បើទោះបីជាចាញ់ឆ្នោតនៅមណ្ឌលខេត្តកណ្ដាល ក្តីក៏ លោក ហ៊ុន សែន បានថ្លែងអរគុណចំពោះពលរដ្ឋដែលបោះឆ្នោតឲ្យរូបលោក និងថា លោកមិនមែនជានាយករដ្ឋមន្ត្រីផ្តាច់មុខរបស់សមាជិកបក្សប្រជាជនកម្ពុជា ឡើយ។ ប៉ុន្តែ រូបលោកជានាយករដ្ឋមន្ត្រីស្របច្បាប់របស់ប្រទេសកម្ពុជា តែម្តង។ ការថ្លែងបែបនេះ ជាការឆ្លើយតបទៅកាន់មេដឹកនាំគណបក្សប្រឆាំង និងក្រុមពលរដ្ឋដែលធ្វើបាតុកម្មទាមទារឲ្យរូបលោកចុះចេញពីតំណែង កាលពីពេលកន្លងទៅ។
លោក ហ៊ុន សែន មានប្រសាសន៍ថា រូបលោកត្រូវបានពលរដ្ឋបោះឆ្នោតគាំទ្រឲ្យធ្វើជានាយករដ្ឋមន្ត្រី ត្រូវបានសភាទុកចិត្ត និងមានព្រះមហាក្សត្រឡាយព្រះហស្តលេខា ឲ្យដឹកនាំរដ្ឋាភិបាល។ ដូចនេះ លោកនឹងមិនចុះចេញពីតំណែងឡើយ៖ «ខ្ញុំព្រះករុណាខ្ញុំនឹងធ្វើការងារនេះដោយការទទួលខុសត្រូវ មិនមែនគ្រាន់តែជានាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា តែជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ស្អីចុះចេញទៅអើយស្អី? ឡើងៗតាមរដ្ឋធម្មនុញ្ញ ចុះចុះតាមរដ្ឋធម្មនុញ្ញ ទាល់តែយូរបានចុះ!»។
ទាក់ទងនឹងបញ្ហានេះ អ្នកជំនាញសិក្សាបញ្ហាសង្គម លោក កែម ឡី មានប្រសាសន៍ថា តាមការសិក្សានាពេលកន្លងទៅ បង្ហាញថា មេដឹកនាំប្រទេសកម្ពុជា ទទួលយកតែចំណុចដែលខ្លួនធ្វើត្រឹមត្រូវប៉ុណ្ណោះ។ រីឯចំណុចអវិជ្ជមានវិញ លោក ហ៊ុន សែន មិនធ្លាប់បានទទួលយក និងប្រកាសប្រាប់ពលរដ្ឋឡើយ។ លោកបញ្ជាក់ថា មានតែការផ្តល់ឱកាសឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានប៉ុណ្ណោះទេ ដែលអាចធ្វើឲ្យអ្នកដឹកនាំសម្រេចចិត្តបានត្រឹមត្រូវ។ តែបើសិនជាថ្នាក់ដឹកនាំប្រទេសសម្រេចចិត្តនយោបាយខុស ហើយនាំទុក្ខដល់ពលរដ្ឋ ធ្វើឲ្យខូចប្រយោជន៍ជាតិ មេដឹកនាំនោះគួរតែចុះចេញពីតំណែង ដើម្បីបញ្ជាក់ពីការទទួលខុសត្រូវ៖ «កិច្ចការអ្វីមួយមិនមានតម្លាភាព មិនមានគណនេយ្យភាព ហើយមិនមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ហើយមានកំហុសច្រើនលើសលប់ គេសុខចិត្តលាលែងតំណែង និងទទួលទោសចំពោះមុខច្បាប់។ ហើយនៅស្រុកខ្មែរ មិនធ្លាប់មានអ្នកធំចុះចេញពីតំណែងដោយខ្លួនឯងពេលធ្វើខុសនោះទេ»។
កន្លងទៅ មន្ត្រីរដ្ឋាភិបាលតែងច្រានចោលនូវរបាយការណ៍អន្តរជាតិមួយចំនួន ដែលនិយាយពីចំណុចអវិជ្ជមានរបស់រដ្ឋាភិបាល។ កាលពីឆ្នាំ២០១៣ រដ្ឋាភិបាលបានច្រានចោលរបាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក ហ្គូបប៊ល វីណេស (Global witness) ដែលនិយាយពីការផ្តល់ដីសម្បទានឲ្យក្រុមហ៊ុនវៀតណាម បំផ្លាញធនធានធម្មជាតិនៅកម្ពុជា។ បន្ទាប់ពីការបោះឆ្នោត រដ្ឋាភិបាលរបស់ លោក ហ៊ុន សែន ក៏បានច្រានចោលរបាយការណ៍របស់បន្ទប់ស្ថានការណ៍ពេលបោះឆ្នោត ដែលសិក្សាពីភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោត។ រដ្ឋាភិបាលបែរជាចងក្រងរបាយការណ៍ថ្មីមួយ ដើម្បីវាយបកស្ថាប័នសារព័ត៌មាន និងសង្គមស៊ីវិលថា ចូលដៃជើងជាមួយបក្សប្រឆាំងទៀតផង។ នៅចុងឆ្នាំ២០១៣ មន្ត្រីរដ្ឋាភិបាល ក៏បានច្រានចោលរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ ដែលនិយាយពីស្ថានភាពពុករលួយលើសកលលោកថា ជារបាយការណ៍មិនអាចគួរជាទីទុកចិត្ត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្ដេជ្ញាចិត្តថា នឹងធ្វើការកែទម្រង់លើប្រព័ន្ធយុត្តិធម៌ និងលើកកម្ពស់សេរីភាពបញ្ចេញមតិ។ ប៉ុន្តែរដ្ឋាភិបាលទើបតែប្ដឹងមេបក្សប្រឆាំងឡើងតុលាការ ទើបតែបំបែកការជួបជុំ និងទន្ទ្រានកាន់កាប់ប្រជាធិបតេយ្យថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
