នាយករដ្ឋមន្ត្រី​ប្រតិកម្ម​នឹង​អ្នក​នយោបាយ​ដែល​ថា​រដ្ឋាភិបាល​ចង់​លុប​ចោល​ការ​បោះ​ឆ្នោត

ដោយ ម៉ម មុនីរតន៍
2017.02.24
ហ៊ុន សែន ២០១៦ ៨៥៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ជំហរ​ថា រដ្ឋាភិបាល​ប្ដេជ្ញា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​បោះឆ្នោត​ថ្នាក់​ជាតិ ទៅ​តាម​ការ​គ្រោង​ទុក។ ការ​ប្រកាស​គោលការណ៍​ដែល​មិន​ប្រែប្រួល​ដូច​ការ​រិះគន់​របស់​បក្ស​នយោបាយ​នេះ ស្រប​ពេល​មាន​ប្រតិកម្ម​ថា រដ្ឋាភិបាល​មាន​ចេតនា​ចង់​បោះបង់​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។ សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ដំណើរ​ការ​បោះឆ្នោត យល់​ឃើញ​ថា គ្មាន​ជម្រើស​ណា​មួយ​ដែល​ល្អ​ជាង​ការ​បោះឆ្នោត​ឡើយ។

ការ​ថ្លែង​សារ​នយោបាយ​ដ៏​កម្រ​ទាក់ទិន​ដំណើរ​ការ​បោះឆ្នោត​នេះ ត្រូវ​បាន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ពី​ការ​លើក​ឡើង​របស់​បក្ស​នយោបាយ​ដែល​លោក​មិន​សំដៅ​ចំ​ឈ្មោះ​ថា ជា​ការ​ក្រឡៃ​ព្រឹត្តិការណ៍​ខុស​ពី​ការ​គ្រោង​ទុក ដែល​រដ្ឋាភិបាល​បាន​ដាក់​ផែនការ​ចេញ​រួច​ទៅ​ហើយ។

នៅ​ក្នុង​ពិធី​បិទ​វគ្គ​ស្ដីពី​ការ​បូក​សរុប​ការងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៧ នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ លោក ហ៊ុន សែន ចំអក​ឲ្យ​បក្ស​នយោបាយ​ដែល​លោក​នាយករដ្ឋមន្ត្រី​មិន​ចេញ​ឈ្មោះ តែ​ទំនង​ជា​ប្រមុខ​បក្ស​កាន់​អំណាច​ចង់​សំដៅ​ឲ្យ​បក្ស​ប្រឆាំង​ថា ជា​ការ​លើក​ឡើង​ដែល​ពុំ​មាន​ហេតុផល​សមរម្យ និង​ត្រឹមត្រូវ​ទាល់​តែ​សោះ។លោក​បន្ត​ថា ការ​បោះឆ្នោត​ដូច​ផែនការ​ដែល​បាន​ដាក់​ចេញ គឺ​ត្រូវ​តែ​អនុវត្ត​ពុំ​មាន​ការ​ប្រែប្រួល​អ្វី​ឡើយ៖ «នៅ​កម្ពុជា គឺ​បោះឆ្នោត​ទៀងទាត់​តាម​កាល​កំណត់។ មាន​អ្នក​ខ្លះ​គេ​ថា យើង​លុប​ចោល​ការ​បោះឆ្នោត។ លុបចោល​ការ​បោះឆ្នោត​អី? បើ​នាយករដ្ឋមន្ត្រី​ប្រកាស​កាលបរិច្ឆេទ​សម្រាប់​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា។ រួច​ឯង​ទៅ​ប្រកាស​ថា លោក ហ៊ុន សែន មិន​ចង់​បោះឆ្នោត ចុះ​បើ ហ៊ុន សែន អ្នក​ប្រកាស​កាលបរិច្ឆេទ​បោះឆ្នោត​ហើយ​លោក​ឯង​និយាយ​ថា​ម៉េច? មិន​មួលបង្កាច់​គេ!»

ប្រតិកម្ម​អំពី​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត ដែល​អាច​ចាត់​ទុក​ថា ជា​លើក​ទី​១ របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ ស្រប​ពេល​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​រិះគន់​ក្នុង​ពេល​កន្លង​ទៅ​ថា តាម​រយៈ​ការ​ចោទ​ប្រកាន់ ការ​ចាប់​ទុក​ដាក់ និង​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​មក​លើ​សកម្មជន និង​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ហើយ​ចុង​ក្រោយ​គឺ​ធ្វើ​ច្បាប់​ស្ដីពី​បក្ស​នយោបាយ​ទៀត គឺ​សុទ្ធ​សឹង​តែ​ជា​លេស​របស់​បក្ស​កាន់​អំណាច​មិន​ចង់​ឲ្យ​មាន​ការ​បោះឆ្នោត។

ជុំវិញ​រឿង​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា តាម​ពិត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត។ក៏ប៉ុន្តែ​អ្នក​តំណាងរាស្ត្រ​រូប​នេះ​យល់​ឃើញ​ថា ការ​បោះ​ឆ្នោត​ដែល​អាច​ទទួល​យក​បាន លុះត្រា​តែ​ការ​បោះឆ្នោត​ដែល​ធ្វើ​ឡើង​ដោយ​ស្មើ​មុខ​ស្មើ​មាត់ ហើយ​អ្នក​ឈ្នះ​គឺ​ឈ្នះ​ដោយ​រីករាយ ចំណែក​អ្នក​ចាញ់​គឺ​ចាញ់​ដោយ​អស់​ចិត្ត៖ «ដើម្បី​ឲ្យ​ការ​បោះឆ្នោត​មួយ​ប្រព្រឹត្ត​ទៅ​ត្រឹមត្រូវ និង​យុត្តិធម៌​តាម​បរិយាកាស​ហ្នឹង ទាល់​តែ​វា​អត់​មាន​បរិយាកាស​គំរាមកំហែង អត់​មាន​បរិយាកាស​បំភិតបំភ័យ អត់​មាន​បរិយាកាស​ចាប់​ចង។ ទាំង​អស់​ហ្នឹង​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​បាន»

បើ​ទោះ​ជា​បែប​ណា ច្បាប់​បោះឆ្នោត​ស្ដីពី​គណបក្ស​នយោបាយ គឺ​តម្រូវ​ឲ្យ​នាយករដ្ឋមន្ត្រី ជា​អ្នក​កំណត់​ពេល​វេលា​នៃ​យុទ្ធនាការ និង​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត។ ដោយ​ឡែក ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ បាន​កំណត់​រួច​ហើយ ដែល​នឹង​ត្រូវ​រៀបចំ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។

ឃុំ-សង្កាត់​មួយ​អាច​មាន​ក្រុមប្រឹក្សា​ដែល​ដឹកនាំ​ដោយ​មេ​ឃុំ-​សង្កាត់​មួយ​រូប និង​សមាជិក​ចន្លោះ​ពី ៥ និង ១១​រូប។ ៦​ខែ​ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​​រួច នឹង​ដំណើរ​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​ដែល​អាច​នឹង​រៀបចំ​នៅ​អំឡុង​ដើម​ឆ្នាំ​២០១៨។ ៦​ខែ បន្ទាប់​ពី​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​រួច នឹង​ចាប់​ដំណើរ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦។

អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំ​វិញ​រឿង​នេះ ពី​មន្ត្រី​​​អ្នក​នាំ​ពាក្យ នៃ គ.ជ.ប បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ។

យ៉ាង​នេះ​ក្ដី​លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ និចហ្វិក យល់​ឃើញ​ថា គ្មាន​ជម្រើស​មួយ​ណា​ដែល​ល្អ​ជាង​ការ​បោះឆ្នោត​ឡើយ។ ការ​បោះឆ្នោត​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​តម្លាភាព ជា​ការ​ឆ្លុះបញ្ចាំង​ពី​ការ​ឈ្នះ​ចាញ់ ដែល​ភាគី​ទាំង​សង្ខាង​ទទួល​បាន​យុត្តិធម៌​ដោយ​ស្មើភាព៖ «ខ្ញុំ​មាន​ជំនឿ​ថា មិន​អាច​ចៀស​ផ្លូវ​ហ្នឹង​បាន​ទេ មាន​តែ​ផ្លូវ​បោះឆ្នោត​មួយ​មុខ​គត់​ដែល​ជា​ជម្រើស​ដ៏​ល្អ​បំផុត»

ថ្លែង​នៅ​ក្នុង​ពិធី​បិទ​វគ្គ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៧ នៅ​ក្រសួង​មហាផ្ទៃ លោក ហ៊ុន សែន ក៏​បាន​ថ្លែង​ពី​ភាព​ប្រេះឆា​ផ្ទៃ​ក្នុង​បក្ស​របស់​គណបក្ស​ប្រឆាំង​រឿង​ដាក់​បេក្ខភាព​នៅ​តាម​ឃុំ-សង្កាត់​ដែរ។ បើ​ទោះជា​បែប​ណា អ្នក​ជំនាញ​លើ​កិច្ចការ​បោះឆ្នោត​យល់​ឃើញ​ថា ភាព​រង្គោះរង្គើ​ផ្ទៃ​ក្នុង​បក្ស​ដទៃ នោះ​គឺ​ជា​សិទ្ធិ​ស្វយ័ត​របស់​បក្ស​ផ្សេង។ សារ​នយោបាយ​របស់​លោក​នាយករដ្ឋមន្ត្រី​ដែល​រិះគន់​បក្ស​ដទៃ​នៅ​ពេល​នេះ ទំនង​ជា​មូលហេតុ​ធ្វើ​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​បក្ស​កាន់​អំណាច​ទៅ​វិញ​ក៏​អាច​ថា​បាន​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។