ជំហរ​របស់​គណបក្ស​៦​ជុំវិញ​លទ្ធផល​បោះ​ឆ្នោត​បណ្ដោះអាសន្ន​ផ្លូវការ

0:00 / 0:00

គណបក្ស​មួយ​ចំនួន​ក្នុង​ចំណោម​គណបក្ស​ទាំង ៨ ដែល​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ បាន​បង្ហាញ​ពី​ជំហរ​រៀងៗ​ខ្លួន​ជា​បន្តបន្ទាប់​ ចាប់​តាំង​ពី​ក្រោយ​ពេល​លទ្ធផល​បឋម និង​មិន​ផ្លូវ​ការ​ត្រូវ​បាន​ចេញ​ផ្សាយ​មក​ម្ល៉េះ។ ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​យក​លទ្ធផល​ដោយ​ក្ដី​រីក​រាយ។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ បាន​​ខក​ចិត្ត ហើយ​បដិសេធ​មិន​ទទួល​យក​លទ្ធផល​យ៉ាង​ដាច់​អហង្ការ​ទៅ​វិញ។

តើ​គណបក្ស​​នយោបាយ ៦​ទៀត ដែល​មិន​ទទួល​បាន​អាសនៈ​ទាល់​តែ​សោះ​នោះ​ យល់​ឃើញ​យ៉ាង​ណា​ចំពោះ​លទ្ធផល​បណ្ដោះ​អាសន្ន​​ផ្លូវ​ការ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១២ សីហា?

តាម​ការ​គណនា ឬ​បែង​ចែក​ចំនួន​អាសនៈ​សភា​អាណត្តិ​ទី​៥ ក្រៅ​ផ្លូវការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន មាន​អង្គការ​ខុមហ្វ្រែល (Comfrel) ជាដើម បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ​​ទទួល​បាន​​ចំនួន ៦៧ ឬ ៦៨​អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៥៥ ឬ ៥៦​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា។ ក្រៅ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បដិសេធ​មិន​ទទួល​យក​លទ្ធផល​នេះ​ នៅ​មាន​គណបក្ស​ចំនួន ៤​ទៀត ដែល​មាន​គោល​ជំហរ​ស្រដៀង​គ្នា​នេះ។

គណបក្ស​ដែល​មិន​ទទួល​បាន​អាសនៈ​ក្នុង​សភា​ដែល​យល់​ឃើញ​ថា លទ្ធផល​បណ្ដោះ​អាសន្ន​នេះ​ចេញ​ផ្សាយ​ទាំង​មាន​ភាព​មិន​ប្រក្រតី​ រួម​មាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ។

ថ្វី​បើ​មាន​គណបក្ស​ចំនួន ៤​ចាត់​ទុក​ការ​បោះ​ឆ្នោត​ថា មិន​ប្រកប​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ក៏​ដោយ ក៏​មាន​តែ​គណបក្ស​ពីរ​ទេ ដែល​ធ្វើ​ការ​តវ៉ា​ជា​ផ្លូវ​ការ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​ឈប់​ក្រ។ រីឯ​គណបក្ស​ដទៃ​ទៀត​បាន​ត្រឹម​តែ​មិន​សុខ​ក្នុង​ចិត្ត​តែ​ប៉ុណ្ណោះ។

លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​មាន​ប្រសាសន៍​ថា គណបក្ស​លោក​ស្នើ​ឲ្យ គ.ជ.ប ធ្វើ​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ឡើង​វិញ តែ​មិន​ប្រាថ្នា​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ណា​មួយ​នោះ​ទេ​ក្នុង​បំណង​បញ្ចៀស​អំពើ​ហិង្សា៖ «ប្រជុំ​ម្សិលមិញ​ម៉ោង ៩​ល្ងាច គណៈ​អចិន្ត្រៃយ៍​យើង​ខ្ញុំ​សម្រេច​ធ្វើ​លិខិត​មួយ​ទៅ គ.ជ.ប សុំ​ឲ្យ គ.ជ.ប ហ្នឹង ត្រួត​ពិនិត្យ​ឡើង​វិញ​អា​ភាព​មិន​ប្រក្រតី​ស្អីៗ​ដែល​មាន​កាល​បោះ​ឆ្នោត​ហ្នឹង​ណា នៅ​តែ​ទទូច​សុំ​អា​ចំណុច​ហ្នឹង​ឡើង​វិញ»

គេហទំព័រ​សារព័ត៌មាន​ដើម​អម្ពិល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១២ សីហា ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច នឹង​មិន​ងាក​ទៅ​គាំទ្រ​គណបក្ស​ប្រឆាំង​របស់​លោក​ សម​ រង្ស៊ី​ នោះ​ឡើយ​ ទោះ​បី​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ​ធម្មិកោ​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្លាប់​បាន​បញ្ចុះ​បញ្ចូល​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទៅ​រួម​រស់​ជាមួយ​គណបក្ស​ប្រឆាំង​មួយ​នេះ​ក៏ដោយ។

លោក​ ញឹក​ ប៊ុនឆៃ ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​រក្សា​ភាព​ស្ងប់​ស្ងាត់​កុំ​ឲ្យ​ចូល​រួម​នៅ​ក្នុង​មហា​បាតុកម្ម​ណា​មួយ​ប្រសិន​បើ​មាន ពិសេស​គណបក្ស​នេះ​ គាំទ្រ​នូវ​ព្រះរាជសារ​របស់​ព្រះ​មហាក្សត្រ​ ដែល​សុំ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​ដោយ​សន្តិវិធី​រវាង​គណបក្ស​ទាំង​ពីរ​ដែល​មាន​អាសនៈ​ នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥។

ផ្ទុយ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​គណបក្ស​កាន់​អំណាច ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ លោក ក្រវ៉ាញ ដារ៉ន បាន​ឲ្យ​ដឹង​ថា គណបក្ស​លោក​មិន​អាច​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត​នេះ​បាន​ទេ ព្រោះ​ការ​បោះ​ឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ភាព​មិន​ប្រក្រតី ចាប់​តាំង​ពី​មុន​ពេល​បោះ​ឆ្នោត​ រហូត​ដល់​ថ្ងៃ​បោះ​ឆ្នោត។

លោក​បាន​បង្ហាញ​ពី​ឆន្ទៈ​របស់​គណបក្ស​ខ្លួន​ថា នឹង​ពិចារណា​ចូល​រួម​ធ្វើ​បាតុកម្ម​អហិង្សា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​មិន​ទទួល​បាន​ដំណោះ​ស្រាយ​សម​ស្រប៖ «ចង់​ធ្វើ​ឲ្យ​ធំ​តែ​មួយ​តែ​ម្ដង​ ឲ្យ​ខ្លាំង​តែម្ដង ហើយ​យើង​រក Strategy (យុទ្ធសាស្ត្រ) យុទ្ធវិធី ធ្វើ​ហ្នឹង​គឺ​ធ្វើ​ឲ្យ​បាន​ជោគជ័យ ឲ្យ​មាន​សុវត្ថិភាព ឲ្យ​មាន​សន្តិភាព កុំ​ឲ្យ​មាន​ការ​វាយ​តប់ ឬ​ក៏​ប៉ះពាល់​ដល់​ទៅ​អាជីវកម្ម ការ​រក​ស៊ី ឬ​ក៏​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​យើង​ទាំង​មូល»

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​ជំហរ​ថា ការ​ធ្វើ​បាតុកម្ម​គឺ​គ្រាន់​តែ​ជា​ជម្រើស​ចុង​ក្រោយ​ប៉ុណ្ណោះ។

ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក​ ខឹម វាសនា​ បាន​ចាត់​ទុក​លទ្ធផល​បោះ​ឆ្នោត​នេះ​ថា មិន​អាច​ទទួល​យក​បាន​ទេ ដោយ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​មិន​ប្រក្រតី​ជា​ច្រើន​មិន​ខុស​ពី​អាណត្តិ​មុនៗ​នោះ​ទេ៖ «លទ្ធផល​ហ្នឹង​ទទួល​យក​មិន​បាន​ទេ។ ទី​មួយ​អ្វី​ដែល​យើង​សង្កេត​ឃើញ​នោះ សន្លឹក​ឆ្នោត​របស់​យើង​វា​តិច​ជាង​គណបក្ស​តូចៗ ដែល ៥​ឆ្នាំ​គាត់​មក​ឃោសនា​ម្ដង ហើយ​សន្លឹក​ឆ្នោត​របស់​យើង​វា​តិច​ជាង​គណបក្ស​អស់​ហ្នឹង​ទៅ​ទៀត។ អា​លទ្ធផល​ដែល​ចេញ​មក​ហ្នឹង​ វា​ខុស​ពី​លទ្ធផល​ដែល​យើង​បាន​បូក​តាម​ការិយាល័យ​ហ្នឹង។ ចេញ​ដោយ​គណបក្ស​ប្រជាជន​ផង គណបក្ស សម រង្ស៊ី ចេញ​ដោយ​អង្គការ​សង្គម​ស៊ីវិល។ កាល​មុន​យើង​មាន​សន្លឹក​ឆ្នោត​ជិត ៧​ម៉ឺន ខ្វះ​តែ​ប៉ុន្មាន​រយ ដល់​ពេល គ.ជ.ប ចេញ​មក​ យើង​បាត់​សន្លឹក​ឆ្នោត​ជាង ១​ពាន់​ទៅ​ទៀត។ យើង​ថា​វា​បាន​តិច​ស្រាប់​ហើយ ស្រាប់​តែ​មក​ដល់​ពេល​ហ្នឹង យើង​ឃើញ​បាន​តិច​ហួស​អ្វី​ដែល​គេ​បាន​ដឹង​ឮ​គ្រប់​គ្នា​ហ្នឹង​ទៅ​ទៀត ហេតុ​អី​បាន​ទៅ​អ៊ីចឹង? អា​ហ្នឹង​ជា​សញ្ញា​មួយ​ដែល​យើង​ឃើញ​ថា​មាន​ភាព​មិន​ប្រក្រតី​ផ្សេងៗ​ទៀត វា​ដូច​តែ​រាល់​​អាណត្តិ​អ៊ីចឹង»

ស្រដៀង​គ្នា​នេះ​ដែរ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ ដែល​មាន​អ្នកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា ជា​ប្រធាន​ក៏​យល់​ថា ការ​បោះ​ឆ្នោត​នេះ​មិន​មាន​យុត្តិធម៌​ដែរ​ ប៉ុន្តែ​អ្នកស្រី​ក៏​មិន​ធ្វើ​ការ​តវ៉ា​ដូច​គណបក្ស​ដទៃ​ទេ។ អ្នកស្រី​បែរ​ជា​សង្ឃឹម​ថា រដ្ឋាភិបាល​ដែល​កើត​ពី​គណបក្ស​ឈ្នះ​ឆ្នោត​នឹង​ចែក​រំលែក​អាសនៈ​ឲ្យ​គណបក្ស​តូចៗ​ ដូច​ជា​គណបក្ស​របស់​អ្នកស្រី​ទៅ​វិញ៖ «ឲ្យ​តែ​គាត់​ប្រកួត​ប្រជែង​គ្នា ពួក​យើង​អាចក់​អាចែម​នៅ​តាម​ក្រោយ​គាត់​ហ្នឹង​ណា។ បើ​គេ​ធ្វើ​ម៉េច​ យើង​ធ្វើ​អ៊ីចឹង​តាម​ទៅ​ បើ​គេ​អាណិត​យើង គេ​ឲ្យ​យើង​ទៅ​ ដូច​ខ្ញុំ​និយាយ​អ៊ីចឹង​ បើ​សួរ​កម្លាំង​ខ្ញុំ បើ​ឥឡូវ បើ​សួរ​ខ្ញុំ​វិញ​ថា ខ្ញុំ​យល់​ព្រម​ទេ រឿង​អី​ខ្ញុំ​សុខ​ចិត្ត​ចាញ់។ ពួក​កីឡាករ​គេ​មិន​ដែល​សុខ​ចិត្ត​ចាញ់​ទេ ពួក​យើង​ជា​អ្នក​នយោបាយ​ យើង​ចង់​តែ​ឈ្នះ​ដូច​គ្នា។ ប៉ុន្តែ​បើ​សិន​ជា​គាត់​ឲ្យ​យើង​ទទួល​ដៃ​ពីរ​យក​ភ្លាម ព្រោះ​ទោះ​បី​យើង​មួយ​កៅអី​ក៏​ដោយ​ មួយ​ចំហៀង​កៅអី​ក៏​យើង​យក​ដែរ ព្រោះ​យើង​ចង់​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ»

ជុំវិញ​ការ​ព្រួយ​បារម្ភ​ពី​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត អ្នកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា បាន​អំពាវ​នាវ​ឲ្យ​មេ​ដឹកនាំ​គណបក្ស​ទាំង​អស់​ឲ្យ​តម្កល់​ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ធំ ហើយ​ចៀស​វាង​ការ​គេចវេះ​ក្នុង​ពេល​ប្រទេស​ជាតិ​កំពុង​មាន​បញ្ហា។

ចំពោះ​គណបក្ស​ពីរ​ទៀត​វិញ រួម​មាន​គណបក្ស​សញ្ជាតិ​កម្ពុជា​ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច មិន​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត ឬ​រិះ​គន់​ពី​ដំណើរ​ការ​បោះ​ឆ្នោត​ដូច​គណបក្ស​ដទៃ​ទៀត​នោះ​ទេ។

ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា លោក សេង សុខេង យល់​ថា​ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​បាន​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ជម្រើស​របស់​ប្រជាពលរដ្ឋ៖ «តាំង​ពី​ចាប់​ផ្ដើម​នៃ​ការ​ឃោសនា រហូត​មក​ដល់​ឥឡូវ​ហ្នឹង ខ្ញុំ​នៅ​ប្រកាន់​ជំហរ​មួយ​ថា​ ទោះ​បី​ជា​ការ​រំពឹង​ទុក​របស់​ខ្ញុំ​ជាមួយ​នឹង​លទ្ធផល​ហ្នឹង​វា​ខុស​គ្នា​ក៏​ដោយ ប៉ុន្តែ​គណបក្ស​សញ្ជាតិ​កម្ពុជា គឺ​គោរព​ទៅ​តាម​ឆន្ទៈ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ»

អនុ​ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ លោក លឹម សំណាង បាន​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា លទ្ធផល​នេះ​គឺ​អាច​ទទួល​យក​បាន​ដោយ​បាន​ផ្ដល់​ទំនុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត៖ «ពួក​ខ្ញុំ​ទទួល​យក​បាន​ព្រោះ​ថា យើង​វា​បាន​ប្រគល់​ការងារ​ទាំង​អស់​ជូន គ.ជ.ប តាំង​ពី​មុន​នោះ ព្រោះ​យើង​វា​អត់​មាន​អ្នក​សង្កេតការណ៍​គ្រប់...។ អ៊ីចឹង​យើង​ថា យើង​សុខ​ចិត្ត។ គ.ជ.ប. អ៊ីចឹង​ការងារ​ទាំង​អស់​ហ្នឹង យើង​ទទួល​យក​ទាំង​អស់»

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា កន្លង​ទៅ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​រក​ឃើញ​ថា ត្រូវ​បាន​រៀប​ចំ​ឡើង​ទាំង​មាន​ភាព​ប្រក្រតី​ជា​ច្រើន​បាន​កើត​ឡើង​ទាំង​មុន​និង​ក្នុង​ថ្ងៃ​បោះ​ឆ្នោត។ រហូត​មក​ទល់​នឹង​ពេល​នេះ​ មិន​ទាន់​មាន​ការ​ចុះ​សម្រុង​គ្នា​រវាង​គណបក្ស​ដែល​ទទួល​បាន​អាសនៈ​ក្នុង​សភា​នៅ​ឡើយ​ទេ។ ទាំង​គណបក្ស​កាន់​អំណាច ទាំង​គណបក្ស​ប្រឆាំង សុទ្ធ​សឹង​តែ​អះអាង​ពី​ជ័យ​ជម្នះ​រៀង​ៗ​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។