ក្នុងសេចក្តីថ្លែងការណ៍ដែលបានផ្សាយផ្ទាល់តាមទូរទស្សន៍ក្នុងស្រុកមួយចំនួន លោក ហ៊ុន សែន មានប្រសាសន៍ថា លោក និងអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) នាយករដ្ឋមន្ត្រីថៃ សន្យារក្សាសន្តិភាពតាមព្រំដែន និងគោរពសាលដីកាតុលាការ។
លោក ហ៊ុន សែន៖ «ខ្ញុំសូមអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រកាន់ការអត់ធ្មត់ និងចៀសវាងសកម្មភាពទាំងឡាយណាដែលអាចបង្កភាពតានតឹង និងប៉ះទង្គិចគ្នា។ សូមបងប្អូនរក្សាភាពស្ងប់ស្ងៀម បន្តចូលរួមរក្សាសន្តិសុខក្នុងប្រទេស និងរក្សាស្មារតីនៃទំនាក់ទំនងជាអ្នកជិតខាងល្អ»។
លោក ហ៊ុន សែន អះអាងថា កម្ពុជា បានសម្រេចប្ដឹងតុលាការឲ្យបកស្រាយសាលក្រមជាថ្មីម្តងទៀត មិនមែនដើម្បីបង្កសង្គ្រាមដណ្ដើមទឹកដីរវាងប្រទេសទាំងពីរឡើយ ប៉ុន្តែជាជម្រើសមួយដ៏ល្អប្រសើរមួយ ដើម្បីអាចបញ្ចប់ជម្លោះព្រំដែនបាន។
ជម្លោះព្រំដែនកើតឡើងកាលពីឆ្នាំ២០០៨ បណ្ដាលឲ្យកងទ័ពកម្ពុជា និងថៃ បានប៉ះទង្គិចគ្នាដោយអាវុធ បណ្ដាលអោយមានស្លាប់ និងរបួសទាំងសងខាង ក្រោយពេលទាហានថៃ បានចូលឈ្លានពានដីខ្មែរក្បែរតំបន់ប្រាសាទព្រះវិហារ។
ពលរដ្ឋថៃជីកលេណដ្ឋានការពារគ្រាប់តាមព្រំដែនក្បែរប្រាសាទព្រះវិហារ
ដោយ វោហារ ជាតិ
ប្រជាពលរដ្ឋថៃ រស់នៅតាមបណ្តោយព្រំដែនក្បែរប្រាសាទព្រះវិហារ នាំគ្នាជីកលេណដ្ឋាន ដើម្បីការពារគ្រាប់ ព្រោះខ្លាចមានសង្គ្រាមរវាងកងទ័ពខ្មែរ និងថៃ ផ្ទុះឡើងជាថ្មីម្ដងទៀត នៅពេលតុលាការយុត្តិធម៌អន្តរជាតិបកស្រាយសាលក្រមអំពីប្រាសាទព្រះវិហារនៅពេលខាងមុខនេះ។
កាសែតថៃ បាងកកប៉ុស្តិ៍ (Bangkok Post) ចុះផ្សាយថ្ងៃទី៦ វិច្ឆិកា ថា ស្របពេលដែលប្រជាជនថៃ កំពុងភ័យខ្លាចសង្គ្រាមផ្ទុះឡើងនោះ មេទ័ពថៃ លោក ប្រយុទ្ធ ចាន់អូចា (Prayuth Chan-ocha) និយាយថា កងទាហានថៃ ទាំងអស់ ទាំងជើងគោក ជើងទឹក និងជើងអាកាស ស្ថិតក្នុងសភាពប្រុងជើងការ និងបង្កើនបេសកកម្មយាមល្បាតតាមព្រំដែនខ្មែរ-ថៃ។ ក្រៅពីនេះ លោកថា កងទ័ពថៃ ត្រួតពិនិត្យយ៉ាងដិតដល់អំពីស្ថានភាពការវិវឌ្ឍន៍នៅព្រំដែន និងផ្លាស់ប្ដូរព័ត៌មានថ្មីៗរវាងអង្គភាពពាក់ព័ន្ធ ឲ្យបានទាន់ពេល។
ទោះយ៉ាងណា ភាគីទាំងពីរ គឺថៃ-កម្ពុជា បានជួបប្រជុំគ្នាកាលពីខែមុន បានសន្យាថានឹងរក្សាសន្តិភាពនៅតាមព្រំដែននៅពេលតុលាការយុត្តិធម៌អន្តរជាតិ បកស្រាយសាលក្រមរឿងក្ដីប្រាសាទព្រះវិហារ នៅថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០១៣ ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។