ប្រជាពលរដ្ឋម្ចាស់ឆ្នោតខ្លះរស់នៅក្រុងភ្នំពេញ បានសម្ដែងការខកចិត្ត ចំពោះក្រុមតំណាងរាស្ត្រ នៃរដ្ឋសភារបស់គណបក្សប្រជាជនកម្ពុជា ចំនួន៦៧នាក់ ដែលបាននាំគ្នាកែប្រែច្បាប់បោះឆ្នោតចំនួន៤ យ៉ាងតក់ក្រហល់ ដែលយកតំណែង និងអាសនៈតំណាងរបស់ពួកគាត់ ទៅចែកឲ្យក្រុមគណបក្សតូចៗ ដែលពួកគាត់មិនពេញចិត្ត។
និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចម្នាក់ប្រាប់ថា លោកខកបំណង និងខ្មាសគេណាស់ ចំពោះទង្វើរបស់ក្រុមតំណាងរាស្ត្រនៃគណបក្សកាន់អំណាច។ និស្សិតច្បាប់រូបនេះ យល់ថា សកម្មភាពមនុស្សមួយក្រុមដែលកំពុងកាន់អំណាចពេញដៃ ហើយទៅនាំគ្នាធ្វើច្បាប់ ដើម្បីយកតំណែង និងអាសនៈបក្សប្រឆាំង គឺប្រៀបនឹងក្រុមសង្គមងងឹតមួយក្រុមទៅប្លន់ទ្រព្យសម្បត្តិរបស់ជនទន់ខ្សោយយ៉ាងដូច្នេះ។
ចំណែកពលរដ្ឋខ្លះទៀត បានបញ្ចេញមតិតាមរយៈហ្វេសប៊ុក (Facebook) របស់ពួកគេថា មានន័យអ្វីទៀត២០១៨នោះ បើឆន្ទៈរាស្ត្រ គេចង់បំផ្លាញពេលណាក៏បាន តើបោះឆ្នោតធ្វើអី? នៅទីបំផុត សេចក្ដីស្នើច្បាប់ចំនួន៤ ពាក់ព័ន្ធនឹងការរំលាយឆន្ទៈពលរដ្ឋជិតកន្លះប្រទេស ត្រូវបានរដ្ឋសភាបក្សកាន់អំណាចអនុម័ត ដោយសំឡេង៦៧ លើ៦៧ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ចាំមើលទាំងអស់គ្នាថា តើនឹងមានអ្វីកើតឡើងបន្តទៀត។
យុវជនម្នាក់ទៀត រស់នៅក្រុងភ្នំពេញ សុំមិនបញ្ចេញឈ្មោះប្រាប់ថា គាត់មិនពេញចិត្តទាល់តែសោះចំពោះទង្វើរបស់ក្រុមតំណាងរាស្ត្របក្សកាន់អំណាច ដែលនាំគ្នាអានច្បាប់ អនុម័ត ហើយច្បាប់ដែលបំបាត់ឆន្ទៈពលរដ្ឋកន្លះប្រទេស ត្រូវបានសមាជិករដ្ឋសភាបក្សកាន់អំណាច កែប្រែត្រឹមរយៈពេលប្រហែល២ម៉ោង។
ពលរដ្ឋម្នាក់ទៀត គឺជាអាជីវករ។ គាត់ថា ដើម្បីបង្ហាញពីការមិនពេញចិត្ត គាត់នឹងមិនបោះឆ្នោត នោះទេ ព្រោះថា សំឡេងរបស់ពលរដ្ឋម្ចាស់ឆ្នោត គ្មានបានការអ្វីទេ នៅពេលដែលក្រុមអ្នកមានអំណាច យកទៅក្រឡៃឲ្យបក្សផ្សេងៗ តាមតែអ្វី ដែលគេធ្វើស្រេចតែចិត្ត។
ពលរដ្ឋជាស្ត្រីដែលតែងដើរតវ៉ាសកម្មភាពដីធ្លីនៅក្រុងភ្នំពេញវិញ ស្នើកុំឲ្យមានការបោះឆ្នោត ហើយអ្នកធំយកអំណាចចែកគ្នា ដើម្បីធ្វើអ្នកធំរៀងៗខ្លួនទៅ ព្រោះតែសំឡេងអ្នកស្រីត្រូវបានគេបំបាត់យ៉ាងដូច្នេះ។
ក្រោយពេលក្រុមតំណាងរាស្ត្របក្សកាន់អំណាចនាំគ្នាអានច្បាប់លើកដៃអនុម័តរួច នៅព្រឹកថ្ងៃទី១៦ ខែតុលា អ្នកប្រើប្រាស់បណ្ដាញសង្គម បានរិះគន់ក្រុមតំណាងរាស្ត្របក្សកាន់អំណាច ថា បានធ្វើសកម្មភាព ហាក់ដូចជាក្រុមចោរស្របច្បាប់ ក្នុងការលួចយកឆន្ទៈរបស់ពលរដ្ឋ ដែលមិនពេញចិត្តការដឹកនាំរបស់ក្រុមបក្សពួក នៃគណបក្សកាន់អំណាច។ អ្នកខ្លះហៅការធ្វើវិសោធនកម្មច្បាប់ ដើម្បីយកបំបែកសំឡេងអាសនៈបក្សប្រឆាំង ព្រោះតែបក្សកាន់អំណាចដឹងខ្លួន ថា នឹងត្រូវចាញ់ឆ្នោតនៅអាណត្តិក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។