ក្រុមតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ ប្រតិកម្មចំពោះប្រធានរដ្ឋសភា លោក ហេង សំរិន ដែលមិនព្រមបញ្ជូនសំណើសុំឲ្យរដ្ឋាភិបាលផ្អាកការបោះបង្គោលព្រំដែនជាមួយវៀតណាម ជាបណ្ដោះអាសន្នសិន រង់ចាំភាគីទាំងពីរដោះស្រាយបញ្ហានេះឲ្យបានសមស្របជាមុនសិន។
អ្នកតំណាងរាស្ត្រ និងសង្គមស៊ីវិល បង្ហាញថា ការដែលរដ្ឋសភាមិនបញ្ជូនបន្តបែបនេះ គឺខុសនឹងរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។
តំណាងរាស្ត្រមណ្ឌលសៀមរាប លោក អ៊ុំ សំអាន មកពីគណបក្សសង្គ្រោះជាតិ កំពុងសិក្សាលើទិដ្ឋភាពច្បាប់ និងពិភាក្សាជាមួយអ្នកតំណាងរាស្ត្រដទៃទៀត ដើម្បីប្ដឹងប្រធានរដ្ឋសភាលោក ហេង សំរិន ទៅក្រុមប្រឹក្សាធម្មនុញ្ញ។
បណ្ដឹងនោះនឹងស្នើសុំឲ្យបដិសេធចំពោះសេចក្ដីសម្រេចចិត្តរបស់ប្រធានរដ្ឋសភាដែលមិនផ្ញើសំណើរបស់ក្រុមតំណាងរាស្ត្រទៅជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបកស្រាយមាត្រា ៩៦ នៃរដ្ឋធម្មនុញ្ញដែលចែងពីសិទ្ធិរបស់អ្នកតំណាងរាស្ត្រក្នុងការដាក់សំណួរទៅរដ្ឋាភិបាល។
លោក អ៊ុំ សំអាន៖ «នៅពេលបដិសេធសេចក្ដីសម្រេចរបស់លោក ហេង សំរិន ហើយត្រូវបញ្ជូនសំណើរបស់ខ្ញុំជាមួយតំណាងដទៃទៀតទៅរដ្ឋាភិបាល ប៉ុន្តែខ្ញុំត្រូវការពិភាក្សាជាមួយក្រុមអ្នកតំណាងរាស្ត្រដទៃទៀតសិន តើគេយល់ព្រមប្ដឹងលោក ហេង សំរិន ទៅក្រុមប្រឹក្សាធម្មនុញ្ញដែរ ឬយ៉ាងណា ព្រោះរដ្ឋធម្មនុញ្ញតម្រូវឲ្យមានតំណាងរាស្ត្រយ៉ាងតិច ១ ភាគ ១០ ក្នុងការប្ដឹង ឬសុំឲ្យបកស្រាយលើច្បាប់អ្វីមួយ»។
កាលពីថ្ងៃទី៦ ខែកក្កដា កន្លងទៅ តំណាងរាស្ត្រជាង ១០រូប មកពីគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតរួមគ្នាទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំរដ្ឋាភិបាលឲ្យផ្អាកបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម បណ្ដោះអាសន្ន រហូតដល់ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៨។
ទាក់ទងសំណើនេះ អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា បានចេញលិខិតតមមកវិញនៅពីថ្ងៃទី១៤ ខែកក្កដា បញ្ជាក់ថា ប្រធានរដ្ឋសភាពុំចុះហត្ថលេខាលើសំណូមពររបស់ក្រុមតំណាងរាស្ត្របក្សប្រឆាំង និងមិនផ្ញើលិខិតនេះទៅរដ្ឋាភិបាលឡើយ។
លិខិតដដែលបញ្ជាក់ពីមូលហេតុទៀតថា រដ្ឋសភាបានសម្រេចអនុម័តប្រគល់ជូនរដ្ឋាភិបាលបង្កើតគណៈកម្មាធិការជាតិព្រំដែនឲ្យទទួលខុសត្រូវរួចហើយ។

តំណាងរាស្ត្រមណ្ឌលសៀមរាប លោក អ៊ុំ សំអាន មានប្រសាសន៍នៅថ្ងៃទី១៤ កក្កដា ថា សេចក្ដីសម្រេចបែបនេះរបស់ប្រធានរដ្ឋសភា គឺរំលោភលើសិទ្ធិតំណាងរាស្ត្រ រំលោភទៅនឹងមាត្រា៩៦ នៃរដ្ឋធម្មនុញ្ញ និងខុសទៅនឹងបទបញ្ជាផ្ទៃក្នុង ព្រមទាំងនីតិវិធីរដ្ឋបាលនៃរដ្ឋសភាផងដែរ៖ «មាត្រា៩៦ នៃរដ្ឋធម្មនុញ្ញចែងថា តំណាងរាស្ត្រមានសិទ្ធិដាក់សំណួរទៅរដ្ឋាភិបាល ដូច្នេះលោក ហេង សំរិន គ្មានបដិសេធលើសំណើរបស់អ្នកតំណាងរាស្ត្រនោះទេ គាត់ប្រើតួនាទីសិទ្ធិអំណាចរបស់គាត់នោះហួសពីការចែងរបស់បទបញ្ជាផ្ទៃក្នុងសភា និងរដ្ឋធម្មនុញ្ញ»។
ឆ្លើយតបបញ្ហានេះ អ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន មានប្រសាសន៍ថា លិខិតដែលលោក អ៊ុំ សំអាន ផ្ញើទៅលោក ហ៊ុន សែន តាមរយៈប្រធានរដ្ឋសភា ហើយប្រធានរដ្ឋសភាមិនផ្ញើចេញទៅនោះ គឺមិនមែនជាសំណួរទេ ផ្ទុយទៅវិញ គឺជាសំណើមួយទៅអង្គការនីតិប្រតិបត្តិឲ្យផ្អាកធ្វើការវាស់វែងព្រំដែន ឬបោះបង្គោលព្រំដែន ដែលសំណើនេះលោកថា មិនពាក់ព័ន្ធនឹងមាត្រា៩៦ នៃរដ្ឋធម្មនុញ្ញនោះទេ។
លោក ឈាង វុន៖ «គឺពាក់ព័ន្ធនឹងការរំលោភអំណាចរបស់អ្នកតំណាងម្នាក់ដែលទៅបង្គាប់បញ្ជាទៅអង្គការនីតិប្រតិបត្តិអោយធ្វើនេះ ធ្វើនោះ បញ្ហាគឺខុសនឹងរដ្ឋធម្មនុញ្ញ ហើយកំហុសនេះ ខ្ញុំគិតថា រដ្ឋសភាគួរចាត់វិធានការផ្លូវច្បាប់ហើយ»។
ចំណែកមន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត វិញ មានប្រសាសន៍ថា តំណាងរាស្ត្រជាតំណាងឲ្យប្រជាពលរដ្ឋដែលត្រូវទទួលយកនូវទស្សនៈយោបល់ ឬក៏ការស្នើសុំណាមួយទៅរដ្ឋាភិបាលតាមរយៈប្រធានសភា គឺជាផលប្រយោជន៍រួមសម្រាប់ប្រទេសជាតិទាំងមូល គួរណាស់ប្រធានសភាបញ្ជូនលិខិតនេះទៅរដ្ឋាភិបាលដើម្បីឲ្យគិតគូរពិចារណាទៅលើសំណើទាំងនោះ។
លោក អំ សំអាត៖ «នេះគឺជាកាតព្វកិច្ច តួនាទីរបស់អ្នកតំណាងរាស្ត្រ កាលណាគាត់មើលឃើញពីបញ្ហាហើយស្នើទៅរដ្ឋាភិបាល ហើយមិនត្រូវបានប្រធានរដ្ឋសភាបញ្ជូនទេ ធ្វើពលរដ្ឋដែលពួកគាត់ចង់បញ្ចេញនូវគំនិត ឬស្នើសុំអ្វីមួយតាមរយៈតំណាងរាស្ត្រនោះ គឺពួកគាត់ត្រូវបាត់បង់សិទ្ធិហើយ»។
តែទោះយ៉ាងណា ទាក់ទងនឹងបញ្ហាព្រំដែននេះ តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ គ្រោងដឹកនាំដំណើរទស្សនកិច្ចទៅតំបន់ព្រំដែនកម្ពុជា-វៀតណាម ត្រង់កន្លែងដែលធ្លាប់មានផ្ទុះអំពើហិង្សាម្ដងរួចមកហើយក្នុងឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅថ្ងៃទី១៩ កក្កដា ខាងមុខនេះ។
ដំណើរឆ្ពោះទៅតំបន់ព្រំដែនភាគខាងកើតជាថ្មីទៀតនេះ ដើម្បីត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពនៃការរំលោភបំពានព្រំដែនពីភាគីវៀតណាម បន្ទាប់ពីគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម បានជួបប្រជុំគ្នានៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី៧ ដល់ថ្ងៃទី៩ កក្កដា និងមានកិច្ចព្រមព្រៀងមួយចំនួនក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ និងបញ្ហាកំពុងមានវិវាទនឹងគ្នាថ្មីៗ នៅតាមតំបន់មួយចំនួនជាប់ព្រំដែននៃប្រទេសទាំងពីរនេះ។
ក្រុមតំណាងរាស្ត្របក្សប្រឆាំងបានផ្ញើលិខិតទៅរដ្ឋាភិបាលតាមរយៈប្រធានរដ្ឋសភាឲ្យផ្អាកការបោះបង្គោលព្រំដែនជាមួយវៀតណាម ជាបណ្ដោះអាសន្ននេះ គឺនៅបន្ទាប់ពីមានការរំលោភពីភាគីវៀតណាម ជាបន្តបន្ទាប់នៅខែត្ររតនគិរី ខែស្វាយរៀង និងខេត្តត្បូងឃ្មុំ ជាដើម។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ
ពាក់ព័ន្ធនឹងបញ្ហាចម្រូងចម្រាសព្រំដែនកម្ពុជា និងវៀតណាមនេះដែរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ បានធ្វើដំណើរមកសហរដ្ឋអាមេរិក កាលពីដើមខែកក្កដា នេះ ដើម្បីពន្យល់បញ្ហាព្រំដែននេះទៅដល់សកម្មជនគាំទ្រ និងពលរដ្ឋខ្មែរ-អាមេរិកាំង នៅតាមរដ្ឋមួយចំនួន។
លោក ម៉ៅ មុនីវណ្ណ ដែលបច្ចុប្បន្នកំពុងស្នាក់នៅរដ្ឋកាលីហ្វ័រញ៉ា (California) បញ្ជាក់ថា ពលរដ្ឋខ្មែរ-អាមេរិកាំងជាច្រើនបានសំណូមពរអោយលោកមកសហរដ្ឋអាមេរិកនេះ ដើម្បីពន្យល់បញ្ហាព្រំដែនខ្មែរ និងវៀតណាមបច្ចុប្បន្ន៖ «យើងមកពន្យល់គាត់ឲ្យគាត់យល់ពីស្ថានការណ៍ដែលកើតមានឡើងក្នុងប្រទេសកម្ពុជា ដូចជាបញ្ហាព្រំដែនហ្នឹង និងបញ្ហាអន្តោប្រវេសន៍រស់នៅខ្មែរខុសច្បាប់ច្រើន និងបញ្ហាព្រៃសម្បទាន អ្នកបំផ្លាញធនធានធម្មជាតិ។ ជាគោលការណ៍យើងមានដំណោះស្រាយទៅអនាគត ប្រសិនបើយើងដឹកនាំប្រទេស យើងនឹងធ្វើយ៉ាងណាដោះស្រាយបញ្ហាកើតមានហ្នឹងដោយសន្តិវិធីហើយដោយយកច្បាប់មកអនុវត្តមិនឲ្យឆកល្វែងដូចសព្វថ្ងៃនេះទេ»។
លោក ម៉ៅ មុនីវណ្ណ បន្តទៀតថា គណបក្សប្រឆាំងមានគម្រោងរៀបចំស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែននេះ ដូច្នោះនៅពេលពលរដ្ឋខ្មែរ-អាមេរិកាំង យល់ពីបញ្ហានេះហើយពួកគេអាចនឹងផ្តល់ការគាំទ្រជាស្មារតីនិងថវិកា។ លោក ម៉ៅ មុនីវណ្ណ នឹងបន្តដំណើររបស់លោកទៅរដ្ឋផ្សេងៗទៀតឲ្យបានគ្រប់ ១០រដ្ឋ។ លោកគ្រោងនឹងធ្វើដំណើរទៅប្រទេសកម្ពុជា វិញនៅដើមខែសីហា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
