លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីសម្ពោធសាលាពុទ្ធិកអនុវិទ្យាល័យ ហ៊ុន សែន សិរីពេជ្រ ខេត្តព្រៃវែង ថ្ងៃទី១៦ ខែឧសភា បានរិះគន់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលបានតាំងព្រះកាយជាអ្នកតំណាងសែរាជវង្ស និងតំណាងសម័យសង្គមរាស្ត្រនិយម ហើយបានចូលរួមធ្វើនយោបាយជាមួយគណបក្សសង្គ្រោះជាតិ។
លោក ហ៊ុន សែន បានលើកយកបទសម្ភាសន៍របស់ព្រះអង្គម្ចាស់ ធម្មិកោ អតីតប្រឹក្សាផ្ទាល់ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ជាមួយវិទ្យុអាស៊ីសេរី ពីថ្ងៃទី១០ ខែឧសភា ដែលតាំងខ្លួនជាតំណាងរាជវង្ស និងតំណាងឲ្យរបបសង្គមរាស្ត្ររាជានិយម និងចោទថា ព្រះអង្គម្ចាស់ ធម្មិកោ ជាអ្នកបំផ្លាញរបបរាជានិយមទៅវិញទេ។
លោក ហ៊ុន សែន ស្នើកុំឲ្យមហាជន ឬអ្នកនយោបាយយល់ច្រឡំចំពោះបន្ទូលរបស់ព្រះអង្គម្ចាស់ ធម្មិកោ ថាអាចជាប់ពាក់ព័ន្ធនឹងព្រះទ័យព្រះមហាក្សត្រ ឬសម្ដេចម៉ែឲ្យសោះ វាគ្រាន់តែជារឿងបុគ្គល ធម្មិកោ ម្នាក់ប៉ុណ្ណោះ មិនជាប់ពាក់ព័ន្ធព្រះមហាក្សត្រ និងសម្ដេចម៉ែទេ។
លោក ហ៊ុន សែន៖ «ធម្មិកោ ជានរណា? ធម្មិកោ គឺជាមនុស្សម្នាក់ដែលផ្ដាច់ផ្ដិលជីវិតរាជានិយម ផ្ដាច់ផ្ដិលជីវិតសង្គមរាស្ត្រនិយម។ អ៊ីចឹងព្រះអង្គមិនចាំបាច់មានមុខមកនិយាយទេ ហើយរាជានិយមក៏មិនមែនជារបស់ព្រះអង្គដែរ គឺរបស់ទាំងអស់គ្នា។ សង្គមរាស្ត្រនិយមស្លាប់បាត់ទៅហើយ។ ព្រះករុណាថា សង្គមរាស្ត្រនិយមស្លាប់បាត់ទៅហើយៗ ចាត់ទុកគណបក្សប្រជាជនកម្ពុជា ជាប្អូនរបស់សង្គមរាស្ត្រនិយម»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដើម្បីបំភ្លឺចំពោះការរិះគន់របស់ប្រមុខដឹកនាំបានទេ នៅថ្ងៃទី១៦ ខែឧសភា។ ប៉ុន្តែកាលពីថ្ងៃទី១០ ខែឧសភា ព្រះអង្គម្ចាស់ ធម្មិកោ មានបន្ទូលថា ព្រះអង្គជាតំណាងឲ្យរាជវង្ស និងរបបសង្គមរាស្ត្រនិយម។ ជាងនេះទៀត ព្រះអង្គ បានស្នើឲ្យម្ចាស់ឆ្នោតជ្រើសរើសរវាងគណបក្សប្រជាជនកម្ពុជា ដែលព្រះអង្គចាត់ទុកជាបក្សកុម្មុយនិស្ត និងគណបក្សសង្គ្រោះជាតិ ដែលព្រះអង្គចាត់ទុកជាគណបក្សដើរតាមរបបសង្គមរាស្ត្រនិយម។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ «ឥឡូវឲ្យបងប្អូនជ្រើសរើសទៅ ជ្រើសរើសរវាងការគ្រប់គ្រងរបៀបកុម្មុយនិស្ត ឬមួយការគ្រប់គ្រងរបៀបសម័យសង្គមរាស្ត្រនិយម ដែលខ្ញុំឈរជាតំណាង។ ទាំងអស់គ្នាគេថា គេចង់ឲ្យមានការដឹកនាំដូចសម័យសង្គមរាស្ត្រនិយម ដែលផ្ដល់សេចក្ដីសុខ សេចក្ដីរីកចំរើន សេចក្ដីយុត្តិធម៌ទៅឲ្យប្រជារាស្ត្រទូទាំងប្រទេសកម្ពុជា។ ដូច្នេះឥឡូវនេះវាច្បាស់ហើយ គ្រប់វេទិកាដែលខ្ញុំបានឆ្លងកាត់ ខ្ញុំនិយាយថា យើងយកជ័យជំនះដើម្បីយករបបសង្គមរាស្ត្រនិយមយកមកគ្រប់គ្រងសាជាថ្មី»។
ក្រៅពីលោក ហ៊ុន សែន រិះគន់នេះ កន្លងមកសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានឧត្ដមទីប្រឹក្សាព្រះមហាក្សត្រ ច្រានចោល និងបានផ្ញើលិខិតជូនលោក ហ៊ុន សែន បដិសេធបន្ទូលព្រះអង្គម្ចាស់ ធម្មិកោ ថាមិនមែនតំណាងឲ្យរាជវង្ស និងសង្គមរាស្ត្រនិយមទេ។ សម្ដេចក្រុមព្រះបានហៅការធ្វើនយោបាយរបស់ព្រះអង្គម្ចាស់ ធម្មិកោ គឺបានអនុវត្តផ្ទុយព្រះរាជចំណាររបស់ព្រះមហាវីរក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ ដែលហាមមិនឲ្យរាជវង្សធ្វើនយោបាយ។
ទាក់ទិនបញ្ហានេះ លោកបណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការ និចហ្វិក (Nicfec) មានប្រសាសន៍ថា ការចូលរួមធ្វើនយោបាយរបស់ព្រះអង្គម្ចាស់ ធម្មិកោ ជាមួយគណបក្សប្រឆាំង ច្បាប់មិនបានហាមឃាត់ទេ គឺបុគ្គលម្នាក់មានសិទ្ធិចូលរួមធ្វើនយោបាយជាមួយបក្សណាមួយដោយគ្មានការហាមឃាត់៖ «ការសម្រេចព្រះទ័យរបស់ព្រះអង្គម្ចាស់ ធម្មិកោ គឺជាសិទ្ធិរបស់ព្រះអង្គ ដែលមានការពារដោយច្បាប់។ ឯចំណែកយុទ្ធសាស្ត្រអ្នកនយោបាយយ៉ាងណាដើម្បីទាក់ទាញការគាំទ្រ ឬដើម្បីឲ្យសាធារណជនមើលឃើញអំពីកិត្យានុភាពរបស់គណបក្សរៀងខ្លួន គឺជារឿងធម្មតារបស់អ្នកនយោបាយទេ»។
ដូចគ្នាដែរ លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម មានប្រសាសន៍ថា បើប្រមុខរដ្ឋាភិបាលមិនចង់ឲ្យសែរាជវង្សធ្វើនយោបាយ គួរអនុញ្ញាតឲ្យរាជវង្សមានតួនាទីនៅក្នុងស្ថាប័នឯករាជ្យផ្សេងៗ ក្នុងជួររដ្ឋាភិបាលឲ្យបានច្រើន៖ «ឧទាហរណ៍៖ ដូចជាតួនាទីរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយ។ តួនាទីរបស់កាកបាទក្រហមកម្ពុជា តួនាទីក្រសួងព្រះបរមរាជវាំង ឬតួនាទីផ្នែកសង្គមកិច្ចផ្សេងៗទៀត ដើម្បីឲ្យសែរាជវង្សដើរតួសំខាន់ៗ។ ឧទាហរណ៍៖ តួនាទីប្រធានកាកបាទក្រហម។ ដូចជាតួនាទីជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ជាស្ថាប័នឯករាជ្យ ហើយសែរាជវង្សដើរតួនាទីឲ្យបានច្រើន...»។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសប្ដូរជីវិតចេញមុខការពារ ព្រះមហាក្សត្រ ឬសម្ដេចម៉ែ មិនឲ្យព្រះរាជាណាចក្រកម្ពុជា បាត់បង់របបរាជនិយមជាដាច់ខាត។
ប្រមុខដឹកនាំបានព្រមានព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ថា គ្មានសិទ្ធិប្រើពាក្យជាអ្នកការពាររបបរាជានិយម ឬជាអ្នកការពារព្រះមហាក្សត្រនោះទេ។ ប៉ុន្តែបើតាមប្រវត្តិសាស្ត្រ លោក ហ៊ុន សែន ក្នុងពេលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិដំបូងកាលពីឆ្នាំ១៩៨៥ នោះ គឺលោកជានាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលក្នុងពេលនោះមានគណបក្សប្រជាជនបដិវត្តន៍កម្ពុជា ជាគណបក្សតែមួយ ប្រកាន់តាមលទ្ធិកុម្មុយនិស្ត គ្រប់គ្រងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
