នាយករដ្ឋមន្ត្រី​គ្រោង​ចេញ​សារាចរ​បង្ក្រាប​ការ​ជួញដូរ​ឈើ​គ្រញូង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​ចេញ​សារាចរ​ណែនាំ​ថ្មី​មួយ ដើម្បី​ទប់​ស្កាត់ និង​បង្ក្រាប​ការ​ជួញដូរ​ឈើ​គ្រញូង។

0:00 / 0:00

វិធានការ​នេះ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​បទល្មើស​កាប់​ជួញដូរ​ឈើ​គ្រញូង​កំពុង​ពេញ​និយម និង​កើត​មាន​ស្ទើរ​រៀងរាល់​ថ្ងៃ បើ​ទោះ​បី​រដ្ឋាភិបាល​បាន​ដាក់​វិធានការ​បង្ក្រាប​យ៉ាង​ណា​ក្តី។ ម្យ៉ាង​ទៀត ករណី​ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​រក​ស៊ី​កាប់​ឈើ​គ្រញូង​នៅ​ទឹក​ដី​ថៃ ហើយ​ត្រូវ​ទាហាន​ថៃ បាញ់​សម្លាប់​ក៏​កើត​ឡើង​ជា​ច្រើន​ករណី​ទៀត។

ក្នុង​បំណង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ពិសេស​ឈើ​គ្រញូង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ផ្សព្វផ្សាយ​សារាចរ​ថ្មី​មួយ ដែល​ហាម​ឃាត់​ដាច់​ខាត​ចំពោះ​ការ​ដឹក​ឈើ​គ្រញូង ទាំង​ក្នុង​ស្រុក និង​បន្ត​ទៅ​លក់​នៅ​ក្រៅ​ស្រុក។

នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២២ កុម្ភៈ ថា លោក​បាន​ចុះ​ហត្ថលេខា​មួយ​លើ​សារាចរ​ថ្មី​មួយ កាល​ពី​ថ្ងៃ​ទី​២១ កុម្ភៈ ដើម្បី​បញ្ចប់​ការ​កាប់​ឈើ​គ្រញូង ទាំង​ក្នុង និង​ទឹក​ដី​កម្ពុជា និង​ក្នុង​ទឹក​ដី​ប្រទេស​ជិត​ខាង។

លោក​បន្ត​ថា ការ​ពិត​ស្រុក​ខ្មែរ​មិន​មាន​ប្រើ​ឈើ​គ្រញូង​ទេ ហើយ​រាជ​រដ្ឋាភិបាល​នឹង​ទាក់ទង​ប្រទេស​ដែល​ធ្លាប់​ទិញ​ឈើ​គ្រញូង ដើម្បី​បញ្ឈប់​ការ​បញ្ជា​ទិញ​ឈើ​ប្រភេទ​នេះ​បន្ត​ទៀត។

លោក ហ៊ុន សែន បញ្ជាក់​ថា បើ​សិន​ជា​មិន​មាន​អ្នក​ទិញ ក៏​ពុំ​មាន​អ្នក​កាប់​ដែរ។ ដូច​សារាចរ​ថ្មី នឹង​មាន​ឥទ្ធិពល​បង្ក្រាប​ទាំង​អ្នក​កាប់ និង​ទប់​ស្កាត់​ទាំង​អ្នក​ទិញ​ឈើ​គ្រញូង៖ «ហើយ​វា​មាន​អា​ទីផ្សារ​នាំ​ចេញ​ទៅ​ទៀត អា​ហ្នឹង​យើង​សហការ​ជាមួយ​ប្រទេស​ហ្នឹង ឈប់​ទិញ​ឈើ​គ្រញូង​ពី​ស្រុក​ខ្មែរ​តែម្ដង ហ្នឹង​ជា​វិធី​មួយ​ដោះស្រាយ​បញ្ហា។ ថា​ខាង​ណេះ​ចូល​រួម​កាប់​វា​មួយ​ផ្នែក​ហើយ តែ​អ្នក​កាន់​ធំៗ​នៅ​ក្នុង​នោះ សារាចរ​នោះ​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ យើង​អនុវត្ត​ទាំង​អស់​គ្នា»

លោក ហ៊ុន សែន បញ្ជាក់​ថា បញ្ហា​ឈើ​គ្រញូង​នេះ​ត្រូវ​បញ្ចប់​ទាំង​ស្រុង រាប់​តាំង​ពី​ការ​ប្រើប្រាស់​ក្នុង​ស្រុក ហើយ​កន្លង​ទៅ​បទល្មើស​ឈើ​គ្រញូង​កើត​ឡើង​ដោយសារ​អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​ដឹក​ឈើ​ក្នុង​ហេតុផល​មួយ​ចំនួន។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​នូវ​ហេតុផល​ទាំង​នោះ​ទេ។

តាម​រយៈ​សារព័ត៌មាន​ជា​ច្រើន​បញ្ជាក់​ថា ប្រទេស​ដែល​ទទួល​ទិញ​ឈើ​គ្រញូង​ពី​កម្ពុជា គឺ​ប្រទេស​វៀតណាម ដើម្បី​ទុក​ប្រើប្រាស់​ក្នុង​ប្រទេស​នោះ និង​លក់​បន្ត​ទៅ​ឲ្យ​ប្រទេស​ចិន​ទៀត។

អ្នក​ធ្លាប់​រក​ស៊ី​ឈើ​គ្រញូង​បង្ហើប​ឲ្យ​ដឹង​ថា ឈ្មួញ​ដែល​អាច​ដឹក​ឈើ​គ្រញូង​ទៅ​ដល់​វៀតណាម បាន ភាគ​ច្រើន​ជា​អ្នក​មាន​សែស្រឡាយ​មាន​លុយ​មាន​អំណាច និង​បាន​បង់​លុយ​បើក​ផ្លូវ​រួច​ជា​ស្រេច តាំង​ពី​កន្លែង​កាប់​ឈើ និង​តាម​ផ្លូវ​ទៅ​វៀតណាម។ ឈើ​ប្រណីត​នេះ​ត្រូវ​គេ​កាប់​ពី​ក្នុង​ព្រៃ​ជួរ​ភ្នំ​ក្រវាញ ព្រៃឡង់ និង​ព្រៃ​ក្នុង​ខេត្ត​មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ជាដើម។

កន្លង​ទៅ​ឈ្មួញ​ដឹក​ឈើ​គ្រញូង ដោយ​បាន​ប្រើ​រថយន្ត​ទំនើបៗ រថយន្ត​កាកបាទ​ក្រហម រថយន្ត​ធំ​ដាក់​បង្កប់​ក្នុង​សសរ​ថ្ម រថយន្ត​សង្គ្រោះ​បន្ទាន់ និង​ជា​ពិសេស​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ។

ទាក់ទង​នឹង​សារាចរ​ថ្មី​នេះ មន្ត្រី​សម្របសម្រួល​គម្រោង​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឈឹម សាវុធ មាន​ប្រសាសន៍​ថា លោក​ស្វាគមន៍​ចំពោះ​វិធានការ​ថ្មី​របស់​នាយករដ្ឋមន្ត្រី តែ​លោក​បាន​ហៅ​សារាចរ​ថ្មី​នេះ​ថា ជា​វិធានការ "គោ​បាត់​ទើប​ធ្វើ​របង" ឬ "សារាចរ​យឺត​ពេល"។

លោក​បន្ត​ថា បើ​សិន​រាជរដ្ឋាភិបាល​មាន​បំណង​ពិត​ប្រាកដ​ក្នុង​ការ​លុបបំបាត់​បទល្មើស​ព្រៃ​ឈើ គួរ​ណាស់​តែ​ចេញ​សារាចរ​នេះ​តាំង​ពី ៦​ឆ្នាំ​មុន ទើប​បាន​ការ​ជាង ដោយសារ​កាល​ណោះ​គ្រញូង​នៅ​មាន​នៅ​ឡើយ​ក្នុង​ព្រៃ​កម្ពុជា។

លោក ឈឹម សាវុធ បញ្ជាក់​ថា បច្ចុប្បន្ន​ព្រៃឈើ​នៅ​កម្ពុជា កំពុង​បាត់បង់​យ៉ាង​ធំធេង ពិសេស​ព្រៃឡង់ និង​ព្រៃ​តំបន់​ជួរ​ភ្នំ​ក្រវាញ ប៉ុន្តែ​រាជរដ្ឋាភិបាល​បែរ​ជា​មិន​មាន​វិធានការ​ទាល់​តែ​សោះ៖ «ជា​ទស្សនៈ​ខ្ញុំ​ផ្ទាល់ វា​ហួស​ពេល​ទៅ​ហើយ ឈើ​គ្រញូង​ស្រុក​ខ្មែរ​ប៉ុន្មាន​ឆ្នាំ​នេះ ត្រូវ​ឈ្មួញ​ទុច្ចរិត​ធំៗ​ដឹក​ជញ្ជូន​អស់​រាប់​លាន​ម៉ែត្រ​គូប អ៊ីចឹង​ចំណាត់​ការ​គាត់​ហ្នឹង​ល្អ តែ​គ្រាន់​ថា វា​ហួស​ពេល​ទៅ​ហើយ។ព្រៃ​ឡង់​បច្ចុប្បន្ន​នេះ​មិន​ត្រឹម​តែ​ប្រឈម​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់​ទេ ឥឡូវ​ហ្នឹង​ប្រឈម​នឹង​ការ​កាប់​ចម្ការ​រាប់​ពាន់​ម៉ែត្រ​គូប​ជា​រៀង​រាល់​ថ្ងៃ ហើយ​ស្រុក​ខ្មែរ​នេះ គ្រញូង​ប៉ុន​កដៃ ក៏​ត្រូវ​គេ​កាប់​គ្មាន​សល់​ដែរ»

លោក ឈឹម សាវុធ បញ្ជាក់​ថា រាជរដ្ឋាភិបាល​គួរ​ណាស់​តែ​ចេញ​សារាចរ ឬ​ចាត់​វិធានការ​ការពារ​ព្រៃ​ឈើ​ទាំង​មូល ដូច​ជា​តំបន់​ជួរ​ភ្នំ​ក្រវាញ តំបន់​ព្រៃឡង់ ជាដើម ទើប​ប្រសើរ​ជាង​ការ​ទប់​ស្កាត់​តែ​ចំពោះ​ការ​បំផ្លាញ​ឈើ​គ្រញូង​តែ​មួយ​មុខ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។