អ្នក​ភូមិ​នៅ​កំពង់ចាម​ផ្ដិត​មេដៃ​ទាមទារ​ឲ្យ​មេ​ឃុំ​ជ្រើស​រើស​មេ​ភូមិ​សាជាថ្មី

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ចោទ​ប្រកាន់​អាជ្ញាធរ​ឃុំ ថា​ជ្រើស​រើស​មេ​ភូមិ​ថ្មី​ដោយ​គ្មាន​តម្លាភាព។ ប្រជាពលរដ្ឋ​លើក​ឡើង​ថា មេ​ឃុំ​បាន​ជ្រើស​រើស​មេ​ភូមិ​ថ្មី ធ្វើ​ឡើង​ដោយ​មិន​បាន​សួរ​នាំ​ប្រជាពលរដ្ឋ​ជា​មុន​នោះ​ទេ ពោល គឺ​ជ្រើស​រើស​តែ​បក្ខពួក​របស់​ខ្លួន​ទៅ​វិញ។ ប៉ុន្តែ អាជ្ញាធរ​ឃុំ​វិញ​បញ្ជាក់​ថា ការ​ជ្រើស​រើស​មេ​ភូមិ​នោះ គឺ​ធ្វើ​ឡើង​ទៅ​តាម​ផ្លូវ​ច្បាប់​តែ​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​ជាច្រើន​នៅ​ក្នុង​ភូម​កេះ ឃុំ​មៀន បាន​ប្រតិកម្ម​ភ្លាមៗ​ចំពោះ​ការ​សម្រេច​ជ្រើស​រើស​មេ​ភូមិ​ថ្មី ពី​សំណាក់​អាជ្ញាធរ​ឃុំ ដោយ​មិន​បាន​សួរ​នាំ​ប្រជាពលរដ្ឋ​បន្តិច​សោះ​ឡើយ។ ពលរដ្ឋ​បាន​ប្រមូល​ស្នាម​មេដៃ ដើម្បី​ដាក់​ជូន​អាជ្ញាធរ​ឃុំ​សុំ​ឱ្យ​មាន​ការ​សម្រេច​ឡើង​វិញ ជុំវិញ​ការ​ជ្រើស​រើស​មេ​ភូមិ​ថ្មី​ណា​ដែល​ប្រជាពលរដ្ឋ​ពេញ​ចិត្ត មិន​មែន​ធ្វើ​ឡើង​ដោយ​ស្ងាត់ៗ​នោះ​ទេ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​កេះ លោក ទីម ពៅ ឱ្យ​ដឹង​ថា នៅ​ប៉ុន្មាន​ថ្ងៃ​មុន គឺ​មេ​ភូមិ​ចាស់​ត្រូវ​បាន​ទទួល​អនិច្ចកម្ម​ទៅ ហើយ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់​តែ​ឮ​ដំណឹង​ថា មេ​ឃុំ​បាន​លើក​មេ​ភូមិ​ថ្មី​ភ្លាមៗ ដោយ​ពួក​គាត់​មិន​បាន​ដឹង​ឮ​នោះ​ទេ។ លោក​បន្ត​ថា នៅ​ក្នុង​ភូមិ​កេះ គឺ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា ១៥០​គ្រួសារ ហើយ​មាន​ប្រជាពលរដ្ឋ​ជាង ១០០​នាក់ បាន​នាំ​គ្នា​ផ្ដិត​មេដៃ ដើម្បី​ឱ្យ​អាជ្ញាធរ​ឃុំ​សម្រេច​ជ្រើស​រើស​មេ​ភូមិ​ឡើង​វិញ គឺ​ត្រូវ​ជ្រើស​រើស​ដោយ​មាន​ការ​យល់​ព្រម​ពី​ពួក​គាត់​ភាគ​ច្រើន មិន​មែន​ជ្រើស​រើស​យក​តែ​បក្ខពួក​ខ្លួន​នោះ​ទេ។

លោក ទីម ពៅ៖ «គេ​ថា​ធ្វើ​អ៊ីចឹង​វា​អត់​ស្រប ធ្វើ​អ៊ីចឹង​ដូច​ថា​និយម​បក្ខពួក​ពេក​ហើយ! បើ​សិន​ជា​រើស​ពី​ប្រជាពលរដ្ឋ​តែ​ម្តង អា​ហ្នឹង​គេ​ព្រម ឱ្យ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​សាជាថ្មី។ គេ​ទាមទារ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​សាជាថ្មី​ពី​មតិ​ប្រជាពលរដ្ឋ ពី​មេដៃ​ប្រជាពលរដ្ឋ។ ស្រឡាញ់​អ្នក​ណា បោះ​ឱ្យ​អ្នក​ហ្នឹង»

លោក​បន្ត​ថា ការ​សម្រេច​ចិត្ត​ជ្រើស​រើស​មេ​ភូមិ​ថ្មី​ពី​សំណាក់​អាជ្ញាធរ​ឃុំ ដែល​ធ្វើ​ឡើង​ស្រេច​តែ​ចិត្ត​នោះ គឺ​ជា​រឿង​ដែល​មិន​ត្រឹមត្រូវ​នោះ​ទេ ពីព្រោះ​ការ​ជ្រើស​រើស​មេ​ភូមិ គឺ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ ហើយ​អាជ្ញាធរ​ឃុំ​ក៏​កើត​ចេញ​ពី​ពលរដ្ឋ​ដែរ។ ដូច​នេះ គប្បី​ធ្វើ​អ្វី​មួយ​ត្រូវ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​នោះ​ដែរ។

ពលរដ្ឋ​ម្នាក់​ទៀត លោក សន សុខន ឱ្យ​ដឹង​ដែរ​ថា គ្រាន់​តែ​ទទួល​ដំណឹង​ថា មេ​ឃុំ​សម្រេច​ជ្រើស​យក​មេ​ភូមិ​ថ្មី ដោយ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​មិន​ពេញ​ចិត្ត​នោះ ធ្វើ​ឱ្យ​ស្ថានភាព​ក្នុង​ភូមិ​ចាប់​ផ្តើម​មាន​ភាព​ច្របូកច្របល់​ទៅ​ហើយ ហើយ​បើ​សិន​មេ​ឃុំ​នៅ​តែ​បន្ត​ទទួល​យក​មេ​ភូមិ​ដែល​ពលរដ្ឋ​ភាគ​ច្រើន​មិន​ពេញ​ចិត្ត​នោះ បញ្ហា​នឹង​រឹត​តែ​ស្មុគស្មាញ​មិន​ខាន​ឡើយ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ មេ​ឃុំ​មៀន លោក អ៊ុន តារា មាន​ប្រសាសន៍​ថា ពួក​លោក គឺ​ធ្វើ​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង​តែ​ប៉ុណ្ណោះ ហើយ​ការ​ជ្រើស​រើស​មេ​ភូមិ​ថ្មី​នោះ ក៏​លោក​មិន​បាន​សម្រេច​ដោយ​ចិត្ត​ឯង​នោះ​ដែរ ពោល គឺ​មាន​ការ​ប្រជុំ​ក្រុមប្រឹក្សា​ទាំង ៩​រូប ដែល​មាន​នៅ​ក្នុង​ឃុំ​ទៀត​ផង។ លោក​បាន​បដិសេធ​ចំពោះ​រឿង​ថា លោក​និយម​បក្ខពួក​នោះ គឺ​ជា​រឿង​មិន​ពិត​នោះ​ទេ ពីព្រោះ​នីតិវិធី​ក្នុង​ការ​ជ្រើស​រើស​មេ​ភូមិ​ថ្មី គឺ​អាច​ធ្វើ​បាន​នៅ​ពេល​មេ​ភូមិ​ចាស់​ស្លាប់ ឬ​បាត់​តំណែង​ក្នុង​រយៈពេល​មួយ​អាទិត្យ​ក្រោយ ហើយ​ការ​ជ្រើស​រើស​នោះ ពលរដ្ឋ​មិន​មាន​សិទ្ធិ​ចូលរួម​ឡើយ។

លោក អ៊ុន តារា៖ «មាត្រា​ទី​៣០ ចែង​ថា មេ​ភូមិ​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ក្រុមប្រឹក្សា​ឃុំ មិន​មែន​ចូលរួម​ដោយ​ប្រជាពលរដ្ឋ​ទេ។ ហើយ​នីតិវិធី​មាន​ក្រោយ​ពេល​បាត់​បង់​តំណែង​មេ​ភូមិ ឬ​អនុ​ភូមិ​រយៈពេល​មួយ​អាទិត្យ​យ៉ាង​យូរ ថ្នាក់​ឃុំ​ត្រូវ​តែ​រើស​មេ​ភូមិ អនុ​ភូមិ​ថ្មី ឬ​សមាជិក​ភូមិ​ថ្មី​បន្ថែម បំពេញ​ការងារ​ហ្នឹង​ណា។ ហើយ​លក្ខខណ្ឌ​ជ្រើស​រើស​មេ​ភូមិ​ដែល​គុណ​សម្បត្តិ​របស់​មេ​ភូមិ​ហ្អេស! មិន​ពាក់ព័ន្ធ​នឹង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ស្រឡាញ់ ឬ​មិន​ស្រឡាញ់​ទេ»

លោក​បន្ថែម​ថា ក្រោយ​ពេល​ក្រុម​សមាជិក​ឃុំ​បោះ​ឆ្នោត​ជ្រើស​រើស​មេ​ភូមិ​ថ្មី​ហើយ រយៈពេល​មួយ​សប្ដាហ៍​ក្រោយ​យ៉ាង​យូរ គឺ​នឹង​ត្រូវ​ចេញ​សេចក្តី​សម្រេច​ធ្វើ​ជា​មេ​ភូមិ ហើយ​នឹង​តែង​តាំង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២៧ សីហា ហើយ​រាល់​ការ​ជំទាស់​របស់​ប្រជាពលរដ្ឋ​នោះ គឺ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កំពង់ចាម លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា អ្វី​ដែល​មេ​ឃុំ​លើក​ឡើង​នោះ គឺ​ជា​រឿង​មួយ​ដែល​មិន​បាន​ខ្វល់​ពី​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ។ លោក​បន្ត​ថា ត្បិត​តែ​ប្រជាពលរដ្ឋ​មិន​បាន​ចូលរួម​ក្នុង​ការ​ជ្រើស​រើស​មេ​ភូមិ​ដោយ​ផ្ទាល់​ក៏ដោយ ប៉ុន្តែ​រាល់​ការ​សម្រេច គប្បី​ត្រូវ​យក​ប្រជាពលរដ្ឋ​ជា​គ្រឹះ ពីព្រោះ​មេ​ឃុំ គឺ​កើត​ចេញ​ពី​ពលរដ្ឋ៖ «ថ្វី​ត្បិត​តែ​គេ​មិន​បាន​បោះ​ឆ្នោត​រើស​មេ​ភូមិ​មែន ប៉ុន្តែ​គេ​រើស​ផ្អែក​មេ​ឃុំ ផ្អែក​រើស​មេ​ភូមិ គឺ​រើស​ឱ្យ​ប្រជាពលរដ្ឋ មិន​មែន​រើស​ឱ្យ​ប្រឆាំង​ប្រជាពលរដ្ឋ​ទេ វា​អត់​ត្រូវ។ តាម​ច្បាប់ មេ​ឃុំ​រើស​ពលរដ្ឋ ប៉ុន្តែ​សួរ​ថា​មេ​ឃុំ​កើត​ពី​ណា មិន​កើត​ពី​ពលរដ្ឋ។ អ៊ីចឹង បើ​មេ​ឃុំ​កើត​ចេញ​ពី​ពលរដ្ឋ មេ​ឃុំ​ត្រូវ​រើស​មេ​ភូមិ​ហ្នឹង​ឱ្យ​ពេញ​ចិត្ត​ពលរដ្ឋ។ បើ​រើស​មិន​ពេញ​ចិត្ត​ពលរដ្ឋ​ទេ រើស​មេ​ភូមិ​ហ្នឹង​ទៅ​ធ្វើ​ការ​នៅ​ផ្ទះ​ខ្លួន​ឯង​ទៅ»

លោក​បន្ថែម​ថា ប្រសិន​បើ​ការ​ជ្រើស​រើស​មេ​ភូមិ​ដែល​ពលរដ្ឋ​មិន​ពេញ​ចិត្ត គឺ​វា​ធ្វើ​ឱ្យ​បញ្ហា​នឹង​អាច​កើត​មាន​ជា​បន្តបន្ទាប់​នៅ​ក្នុង​ភូមិ។ ជាង​នេះ​ទៅ​ទៀត​នោះ រាល់​ការងារ​នៅ​ក្នុង​ភូមិ នឹង​មិន​អាច​ដំណើរ​ការ​ទៅ​មុខ​បាន​ប្រសើរ​ឡើយ ប្រសិន​បើ​មិន​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​ទេ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។