បញ្ហាជាប់គាំងនយោបាយបានចេញជាពន្លឺខ្លះៗក៏ដោយ ក៏ប៉ុន្តែការទម្លាយភាពជាប់គាំងនយោបាយនេះនៅតែជាបញ្ហាស្រពេចស្រពិលនៅឡើយ។ ប្រជាពលរដ្ឋគ្រប់ស្រទាប់បានលើកឡើងថា ពិធីចូលឆ្នាំថ្មីបានមកដល់ហើយ អ្នកនយោបាយត្រូវតែបញ្ចប់ជម្លោះរ៉ាំរ៉ៃនេះ ដើម្បីជាកាដូជូនពួកគាត់ និងរួមគ្នាកសាងប្រទេសជាតិ នៅខណៈដែលប្រជាពលរដ្ឋកំពុងប្រឈមនឹងបញ្ហាលំបាកសព្វបែបយ៉ាងនេះ។
ឆ្នាំថ្មីបានមកដល់ប្រជាពលរដ្ឋគ្រប់រូបចង់បានមានការរីកចម្រើនទាំងធនធាន ទាំងសេចក្ដីសុខក្សេមក្សាន្តក្នុងគ្រួសារ និងសង្គមជាតិជាដើម។ ជាមួយគ្នានេះ អ្វីដែលប្រជាពលរដ្ឋទន្ទឹងរង់ចាំនោះនាឱកាសឆ្នាំថ្មីបានមកដល់នេះ គឺការបញ្ចប់ជម្លោះនយោបាយ។
ឆ្នាំថ្មីប្រជាពលរដ្ឋសង្ឃឹមថា នឹងមានអ្វីថ្មី មានការរីកចម្រើនសម្រាប់ពួកគាត់ រាប់ទាំងសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចប្រទេសជាតិ ។ល។ ក៏ប៉ុន្តែ ដើម្បីរីកចម្រើនសេដ្ឋកិច្ចជាតិទៅបាននោះ អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា លុះត្រាណាអ្នកនយោបាយមានការរួបរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិ។
ប្រជាពលរដ្ឋនៅខែត្រព្រះវិហារ ឈ្មោះ លី ហេង បានត្អូញត្អែរថា នៅខណៈដែលស្ថានភាពជាប់គាំងនយោបាយនេះ ប្រជាពលរដ្ឋមានការលំបាកក្នុងការប្រកបមុខរបរផ្សេងៗ។ លោកបញ្ជាក់ថា អ្វីដែលធ្វើឲ្យកាន់តែលំបាកទៅទៀតនោះ គឺទំនិញសព្វសារពើកាន់តែឡើងថ្លៃ ធ្វើឲ្យពួកគាត់ជាកសិកររកចំណូលប្រចាំថ្ងៃបានតិចតួចនោះមានការលំបាក។ លោកលើកឡើងថា ជម្លោះនយោបាយក្រោយការបោះឆ្នោតជាដើមចមមួយធ្វើឲ្យប្រជាពលរដ្ឋមានការលំបាកក្នុងការរកចំណូល។
ការជាប់គាំងនយោបាយក្រោយការបោះឆ្នោតថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ មកនោះ មិនត្រឹមត្រូវតែធ្វើឲ្យប្រជាពលរដ្ឋរងប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយប្រយោលនោះទេ ក៏ទំនាស់នយោបាយនេះធ្វើឲ្យប្រជាពលរដ្ឋនិងកម្មកររោងចក្រ មានការបង្ហូរឈាមដោយសារគ្រាប់កាំភ្លើងរបស់កងកម្លាំងរដ្ឋាភិបាលក្នុងការចុះបង្ក្រាបទៀតផង។
ឆ្នាំថ្មីឆ្នាំមមី បានមកដល់ ប្រជាពលរដ្ឋមិនចង់ឃើញមានការបង្ហូរឈាមរវាងខ្មែរនិងខ្មែរទៀតទេ អ្វីដែលប្រជាពលរដ្ឋចង់បាននោះ គឺការបង្រួបបង្រួមគ្នារវាងខ្មែរគ្រប់ភាគី ដើម្បីបញ្ចប់អំពើហិង្សាទាំងឡាយដែលបង្កឡើងដោយសារបញ្ហាជាប់គាំងនយោបាយនេះ។
ដ្បិតតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងដូចៗគ្នាថា បញ្ហាជម្លោះនយោបាយនេះនឹងបញ្ចប់នៅក្នុងពេលឆាប់ៗនោះក្ដី ក៏ប៉ុន្តែបញ្ហាជាប់គាំងនយោបាយនេះ ស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ។
ការជាប់គាំងនយោបាយនេះ ចំពោះអ្នកលក់ដូរវិញ ក៏ត្អូញត្អែរអំពីផលលំបាកក្នុងការលក់ដូរប្រចាំថ្ងៃដែរ។ ពួកគាត់បានលើកឡើងថា ក្រោយពីស្ថានភាពនយោបាយជាប់គាំង ការលក់ដូរមានការថយចុះដោយសារគ្មានមនុស្សធ្វើចរាចរណ៍ច្រើនជាដើម។
អាជីវករនៅផ្សារដើមគរ បានរៀបរាប់ថា បញ្ហាជាប់គាំងនយោបាយជាឧបសគ្គធំណាស់សម្រាប់សង្គមជាតិ មិនថាអាជីវករលក់ដូរ មិនថាប្រជាកសិករនោះទេ។ បញ្ហាជាប់គាំងនយោបាយជាឧបសគ្គក្នុងការធ្វើឲ្យចរន្តសេដ្ឋកិច្ចដើរទៅបានល្អ ពីព្រោះថា ប្រជាពលរដ្ឋរកលុយមិនសូវបាន ហើយគាត់ជាអាជីវករវិញក៏លក់មិនសូវដាច់ទេ។
អ្នករត់កង់បីនៅក្នុងរាជធានីភ្នំពេញ មួយរូបឈ្មោះ វណ្ណៈ បានឲ្យដឹងថា ការចំណូលពីការរត់រ៉ឺម៉កកង់បីនេះ ជាមុខរបរគ្មានជម្រើស។ វណ្ណៈ បានលើកឡើងថា លោកធ្លាប់ធ្វើការក្រុមហ៊ុនដែរពីមុន ក៏ប៉ុន្តែដោយសារប្រាក់ខែតិចមិនអាចផ្គត់ផ្គង់គ្រួសារបានគ្រប់ វណ្ណៈ ក៏ឈប់ធ្វើការនិងរត់ម៉ូតូកង់បី និងប្រកបមុខរបរផ្សេងទៀត។ លោកបញ្ជាក់ថា នៅក្នុងស្ថានភាពជាប់គាំងនយោបាយនេះ ទំនិញសព្វសារពើឡើងថ្លៃ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋរកបានតិចមិនអាចចាយគ្រប់។
របាយការណ៍របស់ធនាគារពិភពលោកបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឆ្នាំ២០១៤ ត្រូវបានព្យាករថា នឹងសម្រេចបាន ៧.២% អាស្រ័យលើការវិលត្រឡប់ទៅកាន់ស្ថិរភាពនយោបាយ និងក្ដីរំពឹងអំពីទំនុកចិត្តសាជាថ្មី។
ប្រទេសកម្ពុជា មានក្រុមអ្នកងាយរងគ្រោះច្រើនកំពុងប្រឈមនៅឡើយ ក្នុងនោះប្រជាជន ៨លាននាក់រស់នៅក្បែរបន្ទាត់ភាពក្រីក្រ និងចំនួន ៣លាននាក់ ស្ថិតនៅក្រោមបន្ទាត់ភាពក្រីក្រនៅឡើយ ឬមានន័យថា ពួកគេមិនអាចរកចំណូលបាន ៥ពាន់រៀលក្នុងមួយថ្ងៃ។
ទាក់ទងនឹងបញ្ហានេះ យុវជនឈ្មោះ ចាន់ ធី មកពីខែត្រព្រៃវែង បាននិយាយថា ភាពឥតការងារធ្វើជាឧបសគ្គដ៏ចម្បងរបស់យុវជនដែលយុវជននៅតាមបណ្ដាខែត្រភាគច្រើនបានធ្វើចំណាកស្រុកទៅរកការងារធ្វើជាកម្មករសំណង់នៅទីក្រុងភ្នំពេញ ខ្លះទៀតទៅប្រទេសថៃ ជាដើម។ លោកបញ្ជាក់ថា យុវជនភាគច្រើនរស់នៅក្នុងភាពអស់សង្ឃឹមគ្មានគោលដៅច្បាស់លាស់។ លោកលើកឡើងថា លោកចង់ឲ្យអ្នកនយោបាយដោះស្រាយបញ្ហានយោបាយយកប្រជាពលរដ្ឋជាធំ ពីព្រោះលោកមើលឃើញថា ក្រោយការបោះឆ្នោតមកនេះ លោកពុំឃើញអ្នកនយោបាយគិតគូរពីប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញអ្នកនយោបាយយកប្រជាពលរដ្ឋជាឧបករណ៍នយោបាយរបស់ខ្លួនទៅវិញ។
អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា ប្រជាពលរដ្ឋបច្ចុប្បន្ននេះ មិនងាយឲ្យអ្នកនយោបាយបោកប្រាស់បានដូចពីមុនទៀតទេ ក៏ប៉ុន្តែលោកបញ្ជាក់ថា ស្ថានភាពជាប់គាំងនយោបាយនេះ អ្នកដែលរងគ្រោះខ្លាំងគឺប្រជាពលរដ្ឋ។
ប្រទេសកម្ពុជា បានដើរជាន់ដានប្រវត្តិសាស្ត្ររបស់ខ្លួនម្ដងហើយម្ដងទៀត នៅក្រោយពេលបោះឆ្នោតម្ដងៗ គណបក្សចាញ់ឆ្នោតមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ដោយសារតែ គ.ជ.ប ត្រូវបានគណបក្សប្រឆាំងចោទប្រកាន់ថា មិនឯករាជ្យ រៀបចំការបោះឆ្នោតគ្មានភាពយុត្តិធម៌ជាដើម ដូចជា ការជាប់គាំងក្រោយការបោះឆ្នោតឆ្នាំ២០០៣ បានអូសបន្លាយពេលជិត ១ឆ្នាំ ទើបបង្កើតរដ្ឋាភិបាលថ្មីបាន។ ឆ្នាំ២០១៣ នេះ ថ្វីត្បិតតែរដ្ឋាភិបាលឯកបក្សបង្កើតទៅបាន ប៉ុន្តែមកទល់ពេលនេះ ការជាប់គាំងនយោបាយនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ បានអូសបន្លាយពេលប្រមាណ ៨ខែហើយ ដែលគណបក្សសង្គ្រោះជាតិមិនទទួលស្គាល់លទ្ធផលបោះឆ្នោត។
ទោះជាយ៉ាងនេះក្ដី ប្រជាពលរដ្ឋសង្ឃឹមថា អ្នកនយោបាយនឹងដោះស្រាយបញ្ចប់ជម្លោះនយោបាយបាននៅក្នុងឆ្នាំថ្មីនេះ ដើម្បីដឹកនាំមាគ៌ាកម្ពុជា ឆ្ពោះទៅរកការរីកចម្រើនដូចប្រទេសនៅក្នុងតំបន់ឯទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
