លោក ហ៊ុន សែន ព្រមាន​មិន​ឲ្យ​យក​កម្ពុជា​ទៅ​ប្រៀបធៀប​នឹង​ប្រទេស​ដទៃ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ព្រមាន​ជា​សាធារណៈ​ថា កុំ​ឲ្យ​យក​កម្ពុជា ទៅ​ប្រៀប​ធៀប​នឹង​ប្រទេស​ដទៃ ព្រោះ​ថា បរទេស​មិន​មាន​របប ប៉ុល ពត ដូច​កម្ពុជា​ទេ។
ដោយ វណ្ណ វិចារ
2013-03-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហ៊ុន សែន ៣០៥
១០-ធ្នូ-២០១២៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​របស់​ជប៉ុន នៅ​ក្បែរ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។
RFA/Sok Serey

ការ​ប្រកាស​ព្រមាន​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​អ្នក​វិភាគ និង​អ្នក​នយោបាយ​មួយ​ចំនួន​បាន​រិះគន់​ថា សន្ទុះ​អភិវឌ្ឍន៍​នៅ​កម្ពុជា ទាប​ជាង​ប្រទេស​ជិត​ខាង សូម្បី​តែ​ប្រទេស​ឡាវ ប៉ុន្តែ​មន្ត្រី​រាជរដ្ឋាភិបាល​រាប់ទាំង​លោក ហ៊ុន សែន តែង​ដោះសា​ថា មក​ពី​កម្ពុជា​មាន​សង្គ្រាម និង​ឆ្លង​កាត់​របប ប៉ុល ពត ទើប​ប្រទេស​អភិវឌ្ឍន៍​យឺត។

នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រកាស​ព្រមាន​ជា​សាធារណៈ​ថា គេ​មិន​អាច​យក​ការ​អភិវឌ្ឍន៍​នៅកម្ពុជា ទៅ​ប្រៀបធៀប​និង​ប្រទេស​ជិតខាង​ដូច​ជា​ថៃ ឡាវ និង វៀតណាម បាន​ទេ ដោយសារតែ​កម្ពុជា ធ្លាប់​ឆ្លង​កាត់​សម័យ ប៉ុល ពត។ ការ​ថ្លែង​នេះ ត្រូវ​បាន​មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​ថា ជា​លេស​ដែល​លោក ហ៊ុន សែន លើក​ឡើង​ដើម្បី​បិទបាំង​ការ​អសមត្ថភាព​របស់​ខ្លួន​ក្នុង​នាម​ជា​អ្នក​កាន់​អំណាច។

ក្នុង​ទិវា​វប្បធម៌​ជាតិ ថ្ងៃ​៣ មីនា លើក​ទី​១៥ ឆ្នាំ​២០១៣ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៣ មីនា នៅ​សាល​សន្និសីទ​ចតុមុខ នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា ការ​ដែល​យក​កម្ពុជា ទៅ​ប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង មាន ឡាវ វៀតណាម និង​ថៃ គឺ​មិន​មែន​ជា​រឿង​ត្រឹមត្រូវ​នោះ​ទេ ដោយសារ​តែ​កម្ពុជា បាន​ឆ្លង​កាត់​សម័យ ប៉ុល ពត ដែល​បំផ្លាញ​ទាំង​ស្រុក​នូវ​ឫស​គល់​វប្បធម៌​ជាតិ​ផ្ទុយ​ពី​ប្រទេស​ទាំង​នោះ។ លោក​បន្ត​ថា ទោះ​បី​ជា​ឡាវ និង​វៀតណាម ផ្លាស់​ប្ដូរ​របប ហើយ​ថៃ​ធ្វើ​រដ្ឋ​ប្រហារ​ច្រើន​ដង តែ​គេ​មិន​បាន​សម្លាប់​រង្គាល​មនុស្ស​ដូច​កម្ពុជា​ទេ។

លោក ហ៊ុន សែន បញ្ជាក់​ថា រាល់​កំណែទម្រង់ និង​អភិវឌ្ឍន៍​ទាំង​អស់​ក្នុង​ប្រទេស គឺ​ធ្វើ​តាម​បែប​កម្ពុជា ដោយ​មិន​ចំលង​តាម​ប្រទេស​ណា​មួយ​ឡើយ៖ «ប្រទេស​គេ ទោះ​បី​មាន​ការ​ផ្លាស់ប្ដូរ​របប តែ​គេ​មិន​បាន​បោះ​បង់​ចោល​វប្បធម៌​របស់​គេ​ទេ គេ​មិន​បាន​សម្លាប់​មនុស្ស​រង្គាល​ដូច​នៅ​កម្ពុជា ទេ ទោះ​បី​រដ្ឋ​ប្រហារ​កើត​រាប់​មិន​អស់ ក៏​ប៉ុន្តែ​ថៃ នៅ​តែ​ជា​ថៃ។ ហេតុ​អី​យក​កម្ពុជា ទៅ​ប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង? និយាយ​រួម​ទៅ​កម្ពុជា មិន​អាច​យក​ទៅ​ប្រៀប​ធៀប​ជា​មួយ​អ្នក​ណា​បាន​ទេ»

លោក ហ៊ុន សែន ព្រមាន​បន្ត​ថា សូម​ប្រយ័ត្ន បើ​សិន​ជា​យក​កម្ពុជា ទៅ​ប្រៀប​ធៀប​នឹង​ប្រទេស​ជិត​ខាង ដូច​ជា​ឡាវ និង វៀតណាម ព្រោះ​ថា ប្រទេស​ទាំង​ពីរ​នេះ​ប្រកាន់​នយោបាយ​បក្ស​តែ​មួយ។

ទោះ​ជា​យ៉ាង​ណា​ក្ដី អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម មាន​ប្រ​សាសន៍​ថា ការ​ដែល​យក​កម្ពុជា ទៅ​ប្រៀប​ធៀប​នឹង​បរទេស មិន​មែន​ជា​ប្រការ​អាក្រក់​នោះ​ទេ ព្រោះ​អាច​ឲ្យ​កម្ពុជា មើល​ឃើញ​ពី​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន​ដើម្បី​បង្កើន​​ល្បឿន​អភិវឌ្ឍន៍​ជាតិ​បាន​ប្រសើរ​ឡើង។ លោក​បន្ត​ថា ព្រោះ​តែ​ការ​អភិវឌ្ឍ​មិន​មើល​គំរូ​ល្អ​ពី​បរទេស​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​ទីកន្លែង​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដូចជា​ការ​ចាប់​មនុស្ស​ដាក់​គុក ទទួល​រង​នូវ​អំពើ​ហិង្សា​ពី​សំណាក់​សមត្ថកិច្ច និង​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ​ជា​ដើម។

លោក ប៉ុល ហំម បញ្ជាក់​ថា មន្ត្រី​បក្ស​កាន់​អំណាច​តែង​តែ​លើក​យក​បញ្ហា​របប ប៉ុល ពត មក​ថ្លែង​ជា​សាធារណៈ​ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ភ្លេច​គុណ និង​​ព្យាយាម​បិទបាំង​ទង្វើ​អាក្រក់​របស់​ក្រុម​ខ្លួន ដែល​មាន​ដូចជា​ការ​លក់​ធនធាន​ធម្មជាតិ ទ្រព្យសម្បត្តិ​រដ្ឋ និង​អំពើ​ពុករលួយ ។ល។

លោក ប៉ុល ហំម៖ «អភិវឌ្ឍន៍​លើ​គំនរ​ទឹក​ភ្នែក​របស់​ប្រជាពលរដ្ឋ​ខ្មែរ ​ហើយ​អ្នក​ដែល​បាន​ផល​ច្រើន​នោះ គឺ​នាយ​ទុន អ្នក​មាន​អំណាច។ អត់​មាន​បណ្ដុះ​ឲ្យ​ប្រជាជន គាត់​យល់​ពី​សិទ្ធិ​សេរីភាព​របស់​គេ​ទេ គឺ​រំលឹក​របប ប៉ុល ពត និង ៧​មករា ដូច្នេះ​ចម្លើយ​បែប​នេះ​​ជា​ចម្លើយ​​ទ័លចក្រ បង្ហាញ​ពី​កង្វះ​សមត្ថភាព​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន បើ​មាន​សមត្ថភាព​គាត់​អាច​ពន្យល់​បាន»

លោក ប៉ុល ហំម បន្ត​ថា គណបក្ស​កាន់​អំណាច​មាន​តួនាទី​លើក​តម្កើង​សេរីភាព និង​ការ​គោរព​ច្បាប់​នៅ​កម្ពុជា ស្រប​តាម​រដ្ឋធម្មនុញ្ញ ដូច​នេះ​ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​តួនាទី​ឃ្លាំមើល​ការ​អនុវត្ត​ការងារ​របស់​រាជរដ្ឋាភិបាល។

កន្លង​ទៅ​ពេល​ចុះ​ជួប​ប្រជាពលរដ្ឋ​ម្តងៗ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា តែង​លើក​យក​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ស្ថិរភាព​សង្គម សន្តិ​សុខ មក​បង្ហាញ​ដោយ​បញ្ជាក់​ដូចៗ​គ្នា​ថា ទាំង​អស់​នេះ​ជា​សមិទ្ធិ​ផល​៧​មករា ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ ។តែ​ពួក​គេ​កម្រ នឹង​លើក​យក​បញ្ហា បំណុល​បរទេស ការ​រំលោភ​សិទ្ធិ​មនុស្ស អំពើ​ពុក​រលួយ ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ណាស់ ព្រោះ​ថា បើ​សិន​ពលរដ្ឋ​បាន​ដឹង​ច្បាស់ នោះ​មិន​បាន​ផល​ចំណេញ​អ្វី​ដល់​បក្ស​កាន់​អំណាច​ឡើយ។ បាន​ន័យ​ថា ប្រជាពលរដ្ឋ​អាច​ឮ​ពី​ទុក្ខ​លំបាក​ក្នុង​សម័យ ប៉ុល ពត និង​ការ​អភិវឌ្ឍ​ក្នុង​សម័យ​នេះ​ចេញ​ពី​មាត់​ក្រុម​មន្ត្រី​រាជ​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។

ទន្ទឹម​នឹង​នេះ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា កម្ពុជា​មិន​មែន​ជា​ប្រទេស​ឯកោ​តែ​ឯង​នៅ​លើ​ពិភពលោក​នោះ​ទេ ដូច​នេះ​ចាំបាច់​ត្រូវ​តែ​យក​ទៅ​​ប្រៀប​ធៀប​ដើម្បី​វាស់​ឲ្យ​ដឹង​ថា តើ​កម្ពុជា​មាន​ការ​អភិវឌ្ឍ​កម្រិត​ណា? លោក​បន្ត​ថា បើ​សិន​ជា​ឃើញ​ថា កម្ពុជា​មាន​កម្រិត​ទាប​ជាង​គេ អ្នក​ដឹក​នាំ​ត្រូវ​តែ​ទទួល​ស្គាល់​ការ​ពិត និង​ខំ​ប្រឹងប្រែង​ដើរ​ឲ្យ​ទាន់​គេ បើ​ខ្ពស់​ជាង​គេ​ហើយ ក៏​ត្រូវ​ខិត​ខំ​បន្ត​ទៀត​ដែរ។

លោក ឡៅ ម៉ុងហៃ បញ្ជាក់​ថា ប្រទេស​កម្ពុជា ប្រសើរ​ជាង​ឡាវ និ ​វៀតណាម ត្រង់​ថា កម្ពុជា​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ហេតុ​នេះ​កម្ពុជា មាន​ការ​អនុគ្រោះ​ច្រើន​ផ្នែក​សេដ្ឋកិច្ច​ពី​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប តែ​អ្វី​ដែល​នាំ​ឲ្យ​កម្ពុជា អាប់​អោន​ខ្លួន​ឯង​នោះ គឺ​តុលាការ​មិន​ឯករាជ្យ និង​អំពើ​ពុក​រលួយ​នេះ​ឯង៖ «យើង​ត្រូវ​មើល​អ៊ីចឹង​វិញ មួយ​ផ្នែកៗ​ហ្នឹង សេដ្ឋកិច្ច​ចម្រើន​លូត​លាស់ ក៏​ប៉ុន្តែ​យើង​ទៅ​ខ្ចី​លុយ​គេ​ក៏​ច្រើន បាត់​បង​ភោគទ្រព្យ​សម្បត្តិ​ធម្មជាតិ​ក៏​ច្រើន អំពើ​ពុករលួយ​ក៏​ច្រើន និយាយ​ទៅ​វិល​ឡើង​ចុះ​ជាន់​តែ​កែង​ឯង​អ៊ីចឹង»

អ្នក​តាម​ដាន​បញ្ហា​សង្គម​យល់​ថា ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម ពិត​ជា​អាច​យក​ទៅ​ប្រៀបធៀប​គ្នា​បាន​ត្រង់​ថា ប្រទេស​ទាំង​បី​កែប្រែ​​នយោបាយ​ពី​សេដ្ឋកិច្ច​ផែនការ​ទៅ​ជា​សេដ្ឋកិច្ច​ទីផ្សារ​ដូចៗ​គ្នា​ក្នុង​​ទសវត្ស​ទី​៩០។ ចំណែក​ឯ​ធនធាន​ធម្មជាតិ ក៏​មាន​ប្រហាក់​ប្រហែល​គ្នា​ដែរ ដោយ​ធនធាន​នេះ​អាច​យក​ទៅ​អភិវឌ្ឍន៍ ដោយ​សមាមាត្រ​ទៅ​នឹង​ចំនួន​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​នីមួយៗ។

អ្នក​ជំនាញ​បញ្ជាក់​ថា កម្ពុជា​នឹង​ដើរ​តាម​ក្រោយ​ឡាវ និង វៀតណាម ហើយ​ក៏​មិន​អាច​ងើប​មុខ​យក​ទៅ​ប្រៀប​នឹង​ប្រទេស​ក្នុង​តំបន់​បាន​ទេ លើ​គ្រប់​វិស័យ បើ​សិន​ជា​កម្ពុជា ប្រកាន់​នយោបាយ​ប្រជាធិបតេយ្យ​ក្លែងក្លាយ អំពើ​ពុករលួយ ឬ​មិន​យក​ការ​អនុវត្ត​ច្បាប់​ជា​គោល​នោះ។ តែ​បើ​កម្ពុជា បើក​ឲ្យ​មាន​សេរីភាព​ពេញលេញ និង​នយោបាយ​ប្រជាធិបតេយ្យ​ច្បាស់លាស់ នោះ​កម្ពុជា​នឹង​មិន​អន់​ជាង​ឡាវ និង​វៀតណាម ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Kim Sin

ពី Like

I like to listen to Free Asia because they issues the true things on Human Rights violent in Cambodia and other country

Mar 13, 2013 03:39 AM

អ្នក​អាន​អនាមិក

Khmer people are Buddhists; I know they can forgive you,Hun Sen...but you must repent and step down so the real patriot like Sam Rainsy or Kem Sokha can come in to save our country from Vietnam . Hun Sen ,you are Khmer,and we don't want Khmer to hurt Khmer anymore. Cambodia is for our Khmer nation,we would sacrifice our lives for our country,if have to. Hun Sen, you and your men must joint Cambodian National Rescue Party to save Cambodia . Do it for your country ,for your people ,for your children and grand children !

Mar 09, 2013 11:59 AM

Tipreksa Khmer

ពី Phnom Penh

លោកហ៊ុនសែននិយាយនឹងគឺត្រូវណាស់ គាត់មិនចង់ឲ្យប្រៀបធៀបទេ ព្រោះបើប្រៀបធៀបទៅគឺប្រទេស ហើងនឹងធ្លាក់ដល់កម្រិតសូន្យជាក់ជាមិនខានទេ។ ណាមួយប្រទេសយើងទើបតែក្រោកពីសង្គ្រាម ដូច្នេះកសាងប្រទេស រៀងយឺតបន្តិចហើយ។ ណាមួយត្រូវយកលុយទៅឲ្យបក្ស, មួយចំនែកទៀតយកទៅដាក់នៅកុងធនាគា, មួយផ្នែកទៀតយកទៅ ជួអ្នកដ៏មានគុណដែលបានឲ្យគាត់បានកាន់ អំណាច។ គិតទៅបន្ទោសគាត់ក៏មិនកើតដែរ ព្រោះអីខួរក្បាលគាត់ បែងចែកច្រើនពេក។ ដូច្នេះកុំឲ្យគាត់ពិបាកតទៅទៀត ឆ្នាំ២០១៣ ខែ៧ ឲ្យគាត់សម្រាកទៅ ព្រោះអីកសាងទៅមុខក៏ទៅមិនរួចដែរ មានតែ​ដើរថយក្រោយ។ កុំឲ្យខ្មាស់ប្រទេសឡាវ។

Mar 08, 2013 09:26 AM

សុវណ្ណភូមិ

លោក ហ៊ុនសែ មិនឲ្យយកព្រៀបធៀបនឹងប្រទេសជិតខាងព្រោះថាប្រទេសកម្ពុជាពុករលួយស៊ីរូងដល់ឆ្អឹងមេដឹងនាំគិតតែពីរប្រយោជន៍ គ្រួសារនិងបក្សពួករបស់ខ្លួន

Mar 08, 2013 12:36 AM

ផានិត

ពី កំពង់ចាម

សម្តេច ហ៊ុន សែន មិនដំឡើងប្រាក់ខែនេះ ពិតជាត្រឹមត្រូវណាស់ ព្រោះសម្តេចទុកលុយនេះសម្រាប់ប្រព្រឹត្តិអំពើពុករលួយយកធ្វើមាន​(មហាសេដ្ឋី)និងទុកលុយមួយចំនួនទៀតសម្រាប់ទិញអំណោយបន្តិចបន្តួចបោកប្រជារាស្រ្តដើម្បីយកសន្លឹកឆ្នោត។

Mar 06, 2013 07:07 PM

មើល​មតិ​ទាំង​អស់.