ប្រជាពលរដ្ឋនៅក្នុងខណ្ឌមួយចំនួន និងអាជីវករផ្សារក្នុងរាជធានីភ្នំពេញ បានប្រតិកម្មចំពោះអាជ្ញាធរមូលដ្ឋានរបស់ខ្លួន និងអ្នកគ្រប់គ្រងផ្សារថា បានតម្រូវឲ្យពួកគេផ្ដិតមេដៃគាំទ្រលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន និងកុំចូលរួមធ្វើបាតុកម្ម ដែលបញ្ហានេះធ្វើឡើងផ្ទុយពីឆន្ទៈពលរដ្ឋ និងនាំឲ្យមានការភ័យខ្លាច។
ពលរដ្ឋរស់នៅក្នុងសង្កាត់ស្រះចក គឺអ្នកស្រី ភារី បានឲ្យដឹងនៅថ្ងៃទី១៧ សីហា ថា អាជ្ញាធរភូមិបានចុះមកដល់ផ្ទះអ្នកស្រី ហើយប្រាប់ពីគោលបំណងដែលសុំឲ្យអ្នកស្រីផ្ដិតមេដៃគាំទ្រលទ្ធផលបោះឆ្នោតបណ្ដោះអាសន្នដែលចេញដោយ គ.ជ.ប។ អ្នកស្រីបន្តថា អាជ្ញាធរបានទាមទារឲ្យគាត់ផ្ដិតជំនួសសមាជិកគ្រប់អាយុបោះឆ្នោតរបស់គាត់ទៀតផង។ ប្រសិនជាមិនផ្ដិតទេនោះ គាត់បារម្ភខ្លាចមានការលំបាកនៅពេលក្រោយ គឺពេលដែលត្រូវការពឹងពាក់អាជ្ញាធរ នៅពេលណាមួយឲ្យបញ្ជាក់សំបុត្រស្នាមផ្សេងៗ។
មិនខុសគ្នានោះទេ ពលរដ្ឋរស់នៅក្នុងសង្កាត់ដង្កោ និងសង្កាត់អូរឫស្សី២ បានឲ្យដឹងដូចគ្នាដែរថា អាជ្ញាធរភូមិបានព្យាយាមចុះទៅដល់ផ្ទះពួកគាត់ ដើម្បីពន្យល់ និងតម្រូវឲ្យពួកគាត់ផ្ដិតមេដៃលើក្រដាសដែលសរសេរគាំទ្រថា ការបោះឆ្នោតដែលគណបក្សប្រជាជនកម្ពុជា ឈ្នះ និងថា ការបោះឆ្នោតនេះពិតជាមានភាពសេរី និងត្រឹមត្រូវ។
ចំណែកពលរដ្ឋនៅសង្កាត់ចាក់អង្រែលើ និងសង្កាត់បឹងកក់២ ថ្លែងថា ពួកគាត់ខ្លះមិនព្រមផ្ដិតទេ ព្រោះផ្ទុយពីឆន្ទៈរបស់ពួកគាត់ និងម្យ៉ាង ខ្លាចអាជ្ញាធរយកស្នាមមេដៃរបស់ពួកគាត់ប្រើប្រាស់ខុសគោលដៅ។
យ៉ាងក៏ដោយ នៅឯផ្សារអូរឫស្សី និងផ្សារបឹងកេងកង វិញ ក៏មានបញ្ហានេះកើតឡើងដូចគ្នាដែរ។ អាជីវករផ្សារបានសម្ដែងក្ដីបារម្ភថា នៅឯផ្សារអូរឫស្សី សន្តិសុខផ្សារបានមកដល់តូបរបស់អាជីវករ ឲ្យពួកគាត់ផ្ដិតមេដៃគាំទ្រលទ្ធផលឆ្នោត ដោយមានកត់លេខតូប ឈ្មោះ និងភេទទៀតផង។ ឯផ្សារបឹងកេងកង វិញ ឲ្យអាជីវករចូលស្នាក់ការផ្សារម្ដង ៤ ទៅ ៥នាក់ ផ្ដិតមេដៃដែរ។
ឆ្លើយតបបញ្ហានេះ សមាជិកសភា និងជាមន្ត្រីជាន់ខ្ពស់ពីគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានបដិសេធចំពោះដំណឹងនេះ។ លោកថា ពីគណបក្សប្រជាជនកម្ពុជា ពុំមានការណែនាំណាមួយឲ្យធ្វើបែបនេះឡើយ។ លោកថា ក្នុងនាមលោកជាមន្ត្រីជាន់ខ្ពស់គណបក្ស លោកនឹងលើកបញ្ហានេះដើម្បីពិនិត្យពិចារណា និងដោះស្រាយ។
ទាក់ទងបញ្ហានេះ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក អ៊ូ វីរៈ បានចាត់ទុកទង្វើនេះថា ខុសច្បាប់ និងរំលោភសិទ្ធិមនុស្ស។ លោកថា បញ្ហានេះរឹតតែធ្វើឲ្យមានភាពចលាចលសង្គមកាន់តែខ្លាំងឡើង។
ទម្លាប់របស់អ្នកនយោបាយបែបនេះ បានកើតមានស្ទើររាល់អាណត្តិ នៅក្រោយពេលប្រកាសលទ្ធផលឆ្នោតបណ្ដោះអាសន្នម្ដងៗ។ មុនឈានរកដំណោះស្រាយនយោបាយ ភាគីនីមួយៗតែងតែស្វែងរកសំឡេងគាំទ្រពីមហាជនរៀងៗខ្លួន។ ក្នុងនោះ មានជារបៀបផ្ដិតមេដៃលើញត្តិគាំទ្រលទ្ធផលឆ្នោត និងកៀងគរកម្លាំងធ្វើបាតុកម្មប្រឆាំង ឬមិនគាំទ្រលទ្ធផលឆ្នោតជាដើម។ ការបង្ខំឲ្យផ្ដិតមេដៃគាំទ្រនេះ បានកើតឡើងក្នុងពេលមានវត្តមាន ទាហាន ប៉េអិម ប៉ូលិស ច្រើនខុសប្រក្រតីនៅតាមដងផ្លូវ នៅរាជធានីភ្នំពេញ រួមជាមួយដំណឹងអំពីការចល័តកងទ័ព និងរថពាសដែកចូលមកទីក្រុងទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
