សមាជិកគណៈកម្មការកណ្ដាលរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានថ្កោលទោសគណបក្សកាន់អំណាចដែលបានបណ្តោយឲ្យសមាជិកគាំទ្ររបស់ខ្លួនប្រើអំពើហិង្សាមកលើស្ត្រីជាសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងបានគំរាមប្ដឹងករណីជម្លោះនេះទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក កូវ គា សមាជិកគណៈកម្មការកណ្ដាលនៃគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឲ្យដឹងនៅថ្ងៃទី៤ ខែកក្កដា ថា សមាជិកគណបក្សរបស់លោកម្នាក់ គឺអ្នកស្រី ប៉ុល សុធី អាយុ ២៥ឆ្នាំ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ត្រូវបានសមាជិកគណបក្សប្រជាជនកម្ពុជា គឺលោក ពីង សំណាង វាយធ្វើបាបរហូតសន្លប់កាលពីរសៀលថ្ងៃទី៣ ខែកក្កដា នៅក្នុងផ្ទះរបស់គាត់ ក្រោយពីមានជម្លោះពាក្យសម្ដីរឿងថ្លៃទិញកាតទូរស័ព្ទតម្លៃ១ដុល្លារ។
លោកចាត់ទុកការប្រើអំពើហិង្សានោះ ពាក់ព័ន្ធនឹងរើសអើងផ្នែកនយោបាយ ព្រោះសមាជិកគណបក្សកាន់អំណាចរូបនេះបានតិះដៀលសមាជិកគណបក្សរបស់លោក និងបានស្ទុះទៅវាយធ្វើបាបរហូតឲ្យគាត់របួសធ្ងន់ធ្ងរ និងដួលសន្លប់ ខណៈដែលប្ដីរបស់គាត់មិននៅផ្ទះ៖ «គាត់ទៅទិញកាតទូរស័ព្ទនៅផ្ទះហ្នឹង គាត់ថាគាត់ទិញឲ្យគ្នាគាត់។ ពេលគាត់ទិញហើយ ខាងគ្នាយើងសុំលុយពីគាត់ គាត់ថាគាត់ទិញពីគេមិញទារលុយពីគាត់រឿងហ្នឹង គាត់ប្រកែកគ្នា ពេលប្រកែកគ្នាចុះឡើងៗ គាត់ប្រើពាក្យថាអញស្គាល់ហើយពួកហ្អែងគណបក្សជួងនោះ អញខាងគណបក្សប្រជាជន ហ្អែងកុំចង់ខ្លាំង»។
សមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ អ្នកស្រី ប៉ុល សុធី អះអាងថា អ្នកស្រីត្រូវបានលោក ពីង សំណាង ស្ទុះចាប់បោចសក់ទាញក្បាលវាយខ្ទប់នឹងរានទេវតា នៅខាងមុខផ្ទះ រួចយកដំបងឈើវាយចំក្បាល កាលពីវេលាម៉ោង ៥ និង ៣០នាទី ថ្ងៃទី៣ ខែកក្កដា បន្ទាប់ពីអ្នកស្រីទារលុយថ្លៃកាតទូរស័ព្ទ១ដុល្លារ ដែលឈ្មោះ ពីង សំណាង បានទិញមិនឲ្យលុយ។ បច្ចុប្បន្ន អ្នកស្រីមានអាការៈវិលមុខ និងចង់ក្អួត ដោយសារតែស្ថានភាពរបួសក្បាលធ្ងន់ធ្ងរ និងមានស្នាមជាំពេញខ្លួនដោយអន្លើ។
អ្នកស្រីរៀបរាប់ថា ជម្លោះថ្លៃកាតទូរស័ព្ទនោះ បានរាលដាលឲ្យឈ្មោះ ពីង សំណាង ជាអ្នកជិតខាងគ្នាយូរហើយ តិះដៀលអ្នកស្រី និងថាបានទៅចូលរួមគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងបានលើកសរសើរពេញមាត់ចំពោះការដឹកនាំគណបក្សប្រជាជនកម្ពុជា៖ «វៃដបសាំង ខ្ញុំបែកអស់ថូផ្កានៅមុខផ្ទះ ទាត់ខ្ទេចខ្ទីអស់ហើយ ខ្ញុំសួរថា បង ពីង ឯងមកធ្វើអីអ៊ីចឹង ហើយរត់មកចាប់បោចសក់ខ្ញុំ ខ្ញុំរត់គេចផុតដល់ពេលនេះ គាត់យកដុំឈើហ្នឹងមកគប់ចំថ្ងាសខ្ញុំបែកចេញឈាម»។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងនាយប៉ុស្តិ៍នគរបាលសង្កាត់ឃ្មួញ លោក ឌិន សារ៉ាកុម បានទេ នៅថ្ងៃទី៤ ខែកក្កដា ដោយលោកប្រាប់ថា កំពុងជាប់ប្រជុំ។
តែបើតាមនគរបាលប្រចាំភូមិសែនសុខ៤ លោក ប្រាំង សារី បញ្ជាក់ថា ជម្លោះរឿងនយោបាយរវាងអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជាមួយអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ពិតជាកើតមានមែន ដោយផ្ដើមចេញពីជម្លោះរឿងថ្លៃកាតទូរស័ព្ទ។ ប្រភពដដែលបន្តថា លោកបានទទួលពាក្យបណ្ដឹងពីអ្នកស្រី ប៉ុល សុធី រួចហើយ នៅថ្ងៃទី៤ ខែកក្កដា ពីបទបង្ករបួសស្នាម និងបំផ្លាញទ្រព្យសម្បត្តិ ហើយឈ្មោះ ពីង សំណាង ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរចម្លើយនៅខណ្ឌសែនសុខ ដែរ។
អ្នកស្រី ប៉ុល សុធី បញ្ជាក់ថា គាត់ដាក់ពាក្យប្ដឹងទាមទារសំណងជំងឺចិត្តចំនួន ៥ពាន់ដុល្លារ និងស្នើសុំឲ្យតុលាការផ្ដន្ទាទោសជនប្រព្រឹត្តហិង្សាតាមច្បាប់។
នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អំពាវនាវឲ្យសមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា អត់ធ្មត់ និងចៀសវាងឲ្យបានការប្រើអំពើហិង្សាក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត។
នាយកគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា លោក ហង្ស ពុទ្ធា ចាត់ទុកការប្រើហិង្សាក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោតថា បានជះឥទ្ធិពលអាក្រក់មួយ ដែលគណបក្សទាំងអស់ត្រូវចៀសវាង៖ «វាជាគំរូអាក្រក់សម្រាប់ព្រឹត្តិការណ៍នយោបាយនៅទូទាំងប្រទេសដែរ»។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា ការប្រើអំពើហិង្សាពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោតហាក់ធូរស្រាលច្រើនជាងកាលពីអាណត្តិមុន។ ប៉ុន្តែ រូបភាពរំខានការឃោសនា និងការរារាំងដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សកាន់អំណាចមកលើគណបក្សប្រឆាំងនៅតែមានខ្លះៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
