លោក ហ៊ុន សែន រិះគន់​អ្នក​​​ថា​អាច​ធ្វើ​ឲ្យ​ទំនិញ​ចុះ​ថោក

ដោយ កែវ និមល និង ម៉ៅ សុធានី
2013-02-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហ៊ុន សែន ៣០៥ ១៦សីហា១១
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១១។
RFA

នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ឲ្យ​និស្សិត​សកលវិទ្យាល័យ​ឯកជន​មួយ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​ចំអក​ចំពោះ​អ្នក​នយោបាយ​កម្ពុជា ដោយ​មិន​ចេញ​ឈ្មោះ​ថា កំពុង​ដើរ​ភូត​កុហក​ប្រជាពលរដ្ឋ​ថា អាច​ធ្វើ​ឲ្យ​ថ្លៃ​ទំនិញ​ចុះ​ថោក​បាន។

លោក​បាន​ហៅ​វិធានការ​កំណត់​តម្លៃ​ទំនិញ​ឲ្យ​ចុះ​ថោក​ថា ជា​ប្រភេទ​សេដ្ឋកិច្ច​ផែនការ ដែល​គេ​មិន​អនុវត្ត​ទៀត​ទេ​នៅ​កម្ពុជា៖ «ហើយ​រឿង​នេះ​កំពុង​កើត​នៅ​ស្រុក​ខ្មែរ។ គេ​កំពុង​ដើរ​ឃោសនា។ ខ្ញុំ​ក៏​អត់​យល់​ដែរ តើ​គេ​ចង់​បាន​អី​ពិត​ប្រាកដ? សាំង​ត្រូវ​តែ ១.០០០​រៀល អគ្គិសនី​ត្រូវ​តែ ៥០០ ក្នុង​១​គីឡូវ៉ាត់។ មនុស្ស​នេះ​ត្រូវ​តែ​បាន ម្នាក់ៗ​ត្រូវ​តែ​បាន​ប៉ុណ្ណេះៗ។ អុញ! មក​នាំ​ជេរ ខ្លះ​ជេរ​រដ្ឋាភិបាល​នេះ​កុម្មុយនិស្ត ផ្តាច់ការ។ ដល់​ទៅ​អនុវត្ត​កំពុង​រុញ​ច្រាន​ទ្រឹស្ដី​សេដ្ឋកិច្ច​ផែនការ ចាប់​បង្ខំ​មក​អនុវត្ត។ នែ! វា​ទៅ​ជា​រឿង​អ៊ីចេះ​ទៅ​វិញ។ តើ​សភាពការណ៍​កម្ពុជា វា​នឹង​វិលវល់​យ៉ាង​ម៉េច​ទៅ​វិញ បើ​វា​ដើរ​ផ្ទុយ​ជាមួយ​ក្រឹត្យក្រម​ទីផ្សារ​ទៅ​ហើយ​នោះ»

លោក ហ៊ុន សែន បាន​ពន្យល់​ថា ដោយសារ​ប្រទេស​កម្ពុជា ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដូច្នេះ​ប្រទេស​កម្ពុជា មិន​អាច​អនុវត្ត​សេដ្ឋកិច្ច​ផែនការ​ទេ ហើយ​រដ្ឋ​ក៏​មិន​អាច​ធ្វើ​សេដ្ឋកិច្ច​ដោយ​ផ្ទាល់​បាន​ដែរ៖ «អា​ហ្នឹង​សេដ្ឋកិច្ច​ផ្សារ​វា​ទៅ​អ៊ីចឹង។ អា​ហ្នឹង​ជា​ក្រឹត្យក្រម ជា​វិធាន​នៅ​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ហើយ​រដ្ឋ​អត់​មាន​ទៅ​លូក​ដៃ​អា​នេះ​ថ្លៃ​ប៉ុណ្ណេះ អាន​នោះ​ប៉ុណ្ណោះ​ទេ អត់ តែ​សាកមើល​ទៅ។ ប៉ុន្តែ​អ្នក​ជំនាញ​ភូត គាត់​ជំនាញ​ភូត។ អា​នេះ​ជា​មុខ​ជំនាញ​ម្ដង ប៉ុន្តែ​មុខ​ជំនាញ​នេះ បើ​សិន​ជា​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​គេ​សួរ ប្រហែល​ជា​ឆ្លើយ​អត់​រួច​ទេ»

ពិត​មែន​តែ​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្រ្តី មិន​បាន​ចេញ​ឈ្មោះ​អ្នក​នយោបាយ​កម្ពុជា​មែន តែ​បច្ចុប្បន្ន​នេះ អ្នក​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្កើត​ឡើង​ដោយ​ការ​រួម​គ្នា​របស់​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស កំពុង​តែ​រៀបចំ​ការ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ខេត្ត ខណ្ឌ មួយ​ចំនួន។

លោក កឹម សុខា ដែល​ជា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខែ​កក្កដា ខាង​មុខ ហើយ​នៅ​ពេល​ណា​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត អ្នក​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​លើក​ស្ទួយ​ជីវភាព ប្រជាពលរដ្ឋ ដោយ​បញ្ចុះ​តម្លៃ​ទំនិញ ជា​ពិសេស​ប្រេងសាំង ឲ្យ​ថោក​ជាង​ប្រទេស​ជិត​ខាង ៥០០​រៀល និង​ថ្លៃ​ភ្លើង​អគ្គិសនី​ឲ្យ​មាន​តម្លៃ​ត្រឹម ១.០០០​រៀល ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ប្រតិកម្ម​ចំពោះ​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ការ​លើក​ឡើង​របស់​អ្នកដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ អំពី​ការ​បញ្ចុះ​ថ្លៃ​ទំនិញ​នោះ គឺ​ពិត​ជា​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ធ្វើ​បាន។

លោក យឹម សុវណ្ណ៖ «នេះ​ស​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​នេះ​អត់​មាន​សមត្ថភាព ជា​រដ្ឋាភិបាល​បិទបាំង​អំពើ​ពុករលួយ ហើយ​អ្វី​ដែល​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង គឺ​បាន​សិក្សា​យ៉ាង​ល្អិតល្អន់។ គឺ​ប្រាប់​ទាំង​ការ​ចំណាយ និង​ប្រាប់​ទាំង​ប្រភព​ចំណូល​ទៅ​រក​ពី​កន្លែង​ណា​ទៀត។ មិន​មែន​និយាយ​ដើម្បី​ប្រជាភិថុតិ​ទេ»

លោក យឹម សុវណ្ណ បាន​បន្ថែម​ថា ការ​លើក​ឡើង​របស់​អ្នក​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ចំ​កន្លែង​ខ្សោយ​របស់​អ្នក​ដឹកនាំ​រដ្ឋាភិបាល​ហើយ ទើប​បាន​អ្នក​កាន់​អំណាច​មាន​ការ​បារម្ភ។

ការ​ផ្ដោះផ្ដង​វាយ​ប្រហារ​ដោយ​ពាក្យ​សំដី​របស់​អ្នក​នយោបាយ​នៅ​កម្ពុជា ទៅ​វិញ​ទៅ​មក បាន​ចាប់​ផ្ដើម​ជា​បណ្តើរៗ​ហើយ នៅ​ពេល​ការ​បោះឆ្នោត​សកល​រើស​សមាជិក​តំណាងរាស្ត្រ​នៅ​ខែ​កក្កដា កាន់​តែ​ខិត​ជិត​មក​ដល់។

អ្នក​វិភាគ៖ រដ្ឋាភិបាល​មិន​អាច​បញ្ចុះ​តម្លៃ​សាំង​បាន​ដោយសារ​ឈ្មួញ​ជា​មន្ត្រី​រដ្ឋាភិបាល

ពាក់ព័ន្ធ​នឹង​ការ​អះអាង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា​តម្លៃ​ប្រេងសាំង​មិន​អាច​បញ្ចុះ​បាន​អ្នកវិភាគ​សេដ្ឋកិច្ច និង​សង្គម​លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​នៅ​ថ្ងៃ​២៦ កុម្ភៈ ថា មូលហេតុ​ដែល​រដ្ឋាភិបាល​កម្ពុជា មិន​អាច​បញ្ចុះ​តម្លៃ​សាំង​បាន គឺ​ដោយសារ​តែ​អ្នក​ជំនួញ​ធំៗ​ផ្នែក​ប្រេង​ឥន្ធនៈ គឺ​ជា​មន្ត្រី​រដ្ឋាភិបាល ឬ​មាន​ខ្នង​បង្អែក​ជា​អ្នកធំ។

លោក ហ៊ុន សែន បាន​ឲ្យ​ហេតុ​ផល​ថា ដោយសារ  ប្រទេស​កម្ពុជា ​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក ហើយ​ប្រទេស​កម្ពុជា ​មិន​អាច​អនុវត្ត​សេដ្ឋកិច្ច​ផែនការ​បាន​ទេ ដោយសារ​រដ្ឋ​ក៏​មិន​អាច​ធ្វើ​សេដ្ឋកិច្ច​ដោយ​ផ្ទាល់​បាន​នោះ​ទេ ទើប​រដ្ឋាភិបាល​កម្ពុជា មិន​អាច​កំណត់​តម្លៃ​ប្រេង​សាំង​បាន។

ប៉ុន្តែ​លោក​បណ្ឌិត កែម ឡី ​​បាន​អះអាង​បន្ថែម​ថា ប្រសិន​បើ​កម្ពុជា បើក​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ដោយ​ចំហ បញ្ហា​តម្លៃ​ប្រេង​សាំង​នេះ​អាច​ចុះ​បាន  ហើយ​មិន​មាន​ពាក់ព័ន្ធ​នឹង​កម្ពុជា ដែល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នោះ​ទេ។

មន្ត្រី​សង្គម​ស៊ីវិល​នៅ​កម្ពុជា បាន​រិះ​គន់​ថា បញ្ហា​ជំនួញ​ប្រេង​ឥន្ធនៈ​នេះ​ ភាគ​ច្រើន​អ្នក​ជំនួញ​ច្រើន​មាន​ការ​ពាក់ព័ន្ធ​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​មន្ត្រី​រដ្ឋាភិបាល ​ ឬ​អ្នក​មាន​អំណាច។ ឧទាហរណ៍​ម្ចាស់​ក្រុមហ៊ុន​សូគីម៉ិច របស់​លោក​ឧកញ៉ា សុខ គង់ ជា​អ្នក​ស្និទ្ធស្នាល​នឹង​ថ្នាក់​ដឹកនាំ​កំពូល​នៃ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (22)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី សៀម​រាប

បើលោក​ ហ៊ុន សែន គ្រាន់បើ លោកឯង កែគ.ជ.ប ឲ្យឯករាជ្យផង និងកុំបំបិទសិទិ្ធសេរីភាពអ្នកហ៊ានរិះគន់លោកឯង។

Mar 05, 2013 10:46 PM

VICTIM OF WAR

ពី usa

I think it's time fore every khmer citizen reunited &
share the history political idear together and show to the next generation and stop point to each other
Whom's right or who is wrong, it's nerver end and i do know you are all the victims of the ware and
political , i do know you all know who is make our country it's become like this and you all don't want to mention about the game is over and you don't
want the other country look down on us.
PLESE i hope your all ,
1-WORK FOR THE CITIZEN OF THE CAMB PEOPLE
2-WORK FOR THE CAMBODIAN LAND.
3-WORK FOR CAMB CONSTITUTION LAW.
WHAT IS THE FIST PRIORITY IN CAMBODIA?
THE FIRST PRIORITY IN CAMBODIA IS:
SAFETY OF THE CAMBODIAN PEOPLE.

Mar 03, 2013 10:12 PM

rida

ពី pp

លោកកឹមសុខា បានលើកឡើងថា នឹងបញ្ចុះតំលៃប្រេងអោយថោកជាប្រទេសជិតខាង៥០០រៀល និងតំលៃអគ្គិសនីអោយនៅត្រឹម ១០០០ រៀល។
សម្តេចនាយក៖ សាំង​ត្រូវ​តែ ១.០០០​រៀល អគ្គិសនី​ត្រូវ​តែ ៥០០ ក្នុង​១​គីឡូវ៉ាត់។
---------------------
តើសម្តេចស្តាប់លោកកឹមសុខាច្រលំ រឺក៏ទីប្រឹក្សាផ្តល់ពត័មានខុស រឺសម្តេចចេះតែមូលបង្កាច់គេទេ?

Mar 02, 2013 12:44 PM

សយ

ពី ភព

ស៊ីសំណូកពេកបានសាំងថ្លៃជាងគេ​ ហើយប្រាក់ខែទាបជាងប្រទេសជុំវិញ។ មិនដឹងជាអ្នកណា រៀនទន្ទេញតាមតែគេប្រាប់ឲ្យនិយាយ កុហកប្រជាជនខ្មែរ លែងឲ្យកូនខ្មែរដឹងពីរឿងបាត់ទឹកដីខាងលិចនិងខាងកើត។និយាយសរុបទៅ អ្នកមិនសូវដឹងយល់អ្វី​និយាយខុសហើយក៏មិនដឹងនិយាយខុសដែរ!

Feb 28, 2013 05:20 PM

ហុងណាំហោ

ពី ភ្នំពេញ

បើលោកហ៊ុន សែនគ្រាន់បើមែនចុះចេញពីដំណែងសាកល
មើលហើយទុកឱ្យអ្នកថ្មីដឹកនាំម្ដង។ហ៊ុន សែនជិតដូចតា
ជូជកហើយព្រោះចង់ផ្គាប់ចិត្តអាមិត្តធីតា។

Feb 27, 2013 03:48 PM

មើល​មតិ​ទាំង​អស់.