លោក ហ៊ុន សែន គាំទ្រ​សិស្ស​ប្រឡង​បាក់ឌុប​ធ្លាក់​អាច​ប្រឡង​លើក​ទី​២

0:00 / 0:00

ការ​រឹត​បន្តឹង​ក្នុង​ពេល​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប ដែល​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថ្មី​បាន​ធ្វើ​ការ​កែទម្រង់ នៅ​ឆ្នាំ​២០១៤ នេះ អាច​នឹង​មាន​អ្នក​ជាប់​ចំនួន​តិច។ បញ្ហា​នេះ ត្រូវ​បាន​ផ្ដល់​ឱកាស​ឲ្យ​មាន​ការ​ប្រឡង​ម្ដង​ទៀត ដែល​ជា​គម្រោង​របស់​ក្រសួង​អប់រំ និង​មាន​ការ​គាំទ្រ​ពី​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល។ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បាន​អ្នក​ឃ្លាំមើល​វិស័យ​អប់រំ​ជំទាស់។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​គាំទ្រ​គម្រោង​ស្នើ​សុំ​យោបល់​ពី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ផ្ដល់​ឱកាស​ដល់​សិស្សានុសិស្ស​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប បាន​ប្រឡង​ជា​លើក​ទី​២ ប្រសិន​ជា​ពួកគេ​ប្រឡង​មិន​ជាប់​នៅ​ឆ្នាំ​២០១៤​នេះ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គាំទ្រ​ចំពោះ​គម្រោង​របស់​ក្រសួង​អប់រំ​ដែល​ថា​នឹង​ស្នើ​ឲ្យ​អ្នក​ធ្លាក់​អាច​នឹង​ចូល​ប្រឡង​ជា​លើក​ទី​២ នៅ​រយៈពេល​១​ខែ ឬ​១​ខែ​កន្លះ​ខាង​មុខ​ទៀត​ក្រោយ​ប្រកាស​លទ្ធផល។ លោក​ថា បេក្ខជន​ប្រឡង​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​គុណភាព​ប្រឡង«ក្នុង​រយៈពេល​១​ខែ ១​ខែ​កន្លះ​នេះ​ឲ្យ​ប្រឹង​រៀន​អា​ពេល​ហ្នឹង​ប្រឹង​ហ្មង​ព្រោះ​អត់​មាន​ឱកាស​ដើម្បី​ចម្លង​វិញ្ញាសា​លួច​ចម្លង​តាម​គ្នា​អី​ទៀត​ទេ សុខ​ចិត្ត​ចំណាយ​លុយ​ថែម​បន្តិច​ទៀត​ប៉ុន្តែ​ឲ្យ​ក្មេង​រៀន​ពិត​ប្រាកដ។ ក្នុង​ករណី​មាន​សំណើ​ស្នើ​សុំ​បែប​នេះ ខ្ញុំ​គាំទ្រ​ហើយ​ក៏​ជា​សារ​មួយ​ផ្ញើ​ជូន​ទៅ​អ្នក​ដែល​មិន​ជាប់​ក៏​ត្រូវ​តែ​ប្រឹង​ប្រែង​ដែរ ឲ្យ​ស្ដាប់​នាយករដ្ឋមន្ត្រី​ពីព្រោះ​រដ្ឋមន្ត្រី​ប្រុង​តែ​ស្នើ​អា​នឹង​ទៅ​ហើយ បើ​អ៊ីចឹង​ឱកាស​ហ្នឹង​ជា​ឱកាស​ល្អ​ជាង​គេ​ហើយ​ដែល​និយាយ​ទៅ​ឲ្យ​ហើយ​នុះ។ ប៉ុន្តែ​យើង​សួរ​ថា​បើ​ប្រឡង​ទី​២​ហើយ​មិន​ជាប់​ត្រូវ​ធ្វើ​ម៉េច​ទៀត គឺ​យើង​អាច​មាន​ជម្រើស​ទី១​ឲ្យ​គាត់​រៀន​ត្រួត​ថ្នាក់​ឆ្នាំ​ក្រោយ​ប្រឡង​ទៀត ប្រឡង​អា​ទី១​មិន​ជាប់​ទៅ​ប្រឡង​អា​ទី២​ទៀត ដើម្បី​ឲ្យ​ប្រឹង​រៀន​ពិតប្រាកដ»

ការ​ប្រឡង​លើក​ទី​២​សម្រាប់​ផ្ដល់​ឱកាស​ដល់​បេក្ខជន​ដែល​ប្រឡង​ធ្លាក់​លើក​ទី​១​នោះ កន្លង​មក​ក្រសួង​អប់រំ​ធ្លាប់​បាន​អនុវត្ត​រួច​មក​ហើយ ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ត្រូវ​បាន​ក្រសួង​អប់រំ​បញ្ឈប់​ទៅ​វិញ។

ការ​លើក​ឡើង​នេះ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បដិសេធ​មិន​គាំទ្រ​ឡើយ។ លោក រ៉ុង ឈុន អះអាង​ថា ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ​គឺ​ផ្ទុយ​ពី​គោលការណ៍​របស់​ក្រសួង​អប់រំ ហើយ​ជា​ការ​ផ្គាប់​ចិត្ត​ដល់​សាកលវិទ្យាល័យ ឬ​មហាវិទ្យាល័យ​មួយ​ចំនួន​អាច​នឹង​ឈរ​ជើង​ដោយ​សារ​បេក្ខជន​ប្រឡង​អាច​នឹង​ធ្លាក់​ច្រើន​ហើយ​គ្មាន​សិស្ស​ចូល​រៀន«ការ​ប្រឡង​ដែល​រឹត​បន្តឹង​នេះ​វា​មិន​មែន​ជា​ការ​រឹត​បន្តឹង​អី​ធ្ងន់ធ្ងរ​ទេ គ្រាន់​តែ​អ្វី​ដែល​យើង​មិន​ធ្លាប់​ជួប​មើល​ទៅ​ហាក់​បី​ដូច​ជា​តឹង។ ខ្ញុំ​សួរ​បេក្ខជន​ប្រឡង​ក៏​បេក្ខជន​លើក​ឡើង​ថា​វិញ្ញាសា​មិន​ជា​តឹង​ទេ អ្នក​ដែល​មធ្យម​នេះ​អាច​ធ្វើ​បាន​ក្រោម​មធ្យម​អាច​ធ្វើ​បាន តែ​វា​សំខាន់​អ្នក​ដែល​រៀន​សូត្រ​និង​វា​មាន​ចំនួន​តិចតួច​ហើយ​អ្នក​ដែល​មិន​រៀន​ហ្នឹង​វា​មាន​ចំនួន​ច្រើន។ លទ្ធផល​នេះ​វា​ជា​ការ​ពញ្ញាក់​អារម្មណ៍​សម្រាប់​អ្នក​ដឹកនាំ​ក្រសួង​ក៏​ដូច​ជា​អ្នក​នាំ​រដ្ឋ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់​ជា​បន្ទាន់​ហើយ​ការ​អប់រំ​នៅ​កម្ពុជា​ដល់​ចំណុច​ប្រកាស​អាសន្ន​ហើយ»

ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​៤ និង​ថ្ងៃ​ទី​៥ ខែ​សីហា ក្រោម​ការ​ធ្វើ​កំណែទម្រង់​យ៉ាង​តឹងតែង​ពី​ក្រសួង​អប់រំ ដែល​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាប់​ជន​ប្រព្រឹត្ត​កំហុស​ផ្សេងៗ​នៅ​ពេល​ប្រឡង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​ទៀត​ផង។ បច្ចុប្បន្ន​លោក​គ្រូ​អ្នក​គ្រូ​កំពុង​កែ​វិញ្ញាសា​ប្រឡង​របស់​សិស្ស ដែល​អាច​ដឹង​លទ្ធផល​ប្រឡង​នៅ​ចុង​ខែ​សីហា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។