លោកនាយករដ្ឋមន្ត្រីហៅការទាមទារមិនចេះចប់ មិនចេះហើយរបស់មេដឹកនាំគណបក្សប្រឆាំងនេះថា គឺជាការអូសទាញប្រទេសកម្ពុជា ឲ្យធ្លាក់ក្នុងស្ថានភាពមានវិបត្តិ និងវឹកវរ។
មេដឹកនាំដែលកាន់អំណាចយូរជាងគេនៅក្នុងតំបន់អាស៊ី បានព្រមានទៅបក្សប្រឆាំង និងអ្នករិះគន់ដែលមិនសំចៃមាត់ថា កុំប្រើប្រាស់សកម្មភាពផ្ទុយពីរដ្ឋធម្មនុញ្ញក្នុងការទាមទារឲ្យលោកចុះចេញពីតំណែងឲ្យសោះ ដោយលោកចាត់ទុកថា ស្ថានភាពប្រទេសកម្ពុជា ពុំមែនដូចប្រទេសដែលធ្វើបដិវត្តដោយយោធា ឬថាដោយកម្លាំងប្រជាពលរដ្ឋនោះឡើយ។
ការថ្លែងដូចនេះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងក្នុងពិធីបើកសម្ពោធភូមិកុមារ អែស.អូ.អែស (SOS) ក្នុងខេត្តក្រចេះ នៅថ្ងៃទី១៨ មករា។
លោក ហ៊ុន សែន បានហៅការទាមទារម្ដងជាពីរដងរបស់អ្នកប្រឆាំង ដោយមិនបញ្ចេញឈ្មោះថានោះ គឺជាការបង្ខំឲ្យលោកដើរផ្លូវទាល់ច្រក។ លោកបន្តថា បើនៅតែប្រើប្រាស់ទីសាធារណៈដើម្បីរំខានដល់ភាពសុខសាន្តរបស់សង្គម លោកអាចនឹងចាត់វិធានការប្រឆាំងសកម្មភាពទាំងនេះ ដោយចៀសពុំបាន។ លើសពីនេះ ការព្រមានជាដាច់ខាតរបស់ លោក ហ៊ុន សែន ត្រង់ថា នឹងមិនឲ្យប្រើប្រាស់រូបលោកភ្ជាប់ទៅនឹងអប្បិយជំនឿ ដូចជាធ្វើទីងមោង រួចដុតបំផ្លាញចោលឡើយ។ បើដូច្នេះមែន លោកព្រមានថា អ្នកស្មោះស្ម័គ្រចំពោះលោកនឹងពុំលើកលែងទេ ជាពិសេស គណបក្សសង្គ្រោះជាតិ មិនដែលនិយាយទៀងទាត់ម្ដងណាឡើយ និងពុំដែលបង្ហាញភាពស្មោះត្រង់ក្នុងឆន្ទៈនយោបាយ សម្រាប់ក្របខ័ណ្ឌនៃការចរចាថែមទៀតផង។
លោក ហ៊ុន សែន៖ «ការទាមទារណាក៏ដោយខុសរដ្ឋធម្មនុញ្ញ មិនអាចទទួលយកបានទេ។ បងប្អូនដែលបោះឆ្នោតឲ្យគណបក្សប្រជាជនទាំងឡាយ ដើម្បីប្រឆាំងតបជាមួយទង្វើទាំងឡាយដែលខ្វះការទទួលខុសត្រូវ និងមានចរិតជារដ្ឋប្រហារ។ មិនថាតែបងប្អូនដែលបោះឆ្នោតឲ្យគណបក្សប្រជាជនទេ បងប្អូនទាំងឡាយដែលមើលឃើញថា ផ្ទុយរដ្ឋធម្មនុញ្ញ ហើយមិនអាចទុកបានទេ។ ចរិតផ្ដួលរំលំមិនអាចទទួលយកបានទេ»។
ចំណែក លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា គណបក្សប្រឆាំងពុំដែលក្បត់ការចរចារបស់ខ្លួនម្ដងណាទេ៖ «គោលជំហររបស់គណបក្សសង្គ្រោះជាតិ យើងនៅតែយល់ ហើយនិងមានជំនឿថាដំណោះស្រាយភាពជាប់គាំងផ្នែកនយោបាយនេះ គឺដោយសន្តិវិធី និងអហិង្សា។ ហើយចូលសភាដូចឯកឧត្ដមប្រធាន និងឯកឧត្ដមអនុប្រធាន លោកមានប្រសាសន៍អ៊ីចឹង គឺយើងនឹងចូលសភានៅពេលដែលយើងជជែកពិគ្រោះយោបល់គ្នា មុននឹងធ្វើវិសោធនកម្មច្បាប់»។
ក្រៅពីការព្រមានដោយត្រង់ប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ ដោយមិនបញ្ចេញឈ្មោះនេះ លោក ហ៊ុន សែន ក៏ព្រមានដោយមិនបញ្ចេញឈ្មោះអ្នកហ៊ានរិះគន់លោក ដែលមានបំណងស្នើឲ្យព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ធ្វើជានាយករដ្ឋមន្ត្រី ថាគឺជាយោបល់ឡប់លីលា។
បើទោះជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដោយមិនសំដៅឈ្មោះក៏ដោយចុះ ក៏គេដឹងថា នោះគឺលោក ហ៊ុន សែន ព្រមានលោក លឺ ឡាយស្រេង។
លោក លឺ ឡាយស្រេង បញ្ជាក់ថា លោកពុំមានការព្រួយបារម្ភណាមួយពីការព្រមានរបស់ លោក ហ៊ុន សែន ឡើយ។ លោកគិតថា អ្វីដែលស្នើឡើងនេះ គឺស្របតាមច្បាប់៖ «មានអីបារម្ភគ្រាន់តែស្នើសុំដោះស្រាយបញ្ហាប្រទេសជាតិ មានការត្រូវការបារម្ភ ព្រោះព្រះមហាក្សត្រពេលណាដែលប្រទេសជាតិកំពុងតែជាប់គាំងហើយហ្នឹងណា ព្រះមហាក្សត្រ ព្រះអង្គយាងមកដោះស្រាយ មានអីខុស ខ្ញុំសួរ»។
ស្របគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានរិះគន់មន្ត្រីអង្គការសង្គមស៊ីវិល ជាពិសេសសកលវិទ្យាធិការនៃសាកលវិទ្យាល័យមួយ ដែលបានផ្ញើលិខិតទៅលោកស្នើពិចារណាបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នបោះឆ្នោតឡើងវិញ និងធ្វើប្រជាមតិ។ លោក ហ៊ុន សែន បានហៅការស្នើនោះថាខុសរដ្ឋធម្មនុញ្ញ។ យ៉ាងណា លោកបញ្ជាក់ថា បើចង់មានការផ្លាស់ប្ដូរច្បាប់កំពូលរបស់ជាតិនេះ គឺត្រូវបេក្ខភាពតំណាងរាស្ត្រប្រឆាំងទទួលយកតួនាទីរបស់ខ្លួន និងចូលប្រជុំសភា៖ «ការដោះស្រាយបញ្ហាត្រូវធ្វើនៅលើតុចរចា ការដោះស្រាយបញ្ហាត្រូវធ្វើនៅក្នុងសភា មិនអាចធ្វើនៅតាមចិញ្ចើមថ្នល់បានទេ»។
លោក សុខ ទូច បណ្ឌិតវិទ្យាសាស្ត្រនយោបាយ បញ្ជាក់ថា ស្ថានភាពប្រទេសកម្ពុជា កំពុងស្ថិតក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភ និងគួរឲ្យសោកស្ដាយ ដែលអ្នកនយោបាយរបស់បក្សទាំងពីរពុំដែលយកគំនិតដែលសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធផ្ដល់យោបល់។ លោកគិតថា អ្នកនយោបាយពុំដែលគិតពីឆន្ទៈរបស់ម្ចាស់ឆ្នោតម្ដងណាឡើយ៖ «ការដែលបារម្ភហ្នឹងហើយ ដែលយើងបានរៀបចំនូវគំនិតជាច្រើន ដើម្បីផ្ដល់ឲ្យអ្នកនយោបាយ។ ក៏ប៉ុន្តែ អ្នកនយោបាយហាក់ដូចជាមិនចង់បាន ពីព្រោះចូលលក្ខណៈញៀនរៀងខ្លួនហើយ។ លក្ខណៈញៀននឹងអំណាចរៀងខ្លួនហើយ។ អ៊ីចឹងទេ វាធ្វើឲ្យយើងលំបាកនឹងរកដំណោះស្រាយ ព្រោះបើសិនមនុស្សចង់ដោះស្រាយ យើងឲ្យ។ មិនខុសអំពីអ្នកឈឺ ចង់ទទួលទានថ្នាំពេទ្យទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា បើបក្សប្រឆាំងចង់ទម្លាយភាពជាប់គាំងផ្នែកនយោបាយនេះ គប្បីចូលប្រជុំសភាជាមុនសិន។ ហើយលោកចំអកថា ពុំដែលបក្សមានសំឡេងភាគតិចមកបង្គាប់បញ្ជាបក្សដែលមានសំឡេងភាគច្រើនដូចបក្សសង្គ្រោះជាតិ ឡើយ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៦ មករា សហរដ្ឋអាមេរិក ព្រមានកាត់ជំនួយមកដល់កម្ពុជា បើរដ្ឋាភិបាល លោក ហ៊ុន សែន មិនស៊ើបអង្កេតភាពមិនប្រក្រតីការបោះឆ្នោតទេ។ ការព្រមាននេះ ស្របពេលដែលសភាសហភាពអឺរ៉ុប បានចេញសេចក្ដីសម្រេចមួយឲ្យរដ្ឋាភិបាលកម្ពុជា ទទួលយកការស៊ើបអង្កេតលើការបោះឆ្នោត ដោយមានការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
