បក្ស​ប្រឆាំង​និង​អ្នក​វិភាគ​គាំទ្រ​ការ​ស្នើ​សុំ​អាមេរិក​លុប​បំណុល

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​វិភាគ​សង្គម​ឯករាជ្យ គាំទ្រ​ចំពោះ​ជំហរ​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​បាន​ទទូច​សុំ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) លុប​ចោល​បំណុល ឬ​បង្វែរ​បំណុល​នេះ​ទៅ​ជា​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​កសិកម្ម​វិញ។
ដោយ សុខ សេរី
2013.02.25
អ៊ុច បូរិទ្ធ អាមេរិក ៣០៥ ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក លោក ចូសេហ្វ យន់ (Joseph Yun) [ឆ្វេង] ជួប​ពិភាក្សា​ជាមួយ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក អ៊ុច បូរិទ្ធ អំពី​បំណុល​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៦ មករា ឆ្នាំ​២០១២។
RFA/Sok Serey

ប៉ុន្តែ​ទន្ទឹម​ពេល​នេះ​ដែរ អ្នក​វិភាគ​បាន​ជំរុញ​ឲ្យ​លោក អូបាម៉ា គប្បី​ដាក់​លក្ខខណ្ឌ​ឲ្យ​លោក ហ៊ុន សែន ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ការ​គាំទ្រ​នេះ​នៅ​គ្រា​ដែល​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បាន​រិះគន់​ថា ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា នៅ​តែ​ជា​បញ្ហា​ធ្ងន់ធ្ងរ ចំណែក​ឯ​សេរីភាព​ក្នុង​ការ​តវ៉ា​បញ្ចេញ​មតិ កំពុង​តែ​រួម​តូច​ចង្អៀត​ដែរ នៅ​ពេល​ចុង​ក្រោយ​នេះ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ និង​ជា​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា កម្ពុជា​គប្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានការណ៍​គោរព​សិទ្ធិ​មនុស្ស​ជា​មុន​សិន ដើម្បី​សុំ​ឲ្យ​សហរដ្ឋអាមេរិក លុប​ចោល​បំណុល ឬ​បង្វែរ​បំណុល​នោះ។

លោក យឹម សុវណ្ណ៖ «យើង​គាំទ្រ​ជំហរ​រដ្ឋាភិបាល​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​បំណុល​របស់​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ទី​២ ក៏​ត្រូវ​ជំរុញ​ឲ្យ​រដ្ឋាភិបាល មិន​មែន​សុំ​ឲ្យ​គេ​ដោះស្រាយ​បំណុល​នេះ​ចប់​សព្វគ្រប់​ទេ ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​គេ​សប្បាយ​ចិត្ត ឲ្យ​គេ​យល់​អំពី​យើង គឺ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ត្រឹមត្រូវ។ ការ​បោះ​ឆ្នោត​មិន​ត្រឹមត្រូវ មិន​យុត្តិធម៌ អា​ហ្នឹង​ជា​ឧបសគ្គ​មួយ​ដែល​គេ​ពិចារណា»

ជាមួយ​គ្នា​នេះ អ្នក​វិភាគ​សង្គម​ឯករាជ្យ លោក កែម ឡី បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ជាប់​កាតព្វកិច្ច​ជា​អន្តរជាតិ​ក្នុង​ការ​សង​បំណុល​សហរដ្ឋអាមេរិក ប៉ុន្តែ​ការ​លុប​បំណុល ឬ​បង្វែរ​បំណុល​នោះ ត្រូវ​តែ​មាន​លក្ខខណ្ឌ​ពី​សហរដ្ឋអាមេរិក​ដែរ។

លោក កែម ឡី៖ «ប៉ុន្តែ​បំណុល ៣៥០​លាន​ដុល្លារ​អាមេរិក ទាំង​ការ​ប្រាក់​ប្រហែង​ជាង ៤០០​លាន​ដុល្លារ​អាមេរិក គឺ​ជា​បំណុល​តិចតួច​បំផុត​របស់​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ការ​ដែល​យើង​ស្នើ​សុំ​គេ​លុប​ចោល ឬ​ស្នើ​សុំ​គេ​បង្វែរ​មក​ខាង​ឧស្សាហកម្ម ឬ​កសិកម្ម​អី គឺ​ងាយ​ស្រួល​ណាស់ ក៏​ប៉ុន្តែ​យើង​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​គេ​បាន​ស្នើ​ឡើង ឬ​ក៏​ការ​លម្អ​សិទ្ធិ​មនុស្ស មិន​ត្រឹម​តែ​គេ​លុប​ចោល ឬ​បង្វែរ​ទៅ​ខាង​កសិកម្ម​អី​ទេ ប៉ុន្តែ​គេ​ថែម​ទាំង​ឲ្យ​ជំនួយ​រាប់​រយ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ទៅ​ទៀត ដើម្បី​កែ​ប្រទេស​ហ្នឹង​ក្លាយ​ជា​ប្រទេស​ដែល​មាន​លទ្ធិប្រជាធិបតេយ្យ»

ទាក់ទង​នឹង​សំណុំ​រឿង​បំណុល​នេះ ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន នៅ​ក្នុង​ពិធី​សម្ពោធ​ទំនប់​វារីអគ្គិសនី​គិរីរម្យ​៣ នៅ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ កន្លង​ទៅ​នេះ បាន​មាន​ប្រសាសន៍​ថា បំណុល​ដែល​ត្រូវ​បាន​ជំពាក់​សហរដ្ឋអាមេរិក ក្នុង​សម័យ លន់ នល់ នោះ មិន​បាន​ចំណាយ​លើ​គម្រោង​អភិវឌ្ឍន៍​ទេ គឺ​ចំណាយ​លើ​សង្គ្រាម។

លោក ហ៊ុន សែន៖ «ប្រហែល​ជា​ទិញ​គ្រាប់​បែក​ទម្លាក់​លើ​ក្បាល​ប្រជាជន​ខ្មែរ​ក៏​មិន​ដឹង...។ ប្រធានាធិបតី អូបាម៉ា មក ខ្ញុំ​ស្នើ​ដោះស្រាយ​បំណុល​ហ្នឹង សុំ​ឲ្យ​គាត់​លុប​ចោល​ប៉ុណ្ណេះ​ទៅ ហើយ​សល់​ប៉ុន្មាន​ទៀត សង​តាម​អត្រា​ការ​ប្រាក់​សម្បទាន ឬ​ក៏​សុំ​ឲ្យ​ផ្ទេរ​បំណុល​ហ្នឹង​មក​ជា​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស។ រហូត​ដល់​ម៉ោង​នេះ​អត់​ទាន់​ព្រមព្រៀង​គ្នា​ទេ»

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ធ្លាប់​បាន​មាន​ប្រសាសន៍​កាល​ពី​​ឆ្នាំ​២០១២ កន្លង​ទៅ​នេះ នៅ​ប្រទេស​កម្ពុជា ថា សហរដ្ឋអាមេរិក​ដោះស្រាយ​បញ្ហា​បំណុល​នេះ​ដោយ​យុត្តិធម៌។

មួយ​វិញ​ទៀត ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា លោក វីល្លៀម ថត (William Todd) បាន​មាន​ប្រសាសន៍​ក្នុង​គេហទំព័រ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ​ថា សហរដ្ឋអាមេរិក និង​កម្ពុជា មាន​ទស្សនៈ​ផ្ទុយ​គ្នា​លើ​សំណុំ​រឿង​បំណុល​នេះ។

លោក​បាន​ពន្យល់​ថា ស្ទើរ​តែ​គ្រប់​ប្រទេស​ទាំង​អស់​នៅ​លើ​ពិភពលោក បាន​ទទួល​ស្គាល់​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​ច្បាប់​អន្តរជាតិ​ក្នុង​ការ​សង​បំណុល​ដោយ​រដ្ឋាភិបាល​បន្តបន្ទាប់។ បើ​សិន​ណា​ប្រទេស​ណា​មួយ​រំពឹង​ថា បំណុល​ដែល​ខ្លួន​ជំពាក់​កន្លង​មក​ត្រូវ​បាន​លុប​ចោល​ដោយសារ​តែ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ថ្មី​នោះ ដូច្នេះ​ប្រព័ន្ធ​ច្បាប់​អន្តរជាតិ​ទាំង​មូល​ស្ដីពី​បំណុល ក៏​ត្រូវ​ខូច​ខាត​ដែរ។

ចំពោះ​ប្រទេស​កម្ពុជា លោក វីល្លៀម ថត បាន​បញ្ជាក់​ថា កម្ពុជា​មាន​ការ​ទទួល​ខុស​ត្រូវ​សង​បំណុល​សហរដ្ឋអាមេរិក បើ​មិន​ដូច្នេះ​ទេ កម្ពុជា​មិន​អាច​មាន​លទ្ធភាព​ខ្ចី​លុយ​ដូច​ប្រទេស​ភាគ​ច្រើន​ទៀត​ឡើយ ដើម្បី​យក​មក​ចំណាយ​លើ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ដូច​ជា​ផ្លូវ​ថ្នល់ មន្ទីរពេទ្យ និង​អគ្គិសនី​ជាដើម។

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក កាល​ពី​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១២ កន្លង​ទៅ​នេះ បាន​បញ្ជូន​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក លោក ចូសេហ្វ យន់ (Joseph Yun) បាន​ចរចា​ជា​ច្រើន​លើក​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង និង​ជា​ឧបនាយករដ្ឋមន្ត្រី ដើម្បី​ដោះស្រាយ​បំណុល​ដែល​របប​សេនាប្រមុខ លន់ នល់ បាន​ជំពាក់​ទាំង​ដើម​ទាំង​ការ​ប្រាក់​រហូត​ដល់​ពេល​នេះ​ចំនួន​ជាង ៤០០​លាន​ដុល្លារ​អាមេរិក។ ភាគី​ទាំង​ពីរ​នៅ​មិន​ទាន់​បាន​ចុះ​សម្រុង​គ្នា​នៅ​ឡើយ ក្នុង​ការ​សង​បំណុល​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។