មន្ត្រីឃ្លាំមើលការបោះឆ្នោតនៃគណៈកម្មការសង្កេតការណ៍ដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) និងមន្ត្រីគណបក្សសង្គ្រោះជាតិ នៅថ្ងៃអាទិត្យ ទី៧ ខែកក្កដា ហៅការសម្រេចក្តីរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ខ.ប ខេត្តរតនគិរី ថា លំអៀងទៅខាងមន្ត្រីមូលដ្ឋាននៃគណបក្សប្រជាជន។
កាលពីរសៀលថ្ងៃសៅរ៍ ទី៦ កន្លងទៅ ក្រុមប្រឹក្សាជំនុំជម្រះ គ.ខ.ប ខេត្តរតនគិរី បានបើកសវនាការពាក្យបណ្ដឹងរបស់ប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ស្រុកកូមមុំ គឺលោក ឈិត ផាត ដែលបានដាក់ពាក្យប្ដឹងមេឃុំសិរីមង្គល លោក មីន ស្រ៊ីម និងសមាជិកក្រុមប្រឹក្សាឃុំគឺលោក តៃ ខៃ ពីបទពាក់ពួកមានស្លាកសញ្ញាបក្សប្រជាជនចូលរួមចែកអំណោយរបស់ក្រុមហ៊ុនវៀតណាម ឈ្មោះ ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) តាមរយៈក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះដូនពេញ អាហ្គ្រីកូ (Daun Penh Agrico) ជូនប្រជាពលរដ្ឋជាង ៤០០គ្រួសារ នៅភួមិចំនួនបី ក្នុងឃុំសិរីមង្គល។
ប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តរតនគិរី លោក រិន កញ្ញា មានប្រសាសន៍ បញ្ជាក់ថា លោកមានភស្តុតាងរូបថត និងរូបវីដេអូ ស្តីពីមន្ត្រីទាំងពីរបានចូលរួមចែកអំណោយ និងមានពាក់មួកគណបក្សប្រជាជនក្នុងថ្ងៃឃោសនាបោះឆ្នោត។
លោកសង្កត់ធ្ងន់ថា នេះគឺជាការប្រព្រឹត្តខុសសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងគោលការណ៍នីតិវិធីនិងច្បាប់ស្ដីពីការបោះឆ្នោត៖ «ការសម្រេចហ្នឹងឃើញថា មានភាពមិនប្រក្រតីនៅខាងលោកមេឃុំ និងក្រុមប្រឹក្សាឃុំហ្នឹង តាំងពីថ្នាក់ស៊ិច រហូតដល់ថា្នក់ប៉ិច មិនសម្រេចដាក់ពិន័យ ឬដាក់ទោសទណ្ឌទៅលើបុគ្គលដែលបានចែកអំណោយក្នុងពេលបោះឆ្នោត»។
ឆ្លើយតបសេចក្ដីចោទប្រកាន់នេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងជាប្រធាន គ.ខ.ប ខេត្តរតនគិរី លោក ប៉ែន ឈុនឌី អះអាងថា ការសម្រេចក្តីរបស់លោក គឺជាការត្រឹមត្រូវ ពីព្រោះពាក្យប្ដឹងរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ ប្ដឹងមិនត្រូវឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ។ ចំណែកអំណោយមិនមែនជារបស់ក្រុមប្រឹក្សាឃុំនោះទេ គឺជារបស់ក្រុមហ៊ុនឯកជន មិនពាក់ព័ន្ធមន្ត្រីឃុំទាំងពីរឡើយ៖ «ដែលបើកសវនាការហ្នឹង ប្តឹងក្រុមប្រឹក្សាឃុំសង្កាត់ខុសឈ្មោះ ហើយអំណោយក្រុមហ៊ុនចែកហ្នឹងជារបស់ក្រុមហ៊ុនមនុស្សធម៌សុទ្ធសាធអត់មានពាក់ព័ន្ធនយោបាយអ្វីទេ»។
កាលពីថ្ងៃទី២៨ ខែមិថុនា មន្ត្រីអ្នកសង្កេតការណ៍បោះឆ្នោតអង្គការក្រៅរដ្ឋាភិបាលប្រចាំខេត្តរតនគិរី បានរកឃើញសកម្មភាពចែកអំណោយនៅថ្ងៃឃោសនាបោះឆ្នោត ធ្វើឡើងដោយមន្ត្រីឃុំសិរីមង្គល នៃគណបក្សប្រជាជន។
លេខាអង្គការខុមហ្វ្រែល ខេត្តរតនគិរី លោក ជួន ភីន ដារ៉ា មានប្រសាសន៍បញ្ជាក់ដែរថា លោកក៏បានមានភស្តុតាងគ្រប់គ្រាន់ទាក់ទិនសកម្មភាពចូលរួមចែកអំណោយរបស់មន្ត្រីមូលដ្ឋានទាំងពីរនៅថ្ងៃឃោសនាដែលហាមមិនឲ្យចែកអំណោយ។
លោកបន្តថា មន្ត្រីគណបក្សសង្គ្រោះជាតិ មានពេលបីថ្ងៃប្ដឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បន្ទាប់ពីថ្ងៃសវនានេះ៖ «ចំណុចមួយសមាជិកក្រុមប្រឹក្សាឃុំលោក សៃ ខៃ ក៏បាននិយាយដែរថា ថ្ងៃហ្នឹងគាត់បានពាក់មួកមែន គឺពាក់មកទទួលអំណោយ ប៉ុន្តែបើយើងមើលតាមវីដេអូគ្លីប វិញ យើងឃើញថា គាត់លើកអំណោយឲ្យគេ។ យើងសំណូមពរទៅថ្នាក់ជាតិកាត់ក្តីដោយយុត្តិធម៌»។
ទោះជាយ៉ាងនេះក៏ដោយ មន្ត្រីគណបក្សសង្គ្រោះជាតិ លោក រិន កញ្ញា ឲ្យដឹងថា លោកនិងផ្ទេរសិទ្ធិទៅអ្នកច្បាប់របស់គណបក្សនៅភ្នំពេញ ប្តឹងករណីនេះបន្តទៅ គ.ជ.ប ដើម្បីបើកសវនាការរឿងក្ដីនេះឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
