មេដឹកនាំគណបក្សដឹកនាំរដ្ឋាភិបាល និងមេដឹកនាំគណបក្សប្រឆាំង នៅបន្តឆ្លើយឆ្លងឌឺដងដាក់គ្នាឥតឈប់ឈរ ទោះបីជាគណបក្សទាំងពីរបានបញ្ចប់ជម្លោះចូលធ្វើការនៅក្នុងសភាហើយក៏ដោយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកសមាជិកសភាធ្វើការក្នុងសភាគឺជាកាយវិការល្អ តែលោកមិនពេញចិត្តឲ្យសមាជិកសភាគណបក្សប្រឆាំងដើរនិយាយ ឬរិះគន់រដ្ឋាភិបាលនៅខាងក្រៅសភានោះឡើយ។ ការលើកឡើងដូចនេះ ត្រូវបានអ្នកវិភាគពន្យល់ថា លោក ហ៊ុន សែន កំពុងបិទសិទ្ធិអ្នកតំណាងរាស្ត្រក្នុងការសម្ដែងមតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាសាធារណៈថា លោកមិនបានជ្រៀតជ្រែកកិច្ចការរបស់រដ្ឋសភាទេ។ តែលោកព្រមានមិនឲ្យសមាជិកសភា ដោយសំដៅលើតំណាងរាស្ត្រគណបក្សប្រឆាំង មិនឲ្យរិះគន់លោកនៅក្រៅសភានោះឡើយ។
លោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨ នាសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូកេត្រា នៅព្រឹកថ្ងៃទី១៨ ខែកញ្ញាថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គ្មានអ្នកបាញ់កាំភ្លើងធំដាក់លោកទេ គឺលោក ហ៊ុន សែន ចង់សំដៅទៅលើលោក កឹម សុខា មិនបានរិះគន់ដល់លោកនៅឱកាសពិធីភ្ជុំបិណ្ឌជិតមកដល់នេះ។
លោក ហ៊ុន សែន អះអាងថា តំណាងរាស្ត្រទាំងអស់អង្គុយលើកៅអីណាត្រូវធ្វើការនៅកៅអីនោះនៅក្នុងសភា មិនត្រូវដើររិះគន់នៅក្រៅសភាទេ៖ «គេអត់ទៅនិយាយនៅក្រៅ តាមចិញ្ចើមថ្នល់ និយាយឃោសនាទេ ហើយពេលខ្លះនិយាយជ្រុលថា មិនបាច់ទៅរកអ្នកណាទេ ជួយនាយករដ្ឋមន្ត្រីបោសសម្អាតនាយករដ្ឋមន្ត្រី ព្រោះរដ្ឋមន្ត្រីជួយយកលុយឲ្យនាយករដ្ឋមន្ត្រី បើអ៊ីចឹងចប់ហើយ រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី ទៀ បាញ់ ទាំងអស់ហ្នឹង រដ្ឋមន្ត្រីឲ្យតែធុនហ្នឹង ចប់បាត់ហើយ តែនាយករដ្ឋមន្ត្រី ត្រូវការពាររដ្ឋមន្ត្រីខ្លួនដែរណា? តែបើសិនខុសមែន មិនបាច់ឲ្យអស់លោកបោះឆ្នោតឲ្យទម្លាក់ទេ តែបើបោះឆ្នោតទម្លាក់ មកនិយាយនៅក្នុងសភា មិនមែននិយាយនៅក្រៅរដ្ឋសភាទេ»។
ការថ្លែងរបស់លោក ហ៊ុន សែន នេះ នៅស្របពេលលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានវិលត្រឡប់ពីប្រទេសបារាំង នៅព្រឹកថ្ងៃទី១៨ កញ្ញា នេះ។ លោក សម រង្ស៊ី ថ្លែងប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា លោកគាំទ្រនិងជំរុញឲ្យសមាជិកសភារបស់លោករិះគន់បន្ត ឲ្យតែការរិះគន់នោះជារឿងត្រឹមត្រូវ។
លោក សម រង្ស៊ី បញ្ជាក់ថា សហគមន៍ខ្មែរនៅក្រៅប្រទេសគាំទ្រសកម្មភាពតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៖ «បន្តការងាររបស់យើងដើម្បីរកដំណោះស្រាយ ចំពោះបញ្ហាដែលប្រទេសយើងកំពុងតែប្រឈមមុខ ដំណោះស្រាយដោយសន្តិវិធី ហើយគេមានជំនឿទាំងខ្មែរ ទាំងបរទេស ថាការងារយើងមានប្រសិទ្ធភាពជួយប្រជារាស្ត្ររងគ្រោះច្រើនមជ្ឈដ្ឋានណាស់ កាលមុនយើងអត់មានលទ្ធភាពជួយ តែឥឡូវយើងមានលទ្ធភាពហើយ»។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា ទោះជាលោក ហ៊ុន សែន ប្រកាសថា មិនជ្រៀតជ្រែកសភាក្ដី តែកាយវិការរបស់លោកជាការជ្រៀតជ្រែកកិច្ចការរដ្ឋសភា។ លោកបន្ថែមថា លោក ហ៊ុន សែន មិនអាចហាមតំណាងរាស្ត្រសំដែងមតិនៅខាងក្រៅសភាបាននោះឡើយ ព្រោះតំណាងរាស្ត្រមានតួនាទីតាក់តែងច្បាប់ក្នុងសភា និងមានតួនាទីចុះសួរសុខទុក្ខប្រជារាស្ត្រ ដូច្នេះតំណាងរាស្ត្រមានសិទ្ធិបញ្ចេញមតិរបស់ខ្លួនចំពោះម្ចាស់ឆ្នោត៖ «តំណាងរាស្ត្រមានសិទ្ធិ ២៤ម៉ោង ឬ ៥ឆ្នាំ គាត់មានសិទ្ធិគ្រប់គ្រាន់ មានទាំងអភ័យឯកសិទ្ធិទៅទៀត តែឲ្យគាត់ទៅជាប់ទ្រុងនៅក្នុងរដ្ឋសភា ខ្ញុំគិតថា មិនទាន់ត្រឹមត្រូវទេ»។
កាលពីថ្ងៃទី៩ កញ្ញា លោក ហ៊ុន សែន គំរាមដកតួនាទីអនុប្រធានទី១សភា គឺលោក កឹម សុខា។ ការគំរាមដកនេះ ដោយសារតែលោក កឹម សុខា មានប្រសាសន៍ទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅខែត្រសៀមរាប កាលពីថ្ងៃទី៦ កញ្ញា ថា គណបក្សសង្គ្រោះជាតិ រកឃើញថា មន្ត្រីពុករលួយមួយចំនួនកំពុងសម្ងំកាន់តំណែងនៅក្នុងជួររដ្ឋាភិបាល ចង់មិនចង់គឺអាចបោះឆ្នោតទម្លាក់មន្ត្រីរដ្ឋាភិបាល ឬក៏រដ្ឋមន្ត្រីណាមួយចេញពីតំណែងទៀតផង បើរកឃើញថា មន្ត្រីទាំងនោះប្រព្រឹត្តិពុករលួយ។
ទន្ទឹមនឹងនេះ លោក ហ៊ុន សែន ហាក់ដូចជាផ្លាស់ប្ដូរជំហររបស់លោកវិញ ដោយលោកគាំទ្រឲ្យគណៈកម្មការជំនាញសភាកោះហៅរដ្ឋមន្ត្រីទៅសាកសួរ ហើយមិនអនុញ្ញាតឲ្យរដ្ឋមន្ត្រីសួរលោក ថាត្រូវទៅ ឬមិនទៅនោះទេ៖ «ហើយអស់លោករដ្ឋមន្ត្រី កុំចាំបាច់មកសួរថា តើខ្ញុំត្រូវទៅឬអត់? បើកោះហៅត្រូវតែទៅ ហើយកុំមកសួររដ្ឋមន្ត្រីថា ត្រូវឆ្លើយបែបណា? ខ្ញុំសូមបញ្ជាក់ឲ្យហើយ»។
អ្នកវិភាគលើកឡើងថា លោក ហ៊ុន សែន មានឥទ្ធិពលគ្រប់ស្ថាប័នទាំងអស់ មិនថា ស្ថាប័នសភានោះឡើយ។ បញ្ហាមិនបញ្ឈប់ការជ្រៀតជ្រៀតលើស្ថាប័ននីតិប្បញ្ញត្តិនេះ មិនអាចឲ្យសភាអនុវត្តការងាររបស់ខ្លួនបានដោយឯករាជ្យនោះឡើយ ហើយបញ្ហាចម្បងដែលលោក ហ៊ុន សែន នៅតែបន្តគ្រប់គ្រងសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជានេះ ដោយសារសមាជិកសភាគណបក្សសង្គ្រោះជាតិ នៅខ្វះសំឡេង ៧សំឡេងទេ ក្នុងការអនុម័តលើច្បាប់ផ្សេងៗ ដោយសំឡេង ៥០% បូក១នោះ ឬអាចបោះឆ្នោតទម្លាក់នាយករដ្ឋមន្ត្រីក៏ថាបាន ប្រសិនបើរកឃើញថា នាយករដ្ឋមន្ត្រីធ្វើខុសមានកំហុសនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
