លោក ហ៊ុន សែន សន្យា​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​​ការ​​អភិវឌ្ឍ​វិស័យ​សង្គមកិច្ច

កម្ពុជា​បាន​ផ្ដល់​ជា​អនុសាសន៍​ឱ្យ​​បណ្ដា​ប្រទេស​ជា​​សមាជិក​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ដែល​ហៅ​កាត់​ថា អាស៊ាន (ASEAN) ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​​កិច្ច​គាំពារ​សង្គម ​ទាំង​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​​ឱ្យ​មនុស្ស​គ្រប់​រូប ពិសេស​អ្នក​​​មាន​ជីវភាព​ក្រីក្រ​ងាយ​រង​គ្រោះ ជន​ពិការ និង​ជន​ចាស់​ជរា​មាន​សិទ្ធិ​ទទួល​បាន​កិច្ច​​គាំពារ​សង្គម​ស្មើៗ​គ្នា។

0:00 / 0:00

គេ​រំពឹង​ថា អនុសាសន៍​នេះ​​​បណ្ដា​​ប្រទេស​ជា​សមាជិក​អាស៊ាន​ដែល​កំពុង​ជួប​ប្រជុំ​​​​​ស្ដីពី "ការ​អភិវឌ្ឍ​សង្គមកិច្ច​សម្រាប់​មនុស្ស​គ្រប់​រូប" នឹង​ដាក់​បញ្ចូល​ទៅ​ក្នុង​កិច្ចប្រជុំ​​រដ្ឋមន្ត្រី​ក្រុមប្រឹក្សា​សហគមន៍ សង្គម​វប្បធម៌​អាស៊ាន​លើក​ទី​១០ និង​ចុង​ក្រោយ​អាច​ដាក់​បញ្ចូល​ទៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៣ នៅ​ចុង​ខែ​តុលា ឆ្នាំ​២០១៣។

ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ​បាន​សន្យា​ថា រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​ដែល​នឹង​បង្កើត​ឡើង​នៅ​ពេល​ឆាប់ៗ ​​នឹង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ទ្វេ​ដង​ទៅ​លើ​​ការ​​អភិវឌ្ឍ​វិស័យ​សង្គមកិច្ច​ឱ្យ​កាន់​តែ​​ទូលំទូលាយ​ថែម​ទៀត​លើស​ពី​អាណត្តិ​មុនៗ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល។ លោក​បាន​ថ្លែង​នៅ​ក្នុង​ការ​បើក​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​​ទទួល​បន្ទុក​សុខុមាលភាព​សង្គម និង​​អភិវឌ្ឍន៍​លើក​ទី​៨ របស់​​​បណ្ដា​ប្រទេស​សមាជិក អាស៊ាន បូក​បី​នៅ​ឯ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែ​កញ្ញា ថា បច្ចុប្បន្ន​​កម្ពុជា​​​កំពុង​លើក​កម្ពស់​ការ​អនុវត្ត​គោលនយោបាយ​ស្ដីពី​សុខុមាលភាព​មនុស្ស​ចាស់ ​របប​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រី​រាជការ​ស៊ីវិល និង​អតីត​យុទ្ធជន។ ទន្ទឹម​គ្នា​នេះ ​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ ក៏​​កំពុង​ធ្វើ​ការ​ងារ​ទាក់ទង​នឹង​ការ​រស់រាន​មាន​ជីវិត ការ​អភិវឌ្ឍ កិច្ច​ការពារ​ ការ​លើក​កម្ពស់​សុខុមាលភាព និង​​ការ​ចូល​រួម​ចំណែក​របស់​កុមារ។

លោក ហ៊ុន សែន បាន​សន្យា​ថា រដ្ឋាភិបាល​នីតិកាល​ទី​៥ ដែល​នឹង​បង្កើត​ឡើង​នៅ​ពេល​ឆាប់​ៗ ​​នឹង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ទ្វេ​ដង ដើម្បី​អភិវឌ្ឍន៍​វិស័យ​សង្គមកិច្ច៖ «ដើម្បី​ធ្វើ​ឱ្យ​សុខុមាលភាព​របស់​ប្រជាជន​មាន មាន​ស្ថានភាព​កាន់​តែ​ប្រសើរ​ឡើង ​តាម​រយៈ​ការ​ពង្រឹង​សេវា​សង្គមកិច្ច​សម្រាប់​ជួយ​ជន​រងគ្រោះ និង​ជន​ងាយ​រងគ្រោះ ​គ្រប់​ប្រភេទ ព្រម​ទាំង​ការ​ពង្រឹង​ប្រព័ន្ធ​សន្តិសុខ​សង្គម​ឱ្យ​កាន់​តែ​រឹងមាំ សម្រាប់​ធានា​រ៉ាប់រង​ចំពោះ​ហានិភ័យ​សង្គម​ជាយថាហេតុ និង​ដើម្បី ​ឱ្យ​សេវា​សង្គម​ កាន់​តែ​កៀក​នឹង​ប្រជាជន​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​ប្រជាជន​ផង​ដែរ»

ក្រុម​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​បាន​បង្ហាញ​ថា ការ​អភិវឌ្ឍ​សេវា​សង្គមកិច្ច​សម្រាប់​មនុស្ស​គ្រប់​រូប ​គឺ​ជា​វិស័យ​ដែល​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​អាស៊ាន ​ដើម្បី​លើក​កម្ពស់​សុខុមាលភាព និង​ជីវភាព​ របស់​ពលរដ្ឋ​ ​ក្នុង​គោលដៅ​ចម្បង គឺ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កុមារ ជន​ពិការ និង​មនុស្ស​ចាស់ ​ឱ្យ​ទទួល​បាន​ការ​អភិវឌ្ឍ សុខុមាលភាព​សង្គម និង​យុត្តិធម៌​ស្មើ​គ្នា។

រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន ​និង​យុវនីតិសម្បទា​របស់​កម្ពុជា លោក អ៊ិត សំហេង បាន​​ថ្លែង​ថា កន្លង​ទៅ​អាស៊ាន​បាន​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​ឥត​ឈប់ឈរ​លើ​គ្រប់​វិស័យ ​ក្នុង​នោះ​ការ​ពង្រឹង​សុខុមាលភាព ការ​អភិវឌ្ឍ ​និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ គឺ​បាន​រួម​ចំណែក​ប្រែក្លាយ​អាស៊ាន​ទៅ​ជា​តំបន់​មួយ​ដែល​មាន​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ។

ចំណែក​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​បង្កើត​គោលនយោបាយ​ច្បាប់ និង​យុទ្ធសាស្ត្រ​ជា​ច្រើន ដើម្បី​គាំពារ​សង្គម​ជន​ក្រីក្រ​ងាយ​រងគ្រោះ ថែម​ទាំង​មាន​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​ទៀត​ផង៖ «ហើយ​បាន​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្ដីពី​សិទ្ធិ​ជន​ពិការ អនុសញ្ញា​ស្នូល​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ អនុសញ្ញា​ក្រុង​ឡាអេ ស្ដីពី​កិច្ច​ការពារ​កុមារ និង​ទាក់ទង​ពី​​ស្មុំ​កូន​អន្តរប្រទេស អនុសញ្ញា​ស្ដីពី​ជន​ពិការ ព្រម​ទាំង​លិខិតុបករណ៍​អន្តរជាតិ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ជាច្រើន»

ទោះ​យ៉ាង​ណា​ស្ថិតិ​របស់​រដ្ឋាភិបាល​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ជន​ពិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រមាណ​ជា ២០​ម៉ឺន​នាក់ ហើយ​ជន​ពិការ​ទាំង​នោះ​កំពុង​ស្ថិត​នៅ​​ក្នុង​បន្ទាត់​នៃ​ភាព​ក្រីក្រ និង​ងាយ​រង​គ្រោះ​នៅ​ឡើយ។ ជន​ពិការ​ទាំង​នោះ​ទទួល​បាន​កម្រៃ​តិច​ជាង ១​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​១​ថ្ងៃ។ បញ្ហា​នេះ ​មាន​ន័យ​ថា ពួក​គេ​មិន​ទាន់​បាន​ទទួល​ឱកាស​​​ស្មើ​គ្នា​ក្នុង​​ការ​អភិវឌ្ឍ​ជាមួយ​អ្នក​ដែល​​មាន​សមត្ថភាព​រឹងមាំ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។