សង្គម​ស៊ីវិល​ខក​ចិត្ត​ចំពោះ​ចំនួន​តំណាង​រាស្ត្រ​ជា​ស្ត្រី​ថយ​ចុះ

លទ្ធផល​ផ្លូវ​ការ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ ដែល​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី៨ ខែ​កញ្ញា បង្ហាញ​ថា តំណាង​រាស្ត្រ​ជា​ស្ត្រី​មាន​តែ ២៥​នាក់ ក្នុង​ចំណោម​តំណាង​រាស្ត្រ​សរុប ១២៣​នាក់។

0:00 / 0:00

តួលេខ​នេះ នាំ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល មើល​ឃើញ​ថា នយោបាយ​ជាតិ រួម​មាន​ការ​សម្រេច​ដាក់​ឲ្យ​បាន​តំណាង​ស្ត្រី​កើន​ដល់ ៣០% នៅ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥ មិន​សម្រេច​បាន​តាម​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​របស់​ប្រទេស​កម្ពុជា ទេ។

អង្គការ​សង្គម​ស៊ីវិល សម្ដែង​នូវ​ការ​ខក​ចិត្ត​ចំពោះ​សមាសភាព​សមាជិក​រដ្ឋសភា​អាណត្តិ​ទី៥ ដោយសារ​ចំនួន​សមាជិក​ជា​ស្ត្រី​ធ្លាក់​ចុះ​ជាង​អាណត្តិ​មុន។

មន្ត្រី​សម្រប​សម្រួល​គម្រោង​លើក​ស្ទួយ​សមាសភាព​ស្ត្រី​ក្នុង​វិស័យ​នយោបាយ របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ជរ ច័ន្ទធីតា ថ្លែង​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី១០ ខែ​កញ្ញា ថា លទ្ធផល​ផ្លូវ​ការ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ ដែល​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ចេញ​ផ្សាយ​នា​ថ្ងៃ​ទី៨ ខែ​កញ្ញា ឆ្នាំ​២០១៣ បង្ហាញ​ថា តំណាង​រាស្ត្រ​ជា​ស្ត្រី​មាន​តែ ២០,៣៣% គឺ​មាន​តែ ២៥​នាក់ ក្នុង​ចំណោម ១២៣​នាក់។

តួលេខ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ភាគរយ​ស្ត្រី​ជាប់​ឆ្នោត​ថយ​ចុះ​ជាង​អាណត្តិ​ឆ្នាំ​២០០៨។ តែ​ទោះ​ជា​យ៉ាង​ណា ចំនួន​ស្ត្រី​ក្នុង​សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​ការ​ប្ដូរ​ចូល កើន​ច្រើន​ខុស​ពី​បញ្ជី​បេក្ខជន​មុន​នឹង​មាន​ការ​ប្រកាស​ផ្សាយ​លទ្ធផល​ឆ្នោត​ផ្លូវ​ការ៖ «ក្រៅ​ពី​ចំនួន យើង​គិត​ពី​គុណភាព​ម្តង។ ការ​តាម​ដាន​ទៅ​លើ​ការ​អនុវត្ត​ជាក់ស្តែង ក៏​ដូច​ជា​ការ​ឆ្លើយ​តប​ទៅ​លើ​បញ្ហា​ដែល​ជា​តម្រូវ​ការ​ជាក់ស្តែង​របស់​ស្ត្រី ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​ផង​ដែរ»

ចំណែក​នាយិកា​អង្គការ​សីលការ (SILAKA) អ្នកស្រី ធីតា ឃិះ ថ្លែង​ថា ការ​ថយ​ចុះ​ចំនួន​សមាជិក​ស្ត្រី​នៅ​ក្នុង​រដ្ឋសភា ជា​ការ​ថយ​ចុះ​នូវ​គោល​នយោបាយ យេនឌ័រ របស់​រាជ​រដ្ឋាភិបាល។ អ្នកស្រី​ថា មុន​បោះ​ឆ្នោត រាជ​រដ្ឋាភិបាល​សន្យា​ថា​នឹង​បង្កើន​ចំនួន​តំណាង​ស្ត្រី​ឲ្យ​បាន​យ៉ាង​ហោច ៣០% នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី៥។ ប៉ុន្តែ លទ្ធផល​ផ្លូវ​ការ គឺ​ទាប​ជាង​ការ​គ្រោង​ទុក។ អ្នកស្រី​បន្ត​ថា ចំពោះ​ការ​តាម​ដាន​ការងារ​ស្ត្រី​ក្នុង​ការ​ជួយ​ស្ត្រី​នៅ​អាណត្តិ​មុន តំណាង​រាស្ត្រ​បក្ស​ប្រឆាំង គឺ​អ្នកស្រី មូរ សុខហួរ បាន​សុំ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​បណ្ដោះ​អាសន្ន​សកម្មភាព​បញ្ជូន​ពលការី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី។

អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ទទួល​បន្ទុក​ការ​ជួញ​ដូរ​មនុស្ស និង​អ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី បាន​សុំ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​តឹងរ៉ឹង​ចំពោះ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​បរទេស។ ចំណែក អ្នកស្រី ប៊ុន រានី ហ៊ុន សែន ជា​ស្ត្រី​ដែល​ផ្តល់​កិត្តិយស​ដល់​ប្រទេស​កម្ពុជា គាត់​ទទួល​កិត្តិយស​ជា​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត។ ចំណែក អ្នកស្រី ម៉ែន សំអន បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដាក់​បញ្ចូល​ស្ត្រី​ឲ្យ​ធ្វើ​ការ​ជា​អ្នក​ដឹកនាំ​ខេត្ត ស្រុក ឃុំ ជា​រដ្ឋលេខាធិការ​ក្រសួង មន្ទីរ ខណ្ឌ បាន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់៖ «ចំនួន​ដែល​មាន​នៅ​ក្នុង​បញ្ជី​បេក្ខភាព​ហ្នឹង គឺ​ស្ត្រី​នៅ​ជួរ​ក្រោម ដូច្នេះ​ខាង​គណបក្ស​ប្រឆាំង​ក៏​អត់​សូវ​មាន​ចំនួន​ស្ត្រី​ដែរ។ ដល់​គណបក្ស​ប្រជាជន ក៏​គាត់​មាន​ស្ត្រី​ច្រើន​ដែរ ប៉ុន្តែ​មិន​មែន​ដាក់​នៅ​ជួរ​លើ​បំផុត ដូច្នេះ​ដល់​ពេល​ជាប់​ទៅ ថ្លឹងថ្លែង​មើល​ទាំង​ពីរ ឃើញ​ធ្លាក់​ចុះ​ច្រើន»

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង ថ្លែង​ថា ចំនួន​សមាជិក​ស្ត្រី​នៅ​ក្នុង​រដ្ឋសភា​ធ្លាក់​ចុះ មក​ពី​ការ​បរាជ័យ​នៃ​យុទ្ធសាស្ត្រ​អប់រំ​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​មិន​បាន​ជំរុញ​ឲ្យ​ស្ត្រី​ចូល​រួម​ប្រឡូក​ក្នុង​ឆាក​នយោបាយ​បាន​ច្រើន។ ទន្ទឹម​នោះ ស្ត្រី​មួយ​ចំនួន​កំពុង​ប្រឡូក​ក្នុង​នយោបាយ​ហើយ តែ​បែរ​ជា​ដល់​អាយុ​ចូល​និវត្តន៍​ទៅ​វិញ។ ទាំង​នេះ ក៏​ជា​បញ្ហា​មួយ​ដែល​នាំ​ឲ្យ​ស្ត្រី​នៅ​ក្នុង​តំណែង​នយោបាយ​ថយ​ចំនួន​ដែរ៖ «ជា​ការ​បរាជ័យ​ដែរ​របស់​គណបក្ស​នយោបាយ ដែល​គាត់​ខកខាន ឬ​គាត់​មិន​អាច​ជ្រើស​រើស​បាន​បេក្ខជន​ជា​ស្ត្រី​ល្អ ឬ​ក៏​បើក​ចំហ​ចំពោះ​បេក្ខជន​ជា​ស្ត្រី។ ការ​បរាជ័យ​នេះ គឺ​បរាជ័យ​ទាំងអស់​គ្នា ប៉ុន​គ្រាន់​ថា ខាង​រដ្ឋាភិបាល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ធំ ហើយ​បន្តបន្ទាប់​មក​មាន​គណបក្ស​នយោបាយ មាន​សង្គម​ស៊ីវិល»

សេចក្តី​ថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី១០ ខែ​កញ្ញា បង្ហាញ​ថា លទ្ធផល​ឆ្នោត​ប្រកាស​ផ្លូវ​ការ​ដោយ គ.ជ.ប បង្ហាញ​ថា តំណាង​រាស្ត្រ​ជា​ស្ត្រី​នៅ​ក្នុង​រដ្ឋសភា​ថយ​ចុះ ១,៦៧% ធៀប​ជាមួយ​អាណត្តិ​មុន។

លទ្ធផល​ឆ្នោត​ប្រកាស​ផ្លូវ​ការ​ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ មាន​គណបក្ស​ពីរ​ទទួល​បាន​អាសនៈ​ក្នុង​សភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ ស្ត្រី​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា មាន ១៨​រូប។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​ប្រកាស​ជា​ផ្លូវ​ការ​នោះ​នៅ​ឡើយ តែ​បើ​តាម​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​ជា​ស្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ទទួល​បាន ៧​អាសនៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។