គ.ខ.ប​ខេត្ត​កំពង់ឆ្នាំង​បើក​សវនាការ​រឿង​ចៅសង្កាត់​ប្ដឹង​លោក កឹម សុខា

គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត (គ.ខ.ប) ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី១១ កក្កដា សម្រេច​លើក​យក​រឿង​ក្ដី​របស់​ចៅសង្កាត់​ផ្សារ​ឆ្នាំង ប្ដឹង លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក ពី​បទ​ឃោសនា​នៅ​លើ​ទីតាំង​ហាម​ឃាត់​របស់​សាលា​ក្រុង មក​ពិនិត្យ និង​ធ្វើ​ការ​សម្រប​សម្រួល។ បញ្ហា​នេះ ត្រូវ​បាន​មន្ត្រី​គណបក្ស​ប្រឆាំង​ប្រចាំ​ខេត្ត​នេះ ចោទ​អាជ្ញាធរ និង​មន្ត្រី គ.ខ.ប ថា​បាន​អនុវត្ត​ខុស​ពី​នីតិវិធី​ច្បាប់ និង​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច។

0:00 / 0:00

0:00 / 0:00

ការ​បើក​សវនាការ​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី លោក កឹម សុខា និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​នាក់ បាន​ចុះ​ទៅ​ឃោសនា​រក​សំឡេង​ឆ្នោត​កាល​ពី​ថ្ងៃ​ទី៥ ខែ​កក្កដា កន្លង​ទៅ។ ការ​ឃោសនា គឺ​នៅ​ខាង​មុខ​ផ្សារ​លើ និង​ផ្សារ​ក្រោម នៃ​ខេត្ត​កំពង់ឆ្នាំង ដែល​ជា​ទីតាំង​ហាម​ឃាត់​របស់​សាលា​ក្រុង មិន​ឲ្យ​មាន​គណបក្ស​នយោបាយ​ណា​មក​ធ្វើ​ការ​ឃោសនា​ឡើយ។

ប្រធាន​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពង់ឆ្នាំង អ្នកស្រី នួន ចន្នី មាន​ប្រសាសន៍​ថា សវនាការ​ថ្ងៃ​ទី១១ នេះ ពុំ​មាន​វត្តមាន​របស់ លោក កឹម សុខា ទេ ក៏ប៉ុន្ដែ មាន​តំណាង​របស់​លោក​មក​ចូលរួម ហើយ​ការ​សម្រប​សម្រួល​មិន​ត្រូវរ៉ូវ​គ្នា​នោះ​ទេ។ អ្នកស្រី​បន្ត​ថា គណៈកម្មការ​ដោះស្រាយ​វិវាទ​របស់ ប៉ិច (PEC) ដែល​មាន​សមាសភាព​ពី ៥ ទៅ ៧​រូប នឹង​បើក​សវនា​វិនិច្ឆ័យ​ទៅ​លើ​ករណី​នេះ​ម្ដង​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី១២ កក្កដា៖ «គណបក្ស​សង្គ្រោះ​ជាតិ ហ្នឹង អវត្តមាន​លោក កឹម សុខា អត់​បាន​មក​ចូលរួម​ទេ មាន​តែ​បក្ខពួក​គាត់​ខាង​ថ្នាក់​ខេត្ត​ស្រុក និង​ក្រុង​ហ្នឹង ទីកន្លែង​ដែល​ហាម​ឃាត់​ហ្នឹង គាត់​មិន​ទទួល​ស្គាល់ គាត់​ថា​មិន​មែន​ជា​ផ្លូវ​ច្បាប់​ទៅ​ណា៎»

អ្នកស្រី​បញ្ជាក់​ថា ចៅសង្កាត់​មាន​សិទ្ធិ​ប្ដឹង ដោយសារ​ថ្នាក់​ដឹកនាំ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​សាលា​ខេត្ត​លេខ​១១៣ ស្ដី​អំពី​ទីតាំង​ហាម​ឃាត់​មិន​ឲ្យ​មាន​គណបក្ស​នយោបាយ​ធ្វើ​ការ​ឃោសនា​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥។

ចៅសង្កាត់​ផ្សារ​ឆ្នាំង អ្នកស្រី ភួន ឈួយអេង មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​គាត់​ចូល​ទៅ​បំភ្លឺ​បន្ថែម​លើ​ពាក្យ​បណ្ដឹង​នៅ ប៉ិច មាន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់ បាន​ប្រមាថ​មើល​ងាយ​គាត់​ក្នុង​នាម​ជា​អាជ្ញាធរ៖ «ប្ដឹង​ហ្នឹង ចង់​បាន​ឲ្យ​ច្បាប់​ផ្ដន្ទាទោស ថា​ខ្ញុំ​មាន​សិទ្ធិ​អី​ដើរ​ឃោសនា​ដើរ​ប្ដឹង​អីចឹង ហើយ​បាន​ខ្ញុំ​ឡើង​បកស្រាយ​វិញ ខ្ញុំ​អត់​ព្រម​ទេ ប្រមាថ​មើល​ងាយ​ខ្ញុំ​ក្នុង​នាម​ជា​អាជ្ញាធរ​ហើយ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ លោក ដួង ចិត្រា មាន​ប្រសាសន៍​ថា អ្នកស្រី​ចៅសង្កាត់​មិន​អាច​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​ក្នុង​ករណី​នេះ​បាន​ទេ ព្រោះ​អ្នកស្រី គឺ​ជា​អាជ្ញាធរ​មាន​តួនាទី​ឯករាជ្យ៖ «ថា​ឯកឧត្ដម​ឃោសនា​ចំ​តំបន់​ហាម​ឃាត់​នេះ គឺ​ជា​ការ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​នៅ​ក្នុង​ច្បាប់​បោះឆ្នោត មិន​បាន​ចែង​ថា​នៅ​តាម​ទី​ប្រជុំ​ជន​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​ចូល​ឃោសនា​ទេ»

លោក​បញ្ជាក់​ថា លោក កឹម សុខា កំពុង​តែ​ជាប់​ការងារ​ច្រើន​នៅ​តាម​បណ្ដា​ខេត្ត​បឹង​ទន្លេសាប ដូច្នេះ​លោក​ពុំ​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​សវនាការ​នេះ​ទេ។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) កញ្ញា គង់ រ៉ាវីន ពន្យល់​ថា ប្រជាពលរដ្ឋ​គ្រប់​រូប រួម​ទាំង​អាជ្ញាធរ​ផង អាច​ប្ដឹង​គណបក្ស​នយោបាយ​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​គ្រប់​ជាន់​ថ្នាក់ ក្នុង​ករណី​គណបក្ស​នយោបាយ​ណា​ប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​នីតិវិធី​បោះឆ្នោត ក៏ប៉ុន្តែ ទាមទារ​ឲ្យ​មាន​ការ​សិក្សា​បាន​ស៊ី​ជម្រៅ​ទៅ​លើ​ករណី​នីមួយៗ៖ «ពេល​គណបក្ស​នយោបាយ​ពាក់ព័ន្ធ​រឿង​ចរាចរណ៍​អី​អីចឹង​ខាង ប៉ិច ទេ​ដែល​ត្រូវ​សម្រប​សម្រួល ហើយ​ឲ្យ​មាន​យាម​ការ»

សង្គម​ស៊ីវិល បញ្ជាក់​ថា ច្បាប់​បោះឆ្នោត​មិន​បាន​ហាម​ឃាត់​គណបក្ស​នយោបាយ​ឃោសនា​នៅ​តាម​ទី​ប្រជុំ​ជន ឬ​ផ្សារ​នោះ​ទេ។ ក្នុង​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​បោះឆ្នោត គឺ​ជា​ពេល​វេលា​មួយ​ដ៏​ចាំបាច់​ក្នុង​ការ​ផ្ដល់​ព័ត៌មាន និង​គោល​នយោបាយ​របស់​គណបក្ស​នីមួយៗ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ជ្រាប ដូច្នេះ​អាជ្ញាធរ​ខេត្ត ឬ​ក្រុង មិន​គួរ​ចេញ​សេចក្ដី​សម្រេច​ណា​មួយ​ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ឃោសនា​នោះ​ឡើយ។

លោក កឹម សុខា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​កំពង់ចាម

ដោយ យាង សុជាមេត្តា

ខេត្ត​កំពង់ចាម៖ លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ថ្ងៃ​ទី១១ កក្កដា នៅ​ក្នុង​ខេត្ត​កំពង់ចាម ដោយ​មាន​ការ​ចូលរួម​ពី​សកម្មជន​គណបក្ស និង​ប្រជាពលរដ្ឋ​អ្នក​គាំទ្រ​ទាំង​ចាស់ ទាំង​ក្មេង។ ក្បួន​ឃោសនា​ចាប់​ចេញ​ដំណើរ​ពី​ស្រុក​ចម្ការលើ ឆ្លង​កាត់​ស្រុក​ស្ទឹងត្រង់ និង​បញ្ចប់​នៅ​ក្រុង​កំពង់ចាម។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក យាង សុជាមេត្តា ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។