លោក ហ៊ុន សែន ជំរុញ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​​ចូល​រួម​ការពារ​សិទ្ធិ​កុមារ

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​សហការ​ជាមួយ​សង្គម​ស៊ីវិល ដើម្បី​ការពារ​សិទ្ធិ​កុមារ។ ការ​បញ្ជាក់​នេះ​ធ្វើ​ឡើង​តាម​រយៈ​សារ​លិខិត​អបអរ​ខួប​លើក​ទី​៦៤ នៃ​ទិវា​កុមារ​អន្តរជាតិ ១ មិថុនា ឆ្នាំ​២០១៤ និង​រយៈពេល​ប្រមាណ ២​ខែ បន្ទាប់​ពី​លោក​ថ្លែង​រិះគន់​សង្គម​ស៊ីវិល​ជុំវិញ​ការ​ស្នើ​សុំ​ចូល​រួម​យោបល់​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ទាក់ទង​នឹង​វិស័យ​តុលាការ។

ខ្លឹមសារ​សំខាន់​នៃ​សារលិខិត​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ទិវា​កុមារ​អន្តរជាតិ​នៅ​ឆ្នាំ​នេះ លោក​នាយក​រដ្ឋមន្ត្រី​ចង់​ឲ្យ​គ្រប់​ស្ថាប័ន​ទាំង​អស់​ចាត់​វិធានការ​ឲ្យ​បាន​ហ្មត់ចត់​បំផុត ដើម្បី​ការពារ​កុមារ​ឲ្យ​ជៀស​ឆ្ងាយ​ពី​សកម្មភាព​ជួញដូរ និង​កេង​ប្រវ័ញ្ច។

លោក ហ៊ុន សែន បាន​លើក​អនុសាសន៍ ៥​ចំណុច ដើម្បី​ការពារ​សិទ្ធិ​កុមារ​ឲ្យ​មាន​ប្រសិទ្ធភាព។ ចំណុច​ទី​១ ​ត្រូវ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ត្រូវ​ពង្រឹង​ប្រព័ន្ធ​ការពារ​កុមារ​នៅ​គ្រប់​កម្រិត។ ចំណុច​ទី​២ ត្រូវ​ថែទាំ​សុខុមាលភាព​កុមារ​ទូទៅ ជាពិសេស​កុមារ​ពិការ គ​ថ្លង់ កុមារ​តាម​ចិញ្ចើម​ថ្នល់ កន្លែង​ចាក់​សំរាម និង​កុមារ​មាន​ជីវភាព​ក្រីក្រ។ ទី​៣ លើក​កម្ពស់​ការ​បង្កើត​កម្មវិធី​គាំពារ​សង្គម​ទៅ​ដល់​កុមារ​ដែល​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​នានា ដូចជា​កុមារ​ស្ថិត​ក្នុង​ទម្រង់​ពលកម្ម​ធ្ងន់ធ្ងរ កុមារ​មាន​ផ្ទុក​មេរោគ​អេដស៍ ចំណាក​ស្រុក​ជាដើម។ ទី​៤ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​និង​ឯកជន ត្រូវ​ផលិត​កម្មវិធី​នានា សម្រាប់​អប់រំ​កុមារ ទស្សនា និង​ស្ដាប់​កម្សាន្ត ដើម្បី​អភិវឌ្ឍន៍​ប្រាជ្ញា​ស្មារតី និង​ចំណុច​ចុង​ក្រោយ គឺ​ណែ​នាំ​ឲ្យ​មន្ត្រី​ទាំង​អស់​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ ដើម្បី​សម្រេច​ឲ្យ​បាន​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស លើក​កម្ពស់​សេវា​របស់​កុមារ និង​បង្កើន​ការ​វិនិយោគ​លើ​កុមារ។

ទោះជា​យ៉ាង​ណា​ក្តី កុមារ​រស់​នៅ​តាម​ចិញ្ចើម​ថ្នល់​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ពួកគេ​រស់​នៅ​រាល់ថ្ងៃ​ពឹង​លើ​ការ​ដាក់​ទាន​ពី​អ្នក​ដំណើរ​ប៉ុណ្ណោះ៖ «សុំ​បាន​តែ ១០០ ២០០ (រៀល) អ្នក​ខ្លះ​អត់​ឲ្យ...»

ទាក់ទង​នឹង​បញ្ហា​នេះ អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មាន​គោលនយោបាយ​ល្អៗ​ជា​ច្រើន ដើម្បី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​កុមារ។ ប៉ុន្តែ​គោលនយោបាយ​ទាំង​នេះ មិន​ត្រូវ​បាន​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នោះ​ឡើយ។ លោក​បន្ត​ថា ជា​រៀង​រាល់​ឆ្នាំ រដ្ឋាភិបាល​តែង​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​ឲ្យ​មន្ត្រី​ធ្វើ​នេះ​ធ្វើ​នោះ ដើម្បី​ឲ្យ​ល្អ​មើល​ប៉ុណ្ណោះ ចំណែក​ឯ​ប្រសិទ្ធភាព​នៃ​កិច្ច​គាំពារ​កុមារ​ងាយ​រងគ្រោះ និង​រងគ្រោះ​វិញ គឺ​មិន​មាន​ជា​ដុំ​កំភួន​ទេ។

លោក កែម ឡី៖ «ជួនកាល​បុគ្គលិក​សង្គមកិច្ច​មួយ​ស្រុក​មិន​មាន​ផង មាន​តែ​បុគ្គលិក​ខេត្ត ហើយ​ទៅ​ថែ​ទាំ​កុមារ​មួយ​ខេត្ត​ម៉េច​បាន? អ៊ីចឹង​ត្រូវ​ពង្រីក​សក្ដានុពល​ឲ្យ​គាត់​ហ្នឹង អាច​ធ្វើ​ការ​ឲ្យ​ច្រើន។ អ៊ីចឹង​
​ត្រូវ​ទម្លាក់​ថវិកា​ឲ្យ​គណៈកម្មការ​កិច្ចការ​ស្ត្រី​និង​កុមារ​ថ្នាក់​ឃុំ​ឲ្យ​ពួកគាត់​ធ្វើ​ទៅ​បាន​ហើយ បើ​គ្រាន់តែ​អំពាវនាវ​អ៊ីចឹង​មិន​បាន​ផល​អី​ទេ»

​តាម​ទិន្នន័យ​ជំរឿន​ឆ្នាំ​២០០៨ ដែល​ចេញ​ដោយ​ក្រសួង​ផែនការ​បង្ហាញ​ថា កុមារ​កម្ពុជា មាន​ប្រមាណ ៤២%​ភាគរយ ឬ​ប្រមាណ​ជាង ៥​លាន​នាក់។ បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បង្ហាញ​ថា កុមារ​ងាយ​រងគ្រោះ និង​រង​គ្រោះ​នៅ​កម្ពុជា មាន​ប្រមាណ​ជាង ៧៥​ម៉ឺន​នាក់។ កុមារ​ងាយ​រងគ្រោះ និង​រងគ្រោះ ជា​ក្រុម​កុមារ​ចំណាកស្រុក កុមារ​ផ្ទុក​មេរោគ​អេដស៍ កុមារ​រស់​នៅ​គំនរ​សំរាម កុមារ​រស់​តាម​ចិញ្ចើមថ្នល់។

រាជរដ្ឋាភិបាល​បាន​រៀបចំ​មណ្ឌល​ថែ​រទាំ​កុមារ​មាន​ចំនួន ២៦៩​មណ្ឌល ដែល​មាន​កុមារ​កំពុង​រស់​នៅ​ក្នុង​មណ្ឌល​ជាង ១០​ម៉ឺន​នាក់។ ក្នុង​នោះ​មណ្ឌល​កុមារ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​មាន ២១​មណ្ឌល និង​មណ្ឌល​ថែ​ទាំ​កុមារ​គ្រប់គ្រង​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​ចំនួន ២៤៨​មណ្ឌល។

សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា កុមារ​កម្ពុជា​ភាគ​ច្រើន​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត និង​ការ​គាំទ្រ​ផ្នែក​ស្មារតី ប៉ុន្តែ​ការ​ផ្តល់​ជំនួយ​ផ្នែក​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។

កុមារ​ក្រីក្រ​នៅ​ទូទាំង​ប្រទេស នៅ​តំបន់​មួយ​ចំនួន​ត្រូវ​រស់​នៅ​ពឹង​កម្លាំង​ខ្លួន​ឯង​ដើម្បី​ចិញ្ចឹម​គ្រួសារ ហើយ​អ្នក​ខ្លះ​ថែម​ទាំង​រង​នូវ​ការ​រំលោភ​បំពាន​កម្លាំង​ពលកម្ម រំលោភ​បំពាន​ផ្លូវ​ភេទ​ទៀត​ផង។ ម្ដងម្កាល អ្នក​ដែល​រំលោភ​បំពាន​លើ​កុមារ​ងាយ​រងគ្រោះ បាន​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់ ព្រោះតែ​ឥទ្ធិពល​នៃ​អំពើ​ពុករលួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។