ព្រះសង្ឃ និងពលរដ្ឋប្រមាណជាង ១០០នាក់និងអង្គ នាំគ្នាដង្ហែក្បួនដាក់ញត្តិតវ៉ាតាមស្ថានទូតនានា ទាមទារឲ្យតុលាការឲ្យដោះលែងសកម្មជនដីធ្លី ១០នាក់ និងព្រះសង្ឃ ៣អង្គ ដែលសមត្ថកិច្ចចាប់ឃុំខ្លួន និងស្នើដល់អង្គទូតទាំងអស់ ចូលរួមសង្កេតការណ៍អង្គសវនាការលើព្រះតេជព្រះគុណ លួន សុវ៉ាត នៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ វិច្ឆិកា ខាងមុខនេះ។
នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ជាពិសេសនៅមុខស្ថានទូតនានា នៅថ្ងៃទី១៨ វិច្ឆិកា មានសភាពអ៊ូអរខុសពីសព្វដង និងមានសម្រែកយ៉ាងកងរំពងចេញពីបំពង់កពលរដ្ឋដោយផ្ទាល់ និងតាមមេក្រូ ទាមទាររកយុត្តិធម៌ចំពោះការចាប់ព្រះសង្ឃ និងសកម្មជនដីធ្លីដាក់ពន្ធនាគារ៖ «សូមជួយឲ្យតុលាការដោះលែងអ្នកទាំងនោះជាបន្ទាន់...ដោះលែង...»។
ទន្ទឹមនឹងការស្រែកទាមទារនេះ នៅមានញត្តិពីរដាច់ដោយឡែកពីគ្នា ប៉ុន្តែមានការដង្ហែក្បួនគាំទ្ររួមគ្នាទៅគ្រប់ស្ថានទូតនានា ស្ថាប័នអន្តរជាតិធំៗនៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះរួមមានស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតអង់គ្លេស និងស្ថានទូតបារាំង អូស្ត្រាលី និងសហគមន៍អឺរ៉ុប ជាដើម ប៉ុន្តែមិនមានការប៉ះទង្គិចគ្នារវាងកងកម្លាំងសមត្ថកិច្ច ជាមួយក្រុមអ្នកហែក្បួននោះទេ។ ញត្តិទីមួយរបស់ក្រុមព្រះសង្ឃដែលដឹកនាំដោយ ព្រះតេជព្រះគុណ លួន សុវ៉ាត សុំអង្គទូតនានាចូលរួមសង្កេតការណ៍អង្គសវនាការលើព្រះតេជព្រះគុណ នៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៥ វិច្ឆិកា ខាងមុខនេះ។
កាលពីថ្ងៃទី២២ តុលា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បង្គាប់ឲ្យព្រះតេជព្រះគុណ លួន សុវ៉ាត ចូលសវនាការនៅម៉ោង ៨ព្រឹកថ្ងៃទី២៥ វិច្ឆិកា ក្រោមបទចោទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ បទក្បត់ជាតិ និងបទប្រឆាំងការបោះឆ្នោត។
ជាថ្មីម្តងទៀត ព្រះតេជព្រះគុណ លួន សុវ៉ាត មានថេរដីកាប្រកាសជាសាធារណៈនៅមុខស្ថានទូតថា ព្រះអង្គពុំបានប្រព្រឹត្តដូចការចោទប្រកាន់នេះទេ ហើយថាការកោះហៅសាកសួររឿងនេះ គឺជាការប្រមាថលើសិទ្ធិព្រះសង្ឃ ដោយមិនប្រើស្ថាប័នព្រះសង្ឃមកដោះស្រាយ ហើយប្រើប្រព័ន្ធតុលាការមកដើរតួជំនួសវិញ៖ «រឿងអីយកមនុស្សអត់សីលមកកាត់ទោសមនុស្សមានសីល? វាមិនដែលមាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ហេតុអីបានជាព្រះសង្ឃត្រូវមានត្រូវចោទប្រកាន់ដោយប្រព័ន្ធតុលាការ។ អាត្មាយល់ថា នេះជាការរំលោភលើអធិបតេយ្យភាពឯករាជ្យភាព ឬក៏រំលោភលើអភ័យឯកសិទ្ធិរបស់ព្រះសង្ឃ»។
ចំណែកមន្ត្រីជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក (adhoc) លោក នី ចរិយា ថ្លែងគាំទ្រព្រះតេជព្រះគុណ លួន សុវ៉ាត៖ «អ៊ីចឹងយើងដឹងហើយថា ព្រះអង្គ លួន សុវ៉ាត ត្រូវបានសម្លាប់មនុស្សប៉ុន្មាននាក់? ដែលជាបទឧក្រិដ្ឋធ្ងន់ធ្ងរ? ដែលទៅបំផ្លាញទ្រព្យសម្បត្តិជាតិត្រង់ណាដែរ? ដែលយើងចាត់ទុកថាជាអំពើក្បត់ជាតិនោះ? ទោសក្បត់ជាតិនេះធ្ងន់ណាស់ ក្បត់ជាតិលុះត្រាតែយើងលក់ជាតិលក់ទឹកដី វាធ្ងន់ធ្ងរណាស់»។
លោកបន្តថា ការចាប់ចងព្រះសង្ឃស្រាតស្បង់ចីវរ ដោយមិនបានធ្វើពិធីផ្សឹកធ្វើតាមធម៌វិន័យព្រះពុទ្ធសាសនានោះ គឺជាការរំលោភច្បាប់ទាំងស្រុង៖ «ទោះជាហៅសាកសួរក៏មិនបានដែរ ព្រោះដូចជាយើងមានស័ក្តិ គឺគេគោរពស័ក្ដិ ហើយអ្នកមានស័ក្ដិយសនេះ គេមិនឲ្យចូលទៅកន្លែងដែលត្រូវសាកសួររបៀបអ្នកទោសទេ ព្រោះវាប៉ះពាល់ដល់ស័ក្ដិយសហ្នឹង ព្រោះស័ក្ដិយសនេះបានមកជាតំណាងព្រះមហាក្សត្រ ហើយពុទ្ធសាសនា គឺតំណាងឲ្យអ្នកគោរពពុទ្ធសាសនាទាំងមូល មិនមែនតែប្រទេសយើងទេ គឺប្រទេសទូទាំងពិភពលោក។ អ៊ីចឹងគេមិនឲ្យយកព្រះពុទ្ធសាសនាធ្វើជាល្បែងចឹងទេ»។
សាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងបើកសវនាការលើករណីព្រះតេជព្រះគុណ លួន សុវ៉ាត នៅថ្ងៃទី២៥ វិច្ឆិកា ខាងមុខ។
ព្រះតេជព្រះគុណមានថេរដីកាថា ព្រះអង្គនឹងនិមន្តទៅចូលរួមសវនាការនៅតុលាការរាជធានីភ្នំពេញ ដើម្បីបកស្រាយការចោទប្រកាន់របស់តុលាការ ដោយមិនភ័យខ្លាចពីការចាប់ខ្លួនឡើយ។
ចំណែកញត្តិរបស់សកម្មជនដីធ្លីវិញ មានសរសេរអក្សរពណ៌ក្រហមដាក់ថា “SOS” Beong Kok (អេស.អូ.អេស បឹងកក់)។ ខ្លឹមសារញត្តិនោះ អំពាវនាវសុំឲ្យអង្គទូតទាំងអស់ ជួយអន្តរាគមន៍ជាបន្ទាន់ទៅរាជរដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងសកម្មជនដីធ្លីនៅតំបន់បឹងកក់ និងនៅតំបន់ផ្សេងទៀត ព្រមទាំងព្រះសង្ឃដែលអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១០ វិច្ឆិកា នៅមុខសាលារាជធានីភ្នំពេញ និងនៅថ្ងៃទី១១ វិច្ឆិកា នៅមុខសាលាដំបូងរាជធានីភ្នំពេញ។
ញត្តិដែលបានដាក់ទៅគ្រប់ស្ថានទូតនោះ ត្រូវបានមន្ត្រីស្ថានទូតចេញមកទទួលយក ប៉ុន្តែពុំទាន់មានការឆ្លើយតបថាយ៉ាងណានៅឡើយទេ។
មន្ត្រីសិទ្ធិមនុស្ស សម្ដែងក្តីព្រួយបារម្ភចំពោះស្ថាប័នតុលាការ ដែលធ្វើសកម្មភាពចាប់ព្រះសង្ឃ ពលរដ្ឋដែលមានជម្លោះដីធ្លីយ៉ាងគំហុកនៅដំណាក់ការចុងក្រោយនេះ ហើយថាករណីនេះ ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិបញ្ចេញមតិ ឬការតស៊ូមតិក្នុងសង្គមកម្ពុជា បច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
