កំពូល​អ្នក​ប្រដាល់​ពិភព​លោក ប៉ាគីអាវ នឹង​មក​កម្ពុជា​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន

ដោយ យាង សុជាមេត្តា
2016.12.09
ប៉ាគីអាវ ឌូតឺតេ ២០១៦ ៨៥៥ កំពូល​អ្នក​ប្រដាល់​លំដាប់​ពិភពលោក និង​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន លោក មេន្នី ប៉ាគីអាវ (Manny Pacquiao) (ស្ដាំ) និង​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) (ឆ្វេង) ចាប់​ដៃ​គ្នា ក្នុង​កិច្ច​ប្រជុំ​មួយ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៦។ AFP
AFP

កំពូល​អ្នក​ប្រដាល់​លំដាប់​ពិភពលោក និង​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន លោក មេន្នី ប៉ាគីអាវ (Manny Pacquiao) នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ចាប់​ពី​ថ្ងៃ​ទី១៣ ដល់​ទី​១៤ ខែ​ធ្នូ។

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​លោក ខៀវ កាញារីទ្ធ សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃទី៩ ធ្នូ ថា ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹង​ល្បី​ហើយ​ដោយសារ​តែ ពេល​គាត់​មក​កម្ពុជា គាត់​នឹង​នាំ​លោក មេន្នី ប៉ាគីអាវ មក​ជាមួយ។ លោក ខៀវ កាញារីទ្ធ ចាត់ទុក​ថា នេះ​ជា​ការ​រីករាយ​មួយ​សម្រាប់​កម្ពុជា​ផង​ដែរ

ដោយឡែក សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ឲ្យ​ដឹង​ថា ដំណើរទស្សនកិច្ច​របស់​ប្រធានាធិបតី​ហ្វីលីពីន​មក​កាន់​កម្ពុជា គឺ​តប​តាម​ការ​អញ្ជើញ​របស់ព្រះមហាក្សត្រ​ខ្មែរ សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​បន្ថែម​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក្រៅ​ពី​ចូល​ក្រាបបង្គំ​គាល់​ព្រះមហាក្សត្រ​ខ្មែរ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏​នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។ បន្ទាប់​មក លោក ហ៊ុន សែន និង​លោក ឌូតឺតេ នឹង​ធ្វើ​ជាសាក្សី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចំនួន២ គឺ​អនុស្សរណៈ​ស្ដីពី​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​អនុស្សរណៈ​នៃ​កិច្ច​ព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កីឡា។

លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន​កាល​ពី​ចុង​ខែ​មិថុនា ឆ្នាំ២០១៦។ លោក​ត្រូវ​បាន​អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និង​សហរដ្ឋអាមេរិក​រិះគន់ ពី​ការរំលោភ​សិទ្ធិមនុស្ស​ដោយសារ​ការ​អនុវត្ត​យុទ្ធនាការ​កណ្ដាប់​ដៃ​ដែក ប្រឆាំង​នឹង​អ្នក​ជួញ ដូរ​ដែល​មាន​ការ​អនុញ្ញាត​ឲ្យ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ។ យុទ្ធនាការ​កណ្ដាប់​ដៃ​ដែក​របស់ លោក ឌូតឺតេ បាន​បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ​៤ពាន់នាក់​ហើយ​បាត់បង់ជីវិត ក្នុង​រយៈពេល មិន​ដល់​កន្លះ​ឆ្នាំ​ផង នៃ​ការ​កាន់អំណាច​របស់​លោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។