ពលរដ្ឋ​នៅ​ខេត្ត​ភាគ​ខាង​កើត​បារម្ភ​ក្រោយ​ប្រកាស​លទ្ធផល​ឆ្នោត​បណ្ដោះ​អាសន្ន

ប្រជាពលរដ្ឋ​នៅ​ខេត្ត​ភាគ​ខាង​កើត​ប្រទេស​កម្ពុជា កំពុង​ព្រួយ​បារម្ភ​ខ្លាច​កើត​បញ្ហា​វឹកវរ​ក្នុង​សង្គម បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប) ប្រកាស​លទ្ធផល​ឆ្នោត​បណ្ដោះ​អាសន្ន នៅ​ថ្ងៃ​ទី១២ សីហា។ ក្ដី​បារម្ភ​នេះ កើត​ឡើង​បន្ទាប់​ពី​ពួក​គាត់​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​របស់​រដ្ឋាភិបាល ដែល​បាន​ដាក់​ពង្រាយ​រថពាសដែក និង​កង​ទាហាន​ជាច្រើន​កន្លែង នៅ​តាម​ក្រវាត់​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដាល​ខេត្ត​មួយ​ចំនួន​ទៀត​ក្នុង​ប្រទេស​កម្ពុជា។

0:00 / 0:00

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង បាន​បារម្ភ​នៅ​ថ្ងៃ​ទី​១២ សីហា ថា ការ​ដាក់​ពង្រាយ​រថពាសដែក និង​កង​ទាហាន​របស់​រដ្ឋាភិបាល ដើម្បី​រក្សា​សន្តិសុខ​ជុំវិញ​ថ្ងៃ​ប្រកាស​លទ្ធផល​ឆ្នោត។ លោក​ថា ប្រសិន​បើ​គណបក្ស​ណា​មួយ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ចំពោះ​លទ្ធផល​ឆ្នោត​បណ្ដោះ​អាសន្ន ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ដូច​នេះ​អ្នក​គាំទ្រ​របស់​គណបក្ស​នោះ​អាច​នឹង​ក្រោក​ឈរ​តវ៉ា​ចំពោះ​លទ្ធផល​ឆ្នោត ពេល​នោះ​អាច​នឹង​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ប្រជាពលរដ្ឋ​អ្នក​គាំទ្រ​គណបក្ស​នយោបាយ និង​ក្រុម​យោធា​ការពារ​របស់​រដ្ឋាភិបាល​នោះ​ជាក់​ជា​ពុំ​ខាន។

ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ លោក ងិន ប៊ុនធឿន រស់​នៅ​ភូមិ​កំពង់ត្រាច ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១២ សីហា ថា ការ​ដាក់​ពង្រាយ​កងទ័ព​របស់​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​តវ៉ា​ណា​មួយ​ពី​ប្រជាពលរដ្ឋ​នោះ លោក​ថា បញ្ហា​នេះ​ជា​ហេតុផល​មួយ​ដែល​បង្ក​ឲ្យ​កាន់​តែ​មាន​ភាព​វឹកវរ​ក្នុង​សង្គម៖ «អ្នក​ខ្លះ​ព្រួយ​បារម្ភ​មិន​ហ៊ាន​ចេញ​ពី​ផ្ទះ​អ៊ីចឹង​ទៅ អ្នក​ខ្លះ​ប្រមែប្រមូល​កូន​ពី​ក្រុង​មក​វិញ។ អា​ចំណុច​អ៊ីចឹងៗ យើង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ដែល​ឃើញ​ប្រជាពលរដ្ឋ​តាម​ស្រុក តាម​ភូមិ​ខ្ញុំ​ភាគ​ច្រើន គាត់​ច្រើន​តែ​ទូរស័ព្ទ​ហៅ​កូន​មក។ ហើយ​កូន​ខាង​គាត់​ហ្នឹង គាត់​ថា​គាត់​នឹង​ប្រឹង​មើល​សិនៗ​ហ្នឹង។ ដូច​ថា វា​មិន​ល្អជា​សោះ​សម្រាប់​ការ​ប្រកាស​លទ្ធផល​ឆ្នោត​នេះ»

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ឈ្មោះ អ្នកស្រី រិត នី រស់​នៅ​ភូមិ​ប្រាសាទ​ខាង​កើត ឃុំ​បន្លិចប្រាសាទ ស្រុក​ពាមរ ខេត្ត​ព្រៃវែង ថ្លែង​ថា ស្ថានការណ៍​នយោបាយ​ក្រោយ​ការ​ប្រកាស​លទ្ធផល​ឆ្នោត​បណ្ដោះ​អាសន្ន ទំនង​មិន​ជា​ការ​ល្អ​ទេ។ អ្នកស្រី​ថា បើ​ទោះ​ណា​តំណាង​រដ្ឋាភិបាល​ធ្លាប់​បាន​ថ្លែង​រួច​មក​ហើយ​ថា ស្ថានការណ៍​ពុំ​មាន​អ្វី​កើត​ឡើង​ជា​ដុំ​កំភួន​ក៏ដោយ៖ «ព្រួយ​បារម្ភ ទី​មួយ ព្រួយ​បារម្ភ​ខ្លាច​មាន​បញ្ហា​កើត​សង្គ្រាម​កើត​អី​អ៊ីចឹង​ទៅ។ ទី​មួយ​ម្យ៉ាង​ទៀត ជំពាក់​លុយ​រដ្ឋ​ហ្នឹង​អី​សព្វ​មុខ ហើយ​ម្យ៉ាង​ទៀត​បើ​យើង​ជំពាក់​លុយ​អង្គការ​អ៊ីចឹង ដល់​ពេល​កូន​អត់​បាន​ការងារ​ធ្វើ វា​បាន​លុយ​អី​បង់​ខាង​ធនាគារ លោកគ្រូ​ឯង​គិត​មើល។ ហើយ​ព្រួយ​បារម្ភ​ទី​មួយ​ទៀត ដូច​ថា​យើង​ធ្វើ​ផល​ស្រូវ​បាន​ទៅ​វា​ថោក ហើយ​យើង​ទៅ​ផ្លូវ​ណា​ព្រួយ​ហ្នឹង​ព្រួយ​សព្វ​បែប​យ៉ាង​ហ្មង»

ជុំវិញ​បញ្ហា​នេះ អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច បាន​បង្ហាញ​ថា ការ​ដោះស្រាយ​ផ្នែក​នយោបាយ​របស់​កម្ពុជា បច្ចុប្បន្ន នៅ​ពុំ​ច្បាស់​លាស់​នៅ​ឡើយ។ ប៉ុន្តែ លោក​ថា ក្រុម​ប្រជាពលរដ្ឋ​មាន​កម្លាំង​អំណាច​ធំ​ជាង​កម្លាំង​របស់​អ្នក​នយោបាយ ពោល​គឺ​រាល់​ការ​ដោះស្រាយ​របស់​អ្នក​នយោបាយ ត្រូវ​សម្លឹង​មើល​ផល​លំបាក​របស់​ប្រជាពលរដ្ឋ​ជា​ការ​សំខាន់៖ «កង្វល់​ទាំងអស់​ហ្នឹង​ទាក់ទង​ទៅ​នឹង​ប្រព័ន្ធ​ទាំង​មូល​របស់​ការ​បោះ​ឆ្នោត ប្រព័ន្ធ​ទាំង​មូល​របស់​សភា ប្រព័ន្ធ​ទាំង​មូល​របស់​អ្នក​នយោបាយ ដែល​អត់​ព្រម​កែ​ទម្រង់​ហ្នឹង។ ការ​ដែល​អត់​កែទម្រង់​ហ្នឹង​ហើយ រៀង​រាល់​ការ​បោះ​ឆ្នោត​ម្ដងៗ សុទ្ធ​តែ​នាំ​ឲ្យ​កង្វល់។ កង្វល់​នេះ បាត់​បង់​ច្រើន​ណាស់ បាត់​បង់​នូវ​ផល​ប្រយោជន៍​ជាតិ បាត់​បង់​នូវ​វិនិយោគ បាត់​បង់​នូវ​ចំណូល​របស់​ប្រជាជន បាត់​បង់​នូវ​អស្ថិរភាព​ខាង​ផ្លូវ​ចិត្ត បាត់​បង់​នូវ​សិទ្ធិ​សេរី​ក្នុង​ការ​ដើរ»

ជុំវិញ​ស្ថានការណ៍​ប៉ះ​ទង្គិច​គ្នា​ផ្នែក​នយោបាយ​ទ្រង់ទ្រាយ​ធំ​នោះ លោក​បណ្ឌិត សុខ ទូច បាន​លើក​ឡើង​ថា គណបក្ស​ប្រឆាំង​នៅ​ពុំ​ទាន់​មាន​យុទ្ធសាស្ត្រ​របស់​ខ្លួន​ជាក់​លាក់​ចំពោះ​បញ្ហា​នេះ​នៅ​ឡើយ។ ប៉ុន្តែ​លោក​ថា បញ្ហា​នេះ​អាច​ទស្សន៍ទាយ​បាន ដោយ​ផ្អែក​ទៅ​លើ​ការ​វិវឌ្ឍន៍​ផ្នែក​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រឆាំង​នៅ​អនាគត។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​អូស​បន្លាយ​ផ្នែក​នយោបាយ​យូរ នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​មាន​ប្រាក់​ចំណូល​ទាប​តែ​ម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។