លោក ហ៊ុន សែន ប្រតិកម្ម​នឹង​បក្ស​ប្រឆាំង​ដែល​រិះគន់​ការ​ដាក់​ឈ្មោះ​ស្ពាន​អាកាស​ថា​៥​មករា

ដោយ ម៉ម មុនីរតន៍
2016-01-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហ៊ុន សែន ២០១៦ ៦២០
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស ៥ មករា នៅ​ជិត​សាលា​តិចណូ នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៦។
RFA/Morm Moniroth

ប្រមុខ​រដ្ឋាភិបាល ប្រតិកម្ម​ចំពោះ​គណបក្ស​ប្រឆាំង​ដែល​រិះគន់​ការ​ដាក់​ឈ្មោះ​ស្ពាន​អាកាស​ថ្មី​ជិត​សាលា​តិចណូ ថា​ជា​ស្ពាន ៥​មករា ចំ​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​របស់ លោក ហ៊ុន សែន។ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ថា នេះ​ជា​ការ​រក​រឿង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​របស់​គណបក្ស​ប្រឆាំង។ លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា ជា​ញឹកញាប់ គណបក្ស​ជំទាស់​ទាំង​មេ​ទាំង​កូន តែង​រិះគន់​រដ្ឋាភិបាល​ទាំង​ខុស​របៀប​ជា​ហូរហែ​ក្នុង​ពេល​កន្លង​មក​នេះ។

ចំណែក​អ្នក​វិភាគ​នយោបាយ​វិញ​យល់​ឃើញ​ថា ជា​ទម្លាប់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​ផ្លែផ្កា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​របស់​អ្នក​នយោបាយ ជា​រឿង​ធម្មតា​ទៅ​ហើយ។ ម្យ៉ាង​វិញ​ទៀត ការ​ដៀមដាម​ដាក់​គ្នា​ដូច​នេះ​របស់​អ្នក​នយោបាយ ជា​បរិបថ​ដដែលៗ​យូរ​មក​ហើយ។

មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ពុំ​ទាន់​មាន​ប្រតិកម្ម ឬ​ឆ្លើយ​តប​បែប​ណា​នៅ​ឡើយ​ទេ ជុំវិញ​ការ​ចោទ​ប្រកាន់​ដូច​នេះ​របស់ លោក ហ៊ុន សែន ហើយ​ការ​រក្សា​ជំហរ​នៅ​ស្ងៀម​ពេល​នេះ ត្រូវ​បាន​អ្នក​វិភាគ​យល់​ឃើញ​ថា ប្រហែល​ជា​គណបក្ស​ជំទាស់​ចង់​បន្ធូរ​ស្ថានការណ៍​នយោបាយ ដែល​កំពុង​ឡើង​កម្ដៅ ឲ្យ​ស្ថិត​ក្នុង​កម្រិត​មួយ​ទាប ឬ​អាច​ជា​មធ្យោបាយ​ក្នុង​ការ​បញ្ចៀស​ហិង្សា​នយោបាយ​ក៏​អាច​ថា​បាន។

លោក ហ៊ុន សែន ថ្លែង​ការពារ​ថា ការ​ចោទ​ប្រកាន់​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រឆាំង​រដ្ឋាភិបាល គឺ​ជា​ហេតុផល​ពុំ​អាច​ទទួល​យក​បាន​ឡើយ។ ការ​ថ្លែង​ដូច​នេះ​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ពេល​ដែល​លោក​ចូលរួម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​មួយ​ថ្មី​ទៀត នៅ​ជិត​សាលា​តិចណូ ដែល​ត្រូវ​គេ​ប្រសិទ្ធិនាម​ថា ស្ពាន ៥​មករា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ មករា។

ស្ពាន​អាកាស ៥ មករា ៦២០
ស្ពាន​អាកាស ៥ មករា នៅ​ជិត​សាលា​តិចណូ ក្នុង​ថ្ងៃ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៦។ RFA/Morm Moniroth

មុន​ពិធី​សម្ពោធ​មួយ​ថ្ងៃ អ្នក​វិភាគ និង​អ្នក​នយោបាយ​ចំអក​ថា ការ​ព្យាយាម​ដាក់​ឈ្មោះ​ស្ពាន​ឲ្យ​ត្រូវ​នឹង​ថ្ងៃ​កំណើត​អាពាហ៍ពិពាហ៍​របស់ លោក ហ៊ុន សែន ដូច​នេះ ជា​ការ​បង្ហាញ​សាច់​ដុំ និង​ជា​របៀប​នៃ​ការ​អនុវត្ត​វប្បធម៌​ទំយើ ច្រើន​ជាង​ហេតុផល​នានា។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​ប្រមូល​សមិទ្ធផល​ទាំងឡាយ​ឲ្យ​ក្លាយ​ជា​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ច្រើន​ជាង​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ បើ​ទោះ​ជា​សមិទ្ធផល​ទាំង​នោះ​ជា​លុយ​ជំនួយ ឬ​បាន​មក​ពី​ប្រភព​ថវិកា​កម្ចី​ក្តី។

បើ​ទោះ​ជា​បែប​ណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ការ​ដាក់​ឈ្មោះ​ស្ពាន​ថ្មី​ថា​ជា​ស្ពាន ៥​មករា នេះ វា​មិន​គាប់​ជួន​ទៅ​នឹង​ពិធី​ខួប​កំណើត​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់​លោក​ឡើយ។ ជាង​នេះ​ទៀត លោក ហ៊ុន សែន បញ្ជាក់​ថា សម្រាប់​ថ្ងៃ​ទី​៥ មករា នេះ មាន​កំណើត​មនុស្ស​ច្រើន​ណាស់​នៅ​ក្នុង​ពិភពលោក រួម​ទាំង​មាន​មនុស្ស​ជាច្រើន​ផ្សេង​ទៀត ក៏​មាន​ថ្ងៃ​អាពាហ៍ពិពាហ៍​ដូច​នេះ​ដែរ។ ហេតុ​នេះ ការ​ដាក់​ឈ្មោះ​ស្ពាន​អាកាស​ថ្មី​នេះ​ថា​ជា​ស្ពាន ៥​មករា នោះ វា​ពុំ​មែន​ជា​ការ​ទាមទារ​របស់​លោក​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក ហ៊ុន សែន រិះគន់​គណបក្ស​ប្រឆាំង​ថា ជា​ទម្លាប់​មិន​កែ​និស្ស័យ​តាំង​ពី​ថ្នាក់​កំពូល​រហូត​ដល់​មន្ត្រី​នៅ​ថ្នាក់​ក្រោម ដែល​តែង​មើល​ឃើញ​រដ្ឋាភិបាល​ក្នុង​ផ្លូវ​មិន​ល្អ​ជា​ដរាប​មក។ លោក​បន្ត​ថា «ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ចង់​សួរ​ថា តើ​ថ្ងៃ ៥ មករា នេះ ជា​ថ្ងៃ​សម្រាប់​ទាំងអស់​គ្នា ឬ​ជា​ថ្ងៃ​របស់​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ។ បើ​សិន​ជា​កាសែត​វា​ឆ្កួត មេ​ដឹក​នាំ​បក្ស​ក្នុង​ឋានៈ​ជា​អ្នក​តំណាង​រាស្ត្រ កុំ​ឆ្កួត។ បើ​សិន​ជា​ស្ពាន​នេះ​ដាក់​ថា​ជា​ស្ពាន​អនុស្សាវរីយ៍​ខួប​លើក​ទី​៤០ របស់​សម្ដេច​តេជោ និង​ភរិយា អា​ហ្នឹង​ចាំ​ថា។ តែ ៥ មករា មនុស្ស​មួយ​ពិភពលោក វា ៥ មករា ហើយ​ចាំបាច់​មក​រក​រឿង។ ទាំង​មេ​ទាំង​កូន​វា​អ៊ីចឹង បាន​វា​អ៊ីចឹង»

បើ​ទោះ​ជា លោក ហ៊ុន សែន ច្រាន​ចោល​ការ​ដាក់​ឈ្មោះ​ស្ពាន​អាកាស​ជិត​សាលា​តិចណូ ថា​ពុំ​មែន​ជា​កាដូ​សម្រាប់​ខួប​អាពាហ៍ពិពាហ៍​ដល់​ភរិយា​របស់​លោក​ក្តី តែ​លោក​បាន​រំឭក​យ៉ាង​ពិស្ដារ​អំពី​ការ​តស៊ូ​របស់​លោក ទម្រាំ​បាន អ្នកស្រី ប៊ុន រ៉ានី ធ្វើ​ជា​ភរិយា។ លើស​ពី​នេះ​ទៀត លោក ហ៊ុន សែន ថែម​ទាំង​បញ្ជាក់​ទៀត​ថា ក្នុង​ពេល​ដែល​លោក​ថ្លែង​សន្ទរកថា​នេះ គឺ​កាល​ពី ៤០​ឆ្នាំ​មុន រូប​លោក និង​ភរិយា កំពុង​ស្ថិត​ក្នុង​វ័យ​កំលោះ និង​ក្រមុំ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា «ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ក៏​មិន​ភ្លេច​នឹង​និយាយ​ដែរ។ ម៉ោង​នេះ ពេល​នេះ កាល​ពី ៤០​ឆ្នាំ​មុន គេ​បាន​កំពុង​តែ​តម្រៀប​ជួរ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ និង​ភរិយា​ខ្ញុំ​ដូច​ទាហាន​អ៊ីចឹង។ ១៣​គូ​ដើរ​ចូល​រោង​ការ។ ពេល​នោះ​នៅ​កំលោះ​ទេ ម៉ោង​ហ្នឹង ឯណេះ​ក៏​នៅ​ក្រមុំ​ដែរ​ម៉ោង​ហ្នឹង។ ថ្មើរ​ហ្នឹង​គេ​ទើប​នឹង​អាន​ប្រវត្តិ​រូប​ទេ»

វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​ការ​ចោទ​ប្រកាន់​របស់ លោក ហ៊ុន សែន បាន​ភ្លាមៗ​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៥ មករា។

ជុំវិញ​រឿង​នេះ លោក អ៊ូ វីរៈ ប្រធាន​អង្គការ​នៃ​វេទិកា​អនាគត យល់​ឃើញ​ថា វា​ពុំ​មាន​អ្វី​ដែល​ចម្លែក​ឡើយ ដែល​អ្នក​នយោបាយ​ប្រើប្រាស់​វេទិកា​ឌឺដង​ដាក់​គ្នា​ដូច​នេះ។ លោក​បន្ត​ថា ជា​ទម្លាប់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ អ្នក​នយោបាយ​តែង​ប្រើប្រាស់​ពិធី​របៀប​នេះ​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​របស់​ខ្លួន។ ផ្ទុយ​ទៅ​វិញ លោក អ៊ូ វីរៈ ចាត់​ទុក​ថា អ្វី​ដែល​ជា​បញ្ហា​នោះ នៅ​ត្រង់​ថា ប្រសិន​បើ​អ្នក​នយោបាយ​ប្រើ​គុក​ច្រវាក់ និង​ប្រព័ន្ធ​តុលាការ ឬ​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ ទាំង​នេះ​ទើប​ជា​ក្ដី​កង្វល់ និង​ជា​វិបត្តិ​សម្រាប់​សង្គម។ លោក​បន្ត​ថា «ការ​ប្រទាំង​ប្រទើស ឬ​មួយ​ការ​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក​ទាក់ទិន​ឈ្មោះ​ក៏ដោយ ឈ្មោះ​ផ្លូវ​ក៏ដោយ ធ្វើ​ផ្លូវ​ក៏ដោយ មិន​ធ្វើ​ផ្លូវ​ក៏ដោយ គឺ​ជា​រឿង​ដែល​ធម្មតា។ ខ្ញុំ​មិន​យក​ចិត្ត​ទុក​ដាក់​ទេ អ្វី​ដែល​យើង​យក​ចិត្ត​ទុក​ដាក់ នៅ​ពេល​ណា​ដែល​តុលាការ​ត្រូវ​បាន​ប្រើ​ទៅ​លើ​សិទ្ធិ​នយោបាយ​របស់​គណបក្ស​នយោបាយ អា​ហ្នឹង​បាន​យើង​ព្រួយ​បារម្ភ»

បើ​ទោះ​ជា​បែប​ណា លោក ហ៊ុន សែន បាន​ដៀមដាម​ឲ្យ​គណបក្ស​ជំទាស់​ថា ដោយសារ​តែ​ការ​រក​រឿង​មិន​សម​ហេតុ​សម​ផល ប្រឆាំង​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល ទើប​ជំរុញ​ឲ្យ​មនុស្ស​មួយ​ចំនួន​ក្នុង​បក្ស​ត្រូវ​ជួប​ទុក្ខ ទាំង​ស្ថានភាព​នៅ​កម្ពុជា កំពុង​តែ​មាន​ភាព​សម្បូរ​សប្បាយ និង​រីក​ចម្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (25)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

នយោបាយកូនក្មេងតូចញ៉លេងបាយឡុកបាយឡ ធ្វើឲ្យប្រទេសអន្តរាយ។

Jan 11, 2016 06:19 AM

Hell club members callin Hunsein next

Name one "VC's anniversary invasion bridge" to honor comrade vietcong who liberal a chicken man for its puppet govn't "bravooo VC's friendship bridge ",and don't threat me or compare me to comrades Gaddafi ,Saddam and bogeyman Kim J.Un deadly dictator .

Jan 07, 2016 12:28 PM

អ្នក​អាន​អនាមិក

Why he didn't name it "one eye" bridge?

Jan 06, 2016 12:44 PM

អ្នក​អាន​អនាមិក

ចុះថ្ងៃផ្សេង ឬឈ្មោះផ្សេងម៉េចមិនដាក់ បើមិនចង់ឲ្យគេផាទេនោះ????

Jan 06, 2016 05:55 AM

ជៃ

ប្រទេសខ្មែរនឹងក្លាយជាស្រុកអី?

Jan 06, 2016 05:45 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល