ទន្ទឹមនេះ គណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភា បានសម្រេចដកតួនាទី និងបង្កកប្រាក់ខែសមាជិកសភាទាំងអស់ ហើយគ្រោងនឹងអនុម័តនៅក្នុងកិច្ចប្រជុំស្អែកនេះ។
ក្រុមអ្នកវិភាគនិងអ្នកឃ្លាំមើលសិទ្ធិមនុស្សបានឲ្យដឹងថា ប្រសិនបើសភាអនុម័តដកតួនាទី និងបង្កកប្រាក់ខែសមាជិកសភាគណបក្សប្រឆាំងនៅក្នុងអង្គប្រជុំនៅថ្ងៃទី៧ មិថុនា នោះ ហាក់បីដូចជាការរំលាយសភាទាំងមូល ហើយខុសនឹងរដ្ឋធម្មនុញ្ញ។
ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សអាដហុក លោក នី ចរិយា មានប្រសាសន៍ថា ថ្វីត្បិតតែច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មាត្រា១ ២០ បានកំណត់ថា សមាជិកគណបក្សនយោបាយមួយទៅចូលគណបក្សថ្មីមួយផ្សេងទៀត ត្រូវបាត់បង់តួនាទីសភាជាស្វ័យប្រវត្តិក្ដី ប៉ុន្តែលោកអះអាងថា រដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា រដ្ឋសភាត្រូវមានតំណាងរាស្ត្រយ៉ាងតិចចំនួន ១២០រួប។ បញ្ហានេះ លោកបញ្ជាក់ថា ប្រសិនបើសភាបើកកិច្ចប្រជុំថ្ងៃទី៧ មិថុនា ហើយអនុម័តច្បាប់ផ្សេងៗទៀត ដោយគ្មានវត្តមានគណបក្សប្រឆាំងនោះ មានន័យថា សភាមិនគ្រប់លក្ខណៈនោះទេ។
ការលើកឡើងដូច្នេះ បន្ទាប់ពីអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្ដីប្រកាសព័ត៌មានថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានសម្រេចនិងអនុម័តនូវរបៀបវារៈចំនួន ៦ កាលពីថ្ងៃទី៥ មិថុនា ក្នុងនោះមានរបៀបវារៈចំនួនពីរដែលសំខាន់នោះ គឺរបៀបវារៈ ទី១ ការអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងរបៀបវារៈទី៦ នឹងអនុម័តលើសំណើសុំបង្កកប្រាក់ខែរបស់អតីតសមាជិកសភាមកពីគណបក្ស សម រង្ស៊ី ចំនួន ២៥រូប គណបក្សសិទ្ធិមនុស្ស ៣រូប និងគណបក្ស នរោត្តម រណឫទ្ធិ មួយរូបទៀ ដែលបានក្លាយជាសមាជិកគណបក្សសង្គ្រោះជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។
ទន្ទឹមនឹងនេះ ក្រុមតំណាងរាស្ត្រគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នៅថ្ងៃទី៦ មិថុនា បានចេញសេចក្ដីថ្លែងការណ៍សរសេរថា តំណាងរាស្ត្រគណបក្សទាំងពីរចំនួន ២៨រូប មិនត្រូវបានសភាអញ្ជើញឲ្យទៅចូលរួមនៅក្នុងកិច្ចប្រជុំសភានៅថ្ងៃទី៧ មិថុនា ទេ។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ថា បើសិនជាសភាអនុម័តដកតួនាទី និងបង្កកប្រាក់ខែតំណាងរាស្ត្រគណបក្សប្រឆាំងនេះ គឺផ្ទុយពីរដ្ឋធម្មនុញ្ញ មាត្រា ៧៦ បានចែងថា រដ្ឋសភាត្រូវមានតំណាងរាស្ត្រយ៉ាងតិច ១២០រូបនោះ។ សេចក្ដីថ្លែងការណ៍បានហៅការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានេះថា ជាទង្វើខុសច្បាប់ ពីព្រោះថា តំណាងរាស្ត្រនៅក្នុងរដ្ឋសភានៅសល់ ៩៥រូបប៉ុណ្ណោះ ដែលចំនួននេះតិចជាងចំនួនកំណត់ដោយរដ្ឋធម្មនុញ្ញ។ ទង្វើនេះជាការរំលាយរដ្ឋសភាមុននីតិកាល។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍សភានេះ ហាក់ដូចជាកំពុងដើរផ្ទុយពីប្រទេសប្រជាធិបតេយ្យ។ លោក ឡៅ ម៉ុងហៃ បានបញ្ជាក់ថា ប្រសិនបើសភាបានអនុម័តដូចនឹងការស្នើរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នេះ គឺជាការឆ្លុះបញ្ចាំងពីសភាផ្ដាច់ការទៅវិញទេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីសុំបំភ្លឺអំពីបញ្ហានេះបានទេនៅថ្ងៃទី៦ មិថុនា។
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភា លោកបណ្ឌិត ជាម យៀប បានថ្លែងនៅក្នុងអង្គប្រជុំសភាកាលពីថ្ងៃទី៩ ឧសភា ថា លោកបានដាក់លិខិតទៅប្រធានសភា និងដាក់ទៅលោកនាយករដ្ឋមន្ត្រី ដើម្បីសុំបង្កកប្រាក់ខែសមាជិកសភាគណបក្សប្រឆាំង។ លោក ជាម យៀប បានលើកហេតុផលថា ការស្នើសុំនេះ ពីព្រោះសមាជិកសភាគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ដូច្នេះតួនាទីជាតំណាងរាស្ត្រត្រូវបាត់បង់ ដោយសារសមាជិកសភាទាំងនេះបានចូលរួមគណបក្សថ្មី ផ្អែកតាមច្បាប់ការបោះឆ្នោត។
ម្យ៉ាងវិញទៀត មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៦ មិថុនា បានចេញសេចក្ដីប្រកាសព័ត៌មានសម្ដែងពីការព្រួយបារម្ភជាខ្លាំងពាក់ព័ន្ធនឹងផលប៉ះពាល់មកលើសេរីភាពបញ្ចេញមតិនៅកម្ពុជា ដែលអាចនឹងកើតមាន ដោយសារតែច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម ដែលមានការអំពាវនាវដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប្រសិនបើច្បាប់នេះត្រូវបានអនុម័តនោះ ច្បាប់នេះនឹងរឹតបន្តឹងសិទ្ធិសេរីភាពបញ្ចេញមតិតាមរយៈការដាក់កំហិតមិនត្រឹមត្រូវមកលើការពិភាក្សាជាសាធារណៈ ការស្រាវជ្រាវ និងការអប់រំអំពីសម័យខ្មែរក្រហម និងការប៉ុនប៉ងធ្វើឲ្យការបង្រ្កាបមតិរបស់អ្នកប្រឆាំងក្លាយទៅជាស្របច្បាប់។
នៅថ្ងៃទី៦ មិថុនា ដដែលនេះដែរ គណបក្សសង្គ្រោះជាតិ បានដាក់លិខិតទៅប្រធានសភា លោក ហេង សំរិន ដើម្បីសុំពន្យារពេលការពិភាក្សា និងអនុម័តទៅលើសេចក្ដីព្រាងច្បាប់នេះ ដោយយោងលើការស្នើសុំពីប្រជាពលរដ្ឋនិងសង្គមស៊ីវិល។
នៅក្នុងលិខិតស្នើសុំពន្យារពេលនោះ បានអះអាងថា ការរៀបចំឲ្យមានច្បាប់នេះ ធ្វើឡើងដោយប្រញាប់ប្រញាល់ ព្រោះតែមានបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីយកមកធ្វើការគាបសង្កត់ និងមួលបង្កាច់ដល់គណបក្សប្រជែងក្នុងការបោះឆ្នោតនៅថ្ងៃទី២៨ កក្កដា ខាងមុខ។ ហើយថា រដ្ឋសភាគួរតែទុកពេលវេលាស្រាវជ្រាវបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យច្បាប់នេះមានគុណភាព ដើម្បីធានាមិនត្រឹមតែហាមឃាត់ពលរដ្ឋមិនឲ្យបដិសេធមិនទទួលស្គាល់នូវអំពើប្រល័យពូជសាសន៍របស់ពួកខ្មែរក្រហមប៉ុណ្ណោះទេ តែត្រូវដាក់មាត្រាមួយចំនួនទៀត ដើម្បីហាមឃាត់មិនឲ្យគណបក្សនយោបាយរបស់ក្រុមខ្មែរក្រហមប្រល័យពូជសាសន៍នេះ ត្រូវបានបន្តការងារនយោបាយរបស់ខ្លួននៅក្នុងសង្គមខ្មែរបន្តទៀត ទោះជាក្នុងរូបភាពណាក៏ដោយ។ ត្រូវកំណត់កុំឲ្យអតីតមេដឹកនាំខ្មែរក្រហមអាចទទួលបានតំណែងធំៗក្នុងកិច្ចការរដ្ឋ ដូចជាតំណែងប្រធានព្រឹទ្ធសភា រដ្ឋសភា ឬតំណែងជានាយករដ្ឋមន្ត្រីជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។