បច្ចុប្បន្ន ខេត្តឧត្តរមានជ័យ មានប្រជាពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោតចំនួនជាង ៩ម៉ឺននាក់ ក៏ប៉ុន្តែរយៈពេល ៥អាណត្តិមកហើយ ខេត្តឧត្តរមានជ័យ មិនដែលមានការិយាល័យអ្នកតំណាងរាស្ត្រសម្រាប់ឲ្យប្រជាពលរដ្ឋ បានជួបប្រាស្រ័យទាក់ទងជាមួយតំណាង ដើម្បីធ្វើការងារផ្សេងៗជូនពួកគេវិញឡើយ។
ពលរដ្ឋខ្លះមានការអាក់អន់ចិត្តថា រយៈពេលជាង ២០ឆ្នាំមកហើយ ខេត្តឧត្តរមានជ័យ គឺមានអ្នកតំណាងរាស្ត្រ ១រូប ក៏ប៉ុន្តែគេមិនដែលស្គាល់ និងមិនដែលឃើញមុខអ្នកតំណាងរាស្ត្រនោះទេ ចុះបើពួកគេចង់ជួបម្ដងៗ តើត្រូវទៅរកនៅទីណា និងទាក់ទងតាមរបៀបណា?
ប្រជាពលរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាលខ្លះនៅខេត្តឧត្តរមានជ័យ ជំរុញឲ្យអាជ្ញាធរ ត្រូវតែយកចិត្តទុកដាក់បង្កើតការិយាល័យអ្នកតំណាងរាស្ត្រ ឲ្យដូចខេត្តដទៃទៀតនៅទូទាំងប្រទេស ដើម្បីធ្វើជាកន្លែងឲ្យប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត អាចទៅជួបទាក់ទងជាមួយតំណាងរាស្ត្រ ព្រមទាំងអាចប្រើអ្នកតំណាងរាស្ត្រនោះឲ្យជួយធ្វើការបម្រើពួកគេផង។
ការជំរុញបែបនេះ ធ្វើឡើងក្នុងពេលដែលខេត្តជាប់ព្រំដែនគ្នាជាមួយប្រទេសថៃ មួយនេះ កំពុងកើតមានអំពើរំលោភសិទ្ធិមនុស្សពីកម្លាំងប្រដាប់អាវុធជាច្រើនករណី និងការរំលោភដីធ្លីជាច្រើនកន្លែង ហើយប្រជាពលរដ្ឋរងគ្រោះ ត្រូវការអ្នកតំណាងរាស្ត្ររបស់ពួក គេឲ្យជួយរកយុត្តិធម៌ និងដោះស្រាយ ក៏ប៉ុន្តែគេបែរជាមិនដឹងថា ត្រូវទៅជួបនៅទីណា និងទាក់ទងតាមរបៀបណាទៅវិញនោះ។
ប្រជាពលរដ្ឋម្នាក់ដែលជាអតីតអ្នកភូមិអូរបាត់មាន់ សង្កាត់កូនក្រៀល ក្រុងសំរោង ធ្លាប់រងគ្រោះដោយការបណ្ដេញចេញដើម្បីយកដី ក្នុងចំណោមអ្នកភូមិជាច្រើនគ្រួសារទៀត គឺលោកស្រី ហួយ ម៉ៃ។ លោកស្រីមានប្រសាសន៍ថា រយៈពេល ៧ឆ្នាំមកហើយ គ្រួសាររបស់គាត់ និងអ្នកភូមិជាង ១០០គ្រួសារផ្សេងទៀតគ្មានដីសម្រាប់សង់ទីជម្រក និងធ្វើស្រែចម្ការ បន្ទាប់ពីអាជ្ញាធរទៅបណ្ដេញចេញ ហើយយកដីផ្ដល់ឲ្យក្រុមហ៊ុនដាំអំពៅ។ លោកស្រី ហួយ ម៉ៃ បញ្ជាក់ថា រូបគាត់ និងអ្នកភូមិ បានស្វះស្វែងរកអ្នកតំណាងរាស្ត្រមណ្ឌលឧត្តរមានជ័យ ឲ្យជួយដោះស្រាយបញ្ហានោះ ក៏ប៉ុន្តែគាត់មិនដែលស្គាល់មុខអ្នកតំណាងរាស្ត្រទេ ហើយក៏មិនដឹងទៅស្វែងរកជួបនៅទីណា ពីព្រោះតែនៅខេត្តឧត្តរមានជ័យ មិនមានការិយាល័យអ្នកតំណាងរាស្ត្រ៖ « តំណាងរាស្ត្រសភាអី ខ្ញុំអត់ដែលស្គាល់ផង។ គាត់អត់ដែលមកឲ្យប្រជាពលរដ្ឋស្គាល់ផង។ បើសិនជាអាចទំនាក់ទំនងបាន គឺខ្ញុំចង់ឲ្យជួយរឿងដីធ្លី »។
សកម្មជនមួយរូបនៃគណបក្សប្រឆាំងនៅខេត្តឧត្តរមានជ័យ ទទួលស្គាល់ថា ថ្វីត្បិតតែគណបក្សប្រជាជនកម្ពុជា ទទួលបានកៅអីចំនួន១ នៅក្នុងរដ្ឋសភា រយៈពេល ២០ឆ្នាំមកហើយនោះក្ដី គឺរហូតមកដល់ពេលនេះ មិនទាន់មានការិយាល័យអ្នកតំណាងរាស្ត្រ ដើម្បីធ្វើការជូនម្ចាស់ឆ្នោតវិញទេ។ បេក្ខភាពសមាជិកក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ លោក ឆន សុវណ្ណ មានប្រសាសន៍ថា ខេត្តឧត្តរមានជ័យ មានកៅអីតំណាងរាស្ត្រតែមួយទេ ហើយគណបក្សប្រជាជនកម្ពុជា ជាអ្នកទទួលបានអាសនៈនេះនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រជាច្រើនអាណត្តិមកហើយ។ បើទោះបីជាខេត្តឧត្តរមានជ័យ មានអ្នកតំណាងរាស្ត្របន្តបន្ទាប់គ្នាជាច្រើនអាណត្តិមកហើយក៏ដោយ ក៏តំណាងរាស្ត្រទាំងនោះ ហាក់ដូចជាមិនខ្នះខ្នែងបង្កើតឲ្យមានការិយាល័យអ្នកតំណាងរាស្ត្រឡើយ៖ « យើងមើលឃើញពេលនេះ គេធ្វើការដូចជាប្រជាពលរដ្ឋចង់ទំនាក់ទំនងដោះស្រាយអ្វីមួយ វាដូចជាពិបាកណាស់ មិនដឹងជាចូលទៅជួបតំណាងរាស្ត្រតាមច្រកណា ?»។
ចាប់តាំងពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ កាលពីខែកក្កដា ឆ្នាំ២០១៣ រហូតមកដល់ពេលនេះ លោក នៅ សំ គឺជាអ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា តែម្នាក់គត់នៅមណ្ឌលឧត្តរមានជ័យ។ ប៉ុន្តែវិទ្យុអាស៊ីសេរី មិនអាចស្វែងរកការទាក់ទងរូបលោក ដើម្បីសុំការអធិប្បាយជុំវិញកង្វល់របស់ប្រជាពលរដ្ឋ ដែលចង់បានការិយាល័យអ្នកតំណាងរាស្ត្រនោះបានថាយ៉ាងណានៅឡើយទេ។
អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី មានប្រសាសន៍ថា លោកឡើងកាន់តំណែងនៅខេត្តនេះរយៈពេលជាង ៣ឆ្នាំមកហើយ មិនឃើញមានការិយាល័យអ្នកតំណាងរាស្ត្រមែន។ លោក ស ថាវី បញ្ជាក់ថា លោកមិនដឹងពីរឿងអភិបាលខេត្តមុនៗ ថាហេតុអ្វីបានជាមិនបង្កើតការិយាល័យអ្នកតំណាងរាស្ត្រនោះទេ? ក៏ប៉ុន្តែក្នុងអាណត្តិរបស់លោកដែលធ្វើជាចៅហ្វាយខេត្តឧត្តរមានជ័យ នេះ គឺលោកបានផ្ដល់ដីមួយកន្លែងឲ្យសាងសង់ការិយាល័យអ្នកតំណាងរាស្ត្រ៖ « រឿងពីមុនមក ខ្ញុំអត់ដឹងទេ ប៉ុន្តែមកដល់អាណត្តិខ្ញុំ ដោះស្រាយដីឲ្យហើយ ព្រមទាំងស្នើសុំឲ្យធ្វើការសាងសង់ »។
ទោះយ៉ាងណា លោក ស ថាវី មិនបានបញ្ជាក់ឲ្យច្បាស់លាស់ទេថា ដំណើរការសាងសង់ការិយាល័យអ្នកតំណាងរាស្ត្រនោះ នឹងចាប់ផ្ដើមនៅពេលណាឡើយ។
អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន ឲ្យដឹងថា បច្ចុប្បន្ន ខេត្តឧត្តរមានជ័យ គឺនៅមានកម្លាំងប្រដាប់អាវុធប្រើហិង្សាមកលើជនស៊ីវិល បញ្ហាអ្នកមានអំណាចរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋ ជាដើម។ បញ្ហាទាំងនេះ បានធ្វើឲ្យប្រជាពលរដ្ឋត្រូវការយុត្តិធម៌ ក៏ប៉ុន្តែពួកគេគ្មានលទ្ធភាពទេ ដោយសារតែនៅពេលត្រូវការជំនួយពីអ្នកតំណាងរាស្ត្រ បែរមិនដឹងទៅរកនៅកន្លែងណា ពីព្រោះគ្មានការិយាល័យតំណាងរាស្ត្រ និងអ្នកចាំទទួលពាក្យបណ្ដឹងផង៖ « តាំងពីអើយមករហូតដល់ឥឡូវ អត់មានការិយាល័យតំណាងរាស្ត្រទេ។ ដល់អ៊ីចឹង បើរាស្ត្រចង់ជួបតំណាង មិនដឹងជាទៅជួបនៅទីណា ?»។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក ពន្យល់ថា តាមទ្រឹស្ដីលទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និងជាម្ចាស់នៃអំណាច ហើយចាត់ទុកអ្នកនយោបាយដែលគេបោះឆ្នោតឲ្យនោះ គ្រាន់តែជាអ្នកបម្រើ។ ដូច្នេះ ប្រសិនបើអ្នកបម្រើមិនបានបំពេញអ្វីតាមការសន្យាដល់ចៅហ្វាយទេនោះ គឺម្ចាស់ឆ្នោត អាចនឹងពិចារណាលើការជ្រើសរើសអ្នកបម្រើថ្មីផ្សេងទៀតនៅពេលបោះឆ្នោតខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
