លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកពីប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលមានសង្គ្រាមកើតឡើងដោយសារតែការផ្លាស់ប្ដូររបបពីមួយជំនាន់ទៅមួយជំនាន់នោះ។
នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត មន្ត្រីជាន់ខ្ពស់ជាច្រើនរយនាក់នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នៅថ្ងៃទី៧ មីនា លោកបានក្រើនរំលឹកឲ្យមន្ត្រីក្នុងជួររដ្ឋាភិបាល និងមន្ត្រីគណបក្សប្រជាជនកម្ពុជា ខិតខំបំពេញការងាររដ្ឋបាលជូនប្រជាពលរដ្ឋឲ្យបានល្អ និងគ្មានអំពើពុករលួយ ក្នុងគោលដៅផ្ដល់សេចក្ដីទុកចិត្តដល់ពលរដ្ឋដែលនឹងបន្តជ្រើសរើសមេដឹកនាំប្រទេស។ ទន្ទឹមនឹងនេះ លោកបញ្ជាក់ថា ពលរដ្ឋជាម្ចាស់ឆ្នោតបច្ចុប្បន្នមានសមត្ថភាពក្នុងការជ្រើសរើសអ្នកដឹកនាំ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «ព្រោះមុននឹងគេជឿយើង គេមើលពីក្បាលដល់ចុងជើង ពីចុងជើងដល់ក្បាល ព្រោះគេបានឆ្លងកាត់បទពិសោធន៍ជូរចត់ក្នុងអតីតកាលច្រើនណាស់ទៅហើយ គេមើលមេដឹកនាំ គេមើលតាំងពីចុងជើងដល់ក្បាល ពីក្បាលដល់ចុងជើង តើអញអាចផ្ញើវាសនាទៅគេបានទេ? ព្រោះយើងបានឆ្លងកាត់ហើយប្ដូររបបចុះឡើងៗ គឺសង្គ្រាមអាចកើតឡើងពាសពេញស្រុកខ្មែរអ៊ីចឹងទៅ។ វេទនាប្រជាពលរដ្ឋ បានជាចំណុចទាំងអស់នេះ ត្រូវយកចិត្តទុកដាក់បន្តការខិតខំតទៅទៀតលើការកសាងសមត្ថភាពស្ថាប័ន»។
លោក ហ៊ុន សែន បានថ្លែងដូច្នេះនៅគ្រាដែលការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រអាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ ខាងមុខនេះ។
នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មានមតិថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺជាការពញ្ញាក់ស្មារតីរបស់ម្ចាស់ឆ្នោតដែលបានឆ្លងកាត់សម័យសង្គ្រាមត្រជាក់ ដែលនឹងមានការព្រួយបារម្ភពីស្ថិរភាពប្រទេស។
លោក គល់ បញ្ញា៖ «អ្នកបោះឆ្នោតឥឡូវគេមនុស្សថ្មីៗច្រើន ក្មេងៗគេកើតឡើងក្រោយសម័យសង្គ្រាមត្រជាក់ច្រើនដែរណាស់។ ខ្ញុំគិតថា ប្រហែលជាមិនប៉ះពាល់ពួកគេ»។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយសំដៅទៅកាន់មេដឹកនាំគណបក្សប្រឆាំង គឺលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដោយសារតែការចោទប្រកាន់របស់តុលាការក្នុងរឿងបទដកបង្គោលតម្រុយព្រំដែនកម្ពុជា-វៀតណាម។ លោក ហ៊ុន សែន បានព្រមានជាសាធារណៈទៅកាន់លោក សម រង្ស៊ី ដោយមិនបញ្ចេញថា រឿងនេះពុំមែនជានយោបាយគ្មានការចរចា និងអន្តរាគមន៍។
អ្នកឃ្លាំមើលការបោះឆ្នោត បានថ្លែងថា សហគមន៍អន្តរជាតិដែលមានដូចជា សហភាពអឺរ៉ុប អង្គការសហប្រជាជាតិ សមាជិកប្រទេសអាស៊ាន ប្រទេសប្រជាធិបតេយ្យមួយចំនួនក្នុងប្រទេសនៅក្នុងតំបន់ បានលើកពីបញ្ហារបស់លោក សម រង្ស៊ី ដែលគេចង់ឲ្យមានការវិលត្រឡប់មកប្រទេសវិញ ដើម្បីចូលរួមការប្រកួតប្រជែងការបោះឆ្នោតនៅពេលខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
