ព្រះសង្ឃ និស្សិត សហជីព និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្លោះដីធ្លីប្រមាណ ៣០០នាក់ បានប្រមូលផ្តុំគ្នានៅមុខមន្ទីររដ្ឋសភា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា។ អ្នកតវ៉ាបានស្រែកដង្ហោយហៅឲ្យតំណាងរាស្រ្តទាំងពីរបក្សជួយអន្តរាគមន៍ ចំពោះការចាប់ខ្លួនសកម្មជនដីធ្លី ១០នាក់ ព្រះសង្ឃ ៣អង្គ និងសកម្មជនបក្សសង្រ្គោះជាតិ ៣នាក់ និងការសម្រេចឃុំខ្លួនពួកគេនៅពន្ធនាគារព្រៃសដោយសាលាដំបូងរាជធានីភ្នំពេញ។
«សំឡេងស្រែកមុខរដ្ឋសភា»
សម្រែកទាមទារឲ្យអ្នកតំណាងរាស្ត្រនៃគណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ជួយអន្តរាគមន៍ដោះលែងមនុស្ស ១៦នាក់ ដែលអាជ្ញាធរតុលាការចាប់ខ្លួន បានលាន់លឺយ៉ាងកងរំពងនៅខាងមុខមន្ទីររដ្ឋសភា។
អ្នកតវ៉ាទាំងនោះ មានគោលដៅសំខាន់ពីរចំណុច សម្រាប់ការតវ៉ានៅមុខសភានៅថ្ងៃទី១៤ វិច្ឆិកា។ ពួកគេបានស្នើឲ្យអ្នកតំណាងរាស្ត្របក្សទាំងពីរជួយផ្តល់យុត្តិធម៌ និងដោះលែងអ្នកដែលចាប់ខ្លួន ទាំង ១៦នាក់ ឲ្យមានសេរីភាពឡើងវិញដោយគ្មានលក្ខខណ្ឌ។ អ្នកទាំង ១៦នោះ មានព្រះសង្ឃ ៣អង្គ សកម្មជនបក្សសង្គ្រោះជាតិ ៣នាក់ និងសហគមន៍ដីធ្លី ១០នាក់។ ចំណុចទី២ ពួកគេក៏ស្នើឲ្យគណៈកម្មការទី១០នៃរដ្ឋសភា គឺគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ កោះហៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា និងប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក អាំង មាលតី ឲ្យចូលខ្លួនបំភ្លឺក្នុងសភាទាក់ទិននឹងការចាប់ខ្លួននេះ។
អគ្គលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ដែលតាមដានការទាមទារនេះថ្លែងថា លោកគាំទ្រចំពោះការទាមទាររបស់ប្រជាពលរដ្ឋ ពីព្រោះការចាប់ខ្លួនព្រះសង្ឃនិងពលរដ្ឋគឺជារឿងអយុត្តិធម៌៖ «បើសិនជានិយាយពីរឿងបាតុកម្មគាត់ត្រូវយកច្បាប់បាតុកម្មមកនិយាយដាក់បន្ទុកលើពួកគាត់ ដល់ពេលគាត់តវ៉ារឿងលិចទឹកអ៊ីចឹងបែរជាយកច្បាប់ចរាចរណ៍មក អាហ្នឹងធម្មតាទេប្រព័ន្ធតុលាការ ឬក៏ប្រព័ន្ធដឹកនាំហ្នឹង គឺថាស្រេចតែលើពួកគាត់។ កាត់ចង់ធ្វើយ៉ាងម៉េចក៏បានចង់កាឡៃសទៅជាខ្មៅ ខ្មៅទៅជាសក៏បាន ចង់ចាប់នរណាដាក់គុកក៏បានដែរ។ យើងជាម្ចាស់ឆ្នោតមួយរូបដែរ យើងមានការសោកស្ដាយ ហើយយើងមានភាពអាម៉ាស់ខ្លាំងណាស់នៅពេលដែលប្រទេសរបស់យើងមានអ្នកដឹកនាំតែងតែប្រព្រឹត្តអំពើបែបហ្នឹងមកលើប្រជាពលរដ្ឋរបស់ខ្លួនប្រៀបដូចឪពុកម្ដាយដែលធ្វើខ្លួនឯង»។
ឆ្លើយតបនឹងសំណើពលរដ្ឋនេះ សមាជិកគណៈកម្មការទី១០នៃរដ្ឋសភាបក្សសង្រ្គោះជាតិ លោក វ៉ាន់ ណារិទ្ធិ ដែលចេញមកទទួលញត្តិពីអ្នកបឹងកក់ បានសន្យាថា លោកនិងក្រុមការងារ នឹងពិនិត្យមើលសំណើនេះ មុននឹងឈានដល់ចំណាត់ការតាមនីតិវិធី។ រីឯលទ្ធផលអាចនឹងដឹងនៅសប្ដាហ៍ក្រោយ៖ «ទី១យើងយកទៅប្រជុំគ្នាសិនប្រជុំនៅក្នុងគណៈកម្មការ ប្រជុំហើយយើងមានចំណុចប្រសព្វមួយយើងធ្វើលិខិតទៅរដ្ឋាភិបាលដើម្បីឲ្យដោះស្រាយពីបញ្ហានេះ»។
នៅក្នុងការតវ៉ាទាមទារនៅថ្ងៃដដែល សហគមន៍ទាំងនោះមានគម្រោងទៅជួបជុំគ្នាមុខមន្ទីររដ្ឋសភាប្រមាណ ៨០០នាក់ ប៉ុន្តែដោយមានការរារាំងពីអាជ្ញាធរមូលដ្ឋាន និងការដាក់កម្លាំងរាំងខ្ទប់នៅក្បែរបរិវេណច្រកចេញនៃសហគមន៍បឹងកក់ និងនៅតាមវត្តមួយចំនួន ទើបមានអ្នកជួបជុំប្រមាណ ៣០០នាក់ប៉ុណ្ណោះ។
ព្រះសង្ឃ សកម្មជនបក្សសង្គ្រោះជាតិ និងពលរដ្ឋ ១៦អង្គនិងនាក់ ជាប់ចោទពីបទផ្ដើមគំនិតហិង្សាដោយចេតនា បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងដឹកនាំចលនាកុបកម្ម បទប្រឆាំងនឹងមន្ត្រីរាជការសាធារណៈ និងបទបង្កការកកស្ទះចរាចរណ៍សាធារណៈជាដើម។
ពលរដ្ឋដែលទាមទារឲ្យមានការដោះលែងបញ្ជាក់ថា បើមិនការឆ្លើយតបជាវិជ្ជមានណាមួយពីរដ្ឋសភានោះទេ ១សប្ដាហ៍ទៀតក្រោយការដាក់ញត្តិនេះ ពួកគាត់នឹងនាំគ្នាបន្តការតវ៉ាមុខរដ្ឋសភាជាថ្មីទៀតលុះត្រាតែមានដំណោះស្រាយ។
ទោះជាយ៉ាងណានៅចុងសប្ដាហ៍នេះ គឺនៅថ្ងៃអាទិត្យ ទី១៦ វិច្ឆិកា ក្រុមដដែលក៏គ្រោងទៅជួបជុំគ្នាធ្វើពិធីស្មឹងស្មាធិ៍នៅខាងមុខពន្ធនាគារព្រៃស ដើម្បីបន្ទន់ចិត្តឲ្យមានការដោះលែង និងផ្ដល់កម្លាំងចិត្តដល់អ្នកកំពុងជាប់ពន្ធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
