អាជ្ញាធរ​ឃុំ​នៅ​កំពត​រង​ការ​ចោទ​ថា​ចែក​មុង​ការពារ​ជំងឺ​គ្រុន​ចាញ់​រើសអើង​បក្ស​នយោបាយ

0:00 / 0:00

ជំងឺ​គ្រុន​ចាញ់​កើត​មាន​លើ​ប្រជាពលរដ្ឋ​គ្រប់​រូប​ដែល​រស់​នៅ​តំបន់​មាន​មេរោគ​គ្រុន​ចាញ់​រាតត្បាត ដោយ​មិន​ប្រកាន់​គណបក្ស​នយោបាយ​ទេ ប៉ុន្តែ​អ្នក​ចែក​មុង​ការពារ​ជំងឺ​គ្រុន​ចាញ់ មាន​និន្នាការ​ប្រកាន់​គណបក្ស​នយោបាយ ដោយ​ចែក​មុង​ឲ្យ​ប្រើ ដើម្បី​ការពារ​ជំងឺ​គ្រុន​ចាញ់​នៅ​ស្រុក​ជុំគីរី ខេត្ត​កំពត ប្រកាន់​បក្ខពួក និង​ប្រកាន់​គណបក្ស​នយោបាយ។

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ជុំគីរី ខេត្ត​កំពត ចោទ​ថា​អាជ្ញាធរ​ឃុំ​ជំពូវ័ន្ត រើសអើង​គណបក្ស​នយោបាយ​ក្នុង​ការ​ចែក​សម្ភារៈ​ការពារ​ជំងឺ​គ្រុន​ចាញ់។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ជុំគីរី លោក ស៊ិន វណ្ណា ថ្លែង​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៨ ខែ​មីនា ឆ្នាំ​២០១៤ ថា ឈ្មោះ​គាត់​មិន​ត្រូវ​បាន​អាជ្ញាធរ​ភូមិ​ដំរីកូន ឃុំ​ជំពូវ័ន្ត បើក​មុង​ឲ្យ​គាត់​ទេ។ លោក​ថា អាជ្ញាធរ​ជា​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា តែង​តែ​រើសអើង​គណបក្ស​នយោបាយ​ក្នុង​ការ​បែង​ចែក​ទ្រព្យ​សម្បត្តិ​ជាតិ ពួក​គេ​ច្រើន​ចាត់​ទុក​ជា​សម្បត្តិ​គណបក្ស​ខ្លួន។

លោក ស៊ិន វណ្ណា៖ «មុង​ហ្នឹង​ក្នុង​១​គ្រួសារ​ត្រូវ​ទទួល​បាន​មុង​មួយ គេ​ចែក​ទូទាំង​ស្រុក គ្រប់​ឃុំ​ទាំងអស់។ ភាគ​ច្រើន​ឲ្យ​តែ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គេ​អត់​ឲ្យ​តែ​ម្តង គេ​ថា​អត់​ឲ្យ គេ​ថា​អ្នក​ណា​ទៅ​ក៏​គេ​អត់​ឲ្យ​ដែរ​តែ​ម្តង គេ​រើសអើង​តែ​ម្តង ហើយ​លុយ​អា​យើង​ដាក់​ម្នាក់ ២០០ ដើម្បី​ថ្លៃ​មេក្រូ​ដែល​អំពាវនាវ​ហៅ​ហ្នឹង គេ​ឲ្យ​មក​វិញ គេ​ថា​យក​លុយ​ទៅ​វិញ​ទៅ»

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ភរិយា​ជំទប់​ទី​២ ឃុំ​ជំពូវ័ន្ត លោកស្រី មិន ជ្រេន អះអាង​ថា គាត់​មិន​ត្រូវ​បាន​អាជ្ញាធរ​ភូមិ​ដំរីកូន បើក​មុង​ឲ្យ​ដែរ ព្រោះ​ប្ដី​គាត់​ជា​មន្ត្រី​ជាប់​ឆ្នោត​ឃុំ​មក​ពី​គណបក្ស សម រង្ស៊ី ដែល​ជា​គណបក្ស​ប្រឆាំង៖ «ខ្ញុំ​អត់​ចង់​បាន​អី​ដែរ​ទេ បើ​គេ​ថា​អត់​ឲ្យ​ក៏​អត់​ទៅ»

លោកស្រី ប្រាក់ កែវ ឲ្យ​ដឹង​ថា ប្ដី​គាត់​ជា​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​អាជ្ញាធរ​ភូមិ​ដំរីកូន មិន​បើក​មុង​ឲ្យ​ដែរ។ តែ​អាជ្ញាធរ​ភូមិ​នោះ​បាន​បើក​មុង​ឲ្យ​កូន​គាត់៖ «ពេល​ខ្ញុំ​ទៅ​បើក​អ៊ីចឹង គេ​ហៅ​ឈ្មោះ ដល់​ខ្ញុំ​ចូល​ទៅ​បើក​គេ​អត់​ឲ្យ គេ​ថា​អត់​ទាន់​ឲ្យ​ទេ​មុង​ហ្នឹង គេ​ថា​ចាំ​ក្រោយ ពេល​អ៊ីចឹង​គេ​ថា យក​លុយ​វិញ​ទៅ​លុយ​បង់ ២០០​ហ្នឹង ខ្ញុំ​យក​មក ហើយ​តេ​ទៅ​មេ​ឃុំ​អី​គេ​ដែរ»

មេ​ឃុំ​ជំពូវ័ន្ត ជាប់​ឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា លោក មែ ធឿន ច្រាន​ចោល​ការ​ចោទ​នោះ។ លោក​ថា អាជ្ញាធរ​ជាប់​ឆ្នោត​មិន​បាន​កេង​ចំណេញ​សម្រាប់​គណបក្ស​នយោបាយ​រៀងៗ​ខ្លួន​ទេ។ ចំពោះ​ការ​ចែក​មុង​ការពារ​ជំងឺ​គ្រុន​ចាញ់ គ្រុន​ឈាម មិន​មែន​ជា​អំណោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​ចែក​ឲ្យ​តែ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ។ លោក​ថា ក្រសួង​សុខាភិបាល ប្រកាស​ឲ្យ​ចែក​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ឃុំ​ជំពូវ័ន្ត។ លោក​បាន​ទទួល​ការ​ប្ដឹង​ផ្ទាល់​មាត់​ពី​ប្រជាពលរដ្ឋ ទើប​លោក​អន្តរាគមន៍​ឲ្យ​គ្រប់​អាជ្ញាធរ​ភូមិ ត្រូវ​បើក​មុង​ជូន​គ្រប់​គ្រួសារ​ទាំង​ជាង ២.០០០​គ្រួសារ ក្នុង​ភូមិ​ទាំង​៧ នៃ​ឃុំ​នេះ មិន​ឲ្យ​ប្រកាន់​គណបក្ស​ណា​ទេ៖ «វា​អត់​មាន​រឿង​អី​ដល់​ហ្នឹង​ទេ ការ​ពិត​ខ្ញុំ​សម្រួល ខ្ញុំ​អត់​រើសអើង​អី​ទេ ក្នុង​នាម​អាជ្ញាធរ​ដែន​ដី មិន​រើសអើង​ទេ មុង​គេ​ចែក​អត់​រើសអើង​ទេ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ចរ ម៉េងជួរ នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ជម្រាប​សួរ​ព័ត៌មាន​បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៤។

លោក មែ ធឿន មេ​ឃុំ​ជំពូវ័ន្ត ឲ្យ​ដឹង​ថា ជំងឺ​គ្រុន​ចាញ់​នៅ​ឃុំ​នោះ​បាន​ថយ​ក្នុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤។ ប៉ុន្តែ ជំងឺ​គ្រុន​ចាញ់​បន្ត​កើត​មាន​លើ​មនុស្ស​ដែល​ចំណាក​ស្រុក ពួក​គេ​បាន​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ស្វែង​រក​ការងារ​ធ្វើ។ នៅ​ពេល​ពួក​គេ​ត្រឡប់​មក​ផ្ទះ​វិញ ឈឺ​គ្រុន​ចាញ់ បាន​កើត​លើ​អ្នក​ទាំង​នោះ តែ​មិន​មាន​ស្លាប់ ដោយ​ជំងឺ​គ្រុន​ចាញ់​ទេ។ លោក​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​ជំងឺ​គ្រុន​ឈាម ជំងឺ​គ្រុន​ឈឺក ជាដើម កើត​មាន​តិចតួច​នៅ​ក្នុង​ឃុំ​ជំពូវ័ន្ត ប៉ុន្តែ​ព្យាបាល​បាន​ទាន់​ពេល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។