គណបក្សសង្រ្គោះជាតិ នឹងរៀបចំពិធីរំលឹកខួបលើកទី២៣ នៃកិច្ចព្រមព្រៀងសនិ្តភាពទីក្រុងប៉ារីស នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា នាទីស្នាក់ការរបស់គណបក្សនៅសង្កាត់ចាក់អង្រែលើ ក្នុងរាជធានីភ្នំពេញ។
នាយកខុទ្ទកាល័យអនុប្រធានទី១នៃរដ្ឋសភា លោក មុត ចន្ថា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា គណបក្សសង្គ្រោះជាតិ តែងតែប្រារព្ធខួបនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ដោយសារថ្ងៃ២៣ តុលា នេះ យើងមិនអាចបំភ្លេចបានទេ ព្រោះវាជាថ្ងៃប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។
លោក មុត ចន្ថា បន្តថា កិច្ចព្រមព្រៀងក្រុងប៉ារីសនេះហើយ ដែលជំរុញឲ្យកម្ពុជា អាចបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃជាងពីរទសវត្ស បើកចំហឲ្យមានសេដ្ឋកិច្ចទីផ្សារសេរី មានលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងបញ្ចប់វត្តមានរបស់កងទ័ពបរទេសនៅកម្ពុជា។
អ្នកជំនាញខាងវិទ្យាសាស្រ្តនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា លោកទទួលស្គាល់នូវសមិទ្ធផលមួយចំនួនបានមកពីកិច្ចព្រមព្រៀងក្រុងប៉ារីស ដែលរួមមានការនាំមកនូវសុខសន្តិភាព បញ្ចប់សង្គ្រាមស៊ីវិលរវាងខ្មែរនិងខ្មែរ និងការបង្កើតរដ្ឋធម្មនុញ្ញថ្មីសម្រាប់ព្រះរាជាណាចក្រកម្ពុជា ទី២ ជាដើម។
ក៏ប៉ុន្តែលោកបណ្ឌិត សុខ ទូច គូសបញ្ជាក់ថា នៅមានកិច្ចការជាច្រើនទៀតដែលរដ្ឋាភិបាលមិនបានអនុវត្តតាមរដ្ឋធម្មនុញ្ញទាំងស្រុងនៅឡើយ៖ «ទាក់ទងនឹងការប្រតិបត្តិទូទៅ គឺយើងឃើញថា កិច្ចព្រមព្រៀងក្រុងប៉ារីស អត់បានធ្វើអ្វីបញ្ចប់របស់ខ្លួនបានទេ។ ទី១ សិទ្ធិមនុស្ស អត់ទាន់បានបំពេញគ្រប់គ្រាន់ទេ យើងធ្វើដំណើរទៅហើយ ទី២ សារព័ត៌មាននៅមានកម្រិត ហើយទី៣ សិទ្ធិទទួលខាងប្រព័ន្ធតុលាការ យើងអនុវត្តនៅមានកម្រិត ប្រព័ន្ធតុលាការជាឧបករណ៍របស់អ្នកនយោបាយច្រើនជាង គេហៅថា តុលាការដែលមានឯករាជ្យក្នុងអាជីព ហើយមួយទៀត ការគោរពរដ្ឋធម្មនុញ្ញ យើងមិនអនុវត្តបានល្អដែរ»។
កិច្ចព្រមព្រៀងសនិ្តភាពទីក្រុងប៉ារីស ២៣ ខែតុលា ឆ្នាំ១៩៩១ គឺជាកិច្ចសន្យាបញ្ចប់សង្រ្គាមនៅកម្ពុជា រវាងភាគីជម្លោះខ្មែរទាំងបួន គឺមានភាគីសាធារណរដ្ឋប្រជាមានិតកម្ពុជា របស់លោក ហ៊ុន សែន ភាគីហ៊្វុនស៊ិនប៉ិច របស់សម្តេច សីហនុ ភាគីរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែររបស់លោកតា សឺន សាន និងភាគីកម្ពុជាប្រជាធិបតេយ្យរបស់លោក ខៀវ សំផន ដែលតំណាងអោយក្រុមខ្មែរក្រហម។ ក្រៅពីភាគីកម្ពុជា កិច្ចព្រមព្រៀងសនិ្តភាពនេះ ក៏មានតំណាងប្រទេសចំនួន ១៨ផ្សេងទៀត ចុះហត្ថលេខាធ្វើជាសាក្សីផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
