មន្រ្តីនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ បានចាត់ទុកការស្នើសុំរបស់សមាជិកសភាគណបក្សប្រជាជនកម្ពុជា ទៅប្រធានសភា នៅថ្ងៃទី៩ ឧសភា ដើម្បីបង្កកប្រាក់ខែសមាជិកសភាគណបក្សប្រឆាំងនោះ ថាជារឿងខុសនឹងរដ្ឋធម្មនុញ្ញកម្ពុជា។
លោក យឹម សុវណ្ណ មានប្រសាសន៍ថា សមាជិកសភាគណបក្សប្រឆាំងមានលិខិតអញ្ជើញពីប្រធានសភាដើម្បីទៅចូលរួមប្រជុំសភា។ លោកបញ្ជាក់ថា សមាជិកសភាគណបក្ស សម រង្ស៊ី គ្មានធ្វើខុសអ្វីទេ ដូច្នេះការស្នើសុំទៅប្រធានសភាដើម្បីចង់បង្កកប្រាក់ខែ និងចង់ដកអាសនៈសភានោះ ជារឿងរំលោភរដ្ឋធម្មនុញ្ញ៖ «គាត់នាំគ្នាមិនទទួលស្គាល់តំណាងរាស្រ្ត ២៩នាក់ហ្នឹង មានន័យថា សភាចុះមកនៅ ៩៤នាក់ ហើយរំលោភទៅរដ្ឋធម្មនុញ្ញបាត់ហើយ ព្រោះរដ្ឋធម្មនុញ្ញចែងថា សភាយ៉ាងហោចមាន ១២០នាក់»។
ការលើកឡើងដូច្នេះ នៅក្រោយពីលោក ជាម យៀប ជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភា បានថ្លែងនៅក្នុងអង្គប្រជុំសភានៅព្រឹកថ្ងៃទី៩ ឧសភា ដោយលោកបានអះអាងថា លោកបានដាក់លិខិតទៅប្រធានសភា និងដាក់ទៅលោកនាយករដ្ឋមន្រ្តី ដើម្បីសុំបង្កកប្រាក់ខែសមាជិកសភាគណបក្សប្រឆាំង។
លោក ជាម យៀប បានលើកហេតុផលថា ការស្នើសុំនេះ ពីព្រោះសមាជិកសភាគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានទៅចូលរួមជាមួយគណបក្សសង្រ្គោះជាតិ៖ «ឯកឧត្តម យឹម សុវណ្ណ មានឈ្មោះនៅក្នុងគណបក្សសង្រ្គោះជាតិ ដូច្នេះមិនអាចអង្គុយនៅទីនេះបានទេ ការអនុគ្រោះរបស់ប្រធានសភាវាអស់ប៉ណ្ណឹងហើយ ព្រោះខ្ញុំបានតាមដាន និងជំទាស់តាំងពីដើមមកហើយ ព្រោះជាអ្នកតាមដានច្បាប់ដែលប្រធានសភាប្រគល់ឲ្យ»។
លោកបណ្ឌិត ជាម យៀប មានប្រសាសន៍ថា ការស្នើឡើងបែបនេះ គឺធ្វើឡើងនៅបន្ទាប់ពីលោក យឹម សុវណ្ណ បានឆ្លើយតបទៅនឹងសមាជិកសភាគណបក្សប្រជាជនកម្ពុជា ដែលបានលើកពីសារនយោបាយ ៧ចំណុចរបស់គណបក្សប្រឆាំងនោះ ថាមិនអាចអនុវត្តបានទេ។
តែការលើកឡើងនេះ ត្រូវបានលោក យឹម សុវណ្ណ បដិសេធ ហើយអះអាងថា បើសិនជាគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត គឺគណបក្សសង្រ្គោះជាតិ នឹងអនុវត្តសារទាំង ៧ចំណុចនេះបាន៖ «ខ្ញុំសូមធានាចំពោះប្រជាជាតិទាំងមូលថា បើសារទាំង ៧ចំណុចហ្នឹង បើមិនអនុវត្តបាននូវចំណុចណាមួយនៅពេលឈ្នះឆ្នោត ឯកឧត្តមទាំងពីរហ្នឹងចុះចេញពីតំណែងភ្លាម។ ព្រោះប្រទសអូស្រ្តាលី អាមេរិក គេអាចផ្ដល់ឲ្យមនុស្សពី ៦០០ដុល្លារទៅ ១ពាន់ដុល្លារ រឿងអីដែលថា ៤ម៉ឺនរៀលយើងធ្វើមិនបាន? ឯកឧត្តម ឈាង វុន ធ្លាប់រស់នៅបរទេសដែរតើអី?»។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា បានឲ្យដឹងថា ការស្នើសុំរបស់លោក ជាម យៀប ជារឿងត្រឹមត្រូវតាមច្បាប់បោះឆ្នោត។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកច្បាប់ និងអ្នកវិភាគផ្នែកនយោបាយ បានពន្យល់ថា ប្រសិនបើសមាជិកសភាគណបក្ស សម រង្ស៊ី នោះ ត្រូវបានបញ្ជូនទៅចុះបញ្ជីនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅពេលនោះ តួនាទីរបស់សមាជិកទំាងនោះនឹងត្រូវបាត់បង់ពីគណបក្ស សម រង្ស៊ី។
លោក យឹម សុវណ្ណ បានបញ្ជាក់ថា រហូតមកទល់ពេលនេះ គណបក្សសង្រ្គោះជាតិមិនទាន់បញ្ជូនបញ្ជីឈ្មោះទៅ គ.ជ.ប នៅឡើយទេ។
សមាជិកសភាទំាងអស់នឹងត្រូវបើកប្រាក់ខែរហូតដល់ខែកញ្ញា ឆ្នាំ២០១៣ នៅមុនពេលការរៀបចំសមាជិកថ្មី ក្រោយពីបោះឆ្នោតអាណត្តិទី៥។ រដ្ឋសភាបច្ចុប្បន្នបានចាប់ផ្ដើមដំបូងកើតចេញពីសភាធម្មនុញ្ញ ដែលបានកើតមកពីការបោះឆ្នោតរៀបចំដោយអ៊ុនតាក់ អាណត្តិទី១ ឆ្នាំ១៩៩៣។ នៅពេលនោះ សភាធម្មនុញ្ញមានកិច្ចការជាដំបូងរបស់ខ្លួន គឺព្រាង និងអនុម័តរដ្ឋម្មនុញ្ញ។ បន្ទាប់ពីការអនុម័តរដ្ឋធម្មនុញ្ញនៅក្នុងឆ្នាំ១៩៩៣ នោះ សភាធម្មនុញ្ញបានប្រែក្លាយទៅជារដ្ឋសភា។ តំណាងរាស្រ្តត្រូវបានជ្រើសតាំងដោយការបោះឆ្នោតជាសកលដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសបោះឆ្នោតជាសម្ងាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
