លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី១១ ខែតុលា បានធ្វើដំណើរចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងម៉ាកាវ (Macao) ប្រទេសចិន ដើម្បីចូលរួមក្នុងកិច្ចប្រជុំមួយចំនួននៅទីនោះ ចាប់ពីថ្ងៃទី១១ ដល់ទី១៧ ខែតុលា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឲ្យដឹងថា នៅប្រទេសចិន លោក ហ៊ុន សែន នឹងចូលរួមប្រជុំក្នុងវេទិកាសេដ្ឋកិច្ចទេសចរណ៍សកលម៉ាកាវ ឆ្នាំ២០១៥ សន្និសីទពិសេសរបស់គណបក្សនយោបាយនៅអាស៊ី ស្តីពី "វិថីសូត្រ" វេទិកាស្តីពី "ការកាត់បន្ថយភាពក្រីក្រសកល" និងការអភិវឌ្ឍឆ្នាំ២០១៥ ព្រមទាំងវេទិកា "សៀងសាន លើកទី៦"។
គណៈប្រតិភូអមដំណើរ លោក ហ៊ុន សែន រួមមានឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក សុខ អាន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន និងរដ្ឋមន្ត្រីក្រសួងប្រៃសណី និងទូរគមនាគមន៍ លោក ប្រាក់ សុខុន។
ក្រសួងការបរទេសឲ្យដឹងដែរថា ក្នុងអំឡុងពេលស្នាក់នៅប្រទេសចិន លោក ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំរបស់ប្រទេសចិន ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
