គណបក្ស​សង្គ្រោះ​ជាតិ​យល់ព្រម​ឲ្យ​លោក សម រង្ស៊ី លាលែង​ពី​គណបក្ស

ដោយ រាជ វិញ្ញូ
2017-02-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
RFA/Brach Chev

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា គណបក្ស​ខ្លួន​មិន​ទាន់​គិតគូរ​ជ្រើសរើស​មេ​ដឹកនាំ​ថ្មី​នៅ​ឡើយ​ទេ បន្ទាប់​ពី​មេ​បក្ស លោក សម រង្ស៊ី ត្រូវ​បាន​គណៈកម្មាធិការ​នាយក​សម្រេច​តាម​សំណើ​របស់​លោក សម រង្ស៊ី ដែល​សុំ​លាលែង​ពី​ប្រធាន​បក្ស​ជា​ផ្លូវ​ការ។

រីឯ​អ្នក​វិភាគ​នយោបាយ​វិញ យល់​ថា ការ​លះបង់​អំណាច​ជា​មេ​បក្ស​ប្រឆាំង​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ គឺ​ជា​វិធីសាស្ត្រ​ល្អ ដើម្បី​រំដោះ​បក្ស​ទាំងមូល​ឲ្យ​រួច​ផុត​ពី​គ្រោះថ្នាក់។ ប៉ុន្តែ​អ្នក​វិភាគ​ព្រមាន​ថា គណបក្ស​ប្រឆាំង​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​មួយ​ទៀត បន្ទាប់​ពី​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ត្រូវ​បាន​វិសោធនកម្ម​ឡើង។

គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​កិច្ច​ប្រជុំ​ជា​បន្ទាន់ ហើយ​សម្រេច​ឲ្យ​លោក សម រង្ស៊ី លាលែង​ពី​តំណែង​ប្រធាន​គណបក្ស និង​ពី​សមាជិក​ភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១២ កុម្ភៈ តាម​សំណើ​របស់​លោក សម រង្ស៊ី។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​ដឹង​ក្រោយ​កិច្ច​ប្រជុំ​នេះ​ថា គណៈកម្មាធិការ​នាយក​គណបក្ស សម្រេច​ពីរ​ចំណុច​សំខាន់ គឺ​ទី​១ ទទួល​យក​ពាក្យ​លាលែង​ពី​បក្ស​របស់​លោក សម រង្ស៊ី និង​ទី​២ ប្រគល់​សិទ្ធិ​ជូន​លោក កឹម សុខា ទទួល​បន្ទុក​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ រហូត​ដល់​មាន​ការ​ជ្រើសរើស​ប្រធាន​គណបក្ស​ថ្មី។ មន្ត្រី​នាំ​ពាក្យ​រូប​នេះ​បន្ថែម​ថា ការ​លាឈប់​របស់​លោក សម រង្ស៊ី គឺ​ជា​សិទ្ធិ​បុគ្គល«ឥឡូវ​នេះ​គណបក្ស​បាន​ទទួល​យក​ជា​ផ្លូវ​ការ​នូវ​ពាក្យ​សុំ​លាលែង​ចេញ​ពី​ប្រធាន​បក្ស ហើយ​និង​ចេញ​ពី​សមាជិក​គណបក្ស​ចាប់​តាំង​ពី​ថ្ងៃ​ម្សិលមិញ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​ប្រធាន សម រង្ស៊ី នៅ​តែ​ឋិត​ក្នុង​បេះដូង​ខ្មែរ ប្រជាពលរដ្ឋ​ខ្មែរ និង​នៅ​តែ​ឋិត​ក្នុង​បេះដូង​ថ្នាក់​ដឹកនាំ អ្នក​គាំទ្រ និង​សមាជិក​សមាជិកា​គណបក្ស​សង្គ្រោះ​ជាតិ ជានិច្ច»

លោក យឹម សុវណ្ណ បញ្ជាក់​ថា ទាក់ទង​នឹង​លិខិត​មួយ​ច្បាប់​ដែល​បង្ហាញ​ថា លោក សម រង្ស៊ី ចង់​ឲ្យ​អ្នកស្រី ជូឡុង សូមូរ៉ា ជា​ភរិយា​របស់​លោក សម រង្ស៊ី ឡើង​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជំនួស​នោះ ជា​លិខិត​ក្លែងក្លាយ​ទេ ហើយ​ការ​ជ្រើសរើស​មេ​បក្ស​ថ្មី គឺ​ធ្វើ​ឡើង​តាម​ច្បាប់ និង​បទបញ្ជា​ផ្ទៃក្នុង​របស់​គណបក្ស ដែល​នឹង​ត្រូវ​សម្រេច​នៅ​ពេល​ក្រោយ​ទៀត ដោយសារ​ពេល​នេះ​គណបក្ស​កំពុង​រវល់​ជាមួយ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នា​ពេល​ខាង​មុខ​ដ៏​ខ្លី។

គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ការ​លាលែង​របស់​លោក សម រង្ស៊ី ថា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រទេស ដែល​មាន​អ្នក​នយោបាយ​ហ៊ាន​លះបង់​តួនាទី និង​តំណែង​ខ្ពស់ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ដំណោះស្រាយ​សម្រាប់​ប្រទេស​ជាតិ និង​ដើម្បី​ការពារ​គណបក្ស និង​ឆន្ទៈ​រាស្ដ្រ​កុំ​ឲ្យ​នរណា​មក​រំលាយ និង​បំផ្លាញ​បាន។ មន្ត្រី​នាំ​ពាក្យ​បក្ស​ប្រឆាំង​បញ្ជាក់​ថា លើស​នេះ លោក សម រង្ស៊ី ក៏​ជា​អ្នក​នយោបាយ​ដ៏​គំរូ​មួយ​សម្រាប់​អ្នក​នយោបាយ​បច្ចុប្បន្ន និង​អ្នក​នយោបាយ​ជំនាន់​ក្រោយ​រៀន​សូត្រ​តាម និង​មិន​ត្រូវ​ខ្វល់​ពី​តួនាទី និង​តំណែង ហើយ​ត្រូវ​ហ៊ាន​លះបង់​ដើម្បី​ផល​ប្រយោជន៍​ជាតិ។

អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​១១ កុម្ភៈ បាន​បង្ហោះ​លិខិត​លាលែង​ពី​ប្រធាន​បក្ស​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក មួយ​ថ្ងៃ​បន្ទាប់​ពី​ធ្វើ​ការ​រិះគន់​រដ្ឋសភា ថា​ជា​សភា​ទីងមោង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​បន្ថែម​ចំណុច​ថ្មី​មួយ​មាន​បំណង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​យក​រូប​លោក​ធ្វើ​ជា​លេស។

លោក សម រង្ស៊ី បាន​ចាត់​ទុក​ការ​លាឈប់​ពី​ប្រធាន​បក្ស​ជា​ផ្លូវ​ការ​របស់​លោក ថា​ជា​រឿង​មិន​សំខាន់​ឡើយ ហើយ​ការ​លះបង់​បែប​នេះ គឺ​មាន​បំណង​ការពារ​គណបក្ស ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​គណបក្ស​សម្រេច​ឆន្ទៈ​នា​ពេល​ខាង​មុខ«ការ​លាលែង​របស់​ខ្ញុំ​នេះ គឺ​ដើម្បី​ការពារ​គណបក្ស។ បើ​ខ្ញុំ​នៅ​ធ្វើ​ជា​ប្រធាន ហើយ​គណបក្ស​ត្រូវ​គេ​រំលាយ តើ​វា​មាន​ន័យ​អី? វា​ធ្វើ​ឲ្យ​ខាត​ផល​ប្រយោជន៍​យើង ផល​ប្រយោជន៍​ជាតិ និង​គណបក្ស។ យើង​ចង់​បាន​អី យើង​ចង់​បាន​ការ​បោះឆ្នោត​ដោយសារ​យើង​ចង់​បាន​ការ​ផ្លាស់ប្ដូរ តាម​រយៈ​ការ​បោះឆ្នោត»

ជាមួយ​គ្នា​នេះ អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី មើល​មិន​ឃើញ​អំពី​ចន្លោះ​ប្រហោង​ដែល​នាំ​ឲ្យ​គណបក្ស​ប្រឆាំង​បែកបាក់​ផ្ទៃក្នុង​គ្នា​ឡើយ បន្ទាប់​ពី​លោក សម រង្ស៊ី លាឈប់​ទៅ។ ផ្ទុយ​ទៅ​វិញ លោក សម រង្ស៊ី រឹត​តែ​ទទួល​បាន​ការ​ស្រឡាញ់​ពី​ពលរដ្ឋ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ កាន់​តែ​ទទួល​បាន​ការ​គាំទ្រ​បន្ថែម​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​វិភាគ លោក មាស នី សង្កត់​ធ្ងន់​ថា ការ​លាឈប់​របស់​លោក សម រង្ស៊ី គឺ​ជា​យុទ្ធសាស្ត្រ​ជួយ​ការពារ​ឲ្យ​គណបក្ស​រួច​ផុត​ពី​ដុំ​ភ្លើង​ដែល​ជា​គ្រោះថ្នាក់​ដ៏​ធំ​មួយ ប៉ុន្តែ​គណបក្ស​នេះ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដ៏​ធំ​មួយ​ទៀត ដែល​អាច​កើត​ឡើង​នា​ពេល​ខាង​មុខ​នេះ ស្រប​ពេល​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អាច​នឹង​មាន​វាសនា​ដូច​លោក សម រង្ស៊ី ដែរ«ការ​លាលែង​របស់​ឯកឧត្តម សម រង្ស៊ី ហាក់បីដូចជា​ការ​ព្យាយាម​ពន្លត់​ដុំ​ភ្លើង​មួយ​ចោល ធ្វើ​ម៉េច​ដើម្បី​រស់​បន្ត​ជាមួយ​ដុំ​ភ្លើង​មួយ​ទៀត ដែល​យើង​មិន​ទាន់​ដឹង​ប្រាកដ ថា​តើ​មាន​អ្វី​កើត​ឡើង​ក្រោយ​ច្បាប់​ថ្មី​ចូល​ជា​ធរមាន»

កាល​ពី​ពេល​ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ព្រមាន​ថា លោក​នឹង​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​ទាំងអស់ រួម​ទាំង​ផ្ទះ​របស់​លោក សម រង្ស៊ី និង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ត្រូវ​អនុម័ត​ឡើង និង​ហាមឃាត់​រាល់​អ្នក​នយោបាយ​ដែល​មាន​ទោស​ជាប់​ខ្លួន មិន​ឲ្យ​ធ្វើ​ជា​មេ​បក្ស និង​អ្នក​នយោបាយ។

លោក​បណ្ឌិត មាស នី ផ្ដល់​អនុសាសន៍​ថា ស្រប​ពេល​កំពុង​មាន​ព្យុះ​ភ្លៀង​បោកបក់​មិន​ឈប់​នេះ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ការ​គ្រប់គ្រង​បក្ស​បច្ចុប្បន្ន ស្ថិត​ក្រោម​ការ​សម្រេច​ចិត្ត​របស់​បុគ្គល​ម្នាក់ ប៉ុន្តែ​ការ​សម្រេច​ចិត្ត​ណា​មួយ ត្រូវ​ឆ្លង​ការ​សម្រេច​រួម ឬ​ត្រូវ​ឆ្លង​ការ​សម្រេច​របស់​គណៈកម្មាធិការ​នាយក​របស់​គណបក្ស ជាដើម។

ថ្វីត្បិតតែ​លាឈប់​ពី​បក្ស​ក្ដី លោក សម រង្ស៊ី បាន​អះអាង​ថា លោក​នៅ​តែ​មាន​បំណង​ដដែល គឺ​ធ្វើ​ការងារ​តាម​រូបភាព​ផ្សេងៗ​ជាច្រើន​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ទៀត ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​មាន​សង្គ្រោះ​ជាតិ​នា​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Shame on barbaric HunSen

To be a good leader must be good role models,knowledgeable in their fields,and worthy of respect,there are many way to lead,whether it's taking on a leadership role and work,or being the captain your teamwork.Most great leaders know when to step down"a lesson from people".Believe me,one of the many challenges a leader faces is knowing when it's time to move on.It's,however,a problem for leaders who are successful,loved,and esteem.Respect and admired-lead-even as they age and have possible decreased capacity-are rarely encouraged to leave.With no one suggesting that it's time to go,this type of leader has to rely on his or her own judgment to decide if it is time to wind down.There only a few bad leaders who still hang on their positions for decades.Sam marvel not of those crap professor or PhD degree" HunSen-no school"who hang on,but at those academics who appreciate the need to move on to research for something new,to make room for younger professor,or because of an awareness of their own decreased capacity-it seems to me that those who move on the quickest are those who have achieved the most.They're the ones who hold themselves to the highest standards,and hold themselves accountable.

Feb 12, 2017 01:59 PM

គេហទំព័រ​ទាំងមូល