ប៉ូលិសស្រុកឯកភ្នំ ខេត្តបាត់ដំបង ឃាត់មន្ត្រីគណបក្សសង្គ្រោះជាតិ ម្នាក់នាំខ្លួនឲ្យទៅដោះស្រាយនៅអធិការដ្ឋាននគរបាលស្រុក ខណៈរូបគាត់កំពុងបើកម៉ូតូដាក់គ្រឿងបំពងសំឡេងផ្សព្វផ្សាយតាមភូមិ ដើម្បីជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតកាលពីព្រឹកថ្ងៃទី២០ តុលា។
មន្ត្រីគណបក្សប្រឆាំងនៅស្រុកឯកភ្នំ បានប្រតិកម្មភ្លាមៗនឹងទង្វើរបស់សមត្ថកិច្ចនេះ ថាជាការគំរាមកំហែងគណបក្សខ្លួន និងរារាំងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
ក្រុមប្រឹក្សាឃុំសំរោង មកពីគណបក្ស សម រង្ស៊ី លោក អ៊ឹម ប៊ុនឆេង ផ្ដល់បទសម្ភាសន៍នៅមុខអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ថា ប៉ូលិសមានគ្នា ៤នាក់ មានឡានមួយគ្រឿង និងម៉ូតូមួយគ្រឿង ឃាត់រូបលោក ខណៈកំពុងផ្សព្វផ្សាយជំរុញប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតនៅភូមិអូរទ្រា ឃុំសំរោងក្នុង កាលពីព្រឹកថ្ងៃទី២០ តុលា។ លោកអះអាងថា ភ្លាមៗនោះ សមត្ថកិច្ចបាននាំរូបគាត់ទៅធ្វើកិច្ចសន្យានៅអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដើម្បីឲ្យបញ្ឈប់ការផ្សព្វផ្សាយបន្តទៀត៖ « បាទ ! ចាក់សំឡេងផ្សាយអំពាវនាវរបស់ គ . ជ . ប ដើម្បីឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត។ ដោយមានខ្លឹមសារ បើអត់ឯកសារអី សូមអញ្ជើញដូចជាយកសៀវភៅគ្រួសារ ឬយកសំបុត្របញ្ជាក់កំណើត និងអត្តសញ្ញាណប័ណ្ណទៅជួបលោកមេឃុំ ដើម្បីការចុះឈ្មោះបោះឆ្នោត »។
អាស៊ីសេរី បានទៅដល់មុខអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដើម្បីសាកសួរជុំវិញបញ្ហានេះ ប៉ុន្តែមន្ត្រីប៉ូលិសប្រមាណ ៣នាក់ បានចេញមកប្រាប់នៅខាងមុខខ្លោងទ្វារអធិការដ្ឋាននគរបាលថា លោកអធិការមិនអនុញ្ញាតឲ្យអ្នកព័ត៌មានអាស៊ីសេរី ថតរូប និងផ្ដល់សម្ភាសឡើយ៖ « តាមពិត ប៉ូលិសមិនបានចាប់ទេ គឺឲ្យគាត់ជិះម៉ូតូមកខ្លួនឯង ហើយសួរនាំគាត់រឿងដាក់គ្រឿងបំពងសំឡេង រួចឲ្យគាត់ត្រឡប់ទៅវិញតែប៉ុណ្ណឹងទេ ហើយឲ្យគាត់ត្រឡប់វិញ តែគាត់មិនទៅ »។
ទោះបីជាយ៉ាងនេះក្ដី មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង ចំនួន ៥នាក់ បានចូលទៅដោះស្រាយប្រមាណ ១ម៉ោងកន្លះនៅខាងក្នុងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ក្នុងនោះរួមមាន លោកអភិបាលស្រុក អធិការនគរបាល និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ប្រធានគណបក្សសង្គ្រោះជាតិ ស្រុកឯកភ្នំ លោក ឃុត សាវ័យ អះអាងថា អាជ្ញាធរស្រុកបានបញ្ជាក់នៅក្នុងអង្គប្រជុំថា ប្រសិនបើមានការផ្សព្វផ្សាយទៀត គឺត្រូវធ្វើលិខិតស្នើសុំទៅសាលាស្រុកជាមុន។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា មន្ត្រីគណបក្សប្រឆាំងផ្សព្វផ្សាយជំរុញឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត គឺពុំមានអ្វីខុសច្បាប់នោះទេ។ លោកហៅថា ការរារាំងពីសំណាក់សមត្ថកិច្ចនេះ ថាជាការគំរាមកំហែងផ្នែកនយោបាយទៅលើមន្ត្រីគណបក្សប្រឆាំង៖ « យើងចេះតែចាត់ទុកថា សកម្មភាពអំពាវនាវឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ថាជាការឃោសនា។ ហើយយើងចេះតែទាមទារឲ្យគណបក្សនយោបាយ និងបណ្ដាអង្គការសង្គមស៊ីវិលសុំច្បាប់។ ខ្ញុំឆ្ងល់ដែរ ថាតើឲ្យគាត់សុំច្បាប់អី ?»។
កាលពីកន្លងទៅ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក ធ្លាប់មានប្រសាសន៍ស្នើឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធនៅតាមមូលដ្ឋាន ជួយផ្សព្វផ្សាយ និងសម្រួលឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា។ បើទោះជាយ៉ាងនេះក្ដី កន្លងទៅ នៅតាមបណ្ដាខេត្តមួយចំនួនដូចជាខេត្តសៀមរាប បន្ទាយមានជ័យ និងខេត្តបាត់ដំបង ជាដើម គឺអាជ្ញាធរតែងរារាំងក្រុមយុវជន និងមន្ត្រីគណបក្សប្រឆាំងមិនឲ្យផ្សព្វផ្សាយយុទ្ធនាការនេះទៅដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
