មន្ត្រី​សិទ្ធិ​មនុស្ស​ថា​ប្រទេស​អត់​សង្គ្រាម​មិន​មែន​មាន​ន័យ​ថា​មាន​សន្តិភាព​នោះ​ទេ

ដោយ ស៊ុន ហេង
2016.10.18
វេទិកា​ ខួប​​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២០១៦ ៨៥៥ វេទិកា​ថ្នាក់​ជាតិ​ស្ដីពី​ខួប​២៥ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ធ្វើ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Sun Heng
RFA/Sun Heng

ស្ថាប័ន​សង្គម​ស៊ីវិល​ជាង ៥០​ស្ថាប័ន​បាន​រៀបចំ​វេទិកា​ថ្នាក់​ជាតិ​មួយ​នៅ​ថ្ងៃ​អង្គារ ទី​១៧ តុលា ស្ដីពី​ខួប ២៥​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ វេទិកា​នេះ​ធ្វើ​ឡើង​ដើម្បី​មើល​ទៅ​លើ​សមិទ្ធផល​ដែល​រដ្ឋាភិបាល​កម្ពុជា សម្រេច​បាន​កន្លង​ទៅ ក៏​ដូចជា​ចន្លោះ​ប្រហោង​ជាច្រើន​ដែល​មិន​ទាន់​បាន​បំពេញ ក្នុង​ការ​ធានា​ឲ្យ​បាន​ថា ប្រជាជន​កម្ពុជា ពិត​ជា​ទទួល​បាន​សន្តិភាព​ពេញលេញ។

មនុស្ស​ប្រហែល ៤០០​នាក់​អង្គុយ​ជ្រៀត​គ្នា​នៅ​ក្នុង​សាល​ប្រជុំ​របស់​អង្គការ យូ.អេស.អេ.អាយ.ឌី (USAID) រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ស្តាប់​ប្រសាសន៍​របស់​តំណាង​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ចែក​រំលែក​ពី​ការ​យល់​ឃើញ​របស់​ពួក​គេ ថា​តើ​កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា បាន​បំពេញ​កាតព្វកិច្ច​ខ្លួន​ឯង​ក្នុង​ការ​អនុវត្ត​គោលការណ៍​របស់​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ បាន​ដល់​កម្រិត​ណា។

សេចក្តី​ប្រកាស​រួម​របស់​អង្គការ​ជាង ៥០ ដែល​រៀបចំ​នោះ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​ប្រទេស​ជា​ហត្ថលេខី និង​ប្រជាពលរដ្ឋ​ទាំងអស់ ក្រើន​រំឭក​សាជាថ្មី​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​នេះ ដោយ​ហេតុ​ថា រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​អនុវត្ត​គោលការណ៍​នៃ​សន្ធិសញ្ញា​សន្តិភាព​មួយ​នេះ​បាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ។

ស្ថាប័ន​ទាំងនេះ​បន្ត​ថា ប្រសិន​បើ​ស្ថានភាព​នៅ​តែ​បន្ត​ទៅ​មុខ​ដូច​ពេល​បច្ចុប្បន្ន លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នឹង​មិន​មាន​ការ​អភិវឌ្ឍ​នោះ​ឡើយ។ ចំណុច​គន្លឹះ​ចំនួន​១៣ សម្រាប់​កែប្រែ ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​រដ្ឋាភិបាល។ ឧទាហរណ៍​មួយ​ចំនួន ដូចជា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​អង្គការ​សង្គម​ស៊ីវិល និង​ច្បាប់​សហជីព​ឲ្យ​ស្រប​តាម​ស្តង់ដារ​សិទ្ធិ​មនុស្ស​អន្តរជាតិ ការ​ឈប់​ធ្វើ​ទុក្ខបុកម្នេញ​មន្ត្រី​សិទ្ធិ​មនុស្ស ការ​ធានា​ឲ្យ​មាន​ឯករាជ្យ​ភាព​ក្នុង​ប្រព័ន្ធ​តុលាការ និង​កង​កម្លាំង​ប្រដាប់​អាវុធ ជាដើម។

ក្រៅ​ពី​សំណើ​ទៅ​រដ្ឋាភិបាល សង្គម​ស៊ីវិល​ក៏​បាន​រៀបចំ​សំណើ​ដាក់​ទៅ​ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស និង​ភាគី​បក្ស​នយោបាយ​ផ្សេងៗ​ទៀត​ផង។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព មាន​ប្រសាសន៍​ថា អវត្តមាន​នៃ​សង្គ្រាម មិន​មែន​មាន​ន័យ​ថា​មាន​សន្តិភាព​នោះ​ទេ ទោះ​បី​ជា​រដ្ឋាភិបាល​តែង​លើក​យក​រឿង​សង្គ្រាម​ដែល​កើត​ឡើង​នៅ​អតីតកាល ឬ​សង្គ្រាម​ដែល​អាច​កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ មក​បន្លាច​ប្រជាជន​ក៏ដោយ៖ «សន្តិភាព​មាន​ន័យ​ថា មិន​មាន​សង្គ្រាម ហើយ​មិន​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស ហើយ​ធ្វើ​ដូចម្តេច​ឲ្យ​មាន​សុខដុមរមនាកម្ម​ជាមួយ​គ្នា មាន​ការ​យោគយល់ ហើយ​រស់​ដោយ​ផាសុកភាព។ នោះ​ហើយ​បាន​យើង​ហៅ​ថា​មាន​សន្តិភាព​ពេញលេញ»

តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) ក៏​ចូលរួម​ធ្វើ​ជា​វាគ្មិន​ក្នុង​វេទិកា​នេះ​ដែរ ដែល​អ្នកស្រី​តំណាង​ឲ្យ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែល​អវត្តមាន។

អ្នកស្រី វ៉ាន់ហ៊ី លី មាន​ប្រសាសន៍​ថា សន្ធិសញ្ញា​ទីក្រុង​ប៉ារីស សម្រាប់​កម្ពុជា គឺ​ដូចជា​គម្រោង​មួយ​ដែល​មិន​ទាន់​បញ្ចប់ គឺ​មាន​រឿងរ៉ាវ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។ មន្ត្រី​អង្គការ​សហប្រជាជាតិ រូប​នេះ​បញ្ជាក់​ដូច​អ្នកស្រី ចក់ សុភាព ដែរ​ថា ការ​មិន​មាន​សង្គ្រាម​ក្នុង​ប្រទេស មិន​មែន​មាន​ន័យ​ថា​ប្រទេស​មាន​សន្តិភាព​នោះ​ទេ ហើយ​ចំពោះ​ប្រទេស​កម្ពុជា បញ្ហា​ដែល​អ្នកស្រី​សង្កេត​ឃើញ​មាន​ដូចជា ការ​យក​អំពើ​មនុស្សធម៌​មក​ដោះស្រាយ​បញ្ហា​ដែល​កើត​ឡើង​ជា​ប្រព័ន្ធ អសមធម៌​ក្នុង​សង្គម​បន្ត​កើត​ឡើង​ចំពោះ​ជនជាតិ​ភាគតិច ការ​បាត់បង់​ទំនុក​ចិត្ត​ទៅ​លើ​ប្រព័ន្ធ​តុលាការ​ពី​សំណាក់​ប្រជាជន និង​ភាព​ទន់ខ្សោយ​នៃ​វប្បធម៌​រិះគន់​ដើម្បី​ស្ថាបនា។

អ្នកស្រី វ៉ាន់ហ៊ី លី ក៏​ឆ្លៀត​យក​ឱកាស​នេះ​សង្កត់​ធ្ងន់​ថា សកម្មភាព​ការពារ​សិទ្ធិ​មនុស្ស​របស់​សហគមន៍​អន្តរជាតិ​នៅ​កម្ពុជា គឺ​មិន​មែន​ការ​បំពាន​អធិបតេយ្យភាព​របស់​កម្ពុជា ដូច​ដែល​រដ្ឋាភិបាល​លើក​ឡើង​កន្លង​ទៅ​ទេ៖ «គេ​ដាក់​សិទ្ធិ​មនុស្ស​ជា​ចំណុច​កណ្ដាល​នៃ​កិច្ចព្រមព្រៀង​សម្រាប់​កម្ពុជា លើ​អធិបតេយ្យភាព ឯករាជ្យ​ភាព បូរណភាព​ទឹកដី ភាព​មិន​រំលោភ​បំពាន អព្យាក្រឹតភាព និង​សាមគ្គី​ជាតិ។ ដូចនេះ​វា​មិន​អាច​ទៅ​រួច​ទេ ដែល​ការ​ការពារ​សិទ្ធិ​មនុស្ស ទៅ​ប៉ះពាល់​ដល់​គោលការណ៍​នៃ​អធិបតេយ្យភាព​របស់​ប្រទេស»

រីឯ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា របស់​រដ្ឋាភិបាល​វិញ លោក កែវ រ៉េមី បាន​អះអាង​ថា រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​អនុវត្ត​តាម​គោលការណ៍​ប្រជាធិបតេយ្យ ហើយ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​អនុវត្តិ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ នេះ រដ្ឋាភិបាល​មិន​ទាន់​អនុវត្ត​បាន​ពេញលេញ​នៅ​ឡើយ ទោះ​បី​ជា​រដ្ឋាភិបាល​បាន​អភិវឌ្ឍ​ទៅ​លើ​វិស័យ​មួយ​ចំនួន​ក្ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។