លោក ហ៊ុន សែន ស្នើ​ឲ្យ​គ្រប់​គ្រឹះស្ថាន​សិក្សា​​ពង្រឹង​គុណភាព​អប់រំ

0:00 / 0:00

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជំរុញ​ដល់​ថ្នាក់ដឹកនាំ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​រដ្ឋ​និង​ឯកជន ត្រូវ​ពង្រឹង​គុណភាព​អប់រំ តាម​រយៈ​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ឲ្យ​មាន​ជំនាញ​ពិត​ប្រាកដ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ត្រូវការ​ទីផ្សារ​ការងារ និង​តាម​ការ​ទាមទារ​របស់​អ្នក​វិនិយោគ​ទុន​បរទេស ដែល​មក​បណ្ដាក់​ទុន​ក្នុង​ប្រទេស​កម្ពុជា។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​មាន​ប្រសាសន៍​ថា កម្ពុជា​ត្រូវការ​ចាំបាច់​នូវ​ធនធាន​មនុស្ស​ដែល​មាន​ចំណេះ​​​​​ដឹង ឬ​ជំនាញ​ពិត​ប្រាកដ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ទីផ្សារ​ការងារ ទាំង​ស្ថាប័ន​រដ្ឋ​និង​ឯកជន​នៅ​ថ្ងៃ​អនាគត។

បន្ថែម​លើ​នេះ លោក ហ៊ុន សែន បាន​ស្នើ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ ត្រូវ​ពង្រឹង​ការ​បណ្ដុះបណ្ដាល ឬ​​ជំនាញ​​ដល់​យុវជន​កម្ពុជា ឲ្យ​មាន​គុណភាព។ លោក​បាន​អំពាវនាវ​ឲ្យ​គ្រឹះស្ថាន​អប់រំ​ទាំង​អស់ ទាំង​រដ្ឋ​និង​ឯកជន ត្រូវ​យក​ចិត្ត​​ទុកដាក់​​បណ្ដុះបណ្ដាល ឬ​ផ្ដល់​ជំនាញ​ឲ្យ​ស្រប​ទៅ​តាម​ទីផ្សារ​ការងារ​របស់​អ្នក​វិនិយោគទុន​បរទេស​ចូល​មក​កម្ពុជា នៅ​ពេល​ខាង​មុខ៖ «ក៏ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ បញ្ហា​ធនធាន​មនុស្ស​នៅ​តែ​ជា​ចំណោទ​ធំ​របស់​យើង។ ដូច​ដែល​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​បាន​ឆ្លុះ​បញ្ចាំង​អំពី​ភាព​ពាក់ព័ន្ធ​គ្នា​រវាង​ម្ខាង មាន​តម្រូវការ​ខាង​ធនធាន​មនុស្ស និង​ម្ខាង​ទៀត​ការ​បណ្ដុះបណ្ដាល​របស់​យើង វា​មិន​ឆ្លើយ​តប​ជាមួយ​នឹង​តម្រូវការ​ទីផ្សារ​ការងារ​របស់​យើង​ដែល​ចាំបាច់​ត្រូវ​មាន»

ប្រមុខ​ដឹកនាំ​លើក​ឡើង​ដូច្នេះ នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ឬ​សាលា​ច្បាប់ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​មីនា នា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ។

​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​សាទរ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ប្រកាស​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​ជំរុញ និង​លើក​កម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា ពេល​នេះ។ លោក​បន្ថែម​ថា សព្វថ្ងៃ​នេះ ធនធាន​មនុស្ស​របស់​យុវជន​កម្ពុជា​ មិន​ទាន់​អាច​ប្រកួតប្រជែង​ជាមួយ​​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​នៅ​ឡើយ​ទេ ដែល​ទាមទារ​ឲ្យ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ​មាន​វិធានការ​ឲ្យ​បាន​​​ច្បាស់លាស់៖ «យើង​ចង់​ឲ្យ​នាយករដ្ឋមន្ត្រី​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់ ឬ​ជំរុញ​គុណភាព​នៃ​ការ​អប់រំ ឬ​បង្កើន​សមត្ថភាព​អប់រំ​ដល់​និស្សិត ឬ​យុវជន​ទាំង​អស់​ហ្នឹង ឲ្យ​ចេញ​ជា​សារាចរ ឬ​សេចក្ដី​ណែនាំ ជា​លិខិត​ស្នាម ដើម្បី​ឲ្យ​ថ្នាក់ក្រោម​ប្រតិបត្តិ​និង​គោរព​តាម។ ជៀសវាង​កុំ​ឲ្យ​ថ្នាក់​ក្រោម​ឱវាទ​និយាយ​ប្រមាថ​មើល​ងាយ​នាយករដ្ឋមន្ត្រី​ថា និយាយ​តែ​មាត់​អត់​មាន​ក្រដាស​ស្នាម ដល់​នៅ​ខាង​ក្រោម​គេ​អត់​អនុវត្ត​តាម»

ទោះ​យ៉ាង​ណា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ត្រូវ​បន្ត​លើក​កម្ពស់​ការងារ​បណ្ដុះបណ្ដាល​ជំនាញ​ផ្សេងៗ ឲ្យ​បាន​ជា​ប្រយោជន៍​ដល់​និស្សិត ​ដែល​​ក្រោយ​បញ្ចប់​ការ​សិក្សា​អាច​ឲ្យ​ពួកគេ​ស្វែង​រក​ការងារ​ធ្វើ​បាន​ល្អៗ ទាំង​នៅ​ស្ថាប័ន​រដ្ឋ​និង​ឯកជន។

​លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ឆ្នាំ​២០១៤​ មាន​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាលា​ច្បាប់​មាន​ចំនួន​ជិត ៣​ម៉ឺន​២​ពាន់​នាក់ (៣១.៦៣៣) ហើយ​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​​រដ្ឋ​និង​​​ឯកជន។

លោក​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា មាន​គ្រឹះស្ថាន​ឧត្ដម​សិក្សា​សរុប ១០៤។ ក្នុង​នោះ​គ្រឹះស្ថាន​ឧត្ដម​សិក្សា​របស់​រដ្ឋ​មាន ៣៩ និង​សាលា​ឯកជន​មាន ៦៥ និង​មាន​និស្សិត​ចាប់​ពី​ថ្នាក់​បរិញ្ញាបត្រ​រង​ដល់​ថ្នាក់​បណ្ឌិត មាន​ចំនួន​ជាង ២​សែន ២​ម៉ឺន​នាក់ (២២២.១៦៤)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។