គ.ខ.ប ខេត្ត​កំពង់ឆ្នាំង​រង​ការ​រិះគន់​ថា​មាន​ភាព​មិន​ប្រក្រតី

ការ​ចែក​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះ​ឆ្នោត​ថ្ងៃ​ដំបូង​របស់​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត (គ.ខ.ប) ខេត្ត​កំពង់ឆ្នាំង រង​ការ​រិះគន់​ពី​គណបក្ស​ជំទាស់​ក្នុង​ខេត្ត​នេះ ថា​មាន​ភាព​មិន​ប្រក្រតី។

0:00 / 0:00

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​មក​ពី​គណបក្ស សម រង្ស៊ី និង​ជា​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង បាន​ចោទ​ប្រកាន់​មន្ត្រី​នៃ​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត​ថា បាន​ចែក​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះ​ឆ្នោត​ក្នុង​ខេត្ត​នេះ​ខុស​នីតិវិធី និង​ការ​ណែនាំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។

លោក ដួង ចិន្ត្រា បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២ មិថុនា ថា តាម​នីតិវិធី​នៃ​ការ​ចែក​ប័ណ្ណ​បោះ​ឆ្នោត គឺ​តម្រូវ​ឲ្យ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត​ជា​អ្នក​ចែក​ឲ្យ​ប្រជាពលរដ្ឋ។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត​បែរ​ជា​ប្រគល់​ប័ណ្ណ​នេះ​ទៅ​ឲ្យ​មេ​ភូមិ​ជា​អ្នក​ចែក​ទៅ​វិញ។ លោក​ថា ទង្វើ​បែប​នេះ​គឺ​ខុស​ទាំង​ស្រុង​ទៅ​នឹង​នីតិវិធី និង​ការ​ណែនាំ​របស់ គ.ជ.ប។

លោក​សំដែង​ការ​ព្រួយ​បារម្ភ​ថា ប័ណ្ណ​ព័ត៌មាន​នេះ​អាច​មិន​បាន​ទៅ​ដល់​ដៃ​អ្នក​គាំទ្រ​គណបក្ស​ជំទាស់​ឡើយ ដោយសារ​ភាព​លំអៀង​របស់​អាជ្ញាធរ​ភូមិ ព្រោះ​អាជ្ញាធរ​ភូមិ​ភាគ​ច្រើន​គឺ​ជា​សមាជិក​គណបក្ស​កាន់​អំណាច៖ «ឆ្នាំ​២០០៨ និង ២០១២ កន្លង​ទៅ ការ​តាម​ដាន​របស់​យើង​ឃើញ​ថា មេ​ភូមិ​បាន​យក​ប័ណ្ណ​ព័ត៌មាន​ពី​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត​ទៅ​ដល់​មូលដ្ឋាន ពេល​ដែល​ពិនិត្យ​ទៅ​ឃើញ​ថា នរណា​មិន​មែន​ជា​សមាជិក​គណបក្ស​ខ្លួន​គេ​ក៏​យក​ប័ណ្ណ​នោះ​ទៅ​គ្រវាត់​ចោល ហើយ​ថែម​ទាំង​ផ្សព្វផ្សាយ​ថា អ្នក​ដែល​គ្មាន​ប័ណ្ណ​ពុំ​អាច​បោះ​ឆ្នោត​បាន​ទេ...»

ទាក់ទិន​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពង់ឆ្នាំង អ្នកស្រី នួន ច័ន្ទនី ពន្យល់​ថា ការ​ចែក​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះ​ឆ្នោត​នេះ គឺ​ដំណើរ​ការ​ដោយ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត ហើយ​អ្នកស្រី​សន្យា​ថា នឹង​ពិនិត្យ​បញ្ហា​នេះ​ឡើង​វិញ៖ «យើង​ឲ្យ​ក្រុម​ដែល​យើង​បាន​រៀបចំ​ឡើង​ដោយ​មាន​សមាសភាព​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ជា​អ្នក​បែង​ចែក​ដោយ​ធ្វើ​ការ​ប្រមូល​ផ្ដុំ​ប្រជាពលរដ្ឋ ឬ​ដើរ​ចែក​ឲ្យ​ប្រជាពលរដ្ឋ​តាម​ផ្ទះ​តាម​លទ្ធភាព​ដែល​យើង​អាច​ធ្វើ​បាន តែ​មិន​មែន​ប្រគល់​ឲ្យ​មេភូមិ​ជា​អ្នក​ចែក​នោះ​ទេ...»

ដូចគ្នា​នេះ​ដែរ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិក (NICFEC) លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ក្ដី​កង្វល់​របស់​គណបក្ស​ជំទាស់​គឺ​ជា​ការ​ត្រឹមត្រូវ។

លោក​ថា គណៈកម្មការ​ចែក​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះ​ឆ្នោត​គួរ​តែ​មាន​សមាជិក​គណបក្ស​នយោបាយ​ចូល​រួម​ផង​ទើប​ជា​ការ​ប្រសើរ៖ «កន្លង​ទៅ​យើង​មាន​បញ្ហា​ថា មេ​ភូមិ​ខ្លះ​គាត់​លំអៀង គាត់​ចែក​ប័ណ្ណ​ឲ្យ​តែ​អ្នក​ដែល​ជា​សមាជិក​បក្ស គាត់​ធ្វើ​ឲ្យ​សមាជិក​គណបក្ស​ផ្សេង​មិន​បាន​ទទួល​ប័ណ្ណ​នេះ។ ដូច្នេះ​ហើយ​ទើប​សង្គម​ស៊ីវិល​ចង់​ឲ្យ​មាន​ការ​ចូល​រួម​ពី​គណបក្ស​នយោបាយ​ដែរ ដើម្បី​ឲ្យ​គាត់​បាន​អស់​ចិត្ត ចៀសវាង​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក...»

យ៉ាង​នេះ​ក្ដី អ្នកស្រី នួន ច័ន្ទនី ពន្យល់​ថា ទោះ​បី​ជា​មិន​ទទួល​បាន​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះ​ឆ្នោត ក៏​គេ​នៅ​តែ​អាច​ទៅ​បោះឆ្នោត​បាន ប្រសិន​បើ​គេ​មាន​ឯកសារ​គ្រប់គ្រាន់ និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​បោះ​ឆ្នោត។ ប៉ុន្តែ​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា គោលបំណង​នៃ​ការ​ចែក​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះ​ឆ្នោត គឺ​ចង់​ឲ្យ​អ្នក​បោះ​ឆ្នោត​ដឹង​ច្បាស់លាស់​ពី​ពេល​វេលា និង​ទី​កន្លែង​ដែល​ម្ចាស់​ឆ្នោត​ត្រូវ​ទៅ​បោះ​ឆ្នោត។ ហេតុ​នេះ​ការ​ចែក​ប័ណ្ណ​នេះ​មាន​សារសំខាន់​ដែល​គេ​មិន​គួរ​មើល​រំលង​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។