បទបញ្ជានេះធ្វើឡើងស្របពេលដែលសង្គមស៊ីវិលរកឃើញថា ប្រជាពលរដ្ឋនៅតាមទីជនបទមួយចំនួនធំ មិនទាន់ទទួលបានសេវាសុខភាពសាធារណៈល្អឡើយ ហើយកន្លែងខ្លះ ថែមទាំងមិនមានមណ្ឌលសុខភាព ឬប៉ុស្តិ៍សេវាសុខភាពថែមទៀត។
បញ្ហាសុខភាពនៅតែជាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋតាមទីជនបទ ហើយបញ្ហានេះ ជាប្រធានបទសំខាន់មួយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងជាសាធារណៈក្នុងទិវាកុមារអន្តរជាតិ នារាជធានីភ្នំពេញ នៅថ្ងៃទី១ មិថុនា។ លោកនាយករដ្ឋមន្ត្រី ជំរុញឲ្យក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ស្ថាបនាមន្ទីរពេទ្យបង្អែកនៅតាមតំបន់ដាច់ស្រយាលឲ្យបានច្រើន។
លោក ហ៊ុន សែន មានប្រសាសន៍ថា ប្រជាពលរដ្ឋនៅតាមទីជនបទដាច់ស្រយាលភាគច្រើនជួបការលំបាកក្នុងការទទួលបានសេវាសុខាភិបាល បណ្ដាលឲ្យតំបន់ទាំងនោះមិនមានមនុស្សរស់នៅគ្រប់ចំនួន ដែលអាចឲ្យក្រសួងសុខាភិបាលសង់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពនៅទីនោះបាន។
លោកបន្តថា តំបន់មួយអាចទទួលបានមន្ទីរពេទ្យបង្អែកលុះត្រាតែមានចំនួនមនុស្សរស់នៅជុំវិញគ្រប់ ៥ម៉ឺននាក់។ លោកបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធត្រូវរៀបចំភូមិសាស្ត្រសុខាភិបាលឲ្យបានត្រឹមត្រូវ ដើម្បីផ្ដល់សេវាសុភាពសាធារណៈ ជាពិសេសសុខភាពមាតា និងទារក តាមរយៈសាងសង់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកឲ្យបានកៀកពលរដ្ឋបំផុត។
លោក ហ៊ុន សែន៖ «គឺស្ត្រីមានផ្ទៃពោះដែលអាចទៅពិនិត្យនៅទីនោះ ហើយកុមារដែលត្រូវទទួលវ៉ាក់សាំងការពារជំងឺ ៨មុខ កុំឲ្យគាត់ធ្វើដំណើរឆ្ងាយពេក។ ឯកឧត្ត ម៉ម ប៊ុនហេង ត្រូវពិនិត្យឡើងវិញនូវបទដ្ឋានដែលត្រូវទទួលបានមន្ទីរពេទ្យបង្អែក កុំគិតលើកអត្រាប្រជាជនឯមណ្ឌលសុខភាព ត្រូវគិតលើការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋ គឺតំបន់ដែលផ្ដល់ដីសម្បទានដល់ពលរដ្ឋ»។
លោក ហ៊ុន សែន ក៏បានរិះគន់ក្រសួងសុខាភិបាល ដែលបានបើកយុទ្ធនាការហែក្បួនបំផុសឲ្យមានការបំបៅកូននឹងទឹកដោះដែលធ្វើនៅជនបទ។ លោកថា នៅជនបទមានអត្រាស្ត្រីបំបៅកូននឹងទឹកដោះ ៩៩%។ ម្យ៉ាងទៀតនៅជនបទ ប្រជាជនយើងភាគច្រើនក៏មិនមានលទ្ធភាពទៅទិញទឹកដោះគោទេ។
ទោះយ៉ាងណាក៏ដោយ អង្គការការពារសិទ្ធិមនុស្សមួយចំនួនធ្លាប់បានរិះគន់រដ្ឋាភិបាលជាញឹកញាប់ថា អាជ្ញាធរមិនបានផ្ដល់សេវាសុខាភិបាលឲ្យបានល្អប្រសើរជូនពលរដ្ឋដែលត្រូវបណ្ដេញចេញពីផ្ទះសំបែង ដោយសារការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនោះឡើយ។ សហគមន៍ដែលរងទុក្ខលំបាកជាងគេមានសហគមន៍ភ្នំបាត ដែលជាអតីតពលរដ្ឋក្នុងតំបន់បុរីកីឡា និងសហគមន៍ភូមិអណ្ដូង ដែលជាអតីតពលរដ្ឋដែលរងការបណ្ដេញចេញពីតំបន់បឹងកក់។
ទាក់ទងនឹងសេវាសុភាពសាធារណៈនេះ មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ចាត់ទុកប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីនេះថា ហាក់មិនសូវមានប្រសិទ្ធភាព និងមិនអាចជំរុញសេវាសុខភាពសាធារណៈឲ្យកាន់តែប្រសើរនោះទេ។ លោកបន្តថា ចំណុចសំខាន់ដែលត្រូវដោះស្រាយជាអាទិភាពនោះ គឺគុណភាពគ្រូពេទ្យនៅកម្ពុជា។ លោកបញ្ជាក់ថា គ្រូពេទ្យដែលបម្រើការងារក្នុងពេទ្យរដ្ឋសព្វថ្ងៃ មិនសូវយកចិត្តទុកដាក់ថែទាំអ្នកជំងឺទេ ដោយរវល់តែរកលុយខាងក្រៅ ហើយអ្នកជំងឺក្រីក្រសុទ្ធតែត្រូវបង់ប្រាក់ដើម្បីទទួលបានសេវាសុខាភិបាលពីរដ្ឋ។
លោក យឹម សុវណ្ណ៖ «ឃើញថា រដ្ឋាភិបាលចំណាយលុយច្រើនណាស់ក្នុងមួយឆ្នាំៗមានរាប់រយលានដុល្លារ តែមន្ទីរពេទ្យគន្ធបុប្ផាគាត់ចំណាយសាមសិបលានដុល្លារ ហើយព្យាបាលបានមនុស្សរាប់លាននាក់ដោយមិនបង់ប្រាក់។ រដ្ឋាភិបាលចំណាយច្រើន តែសេវានៅតែអន់ អ្នកជំងឺខ្លះស្លាប់ ដោយសារអត់ប្រាក់ ហើយជំងឺមិនសមស្លាប់ទៀតផង»។
កាលពីចុងឆ្នាំ២០១២ កុមារម្នាក់នៅខេត្តបន្ទាយមានជ័យ ត្រូវពស់ចឹកពេលគ្រួសារដឹកទៅដល់មន្ទីរពេទ្យ ស្រុកថ្មពួក គ្រូពេទ្យនៅទីនោះមិនព្យាបាលនោះឡើយ ដោយប្រាប់ថា ទុកថ្នាំចាក់ឲ្យក្រុមយុវជនស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី។ កុមារនោះក៏បានស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យខេត្ត។ ស្ត្រីម្នាក់នៅរាជធានីភ្នំពេញ ក៏បានសម្រាលកូនតែម្នាក់ឯងនៅតាមដងផ្លូវ ដោយសារគ្រូពេទ្យមិនព្រមបង្កើតកូនឲ្យដែរ ព្រោះតែស្ត្រីនោះមិនមានប្រាក់បង់ឲ្យមុនសម្រាល។
បច្ចុប្បន្នពលរដ្ឋដែលមានជីវភាពធូរធារ និងមន្ត្រីធំៗ មិនសូវប្រើប្រាស់សេវាសុខាភិបាលក្នុងប្រទេសទេ ដោយពួកគេនិយមទៅពិនិត្យព្យាបាលជំងឺនៅក្រៅស្រុក ដូចជាសិង្ហបុរីម៉ាឡេស៊ី វៀតណាម និងប្រទេសចិន ជាដើម។ អ្នកវិភាគចាត់ទុកថា ការមិនគាំទ្រសេវាសុខាភិបាលក្នុងស្រុក ក៏ដូចមូលហេតុប៉ះពាល់ដល់ការអភិវឌ្ឍវិស័យសុខាភិបាលដែរ។
នៅក្នុងគោលនយោបាយចំនួន ៧ចំណុចរបស់គណបក្សសង្គ្រោះជាតិមានចំណុចមួយបានលើកឡើងថា បើសិនជាគណបក្សនោះឈ្នះឆ្នោតបានកាន់អំណាច គឺគណបក្សបង្កើតឲ្យមានការព្យាបាលដោយមិនយកប្រាក់ចំពោះប្រជាពលរដ្ឋក្រីក្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
