លោក ហ៊ុន សែន អំពាវនាវ​​ពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​បក្ស​ប្រជាជន

ដោយ សុខ សេរី
2013-03-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
បោះ​ឆ្នោត បាត់ដំបង ៣០៥
ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នៅ​ក្នុង​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​៣ មិថុនា ឆ្នាំ​២០១២។
RFA/Soun Sophalmony

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា បាន​ប្រកាស​សុំ​ឲ្យ​ប្រជាពលរដ្ឋ​នានា​ទៅ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គាំទ្រ​ឲ្យ​លោក​បន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​នីតិកាល​ទី​៥ ក្នុង​ការ​បោះ​ឆ្នោត​សកល​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ខាង​មុខ​នេះ។ ការ​ឃោសនា​នេះ​ធ្វើ​ឡើង​មុន​​ថ្ងៃ​ដែល​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​កំណត់។

ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ប្រកាស​ស្វែង​រក​ការ​គាំទ្រ​បែប​នេះ គឺ​ក្រោយ​ពី​សមាជ​វិសាមញ្ញ​រយៈពេល ២​ថ្ងៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ថ្មីៗ​នេះ បាន​ឯកភាព​ជា​ឯកច្ឆន្ទ គាំទ្រ​បេក្ខភាព​របស់​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​សម្រាប់​នីតិកាល​ទី​៥ ខាង​មុខ​នេះ និង​នីតិកាល​បន្ត​បន្ទាប់​ទៀត។

ការ​ប្រកាស​នេះ គឺ​នៅ​ក្នុង​កាស​នៃ​ពិធី​សម្ពោធ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​បៃតង និង​ការ​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​បៃតង និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​បៃតង​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០៣០ នៅ​ឯ​វិមាន​សន្តិភាព ដោយ​មាន​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​តំណាង​ស្ថានទូត​បរទេស​ជា​ច្រើន​ចូល​រួម​ដែរ។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា មេដឹកនាំ​គណបក្ស​នយោបាយ​ប្រឆាំង​មាន​សិទ្ធិ​ឃោសនា​បោះ​ឆ្នោត​នៅ​ពេល​នេះ គឺ​មិន​ទាន់​ដល់​ពេល​កំណត់​ដែល​អនុញ្ញាត​ឲ្យ​ឃោសនា​នៅ​ឡើយ​ទេ។ ដូច្នេះ​លោក​ក៏​មាន​សិទ្ធិ​ឃោសនា​ដែរ ក្រោយ​ពី​លោក​បាន​ទទួល​ការ​គាំទ្រ​ជា​ផ្លូវ​ការ​ក្នុង​សមាជ​វិសាមញ្ញ​ថ្មីៗ​នេះ៖ «ហើយ​គណបក្ស​បាន​អនុម័ត​គាំទ្រ​ផ្លូវ​ការ...។ កន្លង​ទៅ​គ្រាន់​តែ​ថា ក្រៅ​ផ្លូវការ​ទេ ឥឡូវ​ខ្ញុំ​ចេញ​សារ​ពី​ទី​នេះ​តែម្ដង បើ​ស្រឡាញ់ បើ​អាណិត បើ​ជឿ​ទុក​ចិត្ត ហ៊ុន សែន ត្រូវ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ទៅ​ដល់​ទី​ណា​ក៏​ខ្ញុំ​និយាយ​តែ​ភាសា​ហ្នឹង​ដែរ ពីព្រោះ​អ្នក​ដទៃ​ក៏​គេ​និយាយ​ថា ដើម្បី​សង្គ្រោះ​ប្រទេស សង្គ្រោះ​ស្អី​ណា​ត្រូវ​បោះ​ឆ្នោត​ឲ្យ​គេ​ទៅ សង្គ្រោះ​ស្អី​ម៉ោង​នេះ? ជំនាន់​អា ពត ម៉េច​មិន​មក​សង្គ្រោះ?»

លោក​បាន​លើក​ឡើង​ថា ករណី​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ត្រូវ​បាន​យោធា​ធ្វើ​រដ្ឋ​ប្រហារ​ខុស​ច្បាប់​ទម្លាក់​ចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី នៅ​ប្រទេស​ថៃ កន្លង​មក ហើយ​គណបក្ស​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវ​បាន​តុលាការ​បញ្ជា​ឲ្យ​រំលាយ​ចោល និង​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវ​បាន​គេ​រារាំង​មិន​ឲ្យ​ចូល​ប្រទេស​ថៃ​ទៀត រហូត​ដល់​ពេល​នេះ ប៉ុន្តែ​គ្មាន​សហគមន៍​អន្តរជាតិ​ណា​ហ៊ាន​តវ៉ា​ឲ្យ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ វិល​ចូល​ថៃ វិញ​ទេ ដោយ​គេ​ឃើញ​ថា ថៃ​មាន​សេដ្ឋកិច្ច​រឹងមាំ ផ្ដល់​អត្ថប្រយោជន៍​ដល់​គេ ដូច្នេះ​គេ​មិន​ហ៊ាន​ឲ្យ​ថៃ អន់​ចិត្ត​ទេ។

រី​ឯ​នៅ​កម្ពុជា ជា​ប្រទេស​ក្រីក្រ ករណី​លោក សម រង្ស៊ី គឺ​ជា​ករណី​ផ្លូវ​ច្បាប់ និង​មិន​មែន​ជា​អ្នក​ទោស​នយោបាយ​ទេ ហើយ​គណបក្ស​របស់​លោក សម រង្ស៊ី ក៏​មិន​ត្រូវ​បាន​រំលាយ​ចោល​ដែរ ប៉ុន្តែ​គណបក្ស​នានា​មាន​សិទ្ធិ​ចូល​រួម​បោះ​ឆ្នោត​ស្មើ​ភាព​គ្នា។ លោក​បាន​ចោទ​សួរ​ថា ហេតុ​អ្វី​បាន​ជា​គេ​ទាមទារ​ឲ្យ​លោក សម រង្ស៊ី ចូល​មក​កម្ពុជា​វិញ សម្រាប់​ការ​បោះ​ឆ្នោត?

ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា បើ​សិន​ណា​លោក ហ៊ុន សែន មាន​ការ​ជឿ​ទុក​ចិត្ត​ថា ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ គាត់​ត្រូវ​តែ​បើក​ផ្លូវ​ឲ្យ​លោក សម រង្ស៊ី ចូល​មក​កម្ពុជា ដើម្បី​ប្រកួត​ប្រជែក​ក្នុង​ការ​បោះ​ឆ្នោត​សកល​ខាង​មុខ​នេះ។

លោក សុន ឆ័យ៖ «យើង​និយាយ​អំពី​ការ​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣ បើ​គាត់​ជា​មិន​កំសាក សុំ​ឲ្យ​គាត់ (លោក ហ៊ុន សែន) ឲ្យ​មេ​បក្ស​ដែល​ប្រកួត​ប្រជែង​ជាមួយ​គាត់​នោះ (លោក សម រង្ស៊ី) មក​ប្រកួត​ប្រជែង ...គេ​មិន​ដែល​ប្រយុទ្ធ​គ្នា​តែ​ម្ខាង​ហើយ​អួត​ខ្លួន​ថា​ពូកែ​ទេ»

ទាក់ទង​នឹង​ដំណើរ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ លោក ហង្ស ពុទ្ធា ជា​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (Necfic) បាន​មាន​ប្រសាសន៍​ថា រដូវ​ឃោសនា​បោះ​ឆ្នោត​មិន​ទាន់​ឈាន​មក​ដល់​ទេ ប៉ុន្តែ​អ្នក​ដឹកនាំ​នយោបាយ​តែងតែ​ឆ្លៀត​ឱកាស​ស្វែង​រក​ការ​គាំទ្រ​រៀងៗ​ខ្លួន៖ «អ៊ីចឹង​ទោះ​បី​ជា​ឱកាស​ហ្នឹង​មាន​តិច ឬ​ក៏​មាន​ច្រើន វា​ហាក់​ដូច​ជា​ទម្លាប់​របស់​អ្នក​នយោបាយ​ខ្មែរ​ទៅ​ហើយ»

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ឲ្យ​ដឹង​ថា រដូវ​ឃោសនា​បោះ​ឆ្នោត​គឺ​ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី​២៦ ខែ​កក្កដា។ ថ្ងៃ​ទី​២៧ ខែ​កក្កដា ជា​ថ្ងៃ​ស និង​ថ្ងៃ​ទី​២៨ ខែ​កក្កដា ជា​ថ្ងៃ​បោះ​ឆ្នោត​សកល ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៥។

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បាន​រំពឹង​ថា ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ចំនួន​ជាង ៩​លាន ៦​សែន​នាក់​ទៅ​បោះ​ឆ្នោត​នៅ​មណ្ឌល​បោះ​ឆ្នោត​ចំនួន ២៤​ខេត្ត ក្រុង និង​នៅ​ការិយាល័យ​បោះ​ឆ្នោត​ចំនួន ១៩​ពាន់ ៩​ការិយាល័យ​នៅ​ទូទាំង​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

សរ

ពី PP

បើសំដាច់ដាក់ចិត្តអាណិតរាស្រ្តខ្មែរពិតៗទួទៅទាំងអស់កុំគិតបែងចែកពណ៌
សំបុរថាខុសគ្នាហើយកួនចៅសំដាច់នៅតាមមូលដ្ឋានដាក់ចិត្តដួចនេះបាន
និងឈប់ពឹងលើសំលេងសន្លឹកជួយពីជនអន្តោប្រវេសន៏ទៀតនោះ
ពិសេស ទទួលយកអនុសាសន៏ពីអន្តរជាតិបានទៀតនោះ ពេលនោះ
ទោះទឹកជ្រៅប្រៀបបាននៅតែទឹកថ្លាតែត្រជាក់...ហើយប្រជារាស្ត្រ
ទោះមាននិន្នាការក៏នៅតែនឹកឡើងវិញដែរមុនពេលបោះឆ្នោតមកដល់...
ពុំនោះទេក្នុងពេលបច្ចុប្បន្នរាស្រ្តភាគច្រើនកំពុងមើលឃើញបាតុភាព
អវិជ្ជមានខ្លាំងណាស់ក្នុងផ្លូវចិត្ត សេដ្ឋកិច្ចគ្រួសារ សង្គម មានជំនឿតិច
តួចលើវិស័យសេដ្ឋកិច្ច សុខភាពសង្គម៕ល..នាអនាគត

Mar 21, 2013 10:42 PM

Khmer Farmer

Everything in Cambodia as well as economic development, court system and more, don't do under the term of law, but do under and follow the top leader power. It's a political dirty trick of hypocrite leader, only brainless man believes him. Well educated people and all people who have had a depression and suffered by current leader, they’ll never trust on him.

Mar 21, 2013 12:14 AM

KONW KHMER

ពី PHNOM PENH

TO ALL KHMER:
BEFORE WE DO ANYTHING, WE HAVE TO THINK. FOR VOTING FOR THIS ELECTION IN 2013, YOU DO NOT HAVE TO THINK. " NO VOTING " EITHER WAYS YOU VOTE OR NOT, HUN SEN IS GOING TO WIN. " NO VOTING " MEANS KHMER WIN IN THE INTERNATIONAL LAW. " NO VOTING " MEANS HUN SEN WILL BE OUT OF HIS POWER BY INTERANATIONAL LAW. SO " NO VOTING "

Mar 20, 2013 03:08 AM

អាកឹង

ពី កូឡាំបៀ

ខ្ញុំយល់ថា បើសំដាច់ចាប់ផ្ដើមជួយដោះស្រាយរាល់បញ្ហារ
ដូចករណីជននិងមន្ដ្រីពួកឩកញាពុកឡាលួយឈូសបំផ្លាញ
ផ្ទះប្រជាពលរដ្ឋចាប់ពួកវាដាក់គុកឱ្យអស់រឹបអូសទ្រ័ព្យស
ម្បតិសងប៉ះប៉ូវបានគ្រប់ចំនួនគួរជាទីពេញចិត្ដទៅអ្នកដែល
រងការបាត់បង់គ្រប់ទីកន្លែងក្នុងផ្ទៃប្រទេសទាំងមូល កៅអី
នាយករដ្ឋមន្ដ្រីនេះនិងបានជារបស់សំដាច់អស់ម៉ាជីវិតដោយ
មិនចាំបាច់អំពាវនាវសុំទានអីទេ ១ទៀតរាស្រ្ដចង់បានប្រជា
ធិប្បតេយ្យពិតប៉ាកដកុំឱ្យល្អតាពេលចង់បានសន្លឹកឆ្នោតនោះ ។

Mar 20, 2013 02:43 AM

អ្នក​អាន​អនាមិក

បោះឆ្នោតអោយ គឺបោះតាមយួន ដូចនាំយួនចូលស្រុក !

Mar 19, 2013 11:52 PM

មើល​មតិ​ទាំង​អស់.