ទស្សនៈ​ពលរដ្ឋ​ជុំវិញ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ

នៅ​ពេល​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ ខិត​ជិត​មក​ដល់ ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​បង្ហាញ​ពី​ក្ដី​ប្រាថ្នា​របស់​ខ្លួន​ថា ពួក​គេ​ចង់​ឲ្យ​អ្នក​ដឹកនាំ​ប្រទេស​អាណត្តិ​ថ្មី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ ឲ្យ​មាន​ទីផ្សារ​នាំ​ស្រូវ​ចេញ​មាន​តម្លៃ​ខ្ពស់ បញ្ចុះ​តម្លៃ​ប្រេងសាំង ពង្រឹង​ប្រព័ន្ធ​តុលាការ​ឲ្យ​មាន​ភាព​ឯករាជ្យ ជៀសវាង​ការ​បាត់​ទឹក​ដី​ទៅ​ប្រទេស​ជិត​ខាង និង​ដឹកនាំ​ប្រទេស​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ។

0:00 / 0:00

ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ និង​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន បាន​អះអាង​ថា ពួក​គាត់​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ចូលរួម​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ។

ពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ម្នាក់​ឈ្មោះ ជីន ចិន បាន​ថ្លែង​ថា លោក​បាន​ដៅ​រួច​ជា​ស្រេច​ចំពោះ​គណបក្ស​នយោបាយ​ណា​មួយ​ដែល​គាត់​នឹង​បោះឆ្នោត​ជូន​សម្រាប់​អាណត្តិ​នេះ។ បុរស​ដដែល​បាន​បន្ត​ថា ជា​ក្ដី​ប្រាថ្នា​សម្រាប់​លោក គឺ​ចង់​ឲ្យ​អ្នក​ដឹកនាំ​ប្រទេស​ដែល​នឹង​ជាប់​ឆ្នោត​នៅ​អាណត្តិ​ក្រោយ​នេះ ជំរុញ​កំណើន​សេដ្ឋកិច្ច​ឲ្យ​មាន​ភាព​ប្រហាក់​ប្រហែល​ទៅ​នឹង​ប្រទេស​ជិត​ខាង ជា​ពិសេស​ពង្រឹង​ប្រព័ន្ធ​តុលាការ​ឲ្យ​មាន​ភាព​ឯករាជ្យ ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ។

ចំណែក​បុរស​អ្នក​រត់​រម៉ក​ទេសចរណ៍​ក្នុង​ក្រុង​ភ្នំពេញ​ម្នាក់​ទៀត គឺ​លោក ផាន់ ប៊ុនថន បាន​ថ្លែង​ស្រដៀង​នឹង​លោក ជីន ចិន ដែរ។ លោក ប៊ុនថន បញ្ជាក់​ថា លោក​តែង​ទៅ​បោះឆ្នោត​ជា​រៀង​រាល់​អាណត្តិ​មិន​ដែល​ខកខាន​ឡើយ​នៅ​ឯ​ស្រុក​កំណើត​ខេត្ត​តាកែវ។ សម្រាប់​ការ​បោះឆ្នោត​ជាតិ​ក្នុង​អាណត្តិ​នេះ លោក​រឹត​តែ​មាន​ភាព​ប្រុង​ប្រយ័ត្ន និង​ពិចារណា​ទៅ​លើ​គោល​នយោបាយ​របស់​បក្ស​នីមួយៗ ដែល​បាន​ចូល​រួម​ប្រកួត​ប្រជែង តាម​រយៈ​ការ​ចូលរួម​ស្ដាប់ និង​ស្វែង​យល់​ពី​គោល​នយោបាយ​នៃ​គណបក្ស​សំខាន់ៗ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា។

រីឯ​អ្នកស្រី ញឹម ប៉ូរ៉ានី ជា​ពលរដ្ឋ​រស់​នៅ​ភូមិ​ដីឡូ ឃុំ​ជ័យឧត្ដម ស្រុក​លំផាត់ ខេត្ត​រតនគីរី យល់​ថា ការ​បោះឆ្នោត គឺ​កាតព្វកិច្ច​របស់​ពលរដ្ឋ​ដែល​មិន​គួរ​ខកខាន​អាណត្តិ​ណា​មួយ​ឡើយ។ ឯ​ការ​បោះឆ្នោត​នេះ​ទៀត​សោត គឺ​ជា​ការ​កំណត់​ជោគ​វាសនា​របស់​ប្រទេស​ជាតិ​ទាំង​មូល។ ដូច្នេះ អ្នកស្រី​តែង​ចូលរួម​ជួប​ប្រជុំ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​អញ្ជើញ​អ្នក​នយោបាយ​មក​ថ្លែង​ពី​គោល​នយោបាយ​របស់​ខ្លួន ហើយ​និង​តាម​ដាន​ការ​អនុវត្ត​របស់​បក្ស​នោះ​ទៀត​ផង។

ដោយ​ឡែក ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ដែល​ជា​ជន​រងគ្រោះ​ដោយ​បញ្ហា​ដីធ្លី និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ បាន​ត្អូញត្អែរ​ថា ពលរដ្ឋ​កាន់​តែ​មាន​ជីវភាព​ដុនដាប និង​ធ្វើ​ចំណាក​ស្រុក ដោយសារ​តែ​ភាព​ធូរ​រលុង​នៃ​ការ​អនុវត្ត​ច្បាប់​ការពារ​ព្រៃ​ឈើ ដែល​ធ្វើ​ឲ្យ​បាត់​បង់​អនុផល​ព្រៃ​ឈើ​ជា​ទី​ដែល​ពួក​គាត់​ពឹង​ផ្អែក​ទាំង​ស្រុង សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ។

ប្រធាន​សហគមន៍​ភូមិ​ស្រែអំពិល ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគីរី ជនជាតិ​ដើម​ភាគ​តិច​ព្នង គឺ​លោក ភួន សី បាន​ថ្លែង​ថា ងាយ​បំផុត​ចំពោះ​បងប្អូន​ជនជាតិ​ដើម​ភាគ​តិច​ដែល​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​បោះឆ្នោត​នា​អាណត្តិ​នេះ។

ជនជាតិ​ដើម​ភាគ​តិច​កួយ រស់នៅ​ភូមិ​ប្រមេ ឃុំ​ប្រមេ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ អ្នកស្រី ទេព ទឹម បាន​បង្ហាញ​ថា ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​បាន​យល់​យ៉ាង​ច្បាស់​ចំពោះ​កាតព្វកិច្ច​នៃ​ការ​ចូលរួម​បោះឆ្នោត។

មន្ត្រី​អង្គការ​ឃ្លាំ​មើល​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា បាន​កោត​សរសើរ​ចំពោះ​ពលរដ្ឋ​ដែល​ចាប់​អារម្មណ៍​ចំពោះ​ការ​បោះឆ្នោត។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា និចហ្វិក (Nicfec) លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ការ​យក​ចិត្ត​ទុក​ដាក់​របស់​ប្រជាពលរដ្ឋ​ចំពោះ​ការ​បោះឆ្នោត គឺ​ជា​រឿង​វិសេសវិសាល​ណាស់ ព្រោះ​ពលរដ្ឋ​បាន​ស្គាល់​តួនាទី​របស់​ខ្លួន​តាម​រយៈ​អ្នក​តំណាង។ លោក​ថា អ្នក​តំណាង​ទាំង​នោះ​អនុម័ត​នូវ​ច្បាប់​សំខាន់ៗ​របស់​ជាតិ ដែល​ច្បាប់​នោះ​នឹង​ជះ​ឥទ្ធិពល​មក​វិញ​ឲ្យ​ជីវភាព​របស់​ពលរដ្ឋ​មាន​ភាព​រីក​ចម្រើន៖ «ខ្ញុំ​យល់​ថា ប្រជាពលរដ្ឋ​ក្រៅ​ពី​ការ​តាម​ដាន​នយោបាយ ត្រូវ​តាម​មើល​ឥរិយាបថ និង​សកម្មភាព​របស់​បេក្ខជន​អ្នក​តំណាង​រាស្ត្រ​ផង​ដែរ ពីព្រោះ​បេក្ខជន​អ្នក​តំណាង​រាស្ត្រ​ហ្នឹង​ហើយ ដែល​ក្រោយ​ពី​ជាប់​ឆ្នោត គឺ​ត្រូវ​អនុវត្ត​ផ្ទាល់។ គាត់​ត្រូវ​តែ​ដាក់​សំណួរ​ថា តើ​បេក្ខជន​ដែល​គាត់​នឹង​គិត​ថា​ក្លាយ​ជា​តំណាង​រាស្ត្រ នឹង​អាច​ទទួល​ខុស​ត្រូវ​ចំពោះ​ជោគ​វាសនា​របស់​គាត់​បាន​ឬ​អត់»

ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ នេះ ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​ចំនួន​ជាង ៩​លាន ៦​សែន​នាក់ ហើយ​មាន​គណបក្ស​នយោបាយ​ចំនួន​៨ ចូលរួម​ប្រកួត​ប្រជែង។ ចំណែក​ឯ​ការ​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី​២៦ ខែ​កក្កដា រួច​ការ​បោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨ កក្កដា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។