខាត យើង​នឹង​តម្រែតម្រង់​កែ​លម្អ បើ​អ្វី​ដែល​ល្អ យើង​នឹង​ពង្រីក​បន្ថែម។ នេះ​គឺ​ជា​គោលដៅ​ដែល​គាត់​ចង់​ជួប​ហ្នឹង»

លោក​ឲ្យ​ដឹង​ថា ការ​ចុះ​តាម​មូលដ្ឋាន​របស់​លោក កឹម សុខា មក​ដល់​ថ្ងៃ​ទី​២៦ មករា បាន​ចំនួន ៨​ខេត្ត​ហើយ ហើយ​ក៏​ជា​បេសកកម្ម​ចុង​ក្រោយ​សម្រាប់​ខែ​មករា។

ទាក់ទង​នឹង​ការ​ចុះ​ជួប​រចនាសម្ព័ន្ធ​ក្រុម​ការងារ និង​ក្រុម​ទ្រទ្រង់​គណៈកម្មាធិការ​ប្រតិបត្តិ​ខេត្ត​ក្រុង និង​ស្រុក នៅ​តាម​ខេត្ត​ក្រុង ដោយ​មិន​បើក​ចំហ​នេះ ត្រូវ​បាន​លោក អេ ឆៃអ៊ាង បញ្ជាក់​ថា ជា​ការ​ជួប​ផ្ទៃ​ក្នុង​បក្ស​របស់​លោក៖ «យើង​អត់​ចំហ​ទេ ហើយ​ដែល​ជា​គោលបំណង​សំខាន់ ដែល​គាត់​ទៅ​ប្រជុំ​នៅ​តាម​បណ្ដា​ខេត្ត គឺ​ក្រុម​ដឹក​នាំ​ថ្នាក់​ខេត្ត និង​ថ្នាក់​ស្រុក ហើយ​ដើម្បី​ឲ្យ​ក្រុម​ដឹក​នាំ​ហ្នឹង គាត់​លើក​ឡើង​មក មតិ​យោបល់​អ្វី​ដែល​គាត់​ចង់​បាន​ឲ្យ​គណបក្ស​ខ្លាំង ហើយ​គាត់​ជួប​បញ្ហា​អ្វី​លើក​មក​ទាំង​អស់ រួច​ហើយ​បាន​គាត់​ផ្ដល់​ជា​អនុសាសន៍ គំនិត ប្រាប់​ពី​ផែនការ ហើយ​ចំណុច​ណា​ដែល​មាន​បញ្ហា​អវិជ្ជមាន យើង​យក​មក​ជជែក​គ្នា ដើម្បី​រក​ដំណោះស្រាយ​កែ​លម្អ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក អេង ឆៃអ៊ាង ថ្លែង​ថា លោក កឹម សុខា នឹង​ចាប់​ផ្ដើម​បេសកកម្ម​ចុះ​តាម​មូលដ្ឋាន​ជួប​ពលរដ្ឋ​ដោយ​បើក​ចំហ​ជា​សាធារណៈ​ដូច​មុន នៅ​ដើម​ខែ​កុម្ភៈ ខាង​មុខ៖ «ឈាន​ដល់​ដំណាក់កាល​ទី​ពីរ គឺ​នឹង​ជួប​បេក្ខជន​តែ​ម្ដង ដោយសារ​ពេល​វេលា​កាន់​តែ​ខ្លី ពេល​ដែល​ជួប​បេក្ខជន​ហ្នឹង អា​ហ្នឹង​គឺ​ជួប​ជា​ចំហ ហើយ​យើង​ថ្លែងការណ៍​ដោយ​ឧឃោសនស័ព្ទ។ អា​ហ្នឹង​យើង​មើល​តាម​ពេល​វេលា តើ​អាច​ផ្ដល់​ឲ្យ​គាត់​គ្រប់​ខេត្ត ឬ​យ៉ាង​ណា ហើយ​នៅ​ក្នុង​ជំនុំ​ហ្នឹង ក៏​មាន​ជួប​ឯកឧត្ដម សម រង្ស៊ី ដែរ​តាម​ស្កែប (Skype)»

ការ​ចាប់​ផ្ដើម​បេសកកម្ម​ចុះ​ប្រជុំ​ជាមួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​នៅ​តាម​មូលដ្ឋាន​បែប​នេះ គឺ​លោក កឹម សុខា ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​លោក​ទទួល​បាន​ព្រះរាជទាន​លើកលែង​ទោស កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៦។ កាល​ពី​​រសៀល​ថ្ងៃ​ទី​២០ ខែ​មករា នៅ​ក្នុង​កិច្ចប្រជុំ​នៃ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី ខេត្ត នៅ​ទីស្នាក់ការ​បក្ស ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង គឺ​លោក កឹម សុខា បាន​ថ្លែង​ថា បើ​គណបក្ស​កាន់​អំណាច​មិន​ត្រូវការ​ជួប​ចរចា​ជា​មួយ​ទេ នោះ​បក្ស​ប្រឆាំង​ត្រូវ​នាំ​គ្នា​ទៅ​និយាយ​ជាមួយ​ពលរដ្ឋ​នៅ​មូលដ្ឋាន​វិញ។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​បាន​ផ្លាស់ប្ដូរ​ចិត្ត​ភ្លាមៗ លើក​ពេល​ចរចា​ជាមួយ​លោក កឹម សុខា ដោយ​មិន​កំណត់​ថ្ងៃ​ចរចា​ជាក់លាក់។ ដំបូង​ឡើយ ប្រធាន​ថ្នាក់​ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង បាន​ផ្ញើ​លិខិត​ទៅ​លោក កឹម សុខា ប្រធាន​ថ្នាក់​ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ សន្យា​ជួប​គ្នា​ថ្ងៃ​ទី​២៥ ខែ​មករា។

បេសកកម្ម​ចុះ​មូលដ្ឋាន​នេះ ក៏​ជា​ការ​ពង្រឹង​បក្ស​ខ្លួន​បន្ទាប់​ពី​លោក​ស្នាក់នៅ​ក្នុង​ទីស្នាក់ការ​បក្ស​អស់​ជា​ច្រើន​ខែ ហើយ​ប្រធាន​បក្ស គឺ​លោក សម រង្ស៊ី ត្រូវ​បាន​រដ្ឋាភិបាល​និរទេស​ឲ្យ​នៅ​ក្រៅ​ស្រុក​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

បេសកកម្ម​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​នយោបាយ​មួយ​ចំនួន​ទៀត នៅ​តាម​មូលដ្ឋាន គឺ​ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ​នេះ។ រី​ឯ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​តែង​តែ​ចុះ​ពង្រឹង​សមាជិក​មូលដ្ឋាន​របស់​ខ្លួន​ជា​ប្រចាំ ហើយ​លោក​នាយក​រដ្ឋមន្ត្រី ក៏​បាន​ចុះ​ជួប​ពលរដ្ឋ​តាម​ខេត្ត​ជុំវិញ​ទន្លេសាប​មួយ​ជុំ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។