លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបង្ហាញនូវសមិទ្ធផលដែលបានបន្សល់ទុកកាលពីឆ្នាំចាស់ ក្នុងនោះកំណើនសេដ្ឋកិច្ចប្រមាណ ៧,៣ភាគរយ ដោយផ្នែកលើវិស័យកសិកម្ម ឧស្សាហកម្មកាត់ដេរ និងសេវាកម្មទេសចរណ៍។
លោក ហ៊ុន សែន បានពណ៌នាក្នុងលិខិតជូនពររបស់ខ្លួនដែលទើបតែចេញផ្សាយជាសាធារណៈនៅថ្ងៃទី៨ ខែមេសា ថា ក្នុងឆ្នាំចាស់កន្លងទៅ បរិមាណផលិតផលស្រូវរដូវវស្សា និងស្រូវរដូវសម្រេចបានជាង ៩លានតោន ក្នុងនោះសេសសល់ស្រូវជាង ៤,៧លានតោន បន្ទាប់ពីកាត់ចេញនូវបរិមាណស្រូវដែលត្រូវការជាស្បៀង ពូជ ចំណីសត្វ។
មានពលករបម្រើការងារក្នុងវិស័យឧស្សាហកម្មកាត់ដេរប្រមាណ ៤៩ម៉ឺននាក់ ភ្ញៀវទេសចរអន្តរជាតិមកទស្សនានៅកម្ពុជា មានជាង ៣,៥លាននាក់ ដែលចំនួននេះកើនឡើងប្រមាណ ២៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១១។
លោក ហ៊ុន សែន ក៏បានបង្ហាញពីគម្រោងវិនិយោគថ្មី និងគម្រោងដែលមានស្រាប់ចំនួន ២១៨គម្រោង កាលពីឆ្នាំចាស់ ដែលមានទុនវិនិយោគសរុបជិត ៣ពាន់លានដុល្លារ និងបង្កើតការងារឲ្យពលរដ្ឋបានជាង ៣៣ម៉ឺនកន្លែង។
ការបង្ហាញពីសមិទ្ធផលវិជ្ជមាននេះរបស់លោក ហ៊ុន សែន ត្រូវបានគណបក្សប្រឆាំងចាត់ទុកថា ជាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឃោសនារកប្រជាប្រិយភាពមុនការបោះឆ្នោត។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ យល់ឃើញថា កំណើនសេដ្ឋកិច្ចតែមួយមុខមិនបានបង្ហាញថា ប្រជាពលរដ្ឋមានជីវភាពធូរធារនោះទេ។ លោកបន្តថា មានកត្តាជាច្រើនទៀតដែលជំរុញឲ្យកម្ពុជា មានការអភិវឌ្ឍពិតប្រាកដ ជាពិសេសគឺបំបាត់អំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយតម្លាភាព។
លោក យឹម សុវណ្ណ៖ «វាទាល់តែកំណើនសេដ្ឋកិច្ចមានយុត្តិធម៌ ដែលមានសមធម៌នៅក្នុងសង្គម ដែលមានការគោរពសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវ ដែលមានការអភិវឌ្ឍប្រកបដោយចិរភាព ដែលមិនប៉ះពាល់ដល់ការកាប់បំផ្លាញធនធានធម្មជាតិ ព្រៃឈើ ឬមួយក៏ប្រគល់ដីសម្បទានឲ្យក្រុមហ៊ុនបរទេស យើងចង់បានការអភិវឌ្ឍបែបហ្នឹង មិនមែនចង់បានតែកំណើន តែជីវភាពប្រជាពលរដ្ឋរស់នៅតែដុនដាបទៅ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង យល់ឃើញថា ក្រៅពីសមិទ្ធផលដែលរដ្ឋាភិបាលសម្រេចបាន នៅមានរឿងជាច្រើនទៀតដែលត្រូវយកចិត្តទុកដាក់បន្ថែមលើជីវភាពរស់នៅរបស់ពលរដ្ឋ រួមមានការដំឡើងប្រាក់ខែដល់មន្ត្រីរាជការ និងកម្មករឲ្យបានសមរម្យ និងការផ្ដល់ឱកាសការងារដល់ក្រុមយុវជន ទន្ទឹមនឹងក្រុមយុវជនជាច្រើនកំពុងគ្មានការងារធ្វើ។
លោក យង់ គឹមអេង៖ «ឆ្នាំថ្មីនេះគួរតែបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងថែមទៀត ជាពិសេសផ្ដោតលើប្រាក់ខែមន្ត្រីរាជការ និងកម្មករ ហើយមួយវិញទៀត ការគោរពសិទ្ធិសេរីភាព ហើយនិងការប្រឹងប្រែងដោះស្រាយនូវជម្លោះដីធ្លីដែលកើតមានជាបន្តបន្ទាប់គួរតែបញ្ចប់»។
ចំណែកអង្គការសង្គមស៊ីវិលចង់ឲ្យរាជរដ្ឋាភិបាលផ្តោតយកចិត្តទុកដាក់កែលំអលើបញ្ហាសិទ្ធិមនុស្ស បញ្ហាប្រជាធិបតេយ្យ។ ខណៈអង្គការខុមហ្វ្រែល (Comfrel) រកឃើញថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កំពុងតែមានភាពផុយស្រួយ និងដើរថយក្រោយ ហើយគណបក្សកាន់អំណាចព្យាយាមប្រើប្រាស់មធ្យោបាយជាច្រើន ដើម្បីក្តោបក្តាប់អំណាចផ្តាច់មុខ ដែលរារាំងដល់ដំណើរការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បង្ហាញពីសមិទ្ធផលកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន ការកែទម្រង់វិស័យជលផលដោយលុបឡូត៍នេសាទពីឈ្មួញឯកជន ហើយប្រគល់មកឲ្យប្រជាពលរដ្ឋគ្រប់គ្រង។ ការកែទម្រង់វិស័យដីធ្លី វាស់វែង និងផ្ដល់ប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋជិត ៥០ម៉ឺនគ្រួសារលើផ្ទៃដីជិត ២លានហិកតារ ជាពិសេសបានបញ្ជូនកងយោធពលខេមរភូមិន្ទទៅបំពេញបេសកកម្មថែរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិនៅប្រទេសលីបង់ និងប្រទេសស៊ូដង់ខាងត្បូង សរុបចំនួន ៣៧០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
