ការថ្លែងបែបនេះទៅកាន់មន្ត្រីគណបក្សប្រឆាំង គឺធ្វើឡើងនៅក្នុងវគ្គបណ្ដុះបណ្ដាលមួយនៅទីស្នាក់ការ គ.ខ.ប ខេត្តកំពង់ឆ្នាំង ស្ដីអំពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៣ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ដែលមានអ្នកចូលរួមជាតំណាងគណបក្សនយោបាយ មន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់ និងកម្លាំងសមត្ថកិច្ចសរុបប្រមាណជា ៥០នាក់។
ប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង អ្នកស្រី នួន ចាន់នី មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះនឹងអាចជួយឲ្យសិក្ខាកាម ជាពិសេសមន្ត្រីក្រុមប្រឹក្សាឃុំ ឬសង្កាត់ ដែលជាអ្នកអនុវត្តន៍ការងារផ្ទាល់ បានយល់កាន់តែច្បាស់អំពីតួនាទី និងនីតិវិធីនៃការពិនិត្យ និងចុះឈ្មោះអ្នកបោះឆ្នោតនៅតាមមូលដ្ឋាន។ អ្នកស្រីបន្តថា មន្ត្រីគណបក្សប្រឆាំងតែងតែលើកឡើងពីភាពមិនប្រក្រតីផ្សេងៗ ក៏ប៉ុន្តែ នីតិវិធីនៃការចុះឈ្មោះត្រូវបានមន្ត្រីរៀបចំការបោះឆ្នោតអនុវត្តបានច្បាស់លាស់៖ «កាលសន្និបាតហ្នឹង គាត់លើកឡើងថា បាត់ឈ្មោះ ១ពាន់ ៦០នាក់ ក៏ប៉ុន្តែ ខ្ញុំអត់ដឹងបាត់របៀបម៉េច នេះគាត់ថាខ្លួនគាត់ទេ អីចឹងបានជាពេលបង្រៀននេះ ខ្ញុំសំណូមពរសុំឲ្យ និងអញ្ជើញអ្នក ១ពាន់ ៦០នាក់ហ្នឹង មកចុះឈ្មោះឡើងវិញទៅ»។
ឆ្លើយតបនឹងការលើកឡើងនេះ មន្ត្រីក្រុមប្រឹក្សាខេត្ត និងជាសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកំពង់ឆ្នាំង លោក ដួង ចិន្ដ្រា បញ្ជាក់ថា ប្រជាពលរដ្ឋដែលបាត់ឈ្មោះពីក្នុងបញ្ជីអ្នកបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ទាំង ១ពាន់ ៦០នាក់ មកពីស្រុកចំនួន៧ នៃខេត្តកំពង់ឆ្នាំង គឺសុទ្ធតែមានឈ្មោះ និងធ្លាប់បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីឆ្នាំ២០១២ កន្លងទៅ៖ «ខាងក្រុមការងារខ្ញុំមានឈ្មោះមានស្នាមមេដៃដែលគាត់ផ្ដិតជូនយើង ថាគាត់បានបាត់ឈ្មោះពីបញ្ជីបោះឆ្នោតនៅឆ្នាំ២០១៣ ហ្នឹងបាទ»។
លោកបន្ថែមថា នីតិវិធីនៃការចុះឈ្មោះបោះឆ្នោតនៅតែមានភាពមិនច្បាស់លាស់ ដោយលោកបានលើកយកបញ្ហាមួយក្នុងចំណោម៤ នៃលិខិតបញ្ជាក់អត្តសញ្ញាណ ដើម្បីមានសិទ្ធិចុះឈ្មោះបោះឆ្នោត គឺបញ្ហាអ្នកកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទាំងអស់ អាចចុះឈ្មោះបោះឆ្នោតបាន ក៏ប៉ុន្តែមិនបានបញ្ជាក់ថា ជនជាតិអ្វីនោះទេ។ ដូច្នេះ ជនអន្តោប្រវេសន៍វៀតណាម ដែលកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទាំងអស់ នឹងអាចទៅចុះឈ្មោះបោះឆ្នោតកាន់តែច្រើនឡើងនាថ្ងៃអនាគត។
ចំណែកឯប្រធានទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង លោក ម៉ាត់ ម៉ូត បានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញសំឡេងថា លោកមិនទាន់ដឹងថា ការលើកឡើងរបស់មន្ត្រីគណបក្សប្រឆាំងថាមានបាត់ឈ្មោះពលរដ្ឋពីក្នុងបញ្ជីបោះឆ្នោតជាតិអាណត្តិទី៥ ជាង ១ពាន់នាក់នោះ គឺជារឿងពិត ឬមិនពិតយ៉ាងណានោះទេ ក៏ប៉ុន្ដែលោកទើបតែបានទទួលលិខិតមួយពីមន្ត្រីថ្នាក់លើរបស់លោក ដើម្បីឲ្យចុះអង្កេតជុំវិញដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៣ នេះ។
មន្ត្រីក្រុមប្រឹក្សាឃុំក្រាំងលាវ ស្រុករលាប្អៀរ លោក មាស សុខគា មានប្រសាសន៍ថា នៅក្នុងឃុំរបស់លោកមិនដែលមានបញ្ហាបាត់ឈ្មោះ ឬមានបាតុភាពនៃការចុះឈ្មោះអ្នកបោះឆ្នោតនោះទេ ពីព្រោះលោកបានអនុវត្ដទៅតាមច្បាប់ និងលក្ខខណ្ឌដែលមានស្រាប់៖ «ប្រជាពលរដ្ឋយើងគាត់អត់សូវទាន់យល់ច្បាស់ពីលក្ខខណ្ឌទាំង ៤យ៉ាងហ្នឹង អីចឹងទេ យើងអប់រំគាត់ទៅ ព្រោះយើងសម្រួលឲ្យគាត់បានចុះគ្រប់ៗគ្នា សំខាន់ឲ្យតែគាត់មកចុះ»។
មន្ត្រីគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៣ នឹងចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៣។ នៅទូទាំងខេត្តកំពង់ឆ្នាំង មានការិយាល័យពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតចំនួន ៧២៧ការិយាល័យ ឬអាចមានច្រើនជាងនេះនៅពេលអនុវត្តជាក់ស្ដែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។