ប៉ុន្តែការចោទនេះ ត្រូវបានមេដឹកនាំបក្សប្រឆាំងប្រតិកម្មតបថា គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ទៅវិញទេដែលដឹកនាំប្រទេសតាមរបបខ្មែរក្រហម ព្រោះបានអនុវត្តគោលនយោបាយបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋាន និងដីធ្លីដែលគេកំពុងរស់នៅទាំងបង្ខំ។
ថ្លែងនៅក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅខេត្តកែប ព្រឹកថ្ងៃពុធ ទី២២ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា មុខរបបខ្មែរក្រហមនឹងវិលមកវិញ បើបក្សសង្គ្រោះជាតិនេះឈ្នះការបោះឆ្នោត នាខែកក្កដា ខាងមុខ។
លោកបន្តថា សញ្ញាណនៃបញ្ហានេះដោយសារគណបក្សប្រឆាំងបានឃោសនាសន្យានឹងលុបបំណុលរបស់ប្រជាពលរដ្ឋដែលជំពាក់ធនាគារចោលទាំងស្រុង៖ «អ៊ីចឹងខ្ញុំករុណាខ្ញុំថា របបអាពតនឹងមកដល់។ មូលហេតុងាយយល់ដូច្នេះ ឥឡូវបើបងប្អូនទាំងឡាយដើរជំពាក់ធនាគារ បែរជាជឿសម្ដីខ្សឹបខ្សៀវ ឬឃោសនាថា នៅពេលដែលគេឈ្នះគេនឹងលុបចោលបំណុល។ តើគេត្រូវធ្វើអីមុនដើម្បីឲ្យលុបបំណុលបាន? ដំបូងបំផុតគេធ្វើដូចអាពត គឺបានសេចក្ដីថា រំលំចោលធនាគារនៅទីក្រុងភ្នំពេញ ច្បាប់ធនាគារអីត្រូវរំសាយចោលទាំងអស់សិន»។
ប្រមុខដឹកនាំសង្កត់ធ្ងន់ថា បើសិនជាមានការលុបចោលបំណុលរបស់អ្នកជំពាក់ធនាគារ ដូចបក្សប្រឆាំងសន្យាមែននោះ នោះមិនខុសពីរបប ប៉ុល ពត ទេ ព្រោះមុននឹងឈានទៅលុបបំណុលបានទាល់តែលុបចោលនូវច្បាប់នានាពាក់ព័ន្ធនឹងធនាគារជាមុន។
ឆ្លើយតបនឹងការថ្លែងបែបនេះ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ប្រតិកម្មថា គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ទៅវិញទេ ដែលដឹកនាំប្រទេសយកលំនាំដឹកនាំរបស់របបខ្មែរក្រហម។ ជាងនេះទៀត មេដឹកនាំបក្សកាន់អំណាចសព្វថ្ងៃ ភាគច្រើនជាអតីតខ្មែរក្រហម។
លោក កឹម សុខា ព្រមានថា សកម្មភាពបង្ខំបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋាន និងដីធ្លីកសិកម្ម ដូចដែលរដ្ឋាភិបាលអនុវត្តសព្វថ្ងៃនេះ គឺដូចគ្នាបេះបិទទៅនឹងសកម្មភាពរបបខ្មែរក្រហម បានអនុវត្តកន្លងមក។
លោកបន្តថា គោលនយោបាយរបស់បក្សសង្គ្រោះជាតិមិនដែលបានប្រកាសលុបចោលបំណុលប្រជាពលរដ្ឋជំពាក់ធនាគារដូចលោក ហ៊ុន សែន ចោទប្រកាន់ទេ គឺបានប្រកាសបញ្ចុះតម្លៃទំនិញ និងបញ្ចុះអត្រាការប្រាក់ទៅវិញទេ៖ «ព្រោះគេស្គាល់ប្រវត្តិលោកនាយករដ្ឋមន្ត្រី និងប្រវត្តិគណបក្សប្រជាជនកម្ពុជា មកពីណាហើយ។ គេដឹងថា គណបក្សប្រជាជនជាអតីតបក្សកុម្មុយនិស្ត ហើយលោកនាយករដ្ឋមន្ត្រី មេដឹកនាំគណបក្សប្រជាជនសុទ្ធតែជាអតីតមេខ្មែរក្រហម។ ប្រជាពលរដ្ឋគេដឹងហើយ មានតែពួកគាត់ទេដែលអាចធ្វើតាមខ្មែរក្រហម ហើយឥឡូវនេះកំពុងតែធ្វើតាមទៀត។ ដូចជាដេញប្រជាពលរដ្ឋចេញពីផ្ទះសម្បែង និងលំនៅឋានអីហ្នឹង។ អាហ្នឹងសុទ្ធតែជាក្បួនរបស់ខ្មែរក្រហមហើយ។ ដូច្នេះហើយគឺគណបក្សសង្គ្រោះជាតិ គឺយើងខ្ញុំ សម រង្ស៊ី កឹម សុខា បាតដៃអត់ប្រឡាក់ឈាមទេ ហើយយើងអត់ចេះធ្វើខ្មែរក្រហមទេ ហើយយើងដឹងហើយ មេខ្មែរក្រហមទំនាក់ទំនងតែជាមួយប្រទេសកុម្មុយនិស្តទេ»។
លោក កឹម សុខា បានចោទលោក ហ៊ុន សែន ថា អាងតែមានប្រព័ន្ធផ្សព្វផ្សាយច្រើន តែងបានវាយប្រហារគណបក្សប្រឆាំងបំផ្លើសខុសការពិត។ ប៉ុន្តែលោក កឹម សុខា ព្រមានថា បើលោក ហ៊ុន សែន មានសេចក្ដីក្លាហាន ឬចិត្តសឿង លោកស្នើជួបជជែកពីគោលនយោបាយគណបក្សរៀងៗខ្លួន តទល់មុខគ្នាតាមកញ្ចក់ទូរទស្សន៍ ដើម្បីឲ្យប្រជាពលរដ្ឋពិចារណា តើគណបក្សណាមានគោលនយោបាយដឹកនាំទៅរករបបខ្មែរក្រហម។
យ៉ាងនេះក្ដី សម្រាប់អ្នកវិភាគស្ថានការណ៍បញ្ហាសង្គម បានបញ្ចេញទស្សនៈថា ទោះគណបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោតអាណត្តិទី៥ ក៏មិនអាចកើតរបបខ្មែរក្រហម ឬគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត ក៏រឹតតែមិនអាចកើតរបបខ្មែរក្រហមជាថ្មីបានទេ។
លោក កែម ឡី អ្នកវិភាគឯករាជ្យ និងអ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បានផ្ដល់វិភាគថា សម័យនេះ ទោះបក្សណាឈ្នះការបោះឆ្នោតខែកក្កដា របបខ្មែរក្រហមមិនអាចវិលវិញជាថ្មីបានទេ ព្រោះកម្ពុជា បានកសាងប្រជាធិបតេយ្យ ២០ឆ្នាំមកហើយ និងមានភាគីជាច្រើនចូលរួម មានទាំងវិស័យឯកជន សង្គមស៊ីវិល និងសហគមន៍អន្តរជាតិ។
លោក កែម ឡី៖ «កាលណាយើងដឹកនាំរបៀបផ្ដាច់ការពីលើដល់ក្រោម កាលណាយើងដឹកនាំបង្កើតឲ្យមានអំពើហិង្សា គឺជាផ្នែកមួយនៃរបបកុម្មុយនិស្តខ្មែរក្រហម។ មួយទៀត យើងដឹកនាំដោយមិនមានការចូលរួមពេញលេញ មិនមានតម្លាភាព មិនមានគណនេយ្យភាព អាហ្នឹងក៏ជាផ្នែកមួយនៃរបបហ្នឹងដែរ។ មិនចាំបាច់យកឈ្មោះរបបហ្នឹង ឬក៏ឈ្មោះមនុស្សរបបហ្នឹងមកថា អាហ្នឹងវាជារបបខ្មែរក្រហមទេ។ ជួនកាលយើងធ្វើដំណើរទៅ យើងអត់ដឹងថា យើងកំពុងតែជាន់ដានរបបចាស់ក៏មានដែរ ទាំងចិត្តគំនិត ទាំងវប្បធម៌ ទាំងទ្រឹស្ដី និងការអនុវត្ត»។
ទោះជាយ៉ាងណា លោក ហ៊ុន សែន បានចាត់ទុកការស្រមើស្រមៃឈ្នះការបោះឆ្នោតរបស់គណបក្សប្រឆាំងថា មិនអាចទៅរួចទេ ហើយថា លោកអស់សំណើចពេលដែលគណបក្សប្រឆាំងចោទរូបលោកថា ភ័យខ្លាចចាញ់ឆ្នោតនៅអាណត្តិទី៥។
យ៉ាងណាក៏ដោយ លោក កឹម សុខា យល់ថា លោក ហ៊ុន សែន ពិតជាកំពុងភ័យ និងបារម្ភចាញ់ឆ្នោត ហើយថែមទាំងបានរិះរកគ្រប់យុទ្ធវិធីដើម្បីហែកហួរគណបក្សសង្គ្រោះជាតិ ប៉ុន្តែឧបាយកលអាក្រក់របស់គណបក្សប្រជាជនកម្ពុជា ត្រូវម្ចាស់ឆ្នោតបានដឹងកលល្បិចនេះរួចហើយ។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន ៨ បានចុះបញ្ជី និងចុះឈ្មោះបេក្ខជនចូលរួមប្រកួតប្រជែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
