រដ្ឋសភា​នឹង​បន្ត​សម័យ​ប្រជុំ​លើក​ទី១​នីតិកាល​ទី៥​នៅ​ថ្ងៃ​ទី១០

រដ្ឋសភា​ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នឹង​បើក​សម័យ​ប្រជុំ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​គណៈកម្មការ​ទាំង​៩ នៃ​រដ្ឋសភា​នៅ​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៣។ គណបក្ស​ប្រឆាំង​នៅ​តែ​ប្រកាន់​ជំហរ​មិន​ចូល​រួម​ប្រជុំ​សភា និង​នៅ​បន្ត​ទាមទារ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត។

0:00 / 0:00

អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​នៅ​ថ្ងៃ​ទី៩ ខែ​តុលា ឆ្នាំ​២០១៣ ថា រដ្ឋសភា​នឹង​បន្ត​សម័យ​ប្រជុំ​លើក​ទី១ នីតិកាល​ទី៥ នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែ​តុលា។

លោក ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​នៅ​ថ្ងៃ​ទី៩ តុលា ថា គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ជ្រើស​រើស​អោយ​ដឹក​នាំ​ប្រទេស ហើយ​សភា​ដែល​បង្កើត​ឡើង​នៅ​ពេល​នេះ គឺ​ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​បោះ​ឆ្នោត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ លោក​បន្ត​ថា សភា និង​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​បោះ​ឆ្នោត​រួច​ហើយ នឹង​បន្ត​ដំណើរ​ទៅ​មុខ ហើយ​គ្មាន​នរណា​ម្នាក់​អាច​យក​អ្វី​មក​ចាក់​កង់​កំពុង​តែ​វិល​មិន​អោយ​ទៅ​មុខ​បាន​នោះ​ទេ។

លោក​ថា មិន​មែន​រដ្ឋសភា​ទេ​ដែល​មិន​ស្រប​ច្បាប់ តែ​គណបក្ស​ប្រឆាំង​ទៅ​វិញ​ទេ ដែល​មិន​គោរព​ច្បាប់៖ «គណបក្ស សម រង្ស៊ី គឺ​ជា​គណបក្ស​ដែល​មិន​គោរព​រដ្ឋធម្មនុញ្ញ ហើយ​ដែល​អ្វីៗ​ដែល​ទៅ​ប្ដឹង មិន​អោយ​គេ​មក​ទទួល​ស្គាល់ ឬ​មិន​អោយ​គេ​មក​ផ្តល់​ជំនួយ គឺ​ជា​ករណី​ដែល​ក្បត់​ជាតិ និង​ក្បត់​ប្រជាជន​របស់​ខ្លួន​ឯង ដូច​ជា​យក​ដៃ​ទៅ​ខ្ទប់​បំពង់​ក​មិន​អោយ​ដក​ដង្ហើម​របស់​ប្រជាពលរដ្ឋ​ខ្មែរ»

គណបក្ស​សង្គ្រោះ​ជាតិ បាន​ច្រាន​ចោល​លទ្ធផល​បោះ​ឆ្នោត ហើយ​នៅ​តែ​ប្រកាន់​ជំហរ​មិន​ចូល​រួម​ប្រជុំ​សភា ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​ជា​មុន។ គណបក្ស​ប្រឆាំង​ក៏​បាន​ចោទ​ប្រកាន់​រដ្ឋសភា និង​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​សភា និង​រដ្ឋាភិបាល​ខុស​ច្បាប់។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​ថា អ្វី​ដែល​ជា​រឿង​អាទិភាព​នៅ​ពេល​នេះ គឺ​បន្ត​ស្វែង​រក​ការ​ពិត និង​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត និង​ជំរុញ​អោយ​មាន​កំណែ​ទម្រង់​ពិត​ប្រាកដ ដើម្បី​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ទទួល​បាន​លទ្ធផល​ពិត​ប្រាកដ​ពី​កំណែ​ទម្រង់​ទាំង​នេះ។ លោក​បន្ត​ថា ឆ្លង​តាម​ការ​ជជែក​គ្នា​ជាមួយ​គណបក្ស​ប្រជាជន កន្លង​មក គណបក្ស​ប្រឆាំង​ពុំ​មាន​សង្ឃឹម​ថា នឹង​អាច​កែ​ទម្រង់​បាន​ទេ។ ដោយសារ​កត្តា​នេះ​ហើយ ដែល​នាំ​អោយ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មិន​ចូល​អង្គុយ​ក្នុង​សភា ដើម្បី​ធ្វើ​ការ​បម្រើ​អោយ​គណបក្ស​កាន់​អំណាច។ លោក​ថា កង់​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​វិល​ទៅ​មុខ​បាន​ស្រួល​ទេ៖ «ខ្ញុំ​យល់​ថា​កង់​ហ្នឹង​បែក កង់​វា​វិល​ទៅ​ប៉ុន្តែ​វា​វិល​ទាំង​បែក ដូច្នេះ​កង់​ហ្នឹង​មិន​អាច​វិល​ទៅ​បាន​វែង​ឆ្ងាយ​បាន​ទេ វា​នឹង​ខ្ទេច​ពោះវៀន ខ្ទេច​សម្បក​អស់​ហើយ»

លោក​បណ្ឌិត សុខ ទូច អ្នក​វិភាគ​នយោបាយ​ឯករាជ្យ បាន​និយាយ​ថា ការ​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី១០ តុលា គឺ​ជា​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បង្ហាញ​ថា ពួក​គេ​មិន​ខ្វាយខ្វល់​ចំពោះ​ការ​ទាមទារ​របស់​គណបក្ស​ប្រឆាំង ពិសេស​ដើម្បី​ទប់​ចង្វាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ដើរ​ឃោសនា​លើ​ឆាក​អន្តរជាតិ​មិន​អោយ​គាំទ្រ​គណបក្ស​កាន់​អំណាច។ លោក​ថា បើ​ទោះ​ជា​គណបក្ស​ប្រជាជន​កម្ពុជា ព្យាយាម​បង្ហាញ​ថា កង់​របស់​គេ​កំពុង​តែ​វិល​ទៅ​មុខ​ក៏ដោយ ក៏​គណបក្ស​កាន់​អំណាច​មួយ​នេះ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​សហគមន៍​អន្តរជាតិ។

លោក​បណ្ឌិត សុខ ទូច៖ «ការ​បកស្រាយ​ត្រូវ​រៀង​ខ្លួន យើង​មើល​រដ្ឋធម្មនុញ្ញ អ្វី​ដែល​យើង​ធ្វើ​ត្រូវ​នឹង​មាត្រា​៨២ តែ​វា​ខុស​មាត្រា​ទី១ មាត្រា​ទី៣៥ ៥១ និង​៥២ យើង​មើល​អា​ហ្នឹង​ឡើង​វិញ​ទៅ ហើយ​មាត្រា​ទី៧៦ គ្រាន់​តែ​មាត្រា​ទី៧៦ យើង​អាច​ដឹង​ហើយ​ថា គ្រាន់​តែ​សមាជិក​គណបក្ស​ប្រជាជន បង្កើត​គណៈកម្មការ​ទាំង​៩ ហ្នឹង វា​អត់​គ្រប់​ផង ក្នុង​មួយ​គណៈកម្មការ​មាន​សមាជិក​៧ វា​អស់ ៦៣ រួច​ទៅ​ហើយ តើ​វា​គ្រប់​ចំនួន​ទេ? អ៊ីចឹង​ហើយ បាន​ជា​មាត្រា​៧៦ បាន​ចង​ច្បាស់​ណាស់​ថា ១២០​យ៉ាង​តិច»

ក្នុង​សមាជ​មហាជន​កាល​ពី​ថ្ងៃ​ទី៦ ខែ​តុលា នៅ​ទីលាន​ប្រជាធិបតេយ្យ សមាជ​បាន​សម្រេច​ទាមទារ​អោយ​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ស្វែង​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត ទាមទារ​អោយ​មាន​ការ​ផ្លាស់​ប្ដូរ​តាម​រយៈ​ការ​កែ​ទម្រង់​នូវ​គោល​នយោបាយ និង​ស្ថាប័ន​ជាតិ​សំខាន់ៗ ដូច​ជា ការ​បោះ​ឆ្នោត​រដ្ឋសភា និង​ស្ថាប័ន​ឯករាជ្យ​នានា ដើម្បី​ធានា​ការពារ​ផល​ប្រយោជន៍​ជាតិ និង​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។