គណបក្សសង្គ្រោះជាតិ ប្រតិកម្មចំពោះការរើសអើងខាងផ្នែកនយោបាយនៅក្នុងជួរសមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន។
មន្ត្រីគណបក្សប្រឆាំងចោទថា អតីតអភិបាលខេត្តប៉ៃលិន លោក អ៊ី ឈាន ដែលបានផ្លាស់តំណែងឡើងទៅកាន់ជាប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិននោះ ពុំបានបំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ជួយសម្រួលឲ្យសមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន ពីររូបមកពីគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងពិធីប្រកាសតែងតាំងចូលកាន់តំណែងរបស់អភិបាលខេត្តប៉ៃលិន ថ្មីនោះឡើយ។
មន្ត្រីគណបក្សកាន់អំណាច និងមន្ត្រីគណបក្សប្រឆាំងប្រៀបបានទឹកនិងប្រេងដែលមិនអាចចាក់ឲ្យរលាយចូលគ្នាបាននោះឡើយ។ ផ្នត់គំនិតមិនចុះសម្រុងនឹងគ្នានេះ វាបានបន្តកើតមានស្ទើរសាំត្រចៀកប្រជាពលរដ្ឋ ទៅហើយ ទោះបីមន្ត្រីទាំងពីរបក្សនោះ មានមុខងារនិងតួនាទីជ្រកក្រោមដំបូលរដ្ឋាភិបាលតែមួយក៏ដោយ។
ជាក់ស្ដែងបញ្ហានេះ បានកើតមាននៅក្នុងជួរក្រុមប្រឹក្សាខេត្តប៉ៃលិន។ លោកស្រី វ៉ែន តារា ជាសមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន មកពីគណបក្សសង្គ្រោះជាតិ ចោទថា លោក អ៊ី ឈាន ជាប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ពុំបានបំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវនោះឡើយ ដោយសារតែការប្រកាន់និន្នាការគណបក្សនយោបាយ។
លោកស្រីថា លោក អ៊ី ឈាន ខកខានពុំបានកោះអញ្ជើញឲ្យរូបលោកស្រី និងបេក្ខភាពសមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន មកពីគណបក្សសង្គ្រោះជាតិម្នាក់ទៀត ឲ្យទៅចូលរួមក្នុងពិធីប្រកាសតែងតាំងតំណែងអភិបាលខេត្តប៉ៃលិន ថ្មីនោះឡើយ៖ «អ៊ីចឹងក្នុងក្រុមប្រឹក្សាខេត្តខ្ញុំបានពីរនាក់ដែរ ដល់ពេលឯកឧត្ដម ស ខេង ឆោឡោ ប្រកាសឈ្មោះខ្ញុំអត់ឃើញចូលរួម អ៊ីចឹងគេថា អត់បានអញ្ជើញ អាហ្នឹងជាចេតនាមួយ ឬមួយយ៉ាងម៉េចយើងអត់ដឹងទេ អាហ្នឹងមិនទទួលស្គាល់គណបក្សជាដៃគូ»។
ហេតុការណ៍នេះ កើតមានឡើងកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៤ ខណៈដែលលោក ស ខេង ជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទៅប្រកាសតែងតាំងឲ្យលោក កើត សុធា ឡើងកាន់តំណែងជាអភិបាលខេត្តប៉ៃលិន ជំនួសលោក អ៊ី ឈាន ដែលឡើងទៅកាន់តំណែងជាប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន។
នៅក្នុងពិធីផ្ទេរតំណែងនោះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានប្រកាសសួររកបេក្ខភាពសមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន របស់គណបក្សសង្គ្រោះជាតិ ដែលទើបជាប់ឆ្នោត ប៉ុន្តែពួកគេពុំមានវត្តមាននៅក្នុងពិធីនោះឡើយ។
មន្ត្រីគណបក្សប្រឆាំងលើកឡើងថា ការខកខានពុំបានចូលរួមដោយសារតែពួកគេពុំបានទទួលដំណឹង និងពុំមានការកោះអញ្ជើញពីថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្តប៉ៃលិន នោះឡើយ។
លោកស្រី វ៉ែន តារា បញ្ជាក់ថា នៅពេលពិធីនោះ បានដំណើរការហើយ លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានសួររកសមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន មកគណបក្សប្រឆាំង ទើបមន្ត្រីក្រុមប្រឹក្សាខេត្តប៉ៃលិន ទូរស័ព្ទហៅគាត់ឲ្យទៅចូលរួម៖ «ម៉ោង៨-២៦នាទី បានមកហៅខ្ញុំឲ្យទៅចូលរួម ប៉ុន្តែខ្ញុំនៅចម្ការអូររអិល ហើយបើច្បាប់រដ្ឋបាលវាអត់ត្រូវធ្វើអ៊ីចឹងទេ ត្រូវប្រាប់បីថ្ងៃមុន។ យើងអត់ប្រកាន់ទេ បើមិនបានបីថ្ងៃមុន ៦ម៉ោងមុនអីក៏យើងទទួលយកបាន»។
នេះជាប្រតិកម្មដែលលេចចេញពីការរើសអើងខាងផ្នែកនយោបាយនៅជួររដ្ឋបាលក្រុមប្រឹក្សាខេត្តប៉ៃលិន ដែលទើបជាប់ឆ្នោតថ្មីៗ។ សមាសភាពសមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន សរុបមានចំនួន ៩នាក់។ ក្នុងនោះ ៧នាក់មកពីគណបក្សប្រជាជនកម្ពុជា និង ២នាក់មកពីគណបក្សសង្គ្រោះជាតិ។
ឆ្លើយតបចំពោះបញ្ហានេះ លោក អ៊ី ឈាន ជាប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បញ្ជាក់ថា ការពិតរូបលោកពុំមានការរើសអើងនយោបាយនោះទេ ប៉ុន្តែបញ្ហាដែលកើតមានឡើងនោះបណ្ដាលមកពីកំហុសបច្ចេកទេសរបស់មន្ត្រីជំនាញ។ លោកថា ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្តប៉ៃលិន ក្នុងរយៈពេលកន្លងមកពុំទាន់ទទួលបានព័ត៌មានជាផ្លូវការពីសមាសភាពសមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន ដែលមកពីគណបក្សសង្គ្រោះជាតិនោះឡើយ៖ «ដំបូងយើងអត់ដឹងបេក្ខភាពគេ ឈ្មោះអី ហើយព្រះរាជក្រឹត្យ ក៏យើងអត់មានបានទទួល។ ជាធម្មតាក្រសួងហ្នឹងត្រូវឲ្យព្រះរាជក្រឹត្យអីមកយើង ប៉ុន្តែបញ្ហានេះអត់មានអីទេ ជាបច្ចេកទេសទេ មិនមែនជារឿងនយោបាយទេ ព្រោះឯកឧត្ដមឧបនាយករដ្ឋមន្ត្រី លោកបានប្រកាសហើយប៉ុន្មានថ្ងៃខាងមុខនេះ ខ្ញុំនឹងកោះប្រជុំក្រុមប្រឹក្សាខេត្តប៉ៃលិន»។
ទោះជាមានការបកស្រាយដូច្នេះក្ដី ប៉ុន្តែគណបក្សសង្គ្រោះជាតិ នៅតែចោទថា លោក អ៊ី ឈាន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន មានការរើសអើងចំពោះគណបក្សប្រឆាំង។ សមាជិកក្រុមប្រឹក្សាក្រុងប៉ៃលិន មកពីគណបក្សសង្គ្រោះជាតិ លោក ឃឹម ប៊ុន ថ្លែងថា នៅក្នុងពិធីប្រកាសតែងតាំងអភិបាលខេត្តប៉ៃលិន ថ្មីនោះ ទាំងអភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ពុំបានប្រកាសឲ្យសមាសភាពក្រុមប្រឹក្សាខេត្តប៉ៃលិន របស់គណបក្សសង្គ្រោះជាតិ បានដឹង ដើម្បីទៅចូលរួមនោះឡើយ។
លោក ឃឹម ប៊ុន៖ «ឯកឧត្ដម ស ខេង គាត់សួររក ម៉េចបានអត់ឃើញសមាជិកក្រុមប្រឹក្សាពីគណបក្សសង្គ្រោះជាតិអ៊ីចឹង? ប៉ុន្តែ អ៊ី ឈាន គាត់ឆ្លើយថា ប្រាប់ដែរ ប៉ុន្តែខាងគណបក្សសង្គ្រោះជាតិហ្នឹង គេមិនមកចូលរួម អ៊ីចឹងជាការទម្លាក់កំហុសមួយមកឲ្យគណបក្សសង្គ្រោះជាតិ ប៉ុន្តែតាមពិតយើងអត់បានទទួលព័ត៌មានហ្នឹងទេ គាត់អត់បានអញ្ជើញទេ ហើយគាត់អញ្ជើញនៅពេលដែលឯកឧត្ដម ស ខេង ហ្នឹងបានមកដល់សាលាខេត្តប៉ៃលិន ហើយពេលសួររកបានគាត់ឲ្យរដ្ឋបាលគាត់ទូរស័ព្ទមកប្រាប់»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី ថ្លែងថា វត្តមានរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង នៅក្នុងពិធីប្រកាសតែងតាំងអភិបាលខេត្តប៉ៃលិន នៅពេលនោះ បានធ្វើឡើងក្នុងក្របខ័ណ្ឌថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្របខ័ណ្ឌរបស់រដ្ឋ ពុំមែនក្នុងក្របខ័ណ្ឌរបស់គណបក្សនយោបាយនោះឡើយ៖ «គាត់ត្រូវញែកចេញឲ្យដាច់ពីគ្នារវាងការងារបក្សនិងការងាររដ្ឋ អ៊ីចឹងបើយើងនិយាយពីសមាជិកក្រុមប្រឹក្សាខេត្តនៅពេលនេះ យើងត្រូវនិយាយក្នុងស្ថាប័នរដ្ឋ នៅពេលដែលបោះឆ្នោតជ្រើសរើសចាំយើងនិយាយពីរឿងនយោបាយ។ អ៊ីចឹងយើងកាន់តំណែងនេះ គឺមិនមែនអ្នកនយោបាយទៅកាន់ទេ គឺយើងកាន់ក្នុងនាមអ្នកបម្រើរាស្ត្រ ក្នុងនាមស្ថាប័នរដ្ឋ យើងត្រូវញែកឲ្យដាច់ការងារនេះ ពេលណាការងារបក្ស ពេលណាការងាររដ្ឋ ព្រោះអស់លោកស៊ីប្រាក់ខែរដ្ឋ មិនមែនស៊ីប្រាក់ខែរបស់គណបក្សទេ»។
កន្លងមកលោកកត់សម្គាល់ឃើញថា ការរើសអើងនិន្នាការគណបក្សនយោបាយនៅតែកើតមានក្នុងស្ថាប័នរបស់រដ្ឋ។ មន្ត្រីគណបក្សនយោបាយទាំងនោះ បានបែងចែកបក្សពួកមើលមុខគ្នាមិនត្រង់ ផ្ទុយពីខ្លឹមសារច្បាប់ ហើយបញ្ហានេះកំពុងបង្កឲ្យមានឧបសគ្គដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។ លោកសង្កត់ធ្ងន់ថា កាលណានៅក្នុងស្ថាប័នរបស់រដ្ឋមាននយោបាយចាក់ដោតឫសជ្រៅខ្លាំងពេក ហើយបុគ្គលដែលធ្វើការក្នុងស្ថាប័ននោះ មិនចេះញែកឲ្យដាច់រវាងការងារបក្សនិងការងាររដ្ឋនោះទេ វានឹងនាំទៅរកការរាំងស្ទះលេចចេញនូវបញ្ហាច្រើន នាំឲ្យប៉ះពាល់ដល់ការបម្រើប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិទាំងមូលតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
