បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ប្រមាណ ៣០នាក់ គ្រោងចុះសួរសុខទុក្ខពលរដ្ឋដែលរងគ្រោះដោយសារទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ញូញៀន ឌីវើលុបមែន គ្រុប (Union Development Group) នៅខេត្តកោះកុង នៅថ្ងៃច័ន្ទ ទី២៤ កុម្ភៈ។
លោក សុន ឆ័យ តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ មណ្ឌលភ្នំពេញ ដែលមាននាទីដឹកនាំគណៈប្រតិភូទៅកោះកុង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃអាទិត្យ ទី២៣ កុម្ភៈ ថា ថ្នាក់ដឹកនាំទាំងនោះនឹងទៅសាកសួរព័ត៌មានខ្លះៗពីករណីដុតបំផ្លាញផ្ទះពលរដ្ឋ ៣០គ្រួសារ នៅខេត្តកោះកុង របស់ក្រុមហ៊ុនចិន ញូញៀន ឌីវើលុបមែន គ្រុប កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ មករា ដើម្បីវាតយកដីទៅអភិវឌ្ឍន៍។
លោកបន្តថា ក្រុមការងារលោកក៏គ្រោងចែកជំនួយសប្បុរសធម៌ដែលបានមកពីពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី និងការចូលថវិកាពីសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ចែកជូនពលរដ្ឋរងគ្រោះទំនាស់ដីធ្លីជិត ១០០គ្រួសារ។
កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០០៨ រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុន ញូញៀន ឌីវើលុបមែន គ្រុប ចំនួន ៣.៦ម៉ឺនហិកតារ នៅស្រុកបុទុមសាគរ និងស្រុកគីរីសាគរ ខេត្តកោះកុង ដើម្បីធ្វើការអភិវឌ្ឍពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍ស្របតាមស្តង់ដារអន្តរជាតិ ដែលមានរយៈពេល ៩៩ឆ្នាំ។ តាមការសិក្សារបស់អង្គការសង្គមស៊ីវិលរកឃើញថា មានពលរដ្ឋដែលប៉ះពាល់ក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ចនេះ ចំនួនជាង ១ពាន់គ្រួសារ (១.១៤៣គ្រួសារ) ក្នុងនោះមាន ៨០០គ្រួសារ បានទទួលយកសំណងពីក្រុមហ៊ុន ហើយជាង ៣០០គ្រួសារទៀត មិនព្រមទទួលយកសំណងពីក្រុមហ៊ុនឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
